សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

មន្រ្តីកង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ ACU ពី​បទ​ទទួល​សំណូក និងធ្វើឲ្យបែកធ្លាយ​ការ​ស៊ើប​អង្កេត

អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើសគ្រឿង​ញៀន​៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកធ្លាយព័ត៌មានក្នុងពេលស៊ើបអង្កេត។ ពួកគេត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំង​អំពើពុករលួយ (ACU) ដើម្បីចាត់ការបន្ត។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​ដើម្បីទទួលពិន័យទៅតាមនីតិវិធី។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីកងរាជអាវុធហត្ថ២នាក់ផ្សេងទៀត ត្រូវបាននាំខ្លួនទៅសាកសួរ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន មុន​នឹង​បញ្ជូន​ទៅ ACU។

បើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបង្ហោះនៅលើ Facebook របស់លោកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌​បានបញ្ចប់ការស៊ើបអង្កេតលើមន្ត្រីទាំងបីនាក់ហើយ។ ពួកគេបានរកឃើញថា មេបញ្ជាការរង និងជាជំនួយការការិយាល័យគ្រឿងញៀនខេត្ត មានជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់ និងបានធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេត។

លោក អេង ហ៊ី បន្ថែម​​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ត្រូវ​តែ​ទទួល​បាន​ការ​អប់រំ និង​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍ ដើម្បី​យក​ជា​គំរូ​ជា​មន្ត្រី​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា បើ​អ្នក​ណា​មិន​គោរព ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

ជាក់ស្តែង កងរាជអាវុធហត្ថបានបើកការស៊ើបអង្កេត និងបានរកឃើញបុគ្គលចំនួន ៤នាក់ ពាក់ព័ន្ធករណីឃាតកម្ម និងឧក្រិដ្ឋកម្មគ្រឿងញៀន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបន្ទាប់ពីបានស្តាប់ចម្លើយរបស់ជនសង្ស័យ ពួកគេក៏បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ២នាក់ ពីបទសូកប៉ាន់ និងធ្វើឲ្យបែកធ្លាយការសម្ងាត់ការស៊ើបអង្កេត។

លោក អេង ហ៊ី ថ្លែងថា៖«នេះ​ជា​មូល​ហេតុ​ដែល​កង​រាជ​អាវុធហត្ថ​អនុវត្ត​តាម​ពាក្យ​ស្លោកមួយថា បើ​មិន​គោរព​ច្បាប់ និង​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវតែ​បង្ក្រាប និងអនុវត្តតាមច្បប់ដោយគ្មានការយោគយល់ទេ»

លោក សយ ច័ន្ទវិចិត្រ អ្នក​នាំ​ពាក្យ ACU បាន​ថ្លែង​ថា ករណី​នេះ​ ACU កំពុង​ធ្វើការស៊ើបអង្កេត​។ 

បើតាម Freshnews ការសួរចម្លើយនេះធ្វើឡើងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការកំណត់អត្តសញ្ញាណនេះ គឺលោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ​ និងលោក លុយ សារុំ នាយសេនាធិការកងរាជអាវុធហត្ថស្រុកត្រាំកក់ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការមន្ទីរគ្រឿងញៀនខេត្តផងដែរ ។ ពួកគេកំពុងស្ថិតក្នុងនីតិវិធីនៃការស៊ើបអង្កេត​។

នៅឆ្នាំ២០២៣ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីកងរាជអាវុធហត្ថ៥នាក់ផ្សេងទៀតបានធ្វើការសាកសួរស្រដៀងគ្នានៅសាលាដំបូងខេត្តព្រះសីហនុពីបទទទួលប្រាក់ពីបទល្មើសគ្រឿងញៀន។

លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ មិនឆ្លើយតបចំពោះ សារព័ត៌មានខេមបូចា ដោយលោកថារវល់ពិនិត្យឯកសារ និងមិនអាចធ្វើអត្ថាធិប្បាយបានទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍ពេលកំពុងពិនិត្យឯកសារ។

រដ្ឋសភាអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយដាក់ចេញនូវស្នួល និងយុទ្ធសាស្ត្ររួម ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពកំពូល។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការ និងបានអំពាវនាវឱ្យអនុវត្តវិធានការតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីមុខតំណែង។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​គ្រឿង​ញៀន​ពេញ​ប្រទេស​នោះ​ទេ»

លោក មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បាន​ថ្លែង​ថា ​គ្រប់​ប្រទេស​ជាទូទៅ​មាន​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ កត្តាសំខាន់បំផុតគឺវិធានការ និងការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើពួកគេត្រូវបានគេរកឃើញថាមានពិរុទ្ធ [ពីគ្រឿងញៀន] ពួកគេត្រូវតែទទួលយកការផ្តន្ទាទោសដូចមនុស្សគ្រប់រូប។ ប៉ុន្តែប្រសិនបើមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នោះតម្លៃមន្ត្រីរាជការត្រូវធ្លាក់ចុះ»

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា «ការ​សម្អាត»ពី​លើ​ដល់​ក្រោម​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ លោក​ថ្លែង​ថា​៖ «​ការ​បង្រ្កាប​គ្រឿងញៀន​អាស្រ័យ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ករណី​នេះ​គ្មាន​នរណា​អាច​ជួយ​បាន​ទេ​»​

លោក​ក៏​ចង់​ឲ្យ​អ្នក​អនុវត្ត​ច្បាប់​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ហើយ​មិន​អនុវត្ត​ស្តង់ដារ​ពីរផងដែរ​។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ចំណាត់ការផ្លូវច្បាប់លើគ្រឿងញៀន គឺជាជំហានវិជ្ជមានមួយ។ កន្លងមក កម្ពុជា​ត្រូវបាន​គេ​ស្គាល់ថា​ជា​ប្រទេស​ដែល​មាន​ការជួញដូរ​គ្រឿងញៀនដែលបង្ក​បញ្ហា​ដល់​​រដ្ឋាភិបាល និង​ពិភពលោក​។

កត្តា​សំខាន់​សម្រាប់​​រដ្ឋាភិបាល​ដែល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​គឺ​ត្រូវ​ជំរុញ​និង​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​បាន​បន្ថែម​ថា៖ «បញ្ហា​នេះ​មិនមែនទើបតែ​មាន​នៅ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​បាន​កើត​មាន​ជា​យូរ​មក​ហើយ ដូច្នេះ​វា​ចាំ​បាច់​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ឲ្យ​បាន​ដិត​ដល់»

យ៉ាងណាមិញ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៩លានដុល្លារក្នុងឆ្នា២០២៤  ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ដែលផ្តោតលើការកាត់បន្ថយ និងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ក្នុងនោះក៏មានថវិកាប្រមាណ ២,៥ លានដុល្លារផងដែរ លើការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៕ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Takeo Military Police Referred to ACU for Taking Bribe, Compromising Investigation

732 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម