កង្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងនៅតែជាបញ្ហាចោទសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបុរីមួយចំនួននៅជាយក្រុងភ្នំពេញ ខណៈរដ្ឋាករទឹកធ្លាប់សន្យាថាឆ្នាំ២០២៣នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់។
កាលពីឆ្នាំ២០២២កន្លងទៅរដ្ឋាករទឹកធ្លាប់បានសន្យាថា នៅចុងឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈដើមឆ្នាំ២០២៤តទៅ បញ្ហាទឹកនឹងលែងជាបញ្ហាចោទទៀតហើយនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែបញ្ហាដដែលនេះនៅតែកើតមានឡើងចំពោះពលរដ្ឋដែលរស់នៅតាមបុរីជាយក្រុងភ្នំពេញ ក្នុងរដូវប្រាំងនេះ។
ចំពោះកង្វះទឹកស្អាត់ប្រើប្រាស់នេះ ប្រជាពលរដ្ឋ បានលើកឡើងអំពីផលលំបាកស្រដៀងគ្នា ត្បិតពួកគេមិនមានទឹកសម្រាប់ប្រើប្រាស់ជាច្រើនថ្ងៃ និងត្រូវទិញទឹកស្អាតមកប្រើប្រាស់ជាបន្តបន្ទាប់ បើទោះបីជាអាជ្ញាធរបានដឹកជញ្ជូនទឹកចែកឱ្យពួកគេប្រើនៅតាមបុរីក៏ដោយ។
កំពុងតែអង្គុយដកដើមប្រទាលដែលតាំងលម្អនៅខាងមុខផ្ទះ អ្នកស្រី ឌៀប ម៉ាន់ អាយុ៧៥ឆ្នាំ ជាអ្នករស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ប្រាប់ឱ្យដឹងថា ផ្ទះរបស់អ្នកស្រីមិនមានទឹកប្រើប្រាស់អស់ជាច្រើនថ្ងៃមកហើយ សូម្បីតែដំណាំដូចជាផ្កា ប្រទាល ដែលតាំងលម្អនៅខាងមុខផ្ទះក៏មិនមានទឹកស្រោចដែរ។ ដូច្នេះអ្នកស្រីត្រូវដកចោលខ្លះដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកស្រោចស្រពដំណាំទាំងនោះ ត្បិតសូម្បីតែអ្នកស្រី និងសមាជិកគ្រួសារក៏ត្រូវកាត់បន្ថយទឹកប្រើប្រាស់ប្រចាំថ្ងៃផងដែរ ចំណែកឯការលាងបន្ថែ ដាំស្ល បោកគក់ ក៏ត្រូវកាត់បន្ថយចំណុះទឹក ដើម្បីសន្សំសំចៃទឹកប្រើ។
ស្រ្តីវ័យ៧៥ឆ្នាំ លើកឡើងថា៖ «វាពិបាកតាំងពីបោកខោអាវ ដើមឈើអីងាប់អស់ហើយ ហើយអាតូចមួយហ្នឹង[ចៅប្រុស] មួយថ្ងៃធ្លាប់មុជពីរបីដង ឥឡូវមុជតែម្ដង បើអ៊ំមួយថ្ងៃមុជបានតែម្ដងទេ មិនហ៊ានមុជច្រើនទេបានបីបួនផ្ទិល»។
អ្នកស្រី ម៉ាន់ បន្តថា បើទោះបីជាមានអាជ្ញាធរខណ្ឌ និងខាងបុរី ចុះចែកទឹកឱ្យប្រជាពលរដ្ឋក្នុងបុរីប្រើប្រាស់បណ្ដោះអាសន្នក៏ដោយ ប៉ុន្តែតម្រូវការទឹកនៅតែមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួគេ ស្របពេលនេះជារដូវប្រាំង អាកាសធាតុមានភាពក្ដៅផងនោះ ធ្វើឱ្យការរស់នៅកាន់តែលំបាក។ អ្នកស្រីរំពឹងថា ខាងរដ្ឋាករទឹកនឹងគោរពសន្យាដូចធ្លាប់បានសន្យាកាលពីឆ្នាំមុនថា នឹងរៀបចំឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់។
អ្នកស្រី ម៉ាន់ បន្ថែមថា៖ «ទិញទឹកគេរាល់ថ្ងៃ មួយថ្ងៃអស់៥ប៊ីដុងអាប៊ីដុង២០លីត្រហ្នឹង អត់ដឹងទ្រាំបានត្រឹមណាទេ ឥឡូវកំពុងតែពេញពិបាកហើយ។ ខ្ញុំសំណូមពរឱ្យរដ្ឋាករទឹកជួយសម្រួលទៅ ឱ្យមានទឹកមានអីប្រើទៅណា៎ កូនចៅនៅក្នុងបុរីពិបាកម្នាក់ៗឃើញតែដើរដឹកទឹក»។

បើតាមលោក ពេជ្រ សុភាព អាយុ៣៧ឆ្នាំ ប្រធានសន្តិសុខនៅបុរីពិភពថ្មីឈូកវ៉ា១ ដែលស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ថ្លែងប្រាប់ខេមបូចា ថា តាមរបាយការណ៍ត្រឹមខែកុម្ភៈ មានប្រជាពលរដ្ឋចំនួន១ពាន់ពីររយគ្រួសារកំពុងរស់នៅក្នុងទីតាំងបុរីនេះ ហើយលោកបន្តថា កង្វះខាតទឹកប្រើប្រាស់នៅក្នុងបុរីឈូកវ៉ាគម្រោងទី១ មិនមែនដោយសារតែបុរីទេ គឺដោយសារតែរដ្ឋាករទឹកមិនមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន។
តែយ៉ាងណា លោក សុភាព អះអាងថា ខាងបុរីពិភពថ្មី បានខ្នះខ្នែងជួយដឹកជញ្ជូនទឹកដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងបុរីដើម្បីប្រើប្រាស់បណ្ដោះអាសន្នផងដែរ។
លោក សុភាព ថ្លែងថា៖ «ការខ្វះខាតនេះមិនមែនជាលក្ខណៈបុរីទេ គឺមកពីកំសោយរបស់រដ្ឋាករទឹកដែលធ្វើឱ្យខ្វះខាតអ៊ីចឹងទេ ពីមុនមកគឺមាន[ទឹកប្រើប្រាស់]ពេញៗរហូត»។
កំពុងតែលាងសម្អាតធុងជ័រពណ៌ខៀវចាស់ចំណុះប្រមាណ៨០លីត្រ លោក ចាន់ ចាវ [ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ] ពាក់អាវខ្មៅដៃខ្លី ស្លៀកខោខ្លី ថ្លែងប្រាប់ខេមបូចា ថា លោកមករស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ អស់រយៈពេលជាង៥ឆ្នាំមកហើយ ឆ្នាំនេះជាឆ្នាំដែលរកទឹកប្រើប្រាស់សឹងពុំបាន បើទោះបីជាលោកប្រើប្រាស់ម៉ូទ័រជំនួយដើម្បីបូមទឹកដាក់ស៊ីទែនក៏ដោយ។ បុរសរូបនេះបន្តថា គ្រួសារលោកត្រូវសន្សំសំចៃទឹកប្រើប្រាស់ដូចជាលាងបន្លៃ ស្រោចផ្កា មុជទឹក និងសកម្មភាពផ្សេងៗទៀត ដោយសារតែបញ្ហាកង្វះទឹកធ្ងន់ធ្ងរ។
លោក ចាវ និយាយថា៖ «អាជ្ញាធរទើបមកដាក់ទឹកបាន៣ថ្ងៃនឹងទេ អត់គ្រប់គ្រាន់ទេ នៅតែខ្វះៗ ចឹងបានខ្ញុំមកដងរហូត។ ដល់តែទឹកមិនសូវសម្បូរប្រើថាំៗ បោកខោអាវ ដុសលាងអីក៏បន្ថយដែរ»។
លោក ចាវ ប្រាប់ទៀតថា បើប្រៀបនឹងឆ្នាំមុនតំបន់លោករស់នៅគ្រាន់មានទឹកចេញខ្លះ ប៉ុន្តែឆ្នាំនេះគ្មានទឹកប្រើប្រាស់តែម្ដង ហើយលោកបន្ថែមថា៖ «មិនដឹងថ្ងៃណា រាជរដ្ឋាភិបាលឱ្យមានទឹកគ្រប់គ្រាន់ប្រើ ខែណាឆ្នាំណា មិនដឹង? បើថានៅតែអ៊ីចឹងរហូត តែប៉ុន្មានថ្ងៃទៀតដាច់ខ្យល់ហើយមួយៗនៀក បើមួយអាទិត្យទៀតស្រេចហើយ»។

មនុស្សម្នាជាច្រើននាក់បានសម្រុកយករទេះរឺម៉ក និងឡានទំនើបមកដឹកទឹកពីឡានពន្លត់អគ្គីភ័យដែលអាជ្ញាធរខណ្ឌព្រែកព្នៅបានយកមកចែកជូនប្រជាពលរដ្ឋនៅបុរីពិភពថ្មីឈូកវ៉ា១។ ម្នាក់ៗនាំគ្នាត្រង់ទឹកដាក់ធុង ខ្លះដងទឹកដាក់ចានដែក ទៅតាមលទ្ធភាព ដើម្បីយកទៅប្រើប្រាស់នៅផ្ទះ ខណៈផ្ទះពួកគេពុំមានទឹកប្រើប្រាស់ឡើយចាប់តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។
ធ្លាប់តែមានទឹកប្រើប្រាស់ប្រើប្រាស់តាមតម្រូវការឥតមានទាស់ ឥឡូវនេះអ្នកស្រី ឯម សឿមថត បានត្រឹមតែមកយកទឹកពីអាជ្ញាធរក្នុងបុរី ដើម្បីប្រើប្រាស់ជំនួសឱ្យទឹកដែលធ្លាប់តែបើកក្បាលរ៉ូមីនេចេញបរិបូរណ៍។
ស្រ្តីចំណាស់វ័យ៧៥ឆ្នាំ ពាក់អាវវាលក្លៀកស្លៀកខោខ្លីត្រឹមជង្គង់ កំពុងយួរទឹកដាក់លើម៉ូតូដឹកយកទៅផ្ទះ អ្នកស្រី សឿមថត លើកឡើងថា អ្នកស្រីមិនដឹងជាអាចទ្រាំបានដល់ពេលណាឡើយចំពោះបញ្ហាខ្វះទឹកប្រើប្រាស់នេះ។ ប៉ុន្តែអ្នកស្រីថា គ្មានជម្រើសអ្វីឡើយក្រៅតែពីរង់ចាំ និងទ្រាំ រហូតរដ្ឋាករទឹក រៀបចំប្រព័ន្ធទឹករួចរាល់ជូនប្រជាពលរដ្ឋតាមសន្យា បើទោះបីជាចៅតូចៗរបស់អ្នកស្រីកើតរមាស់ យំទារមុជទឹកក៏ដោយ អ្នកស្រីបានត្រឹមតែសង្កត់ចិត្តប៉ុណ្ណោះ។
អ្នកស្រី សឿមថត ឱ្យដឹងថា៖ «ពិបាកណាស់ជួនកាលក្រោកតាំងពីម៉ោង១២ ក្រែងទឹកវាចេញ ពិបាកអីក៏ពិបាកយ៉ាងនេះ។ ក្មេងៗអាតូចៗទើបតែពីរបីឆ្នាំយំរងូវ កើតរមាស់ ព្រោះខ្វះទឹកស្អាត ពិសេសខែនេះក្ដៅផងវារោល វាឈឺអស់ហើយយំទាររកទឹក»។
ជុំវិញបញ្ហាកង្វះទឹកប្រើប្រាស់នេះ អ្នកស្រី សឿមថត បានលើកឡើងជាក្ដីបារម្ភចំពោះបញ្ហាសុខភាព អនាម័យរបស់ចៅតូចៗរបស់អ្នកស្រី ត្បិតអ្នកស្រីអាចទ្រាំភាពលំបាកទាំងនេះបាន តែអ្នកស្រីអាណិតចៅតូចៗដែលមិនដឹងអី មកត្រូវលំបាកដូច្នេះ។ ទន្ទឹមនឹងនេះ អ្នកស្រី សឿមថត អះអាងថា មិនជឿទុកចិត្តពាក្យសន្យារបស់រដ្ឋាករទឹកឡើយ ថានឹងអាចដោះស្រាយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញដូចក្នុងសេចក្ដីប្រកាស។
អ្នកស្រី សឿមថត បន្ថែមថា៖ «ថាំចិត្តណាស់ ធ្លាប់តែយើងចាក់ទឹកមួយសេរី ដល់តែលាបៗអ៊ីចឹង! ហើយក្នុងចិត្តគិតថា ស្រុកសុខសប្បាយហើយពិបាកអ៊ីចឹង អស់ទឹកពិបាកជាងអស់បាយទៅទៀត បើបីខែទៀតងាប់តែម្ដង។ ចេះតែទ្រាំទៅ តែមិនទុកចិត្តថាខែប្រាំនេះបានទឹកប្រើទេ»។

ឆ្លើយតបនឹងកង្វះទឹកស្អាតប្រើប្រាស់នេះ លោក ហែម ហ៊ី នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌព្រែកព្នៅបានដោះស្រាយបញ្ហាកង្វះទឹកស្អាតជូនប្រជាពលរដ្ឋ ដោយដឹកទឹកតាមរថយន្តមកចែកជូនពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ។ លោកបញ្ជាក់ថា ការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ គឺទើបតែនៅឆ្នាំ២០២៣នេះ ខណៈឆ្នាំកន្លងទៅមិនដែលប្រទះនឹងបញ្ហាដូច្នេះឡើយ។
លោក ហ៊ី ថ្លែងថា៖ «ការចែកនេះតាំងពីព្រឹកដល់ល្ងាច ចែកដល់ផ្ទះប្រជាពលរដ្ឋតែម្ដងហើយបញ្ហានេះទើបតែមានឆ្នាំនេះទេ»។
យ៉ាងណាមិញ លោក ហ៊ី អះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅនឹងបន្តចែកទឹកជូនប្រជាពលរដ្ឋរហូតទាល់តែពួកគេមានទឹកប្រើប្រាស់ឡើងវិញ ហើយបញ្ជាក់ថា កង្វះទឹកស្អាតនេះ ដោយសារតែតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង ខណៈការផលិតទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមិនបានគ្រប់តាមតម្រូវការ។
លោក ហ៊ី បន្ថែមទៀតថា៖ «ក្នុងមួយថ្ងៃរាជធានីភ្នំពេញប្រើទៅដល់៩៦ម៉ឹនម៉ែត្រគូប តែរដ្ឋាករទឹកស្វយ័តផ្គត់ផ្គង់បានតែ៦៥ម៉ឺនម៉ែត្រគូប អ៊ីចឹងវាខ្វះ២៥ម៉ឺនម៉ែត្រគូបទៀត។ អាជ្ញាធរនឹងបន្តចែកទឹករហូតមានទឹកពីរដ្ឋាករទឹកស្វយ័តមកវិញ»។
តែយ៉ាងណាលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នៅតែកើតឡើងក្នុងមួយឆ្នាំៗហើយខាងរដ្ឋាករទឹកតែងតែសន្យាថានឹងមិនឱ្យខ្វះទឹកប្រើ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងដដែល។
លោក គិមអេង បន្តថា បញ្ហាកង្វះទឹកស្អាតគឺជាបញ្ហាសុខភាពសាធារណៈ ដែលរដ្ឋគប្បីដោះស្រាយឱ្យទាន់ពេលវេលា បើពុំនោះទេ ពលរដ្ឋនឹងលែងមានជំនឿតទៅទៀតចំពោះការសន្យា ហើយយល់ថាការសន្យាជាវិធីដោះស្រាយមួយពេលៗប៉ុណ្ណោះ។
លោក គិមអេង មានប្រសាសន៍ថា៖ «ខ្ញុំគិតថាបញ្ហាទឹកនេះជារឿងប្រឈមខ្លាំង និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លាំងសម្រាប់ពលរដ្ឋ ព្រមទាំងរបររកស៊ីមួយចំនួនរបស់គាត់ ជាពិសេសវាពាក់ព័ន្ធជាមួយរឿងអនាម័យ និងសុខភាពសាធារណៈ»។

ឆ្លើយតបចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខណ្ឌមួយចំនួនអំពីបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នេះ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនព័ត៌មានមួយ ឱ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះការខ្វះខាតទឹក ដោយសារតែតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងដល់៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានសម្ពាធខ្សោយនៅតាមបណ្ដាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសដដែល និយាយថា៖«នៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់ បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រ.ទ.ស.ភ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ»។
រដ្ឋាករទឹកស្វយ័ត អះអាងនឹងដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗឱ្យខាងតែបាន ចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ ហើយនៅឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកបាន១លានម៉ែត្រគូបក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។
យោងតាមរបាយការណ៍របស់អង្គការ Water.org ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការទៅលើបញ្ហាទឹក និងអនាម័យ បាននិយាយថា ក្នុងចំណោមប្រជាជនចំនួន១៦លាននាក់ មានប្រជាជន១២លាននាក់ (៧២% នៃចំនួនប្រជាជន) ខ្វះលទ្ធភាពទទួលបានប្រភពទឹកដែលអាចទុកចិត្តបាន និងគ្រប់គ្រងដោយសុវត្ថិភាព ហើយមនុស្ស ៣.៨ លាននាក់ (២៣%) ខ្វះលទ្ធភាពទទួលបានដំណោះស្រាយបញ្ហាអនាម័យឱ្យប្រសើរឡើង។
អង្គការ Water.org និយាយថា៖ «ប្រជាជនកម្ពុជាប្រមាណ៧៥ភាគរយដែលរស់នៅជនបទ កង្វះលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យមិនស្មើភាពគ្នា ធ្វើឱ្យប៉ះពាល់ដល់សហគមន៍ជនបទ»។
តាមរយៈអង្គការនេះ គេបានព្យាករណ៍ថា នៅឆ្នាំ២០២៥ នៅតាមជនបទនឹងឈានទៅដល់ការទទួលបានទឹកស្អាត និងអនាម័យ នៅពេលដែលរដ្ឋាភិបាល កំណត់គោលដៅដ៏ជាក់លាក់មួយដើម្បីសម្រេចជាលទ្ធផលអំពីបញ្ហានេះ៕
រាយការណ៍បន្ថែមដោយ រ៉ាន់ ស្រីដែត
