សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នៅក្នុងកិច្ចប្រជុំលើកទី២ សហជីពស្នើដំឡើងប្រាក់ឈ្នួល១៤ដុល្លារ ប៉ុន្តែនិយោជកស្នើផ្តល់ឱ្យ១ដុល្លារ

កម្មករនិយោជិតបានធ្វើដំណើរមកដល់ខាងមុខរោងចក្រដើម្បីចួលបម្រើការងារ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
កម្មករនិយោជិតបានធ្វើដំណើរមកដល់ខាងមុខរោងចក្រដើម្បីចួលបម្រើការងារ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ភាគីតំណាង​សហជីព​កម្មករ​បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន មានចំនួន២០៤ដុល្លារ ​​ដល់កម្មករ​និយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​សម្រាប់​ឆ្នាំ២០២៥ ប៉ុន្តែ​និយោជក​ថា​ពួកគេ​អាច​ផ្តល់​ការ​ដំឡើង​បានត្រឹម​តែ ១ដុល្លារ​ប៉ុណ្ណោះ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក គឹម ចាន់សំណាង អនុប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​កម្មករនិយោជិត ​បាននិយាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ១៤ដុល្លារនេះ គឺជា​សំណើ​បឋម​សម្រាប់​ការ​ពិភាក្សាលើ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត។

លោកបាននិយាយថា តួលេខនេះគឺផ្អែកលើអត្រាអតិផរណាបច្ចុប្បន្ន រួមជាមួយប្រាក់ចំណេញរបស់ក្រុមហ៊ុន និងការកើនឡើងនៃការបញ្ជាទិញ ក៏ដូចជាស្ថានភាពនយោបាយប្រកបដោយសុខសន្តិភាពរបស់ប្រទេស។

 លោក​និយាយថា​៖ «​ពី​ខាង​សហជីព ខ្ញុំ​គិត​ថា ១៤ដុល្លារ​គឺ​សម​ហេតុ​ផល​ណាស់ [ទោះ​បី​ជា] ​អ្វី​ដែល​ទទួល​យក​មិន​ប្រាកដ​ប្រជា​ក៏​ដោយ។ វា​ផ្អែក​លើ​ការ​ពិភាក្សា​បន្ថែម​ទៀត​ព្រោះ​ភាគី​ទាំង​ពីរ​មាន​អំណះអំណាង​រៀង​ខ្លួន។ ប៉ុន្តែ​យើង​អាច​រំពឹង​ថា​នឹងមានការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០២៥»

ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងពី ៤០ដុល្លារក្នុងឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារ ក្នុងឆ្នាំ២០១៥ ហើយបានកើនឡើងជាបន្តបន្ទាប់ទៀតដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣ និង ២០៤ដុល្លារ នៅឆ្នាំ២០២៤។

ទោះ​យ៉ាង​ណា លោក សំណាង មាន​ការ​ព្រួយ​បារម្ភ​ថា នៅ​ពេល​ប្រាក់​ឈ្នួល​ត្រូវបានតំឡើងនោះ​ កម្មករ​និយោជិតនឹង​ត្រូវ​បង់​ថ្លៃ​ជួល និង​ទំនិញ​កាន់​តែ​ខ្ពស់ ដែលកត្តាទាំងនេះអាចនឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​ពួក​គេ​កើន​ឡើង។ លោក​បាន​ស្នើ​ដល់​ម្ចាស់​ផ្ទះ និង​អាជីវករ​កុំ​ដំឡើង​ថ្លៃ​ជួល និង​តម្លៃ​ទំនិញ​ហួសហេតុ​។

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំត្រីភាគីលើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ លោកមានប្រសាសន៍ថា ទីប្រឹក្សាប្រាក់ឈ្នួលអប្បបរមាបានពន្យល់ពីភាពប្រែប្រួលនៃលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុចដែលត្រូវពិចារណាលើប្រាក់ឈ្នួល ហើយភាគីនីមួយៗបានសិក្សា និងគណនាតួលេខបឋមរៀងៗខ្លួន ដោយតំណាងកម្មករនិយោជិតស្នើសុំ ១៤ដុល្លារ និងនិយោជក ១ដុល្លារ សម្រាប់ឆ្នាំ ២០២៥ ។

