ស្រុកអង្គរបូរី ខេត្តតាកែវ៖ ពលរដ្ឋមួយចំនួនលើកឡើងថា តំបន់ប្រវត្ដិសាស្ដ្រ និងទេសចរណ៍អាចប្រឈមនឹងការបាត់បង់ បន្ទាប់ពីមានការលួចកាយភ្នំបូរីទ្រង់ទ្រាយធំ ខណៈអាជ្ញាធរស្រុកអង្គរបូរីបានបដិសេធថា អាជ្ញាធរមិនបានបើកដៃឱ្យមានការកាយភ្នំបូរីលក់ឱ្យឈ្មួញឯកជនដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។
ពលរដ្ឋម្នាក់អង្គុយលើកៅអីជ័រពណ៌ក្រហម ដែលមានមុខរបរជាអ្នកប៉ះកង់ និងលាងម៉ូត នៅជាប់ជើងភ្នំបូរី លោក សន ខន អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី បានលើកឡើងថា សម្រាប់រូបលោក និងពលរដ្ឋនៅក្នុងតំបន់ភ្នំបូរី មិនគាំទ្រដាច់ខាតចំពោះការបើកឱ្យមានការកាយយកថ្មទៅលក់ឱ្យក្រុមហ៊ុនឯកជនដោយមិនបានបម្រើផលប្រយោជន៍រួមណាមួយ ប៉ុន្ដែបើយកធ្វើផ្លូវរដ្ឋនិងផ្ដល់ប្រយោជន៍រួម អាហ្នឹងលោកឯកភាព តែមិនមែនទំហំធំរហូតដល់ធ្វើឱ្យបាត់បង់សោភ័ណភាពនៃតំបន់ប្រវត្ដិសាស្រ្ដទេ។
លោក ខន ថ្លែងថា៖ «កាយធ្វើផ្លូវអាហ្នឹងមានអី តែកាយយកទៅលក់ អាហ្នឹងអត់គាំទ្រដែរ វាបាត់សម្រស់ធម្មជាតិ»។
បុរសវ័យចំណាស់ពាក់អាវពណ៌ស និងស្លៀកខោជើងវែង មានសម្បុរស្រអែមរូបនេះបន្តថា ការកាយច្រើនវាបាត់បង់សម្រស់ធម្មជាតិ និងទេសចរណ៍ ហើយពលរដ្ឋក៏បាត់បង់ប្រាក់ចំណូលតាមហ្នឹងដែរ កាលណាទេសចរណ៍គេនាំគ្នាមកលេងតាមរមណីយដ្ឋាន គេចង់ឃើញទេសភាពព្រៃភ្នំ ចុះបើវាបាត់បង់សោភ័ណភាព ទាំងយើងទាំងគេគ្មានអ្នកណាចង់មកទេ។
បុរសវ័យ៥៥ឆ្នាំរូបនេះបានលើកឡើងថា៖ «ទាំងខ្ញុំទាំងគេ ចង់ដើរលេងមើលទេសភាពធម្មជាតិតាមព្រៃភ្នំ កាលណាវាបាត់បង់ក៏មិនល្អដែរអូន»។
ពេលអ្នកសារព័ត៌មានខេមបូចាចុះទៅផ្ទាល់សង្កេតឃើញថា នៅតាមជើងភ្នំបូរីដែលជាតំបន់ គេដឹងថាជាតំបន់នៃអាណាចក្រទីក្រុងគោកធ្លកនៃដើមកំណើតខ្មែរ មានវត្ដអារាម រមណីយដ្ឋានជាច្រើនកន្លែងទៀតសម្រាប់អ្នកទេសចរដើរលេងកម្សាន្ដ ប៉ុន្ដែបែរជាមានសុទ្ធតែរណ្ដៅកាយយកថ្មជាច្រើនកន្លែងនៅតាមជើងភ្នំ ហើយពលរដ្ឋក៏បានអះអាងផងដែរថា សកម្មភាពកាយថ្មនេះមិនទើបតែលើកទីមួយនោះទេគឺច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែពួកគាត់មិនដឹងថាអ្នកណាជាអ្នកឱ្យកាយ និងមានច្បាប់ត្រឹមត្រូវដែរឬទេ?។
ពលរដ្ឋម្នាក់កំពុងឈរកណ្តាលថ្ងៃក្ដៅក្នុងដៃមានកាន់ទុយោពណ៌ខៀវ ក្រោយខ្នងមានរណ្ដៅថ្មដែលកាយរួចហើយ អ្នកស្រី មាស សឿន អាយុ៥១ឆ្នាំ រស់នៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គបូរី បានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ដល់ ខេមបូចា ថា ករណីកាយភ្នំនេះមានច្រើនមកហើយ ចាប់តាំងពីគេផ្ដើមធ្វើផ្លូវក្នុងស្រុកអង្គរបូរី គេ(អាជ្ញាធរ)តែងតែកាយភ្នំបូរីនេះយកថ្មទៅប្រើប្រាស់។ អ្នកស្រីបន្តថា អ្នកស្រីមិនគាំទ្រការកាយភ្នំលក់ឱ្យឯកជនដែលមានទំហំធំបែបនេះទេ ពីព្រោះវាជាតំបន់ប្រវត្ដិសាស្ដ្រដែលត្រូវថែរក្សា។
អ្នកស្រី សឿនបន្ដថា៖ «បើគាត់[ក្រុមហ៊ុនធ្វើផ្លូវ]កាយយកធ្វើផ្លូវអាហ្នឹងអត់អីទេ តែបើកាយយកលក់ឱ្យឯកជនតាមផ្ទះគឺខ្ញុំមិនគាំទ្រ»។
អ្នកស្រីបន្ថែមថា អ្នកស្រីក៏មានការព្រួយបារម្ភដែរ ពីព្រោះវាជាកន្លែងទេសចរណ៍ និងប្រវត្ដិសាស្រ្ដ ហើយអ្នកទេសចរខ្លះក៏តែងតែមកលេងនិងដើរមើលតំបន់នេះ កាលណាកាយច្រើនពេកវាអាចប៉ះពាល់ដល់វិស័យទេសចរណ៍។
កាលពីពេលថ្មីៗកន្លងទៅមានការផ្ទុះតាមបណ្ដាញសង្គមតាមរយៈការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយថា អាជ្ញាធរស្រុកអង្គរបូរីបានបើកដៃឱ្យមានការកាយថ្មលក់ឱ្យក្រុមហ៊ុនឯកជន ដែលធ្វើឱ្យសាធារណជននាំគ្នាបញ្ចេញមតិរិះគន់ និងចោទប្រកាន់អាជ្ញាធរថា មិនគួរធ្វើសកម្មភាពបែបហ្នឹងនោះទេ។
ជុំវិញរឿងនេះដែរ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី បានអះអាងថា លោកមិនបានអនុញ្ញាតឱ្យកាយយកថ្មនៅភ្នំបូរីមកធ្វើផ្លូវនោះទេ។ លោកថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋានម្នាក់បើសិនជាហ៊ានតែធ្វើអ៊ីចឹងស្មើនឹងឆ្កួត និងមិនសមជាអ្នកគ្រប់គ្រងពលរដ្ឋដែលខំទុកចិត្ដឱ្យលោកដឹកនាំទេ។ លោកបានហៅការចោទប្រកាន់លើរូបលោកថា ជាការដាក់បន្ទុកទាំងដែលលោកមិនបានប្រព្រឹត្ដ និងមានចេតនាឱ្យពលរដ្ឋក្នុងមូលដ្ឋានមានការយល់ច្រលំលើរូបលោក។
អភិបាលស្រុកអង្គរបូរីបន្ដថា៖ «ធ្វើចៅហ្វាយស្រុកឱ្យឈ្មួញកាយភ្នំយកដីលក់ អាចៅហ្វាយស្រុកឆ្កួត។ និយាយទៅបងមិនបានធ្វើបែបហ្នឹងទេ ព្រោះបងធ្វើអ្វីដោយគិតពីច្បាប់ទម្លាប់ ដឹកនាំគិតពីសុខសុវត្ថិភាព និងអភិវឌ្ឍន៍ប្រជាជនក្នុងមូលដ្ឋានរបស់បង មិនមែនអភិវឌ្ឍន៍ធ្វើឱ្យក្ដៅក្រហាយអ៊ីចឹងទេ»។
លោកបន្ថែមថា ពាក់ព័ន្ធរឿងភ្នំបូរីនេះមិនមែនជាការសម្រេចថ្នាក់ស្រុកទេ គឺចាប់ពីថ្នាក់ខេត្ដឡើងទៅ ដូច្នេះករណីនេះវាជាការទទួលខុសត្រូវរបស់ខេត្ដ គ្រាន់តែថាលោកជាអាជ្ញាធរស្រុកក៏ត្រូវមើលការងារខ្លះដែរ។
ទន្ទឹមនឹងនេះ លោក ណុប ដុល មេឃុំព្រែកផ្ទោល បានច្រានចោលការចោទប្រកាន់ថា អាជ្ញាធរជាអ្នកបើកដៃឱ្យមានការកាយភ្នំបូរី។ លោកថា រឿងការអនុញ្ញាតវាជារឿងស្លាប់រស់មិនមែនជារឿងលេងសើចនោះទេ។ ណាមួយលោកថា ភ្នំបូរីជាតំបន់ប្រវត្ដិសាស្រ្ដ និងជារបស់រដ្ឋ មិនមែនអាជ្ញាធរមូលដ្ឋានចេះតែស៊ីញេបាននោះទេ។
លោកបន្ដថា៖ «ខ្ញុំបដិសេធ អត់មានទេ។ អារឿងហ្នឹងមានទោសជាប់គុក ប្រទេសជាតិហីសម្បត្ដិរដ្ឋទាំងមូល អាណាហ៊ានអូន ខ្ញុំខំតស៊ូសាងភាពថ្លៃថ្នូរយូរហើយ យកមកបោះបង់ចោលមួយភ្លែតម៉េចកើតអូន»។
បើតាមលោក មាស អ៊ុយ ប្រធានរដ្ឋបាលខេត្ដតាកែវ បានឱ្យដឹងថា មកដល់ពេលនេះអាជ្ញាធរខេត្ដបានបញ្ជាទៅរដ្ឋបាលស្រុកចុះទៅបិទទីតាំងដែលកងវិស្វកម្មលួចកាយយកថ្មហ្នឹងហើយ ដោយសារជាតំបន់ប្រវត្ដិសាស្ដ្រនឹងត្រូវអភិរក្ស។ យ៉ាងណាមិញ លោកថា ដោយសារត្រូវធ្វើផ្លូវនៅតំបន់អស់ហ្នឹង ហើយគ្មានកន្លែងណាមានថ្មដូចភ្នំបូរីជិតនឹងងាយស្រួលដឹក បានចេះតែមានការលួចកាយដូច្នេះ។ តែអាជ្ញាធរនឹងប្រឹងទប់ស្កាត់មិនឱ្យមានករណីបែបហ្នឹងកើតឡើងទៀតឡើយ។
លោកបន្ដថា៖ «ខេត្ដបញ្ជាឱ្យបិទហើយនឹងឱ្យខាងស្រុកបន្ដឃ្លាំមើល ក្រែងវាអាចនឹងកើតឡើងទៀត»។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិបានបញ្ជាក់ថា ករណីកងវិស្វកម្មដែលទៅកាយភ្នំបូរីដើម្បីធ្វើផ្លូវមិនស្ថិតក្រោមការគ្រប់គ្រងខាងលោកទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជើងគោកនៃក្រសួងការពារជាតិ។
លោកបន្ដថា៖ «កងវិស្វកម្មហ្នឹងមិនក្រោមការគ្រប់គ្រងរបស់ខ្ញុំឡើយ គឺក្រោមខាងជើង គោករបស់ឯកឧត្ដម ម៉ៅ ផល្លា»។
បើតាមលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកនៃក្រសួងការពារជាតិបានឱ្យដឹងថា បញ្ហារឿងកងវិស្វកម្មទៅកាយភ្នំបូរីនេះក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកដែរ។ លោកថា លោកទទួលតែខាងព្រំដែនដីថៃទេ រីឯខាងព្រំដែនវៀតណាមមិនមែនលោកអ្នកធ្វើទេ។
លោកផល្លាមានប្រសាសន៍ថា៖ «ខ្ញុំអត់ធ្វើនៅអង្គរបូរីទេ ខ្ញុំធ្វើជាប់ព្រំដែនថៃបង»។
យោងតាមការអះអាងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវបានឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ ដឹកនាំដោយលោក ជេត ពិសុទ្ធ ប្រធានមន្ទីរ សហការជាមួយអាជ្ញាធរស្រុកអង្គរបូរី និងប៉ូលិសបេតិកភណ្ឌខេត្តតាកែវ បានចុះពិនិត្យលើទីតាំងកាយដី នៅតំបន់ជើងភ្នំបូរី ដែលស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
ចំពោះទីតាំងជីកនេះ មានចម្ងាយ២ពាន់ម៉ែត្រពីរង្វង់មូលព្រះនរាយណ៍ជើងភ្នំបូរី ហើយការជីកនេះ ពុំមានការសុំអនុញ្ញាតពីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនោះទេ គឺកងវិស្វកម្មក្រសួងការពារជាតិ និងម្ចាស់ដីអាស្រ័យផលដីនេះតែប៉ុណ្ណោះ។ ការជីកនេះមានទំហំប្រហែល ៤០ម៉ែត្រ គុណនឹង២០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ដើម្បីយកថ្មទៅក្រាលផ្លូវលើកំណាត់ផ្លូវ ១TK១ ពីចំណុចប្រលាយ០១០ទៅប្រទ្បាយ០៩ ភ្ជាប់ទៅនឹងព្រំប្រទល់ប្រទេសវៀតណាម។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានដាក់បន្ទុកលើ អាជ្ញាធរ ថា មិនគួរឱ្យមានសកម្មភាពបែបហ្នឹងកើតឡើងនោះទេ ពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់តំបន់ប្រវត្ដិសាស្ដ្រ និងជាបេតិកភណ្ឌវប្បធម៌ជាតិ។ អ្នកណាក៏ដឹងថា តំបន់អង្គរបូរីជាតំបន់អតីតរាជធានីរបស់ខ្មែរដំបូងបំផុត ដូច្នេះមិនគួរអនុញ្ញាតឱ្យមានការកាយណាមួយនោះទេ។
លោកបានដាក់ការសង្ស័យលើករណីនេះថា៖ «ការឆ្លើយតបរបស់អាជ្ញាធរដែលលើកឡើងថាមិនមានការអនុញ្ញាតទេ ប្រហែលជាអាចនឹងមានពាក់ព័ន្ធជាមួយនឹងរឿងអីនៅពីក្រោយខ្នងហើយ! បានមានការចូលទៅកាន់កាប់ ឬក៏ការកាយដោយខុសច្បាប់បែបនេះ»។
លោកក៏បានជម្រុញបន្ថែមថា ទី១ អាជ្ញាធរត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពគ្មានការអនុញ្ញាត។ ទី២ អាជ្ញាធរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ត្រូវត្រួតពិនិត្យជាបន្ទាន់លើករណីនេះ។ ទី៣ ត្រូវឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះសកម្មភាពដែលរកឃើញថា ល្មើស និងបំផ្លិចបំផ្លាញដល់សម្បតិ្ដបេតិកភណ្ឌវប្បធម៌ និងការរុករកដោយគ្មានការអនុញ្ញាត ជាពិសេសគួរនាំខ្លួនអាជ្ញាធរទាំងឡាយដែលពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ករណីនេះឱ្យទទួលខុសត្រូវមុខច្បាប់ដើម្បីជាការព្រមានលើបញ្ហានេះ។
បើតាមការបញ្ជាក់របស់មេឃុំព្រែកផ្ទោលថា មុននឹងមានករណីលួចកាយនេះ កងវិស្វកម្មដែលកំពុងធ្វើផ្លូវនៅតំបន់មួយក្បែរភ្នំបូរីបានមកជួបលោក ដើម្បីសុំឱ្យលោកអនុញ្ញាតកាយយកថ្មភ្នំបូរីទៅសាងសង់ផ្លូវដោយអះអាងថា បានស្នើសុំពីខេត្ដរួចមកហើយ ប៉ុន្ដែលោកមិនហ៊ានអនុញ្ញាតនិងបានឱ្យទៅជួបថ្នាក់ស្រុក ពីព្រោះលោកថា វាជាសម្បត្ដិជាតិ ហើយការសម្រេចទាល់តែថ្នាក់លើ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផងក៏មានករណីលួចកាយកើតឡើង។
លោកមេឃុំបន្ថែមថា កាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក និងស្រុកជាមួយអាជ្ញាធរខេត្ដបានចុះទប់ស្កាត់នឹងបានកិច្ចសន្យាជាមួយខាងកងវិស្វកម្មនៃក្រសួងការពារជាតិ មិនឱ្យមានការកាយបន្ដទៀតនោះទេ ដោយទុកជាតំបន់អភិរក្ស និងប្រវត្ដិសាស្រ្ដ៕