រោងចក្រកាត់ដេរសំលៀកបំពាក់ ហ្វ័រម៉ាត (ខេមបូឌា) ខូលអិលធីឌី (Foremart Cambodia Co.,LTD) ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការឆេះរោងចក្រនេះ មិនមានកម្មករ កម្មការិនី រងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ។ យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានលើកឡើងថា រោងចក្រនេះកាត់ដេរសំលៀកបំពាក់ ដែលមានថៅកែជាជនជាតិកូរ៉េ ។ ទោះយ៉ាងណាការឆេះរោងចក្រនេះ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។
លោក វិច្ឆិកា បានថ្លែងថា៖ «អគ្គីភ័យកើតឡើង គឺកម្មករបានចេញបញ្ចប់ការងាររបស់ពួកគេហើយ អ៊ីចឹងមិនមាននរណារងរបួស ឬគ្រោះថ្នាក់នោះទេ» លោក វិច្ឆិកា បានបន្តថា៖ «អគ្គីភ័យនេះ ការកើតឡើងគឺមិនទាន់មូលហេតុនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ»៕