លោកហេង សួរ មានប្រសាសន៍ថា៖ «ទាំងនេះគឺជាតួលេខបឋម។ នៅ​ពេល​មាន​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់ គោល​ជំហរ​នេះ​អាច​ត្រូវ​បាន​សម្រុះសម្រួល និង​ពិភាក្សា​បន្ថែម​ទៀត។ តួ​លេខ​អាច​នឹង​កើន​ឡើង​និង​ថយ​ចុះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​បាន​ដាក់​ទឡ្ហីករណ៍របស់ពួកគេ»។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ភាគីទាំងពីរហាក់ដូចជាមានភាពចាស់ទុំ និងការយល់ដឹងអំពីការចរចាប្រាក់ឈ្នួល ហើយរំពឹងថានឹងមានការសម្របសម្រួលបន្ថែមទៀតដើម្បីឱ្យភាគីទាំងពីរស្វែងរកចំណុចរួមមួយនៅក្នុងការចរចាប្រាក់ឈ្នួលឆ្នាំ២០២៥។

ដោយ​កត់​សម្គាល់​ថា​អ្វី​ដែល​លើស​សូន្យ​គឺ​ជា​ដំណឹង​ល្អ លោក ហេង សួរ ជឿ​ថា ការ​ដំ​ឡើង​លើស១ដុល្លារ​អាស្រ័យ​លើ​របៀប​ដែល​ភាគី​ទាំង​សង​ខាង​យល់​ចិត្ត​គ្នា។

ប្រសិន​បើ​ពួកគេ​មិន​អាច​ឈាន​ដល់​ចំណុច​កណ្តាល​បាន​ទេ រដ្ឋាភិបាល​នឹង​សម្រុះសម្រួល​ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​ស្រុះស្រួលគ្នា។ រដ្ឋាភិបាល​ក៏​នឹង​អនុវត្ត​ប្រព័ន្ធ​បោះ​ឆ្នោត​ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។

លោក ហេង សួរ មានប្រសាសន៍ថា៖ «ទោះជាការដំឡើងប្រាក់ឈ្នួលខ្ពស់ ឬទាបក៏ដោយ ភាគីទាំងពីរបានឯកភាពគ្នាលើការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៥ ដោយគ្រាន់តែការដំឡើងប្រាក់ឈ្នួល ស្ថិតក្នុងរង្វង់ផ្សេងគ្នាដែលស្ថិតក្នុងចន្លោះហ្នឹង។ និយោជក​បន្ថែម ១ដុល្លារ ហើយ​កម្មករ​សុំ ១៤ដុល្លារ»

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​កម្មករ​និយោជិត ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

យោងតាមក្រសួងការងារ ការចរចាប្រាក់ឈ្នួលត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុចនៅក្នុងច្បាប់ប្រាក់ឈ្នួលអប្បបរមា រួមមាន ស្ថានភាពគ្រួសារ អាត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ការប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យកាត់ដេរ។

លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លើកឡើងថា សំណើរបស់កម្មករនិយោជិត មានលក្ខណៈសមស្របតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនិយោជកត្រូវគិតមួយជ្រុងទៀត ដោយសារពួកគេប្រឈមនឹងការលំបាកជាមួយកម្ចីពីធនាគារ។

លោកនិយាយថា៖ «ឧទាហរណ៍អត្រាការប្រាក់ នៅ​ពេល​ដែល​ប្រជាជន​សាមញ្ញ​ខ្ចីលុយពីធនាគារ​អត្រា​ការ​ប្រាក់​ទាប ប៉ុន្តែ​ពេលម្ចាស់​អាជីវកម្ម​ខ្ចី​ប្រាក់​ពី​ធនាគារវិញនោះ​អត្រា​ការ​ប្រាក់​ខ្ពស់​ដោយសារ​សេដ្ឋកិច្ច»។

ដូច្នេះការដំឡើងប្រាក់ឈ្នួល ១ដុល្លារគ្រាន់តែជាការចាប់ផ្តើមនៃការចរចាសម្រាប់កិច្ចប្រជុំបន្ទាប់ ហើយវាមិនមែនជាចំនួនចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេ។

លោក សុធី និយាយាថា​៖ «​ប្រាក់​ឈ្នួលនឹង​កើន​ឡើង​ព្រោះ​វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល ប៉ុន្តែ​សម្រាប់​យើង​សំណើ​ ១ដុល្លារ​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ»

លោកបន្ថែមថា កម្មករនិយោជិតបានមើលឃើញថាមានកំណើននៃការវិនិយោគ ប៉ុន្តែការពិតអ្នកវិនិយោគដែលមកមិនទាន់សម្រេចចិត្តវិនិយោគទេ ដែលកត្តានេះគឺជាបញ្ហា។ ជាឧទាហរណ៍ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀតដូចជាប្រទេសវៀតណាមនោះ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេររបស់កម្ពុជាគឺ «ប្រសើរជាង» ។

លោក ព្រំ សារ៉ាត់ វ័យ៤៣ឆ្នាំ បានប្រាប់ ខេមបូចា ថា លោកបានបម្រើការងារនៅរោងចក្រ យីដា អស់រយៈពេល៩ឆ្នាំ ដោយទទួលបានប្រាក់ឈ្នួល ២០៤ដុល្លារក្នុងមួយខែ។ លោក​សង្ឃឹម​ថា​ប្រាក់​ឈ្នួល​នឹង​កើន​ដល់​២៥០​ដុល្លារ​ ដែល​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ។

លោក​បាន​អះអាង​ថា ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​មាន​កម្រិត​ខ្ពស់ ដោយសារ​ពួកគេ​ត្រូវ​ទូទាត់​កម្ចី​ធនាគារ ថ្លៃ​សិក្សា និង​វិក្កយបត្រ​ផ្សេងៗ។

លោកនិយាយថា៖ «ការចំណាយគ្រួសាររបស់ខ្ញុំយ៉ាងហោចណាស់ ១០ដុល្លារក្នុងមួយថ្ងៃ ហើយនេះគឺសម្រាប់តែអាហារ និងការចំណាយសម្រាប់កូនៗរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​បង់​ប្រាក់​កម្ចី​ធនាគារ​របស់​ខ្ញុំ​ទេ»

អ្នកស្រី ម៉ិច សៀងហៃ វ័យ៣៨ឆ្នាំ ដែលបានបម្រើការងារនៅរោងចក្រ ស៊ិន តៃ អស់រយៈពេល១២ ឆ្នាំ រំពឹងថានឹងឃើញការដំឡើងប្រាក់ឈ្នួលអប្បបរមាចាប់ពី ១០ដុល្លារឡើងទៅ នៅឆ្នាំក្រោយ ដោយសារការកើនឡើងនៃថ្លៃទំនិញ។

អ្នកស្រីបានប្រាប់ ខេមបូចា ថា៖ «ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននឹងមិនអាចបំពេញតម្រូវការប្រចាំថ្ងៃបានទេ ប្រសិនបើវាត្រូវបានកាត់ចេញពីថ្លៃជួល និងការចំណាយប្រចាំថ្ងៃ»។

អ្នកស្រី សៀងហៃ ចង់ឱ្យក្រសួង និងភាគីពាក់ព័ន្ធសិក្សាពីការដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យបានត្រឹមត្រូវ ក៏ដូចជាការកើនឡើងតម្លៃ នៃតម្រូវការប្រចាំថ្ងៃ។ អ្នកស្រី​បាន​និយាយ​ថា ប្រសិនបើ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវបានដំឡើង ប៉ុន្តែ​តម្លៃ​ទំនិញ​ក៏ឡើង​ដូច​គ្នានោះ ប្រាក់​ឈ្នួល​ថ្មី​នឹង​មិនអាច​រ៉ាប់រង​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃបាន​ទេ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានប្រាប់ ខេមបូចា ថា ការសិក្សាអំពីប្រាក់ឈ្នួលអប្បបរមារបស់សហជីពកម្មករ និងអង្គការអន្តរជាតិជាច្រើន បានស្នើសុំដំឡើងប្រាក់ឈ្នួល ២២៥ដុល្លារ ដែលនឹងអាចរ៉ាប់រងលើការចំណាយរបស់កម្មករ។

សហជីពបានចេញនូវសំណើរួមគ្នាមួយ ដោយអំពាវនាវឱ្យដំឡើងប្រាក់ឈ្នួល ៧ភាគរយ ស្មើនឹង ១៤ដុល្លារ ដើម្បីបូកបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ដោយសិក្សាពីសេដ្ឋកិច្ច និងបំពេញតាមលក្ខណៈវិនិច្ឆ័យទាំង៧ចំណុច ក្នុងច្បាប់ប្រាក់ឈ្នួលអប្បបរមា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Unions Seek $14 Rise, Employers $1, in Second 2025 Minimum Wage Meeting

263 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម