ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលលើកទី៣ គឺ «គួរឱ្យកត់សម្គាល់ជាងលើកមុន» ដោយសារនិយោជកបានបន្ថែមប្រាក់ឈ្នួល ១ដុល្លារទៀតដើម្បីឱ្យប្រាក់ឈ្នួលឡើងដល់២ដុល្លារ។
លោក សួរ មានប្រសាសន៍ថា៖ «ដូច្នេះ ថ្ងៃនេះ [ថ្ងៃសុក្រ] យើងមើលឃើញពីការប្រសើរឡើងដែលខិតជិត [ដល់កិច្ចព្រមព្រៀង] បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។ និយោជកបានផ្តល់ជូន ២ដុល្លារ ហើយនិយោជិតបានបន្ថយមកត្រឹម ១០ដុល្លារ»។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីនីមួយៗត្រូវបានរំពឹងថានឹងពិចារណាចំពោះបញ្ហាផ្ទៃក្នុង ដោយក្រសួងការងារបានដាក់ក្តីសង្ឃឹមថាភាគីទាំងអស់យល់នូវអ្វីដែលបានពន្យល់ ពិភាក្សា និងមានការផ្លាស់ប្តូរជំហររបស់ពួកគេនៅកិច្ចប្រជុំលើកក្រោយ។
ទោះជាយ៉ាងណាក៏ដោយ លោក សួរ មានប្រសាសន៍ ក្នុងនាមក្រសួងការងារថា ពួកគេនឹងព្យាយាមសម្របសម្រួល ដើម្បីឱ្យគ្រប់ភាគីយល់គ្នាកាន់តែច្បាស់ ក្នុងការសម្រេចបាននូវគោលដៅរួមតាមរយៈការចរចា ព្រោះតួអង្គសំខាន់គឺកម្មករនិយោជិត និងនិយោជក។ រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើតយន្តការមួយ និងផ្តល់ហេតុផលជាស្ថិតិដែលសមស្របដល់ភាគីទាំងសងខាង ដើម្បីយោង និងពិភាក្សា។
លោកបន្តថា៖ «ជាទូទៅ យើងនឹងព្យាយាមសម្រុះសម្រួលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយលទ្ធផលនឹងត្រូវបានសម្រេច [ជិតនឹង] តួលេខចុងក្រោយ។ បើភាគីទាំងពីរមិនឯកភាព យើងនឹងរៀបចំការបោះឆ្នោតនៅក្នុងកិច្ចប្រជុំបន្ទាប់»។
នៅចុងខែសីហា ក្រសួងការងារបានឱ្យដឹងថា ភាគីទាំងពីរបានពន្យល់ពីតួនាទីរបស់ពួកគេ «ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ» ខណៈដែលតំណាងរដ្ឋាភិបាលបានសម្របសម្រួល និងផ្តល់ការពន្យល់បន្ថែមទាក់ទងនឹងបទដ្ឋានសង្គម និងសេដ្ឋកិច្ចដល់ពួកគេ។
កិច្ចប្រជុំត្រីភាគីនឹងត្រូវបន្តធ្វើនៅថ្ងៃទី ១២ និង ១៩ ខែកញ្ញា ខណៈកិច្ចប្រជុំលើកចុងក្រោយនឹងត្រូវធ្វើនៅថ្ងៃទី ២៦ ខែកញ្ញា។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក គឹម ចាន់សំណាង អនុប្រធានតំណាងអង្គការវិជ្ជាជីវៈកម្មករនិយោជិតបានចែករំលែកឱ្យដឹងថា ពួកគេបានស្នើដំឡើងប្រាក់ឈ្នួលចំនួន ១៤ដុល្លារកាលពីសប្តាហ៍មុន។ ទោះយ៉ាងណាក៏ដោយ នៅសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុង ពួកគេសម្រេចកាត់បន្ថយការស្នើសុំមកត្រឹម ១០ដុល្លារវិញ ដើម្បីឱ្យការចរចាប្រាក់ឈ្នួលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។
លោកនិយាយថា តួលេខពិតប្រាកដសម្រាប់ប្រាក់ឈ្នួលបន្ថែមមិនទាន់ត្រូវបានកំណត់នៅឡើយទេថាតើប្រាក់ឈ្នួលត្រូវ «ឡើងឬចុះ» ដោយសារតម្រូវការគឺអាស្រ័យទៅលើការពិភាក្សាផ្ទៃក្នុងនិងផ្អែកលើ «ហេតុផលសមរម្យ» ។
លោកសំណាងនិយាយថា៖ «យើងត្រូវពិនិត្យមើលការពិតថាតើវានឹងត្រូវបានកាត់បន្ថយ [ឬកើនឡើង] ដើម្បីឱ្យវាអាចទទួលយកបានដោយយើងទាំងអស់គ្នា។ ប្រសិនបើចាំបាច់ យើងនឹងចរចាក្នុងកម្រិតមួយដែលសមស្រប»។
នៅឆ្នាំ ២០២៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បានកើនឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។ យោងតាមក្រសួងការងារបានឱ្យដឹងថា ជាមួយនឹងអត្ថប្រយោជន៍នានា កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២១ដុល្លារ ទៅ ២៣២ដុល្លារក្នុងមួយខែ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតពីមូលនិធិសន្តិសុខសង្គម។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានប្រាប់ ខេមបូចា ថា លោកស្រីមិនទាន់ពេញចិត្តនឹងតួលេខនេះទេ ដែលតួលេខគឺ «មិនសមស្របនឹងតម្រូវការរបស់និយោជិត»។
អ្នកស្រី សុភ័ណ្ឌ និយាយថា ការកាត់បន្ថយប្រាក់ឈ្នួលពី ១៤ដុល្លារ មកត្រឹម ១០ដុល្លារនៅក្នុងជុំទី៣នេះ គឺដោយសារតែតំណាងកម្មករនិយោជិតចង់បាន «តួរលេខរួម» ពីសមាជិកតំណាងកម្មករនិយោជិត ដើម្បីចរចាជាមួយតំណាងនិយោជក។ ម៉្យាងវិញទៀត មានតំណាងកម្មករនិយោជិតត្រឹមតែ ១៧នាក់ប៉ុណ្ណោះ។ ដូច្នេះហើយអ្នកស្រី «មិនចង់មានការខ្វែងគំនិតគ្នាទេ» នៅពេលចរចាប្រាក់ឈ្នួលអប្បបរមា។
អ្នកស្រី សុភ័ណ្ឌ និយាយថា៖ «យើងមិនចង់បែងចែកនៅដំណាក់កាលដំបូងនេះទេ ប៉ុន្តែប្រសិនបើយើងស្នើលេខចំនួនពីរបី វានឹងពិបាកសម្រាប់យើងក្នុងការចរចានៅដំណាក់កាលចុងក្រោយ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីរំពឹងថា និយោជកនឹងដំឡើងប្រាក់ឈ្នួលឱ្យដល់កម្រិតមួយដែលកម្មករនិយោជិតអាចរស់នៅបានសមរម្យ ខណៈតួលេខដែលស្នើឡើងដោយតំណាងកម្មករនិយោជិតគឺដើម្បីកែសម្រួលលើប្រាក់ឈ្នួល ដែលមានអតិផរណានៅក្នុងទីផ្សារចំនួន ២,៧ភាគរយ ។
អ្នកស្រីថា៖ «អតិផរណាគឺ ២,៧ភាគរយ ។ បើយើងមិនកែប្រាក់ឈ្នួលកម្មករ តើកម្មករអាចរស់បានឬអត់?។ ប្រាក់ឈ្នួលកម្មករមិនឡើងទេ ពួកគេគ្រាន់តែកែសម្រួលដោយផ្អែកលើអតិផរណាទីផ្សារប៉ុណ្ណោះ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (TAFTAC) មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅពេលដែល ខេមបូចា ទាក់ទងលោកតាមរយៈបណ្តាញសង្គម តេឡេក្រាម និងទូរសព្ទ។
លោក ម៉ៃ សាមិត វ័យ ៣៧ឆ្នាំ ដែលកំពុងបម្រើការងារនៅរោងចក្រ YTC ក្នុងខេត្តកំពង់ស្ពឺ អស់រយៈពេល ១៣ឆ្នាំមកហើយនោះ បានទទួលប្រាក់ឈ្នួល ២១៤ដុល្លារ។ លោកបានប្រាប់ ខេមបូចា ថា ប្រាក់ឈ្នួលហាក់មានគម្លាតគ្នាឆ្ងាយក្នុងចន្លោះពី ២ ទៅ ១៤ដុល្លារ។
ការចរចាប្រាក់ឈ្នួលគួរតែចាប់ផ្តើមនៅថ្នាក់ជាតិ ឬក្រសួង ដោយពាក់ព័ន្ធនឹងនិយោជក និងរដ្ឋាភិបាល ជាជាងផ្តោតតែលើកត្តាជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករនិយោជិត។
លោកសាមិតនិយាយថា៖ «ខ្ញុំចង់ស្នើឱ្យរដ្ឋាភិបាល និងនិយោជកធ្វើការសិក្សាអំពីជីវិតរបស់កម្មករ ឬរបៀបរស់នៅរបស់ពួកគេ។ តើប្រាក់ឈ្នួលរបស់ពួកគេអាចចិញ្ចឹមគ្រួសារបានទេ? នៅពេលនេះ យើងមិនអាចរស់នៅបានសមរម្យទេ ដូច្នេះយើង[ធ្វើការ]ថែមម៉ោង ដែលជាបន្ទុកមួយ»។
លោកនិយាយថា វានឹងមានប្រយោជន៍ប្រសិនបើរដ្ឋាភិបាលគ្រប់គ្រងលើការឡើងថ្លៃ ដើម្បីបង្កភាពងាយស្រួលដល់កម្មករនិយោជិតក្នុងការគ្រប់គ្រងតម្លៃរស់នៅរបស់ពួកគេដោយផ្អែកលើសេដ្ឋកិច្ច។
លោក គ្រឿន ប៊ុនឡុង ដែលបម្រើការងារនៅរោងចក្រ ស៊ិន តៃ បាននិយាយថា ប្រាក់ឈ្នួលបច្ចុប្បន្នរបស់លោកមិនអាចបំពេញតម្រូវការនៃការកើនឡើងតម្លៃរស់នៅបាននោះទេ។ លោកចង់ឃើញប្រាក់ឈ្នួលកើនឡើងដល់ ២៥០ដុល្លារក្នុងឆ្នាំ២០២៥ ដោយសារតែការកើនឡើងជាលំដាប់នៃថ្លៃ ផ្ទះជួល អាហារ និងការចំណាយប្រចាំថ្ងៃ។
លោកនិយាយថា៖ «ខ្ញុំចង់ឃើញប្រាក់ខែបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយខ្ញុំចង់ឃើញរដ្ឋាភិបាលជួយសម្រួលដល់ការដំឡើងប្រាក់ខែ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Third Minimum Wage Negotiation – Employers Agree To $2 Now As Employees Reduce To $10