សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ប្រជាពលរដ្ឋប្រមាណ​៥០០គ្រួសារទទួលបានដីនៅខេត្តស្ទឹងត្រែង នៅដំណាក់កាលចាប់ឆ្នោតជុំទី១នៃកម្មវិធីផ្តល់ដី

ពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់ពលរដ្ឋមកពីខេត្តកណ្តាល ពោធិ៍សាត់ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តកែប នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពថតចេញពី៖ ទទក)
ពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់ពលរដ្ឋមកពីខេត្តកណ្តាល ពោធិ៍សាត់ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តកែប នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពថតចេញពី៖ ទទក)

ប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារក្នុងចំណោមជាង១ម៉ឺនគ្រួសារមកពីខេត្តផ្សេងៗទូទាំងប្រទេស បានជាប់ឆ្នោតទទួលបានដី ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយការចាប់ឆ្នោតជុំទី១ក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយរដ្ឋាភិបាលក្នុងគោល​បំណង​ដោះស្រាយតម្រូវការជូនពលរដ្ឋក្រីក្រដែលគ្មានដីរស់នៅពិតប្រាកដ។

កម្មវិធីផ្តល់ដីនេះ គឺក្នុងគោលបំណងដោះស្រាយតម្រូវការប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ជំរុញពលរដ្ឋឱ្យចូលរួមការពារព្រៃ និងអភិរក្សព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ)លេខាធិការដ្ឋាន ដែលចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលសំណាងជាប់ឆ្នោតក្នុងជុំទី១មាន៥០០គ្រួសារនឹងត្រូវទទួលបានដីនៅកម្រោងទី១ ហើយសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

«សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដី ដែលមានសំណាងជាប់ឆ្នោតចំនួន៥០០គ្រួសារសម្រាប់គម្រោងទី១» ដែលមានសំណាងតាមលំដាប់លេខរៀងដែលចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់ក្នុងរាជធានី ខេត្តសាមី ក្រុមការងារចម្រុះរបស់លេខាធិការដ្ឋាន នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត និងសាមីខ្លួនដើម្បីចុះត្រួតពិនិត្យរួមគ្នានូវលក្ខណៈសម្បត្តិទាំង៤ «សញ្ជាតិខ្មែរពីកំណើត ក្រីក្រគ្មានដីពិតប្រាកដ និងស្ម័គ្រចិត្តទៅរស់នៅទីតាំងអនុវត្តកម្មវិធី» ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា៖ «លេខាធិការដ្ឋានសង្ឃឹមយ៉ាងមុតមាំថា សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមចំណែកគាំទ្រ និងអនុវត្តយ៉ាងសកម្មក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មនសិការស្នេហាជាតិក្នុងឧត្តមប្រយោជន៍បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ»

អ្នកនាំពាក្យរដ្ឋាបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងគាំទ្រសេចក្តីប្រកាសព័ត៌មានថា កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅដោះស្រាយដីជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ព្រមទាំងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋក្នុងការចូលរួមការពារ និងអភិរក្សព្រៃឈើដីសង្គមកិច្ច។

លោកលើកឡើងថា ជុំទី១ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃ៤ ខែកក្ដដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងដែលបានដាក់ពាក្យចាប់យកដីមានចំនួន៦៣៧គ្រួសារ។ ចំនួនផ្ទៃដីសរុប៣០០ហិកតាទាំងដីលំនៅឋាន និងដីកសិកម្ម។ ចំពោះពលរដ្ឋដែលជាប់ឆ្នោតជុំទី១មានចំនួន៥០០គ្រួសារនឹងទទួលបានដី ដែលស្ថិតនៅឃុំសាមឃួយ នឹងឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក គង់ បានថ្លែងថា៖ «ក្នុងមួយគ្រួសារទទួលបានដីចំនួន៣ហិកតានៃដីលំនៅឋាន និងដីកសិកម្ម។ ពលរដ្ឋដែលបានដាក់ពាក្យយកដីមកពី២០ខេត្តផ្សេងៗគ្នា»

 លោកបន្តថា «ចំពោះការចែកជូនដីនឹងជួយកាត់បន្ថយជីវភាពប្រជាពលរដ្ឋដែលខ្វះខាត់ ពេលពួកគាត់ទទួលបានដីគាត់អាចប្រកបមុខរបធ្វើកសិកម្មនៅតំបន់នោះបាន និងដីនោះនៅក្បែររោងចក្រសហគ្រាស សម្រាប់ពួកគាត់ដែលក្រខ្សត់ចង់ទៅធ្វើការ»

លោកសង្ឃឹមថា ប្រជាពលរដ្ឋដែលទទួលបានដីនិងផ្លាសប្ដូទៅនៅទីនោះ ពួកគាត់នឹងជួយការពារនិងអភិរក្សព្រៃឈើដែលនៅជុំវិញនោះ ព្រោះរដ្ឋាភិបាលមានលក្ខខណ្ឌ និងគោលការណ៍ច្បាស់លាស់ណែនាំឲ្យពលរដ្ឋទាំងអស់ចូលរួម ក្នុងការរៀបចំដី និងរៀបចំលំនៅឋានជូនពួកគាត់ដែលក្រខ្សត់។

សកម្មភាពរបស់មន្ត្រីអាជ្ញាធរចុះផ្សព្វផ្សាយពីកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាព៖ លេខាធិការដ្ឋាន ផ.ក.អ)

អ្នកស្រី ខាវ ខាំ​ អន មេឃុំសាមឃួយ ស្រុកសេសាន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនៅឃុំសាមឃួយបានដាក់ពាក្យយកដីមានចំនួន៩៣គ្រួសារ បានជាប់ទទួលបានដីចំនួន៤២គ្រួសារ ក្នុងចំណោម​គ្រួសារដែលជាប់នោះ ភាគច្រើនជាប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងរកដីនៅមួយប្លង់គ្មាន។​

អ្នកស្រី ខាំ អន បន្តថា ពលរដ្ឋដែលទទួលបានដី គឺពួកគាត់សប្បាយចិត្តនឹងផ្លាស់ប្ដូទៅនៅតំបន់នោះ ព្រោះអាជ្ញាធរ«ត្រៀមផែនការការរៀបចំចែកដីជូនពលរដ្ឋនេះ មានទាំងដីលំនៅដ្ឋាននិងដីកសិកម្ម និងរៀបចំផ្ទះជូនពលរដ្ឋបែបសាងសង់ជាផ្ទះគំរូជូនពួកគាត់ និងផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ។ ល។ ប៉ុន្តែបច្ចុប្បន្នដែលគេកំពុងអនុវត្តរៀបចំ គឺសាងសង់ផ្លូវជាមុន»។  

លោក វង់ សុភ័ណ្ឌ វ័យ៥២ឆ្នាំ រស់នៅក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឱ្យដឹងថា លោកជាពលរដ្ឋម្នាក់ដែលជាប់ឈ្មោះទទួលបានដីក្នុងចំណោមពលរដ្ឋដែលដាក់ពាក្យផ្សេងទៀត​ក្នុងកម្មវិធីចាប់ឆ្នោតនៃជុំទី១។ លោកបន្តថា លោកមានកូន៥នាក់ក្នុងបន្ទុកគ្រួសារ។

លោក សុភ័ណ្ឌ និយាយថា៖ «ខ្ញុំសប្បាយចិត្តពេលបានលឺថាខ្លួនជាប់ និងទទួលបានលំនៅឋានថ្មី ដោយខ្លួនបច្ចុប្បន្នពុំមានកន្លែងនៅច្បាស់លាស់ទេ សុំរស់នៅជាមួយបងប្អូនគ្រាន់តែបណ្នោះអាសន្នប៉ុណ្ណោះ លោករាល់ថ្ងៃនេះធ្វើការស៊ីឈ្នួលគេគ្រប់ទីកន្លែងគ្រាន់បានចំណូលទិញម្ហូបមួយគ្រាៗ»

លោកបន្តថា បើសិនរដ្ឋាភិបាលរៀបចំទីលំនៅថ្មីរួចរាល់ពេលណាលោកនឹងទៅរស់នៅភ្លាមៗ ។ ប៉ុន្តែពេលនេះមិនទាន់មានដំណឹងថាទៅនៅបានពេលណានៅឡើយទេ។ លោក សុភ័ណ្ឌ បានលើកឡើងទៀតថា តាមដឹង លោកទទួលបានដី៣ហិកតា ទាំងលំនៅឋាន និងដីកសិកម្ម ក្នុងនោះគេរៀបចំសាងសង់ផ្ទះឱ្យផងដែរ ។

ពលរដ្ឋម្នាក់ទៀត លោក លី កុសល ជាពលរដ្ឋរស់នៅក្នុងឃុំសៀមបូក ស្រុកសៀមបូក ដែលជាប់ឈ្មោះទទួលបានដីក្នុងកម្មវិធីចាប់ឆ្នោតនៃជុំទី១នេះ​ បាននិយាយថា មូលហេតុដែលដាក់ពាក្យយកដី ពីព្រោះខ្លួនគ្មានលំនៅឋានណាជាក់លាក់ទេ រាល់ថ្ងៃនេះរស់នៅជាមួយបងប្អូនបណ្ដោះអាសន្ន។ លោក កុសល បានបន្តថា លោកក៏ទទួលបានដីចំនួន៣ហិកតា និងផ្ទះផងដែរ។

លោក កុសល និយាយថា៖ «ខ្ញុំពេញចិត្តនឹងទទួលបានដី និងលំនៅឋានថ្មី បើទោះបីជានៅបានរយៈពេលប៉ុណ្ណាក៏ដោយ ដោយសារខ្ញុំរាល់ថ្ងៃគ្មានកន្លែងនៅច្បាស់លាស់ទេ ក៏គ្មានគោលដៅថាធ្វើអីទេរាល់ថ្ងៃនេះរស់នៅជាមួយបងប្អូនគ្រាន់បានទៅធ្វើការស៊ីឈ្នួលគេ»

លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលរៀបចំ ឬហៅទៅនៅពេលណាក៏សប្បាយចិត្តនឹងទៅ។ លោកបន្ថែមថា ​កន្លែងនោះជាទីប្រជុំជនផង និងមានប្រព័ន្ធទឹកភ្លើងស្រាប់ដែរ ហើយឥឡូវនេះ រដ្ឋាភិបាលកំពុងរៀបចំធ្វើផ្ទះ និងធ្វើផ្លូវដើម្បីឱ្យពលរដ្ឋទាំងអស់ដែលទទួលបានដីទៅរស់នៅទីនោះ។

សកម្មភាពលេខាធិកាដ្ឋាន និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យ និងសិក្សាស្ថានភាពដី ដើម្បីរៀបចំទីតាំងដីអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ លេខាធិការដ្ឋាន ផ.ក.អ)

លោក ម៉ើ ចាន់ដារ៉ា ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) យល់ឃើញថា ចំពោះកម្មវិធីចែកដីជូនប្រជាពលរដ្ឋក្នុងបំណងជួយដោះស្រាយជីវភាពពលរដ្ឋ និងចូលរួមអភិរក្សព្រៃឈើ ជាចំណុចមួយល្អដែលរដ្ឋាភិបាលបានគិតគូរពីជីវភាពពលរដ្ឋដែលក្រីក្រ ក៏ប៉ុន្តែយើងមិនអាចរំពឹងបានទេថាពលរដ្ឋដែលទៅនៅតំបន់នោះគាត់មានវិធីសាស្រ្ត និងជួយរក្សា ឬអភិរក្សព្រៃឈើ ឬការដាំដុះដើមឈើឡើងវិញដែរ។

លោកបន្តថា ទទឹមនឹងនេះ ក៏មិនទាន់មានយន្តការណាមួយជាក់លាក់ចេញពីអាជ្ញាធររដ្ឋជូនដំណឹងឱ្យ​ពលរដ្ឋ​ដែលនឹងកាន់កាប់ដីទីនោះទេ ជាយន្តការលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារព្រៃឈើ ដែលមានស្រាប់ និងការចូលរួមដាំបន្ថែមនៅចន្លោះព្រៃឈើដែលសឹករេចរឹលនោះទេ។

លោកឡើងទៀតថា ប្រសិនបើអាជ្ញារដ្ឋគ្រាន់តែគិតគូរត្រឹមតែលំនៅឋាន ហើយមិនបានគិតគូរពីនិរន្តភាព ឬផលប៉ះពាល់បរិស្ថានចេញពីការបំផ្លិចបំផ្លាញរបស់ប្រជាពលរដ្ឋទេ វាក៏មិនអាចបង្ហាញពីការថែរក្សា ឬការចូលរួមគាំពារបរិស្ថាននៅតំបន់នោះបានដែរ។

លោកបន្តថា៖ «នៅខេត្តស្ទឹងត្រែងជាពិសេសនៅតំបន់ព្រៃឡង់នៅតែមានការកាប់ទន្រ្ទានព្រៃឈើនៅតែបន្តមានជាច្រើន ទោះបីជាមានវិធានការ ឬចំណាត់ការច្បាប់លើជនល្មើសមួយចំនួនក៏ដោយ»

លោកថ្លែងថា៖ «ខ្ញុំមើលឃើញថាការរៀបចំចែកដីជូនពលរដ្ឋនេះ វាជាផ្នែកមួយដែលចូលរួមចំណែកនាំឱ្យមានការកើនបទល្មើសព្រៃឈើកាន់តែច្រើន ប្រសិនបើរដ្ឋមិនមានយុទ្ធនាការក្នុងការគ្រប់គ្រងបទល្មើសឱ្យមានប្រសិទ្ធភាពនោះទេ ឬមានទីផ្សារជូនពលរដ្ឋសម្រាប់ពួកគាត់ប្រកបមុខរបរដើម្បីចំណូលរបស់ពួកគាត់ជាប្រចាំថ្ងៃ»។ លោកបន្តថា៖ «ពីព្រោះយើងមិនអាចហាមឃាត់ពលរដ្ឋមិនឱ្យគាត់កាប់ព្រៃធ្វើចម្ការផ្សេងៗនៅលើដីរបស់គាត់រស់នៅតំបន់នោះទេ»

​លោកឱ្យដឹទៀតថា ប្រសិនបើរដ្ឋពិតជាចង់ឱ្យពលរដ្ឋជួយថែរក្សា ឬអភិរក្សាព្រៃឈើមែន រដ្ឋត្រូវតែដាក់នូវគោលនយោបាយបៃតងដើម្បីឱ្យប្រជាពលរដ្ឋអនុវត្តគោលនយោបាយនោះឱ្យបានត្រឹមត្រូវ ជាពិសេសតាមដានការអនុវត្តរសកម្មភាពរបស់ពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាននៅតាមតំបន់នោះ និងចាត់វិធានការឱ្យបានម៉ឺងមាត់ចំពោះជនណាដែលបានចូលទៅនៅតំបន់នោះកាប់ទន្រ្ទានដីព្រៃសាធារណៈ។

លោកបានបន្ថែមថា ចំពោះការបញ្ចូនពលរដ្ឋទៅរស់នៅតំបន់ដីការពារនោះ រដ្ឋគួរតែរៀបចំប្រព័ន្ធ​សេដ្ឋកិច្ចឱ្យបានរឹងមាំ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន ជូនពួកគាត់ រួមមាន មន្ទីពេទ្យ សាលារៀន ទឹកស្អាត ភ្លើង​ ផ្លូវថ្នល់ និងផ្សារ សម្រាប់ពួកគាត់ប្រកបមុខរបរលក់ដូរដំណាំ​បន្លែផ្លែឈើរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់រស់នៅប្រកបដោយជីវភាពល្អប្រសើ៕

166 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម