សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីរាជការមួយគ្រួសារនៅកំពង់ឆ្នាំងចោទធនាគារអេស៊ីលីដាថារារាំងសុរិយោដីមិនឲ្យចេញបណ្ណកម្មសិទ្ធិដីធ្លី

ទីតាំងដីលំនៅឋានរបស់លោកស្រី ទៀង រ៉ាដា ដែលកំពុងត្រូវបានធនាគារអេស៊ីលីដាខេត្តកំពង់ឆ្នាំងបង្កកមិនឱ្យធ្វើបណ្ណកម្មសិទ្ធិ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ បញ្ញា ឆព័ណ្ណ
ទីតាំងដីលំនៅឋានរបស់លោកស្រី ទៀង រ៉ាដា ដែលកំពុងត្រូវបានធនាគារអេស៊ីលីដាខេត្តកំពង់ឆ្នាំងបង្កកមិនឱ្យធ្វើបណ្ណកម្មសិទ្ធិ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ បញ្ញា ឆព័ណ្ណ

គ្រួសារមួយនៅក្នុងខេត្តកំពង់ឆ្នាំងដែលសមាជិកធ្លាប់បានបម្រើការងារ និងកំពុងបម្រើការងារជាមន្ត្រីរាជការទាំងប្តី ទាំងប្រពន្ធ និងកូន បានអះអាងថា ធនាគារអេស៊ីលីដា រារាំងមិនឱ្យសុរិយោដីចេញបណ្ណកម្មសិទ្ធីដីធ្លីដោយមិនមានហេតុផលត្រឹមត្រូវ។​​

លោកស្រី  ទៀង រ៉ាដា អាយុ៦២ឆ្នាំជាអតីតមន្ត្រីនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានចូលនិវត្តន៍កាលពីឆ្នាំ២០១៩។  លោកស្រីថ្លែងថា រូបគាត់រងភាពអយុត្តិធម៌ដោយសារធនាគារអេស៊ីលីដា រារាំងមិនឱ្យមន្ត្រីសុរិយោដីចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យលោកស្រី។​

លោកស្រីលើកឡើងថា កាលពីឆ្នាំ២០១៣ អតីតកូនប្រសាររបស់គាត់បានឱ្យគាត់ធ្វើលិខិតនៅសង្កាត់ផ្ទេរដីដែលមានបញ្ហានេះទៅឱ្យកូនស្រីបង្កើតរបស់គាត់ដើម្បីយកទៅខ្ចីលុយពីធនាគារអេស៊ីលីដា។ លោកស្រីបញ្ជាក់ថា ដំបូងឡើយគាត់មិនព្រមទេព្រោះលិខិតកាន់កាប់ដីធ្លីរបស់គាត់បានដាក់បញ្ចាំដើម្បីខ្ចីលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយ  ប៉ុន្តែគាត់ថា ដោយសារមានមន្ត្រីអេស៊ីលីបញ្ជាក់ថា មិនមានបញ្ហាអ្វីទើបគាត់ព្រម។​

 លោកស្រី ទៀង រ៉ាដា ឱ្យដឹងទៀតថា នៅឆ្នាំ២០១៤កូនរបស់គាត់លែងលះគ្នា ហើយតុលាការបានសម្រេចឱ្យអតីតកូនប្រសារគាត់ទទួលខុសត្រូវសងបំណុលធនាគារអេស៊ីលីដា ចំណែកកូនលោកស្រីទទួលខុសត្រូវសងទៅខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ។​ លោកស្រីបន្តថា រហូតដល់ពេល៣ខែមុននេះ មន្ត្រីសុរិយោដីចុះធ្វើបណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែខាងធនាគារអេស៊ីលីដា បែរជាប្តឹងជំទាស់មិនឱ្យអ្នកស្រីធ្វើទៅវិញ។​

លោកស្រី ទៀង រ៉ាដា ថ្លែងថា៖ «ក្បាលដីខ្ញុំ២០៩ដីខ្ញុំ៦០០ម៉ែត្រការ៉េហ្នឹងវាឱ្យត្រៀម១៧ម៉ឺន(រៀល) ដើម្បីដកប្លង់។ ដល់បានដឹងថា ក្បាល២០៩ហ្នឹងចេញហើយវា(អេស៊ីលីដា)ទៅប្តឹងសាលាក្រុងកោះហៅខ្ញុំ។ ដល់កោះហៅទៅខ្ញុំជម្រាបលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងហ្នឹងថា ខ្ញុំធ្វើលិខិតផ្ទេរហ្នឹងមិនមែនសុខៗខ្ញុំផ្ទេរទេ ដោយសារអេស៊ីលីដាហ្នឹងបង្ខិតបង្ខំទេ ព្រោះខ្ញុំដឹងថា» ។ ដោយបន្ថែមថា៖ «ខ្ញុំជាប់នៅហត្ថាកសិករតាំងពីឆ្នាំ២០០៧ តាំងពីមិនទាន់បានបុគ្គលហ្នឹងមកធ្វើកូនប្រសារខ្ញុំមកម្ល៉េះ​»។​

ធនាគារអេស៊ីលីដា សាខាខេត្តកំពង់ឆ្នាំ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបភាពថត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកស្រី ទៀង រ៉ាដា ឱ្យដឹងថា រូបគាត់បានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធនៅក្នុងក្រុងកំពង់ឆ្នាំងស្ទើរតែទាំងអស់ហើយនៅមិនមានដំណោះស្រាយ រួមទាំងអេស៊ីលីដា ធនាគារជាតិប្រចាំខេត្តកំពង់ឆ្នាំង មន្ទីរសុរិយោដី និងសាលាក្រុងកំពង់ឆ្នាំងជាដើម។ ហើយលោកស្រីក៏គ្រោងដាក់លិខិតស្នើសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ។ លោកស្រីអំពាវនាវឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យគាត់បានទទួលបណ្ណកម្មសិទ្ធិដីធ្លី។

 លោកស្រី ទៀង រ៉ាដា បានបន្តថា៖ «សូមឱ្យសម្តេចជួយអន្តរាគមន៍ឱ្យខ្ញុំបានប្លង់ខ្ញុំមកវិញមក ដើម្បីឱ្យបានប្លង់រឹងហ្នឹង ធ្វើជាប្រព័ន្ធហ្នឹងវាអត់អស់លុយ»

លោកស្រី ទៀង រ៉ាដា អាយុ៦២ឆ្នាំ ចាប់ផ្តើមបម្រើការងារនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ១៩៧៩ ហើយចូលនិវត្តន៍នៅឆ្នាំ២០១៩។ លោកស្រីឱ្យដឹងទៀតថា ប្តីរបស់លោកស្រីជាទាហានស្លាប់នៅក្នុងសមរភូមិពេលច្បាំងជាមួយខ្មែរក្រហមនៅឆ្នាំ១៩៩០។ ចំណែកកូនស្រី ឈ្មោះ រ៉េត សុផារ៉ី បច្ចុប្បន្នកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។​

លោកស្រី រ៉េត សុផារ៉ី ថ្លែងថា ស្ថានភាពគ្រួសារគាត់ជួបការលំបាក មិនអាចធ្វើបណ្ណកម្មសិទ្ធិដីធ្លីបាន ធ្វើឱ្យម្តាយរបស់លោកស្រីស្មុគស្មាញគិតច្រើន ខណៈគាត់មានជំងឺប្រចាំកាយស្រាប់។​

លោកស្រី រ៉េត សុផារ៉ីថ្លែងថា៖ «ម៉ែខ្ញុំហ្នឹងក៏ឈឺដែរ ទឹកនោមផ្អែម លើសឈាម ឈឺសន្លាក់ ដើរទ្រីបទ្រោបៗ ដើរមិនចង់រួចទេ។ រាល់ខែហ្នឹងត្រូវទៅពិនិត្យសុខភាពរាល់ខែ ដល់ចឹងគាត់ពិបាកចិត្ត ថ្ងៃមុនឡើងឈាមដល់២២ ឯណោះ បាត់មាត់បាត់ក»។​

លោក ណុប ច័ន្ធវិបុល ប្រធានរដ្ឋបាលធនាគារជាតិប្រចាំខេត្តកំពង់ឆ្នាំងថ្លែងថា ករណីអ្នកស្រី ទៀង រ៉ាដា លោកធ្លាប់បានជួយសម្របសម្រួលហើយ។ លោកថា ជំហ៊ានបន្តភាគីពាក់ព័ន្ធអាចប្តឹងទៅតុលាការ ព្រោះលោកថា រឿងនេះក៏ធ្លាប់ឡើងដល់ថ្នាក់តុលាការម្តងហើយ។

លោក ណុប ច័ន្ទវិបុលថ្លែងថា៖ «ខ្ញុំបានសម្របសម្រួលបន្តិចដែរ ប៉ុន្តែវាអត់ជោគជ័យ ហើយក៏ឆ្លងថ្នាក់ដឹកនាំនៅ Head Officeទៅ គាត់ថា រឿងដែលឆ្លងកាត់តុលាការហើយ យើងអ្នកគាំពារអតិថិជននេះមិនអាចធ្វើបានទេ ដោយសារវាហួសអំណាចរបស់យើង។​ ចឹងខ្ញុំក៏បានជម្រាបទៅគាត់ ហើយឱ្យគាត់ទៅតុលាការបន្តទៀត»។​

លោក ក្រូច មារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង ដែលធ្លាប់ចូលរួមប្រជុំដោះស្រាយបញ្ហាអ្នកស្រី ទៀង រ៉ាដា បានថ្លែងថា ខាងសាលាក្រុងមានសិទ្ធិតែត្រឹមសម្របសម្រួលទេ ហើយបើភាគីនៅតែមិនត្រូវគ្នាគឺផុតពីដៃសាលាក្រុងហើយ។​

លោក ក្រូច ម៉ារ៉ា ថ្លែងថា៖ «បើសិនជាការសម្របសម្រួលហ្នឹងភាគីទាំង២អត់ត្រូវគ្នា  ខាងក្រុងក៏អត់ដឹងថាម៉េចដែរ។ បើតាមនីតិវិធីកាលណាប្តឹងជំទាស់គឺមិនអាចចេញ(បណ្ណកម្មសិទ្ធិ)ឱ្យបានទេ »។

លោក លី សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ក៏លើកឡើងប្រហាក់ប្រហែលលោក អភិបាលរងក្រុងដែរគឺថា លោកមិនមានសិទ្ធិសម្រេចលើបញ្ហានេះទេ។ ប៉ុន្តែលោកថា ឱ្យតែភាគីធនាគារ និងលោកស្រី ទៀង រ៉ាដា ដោះស្រាយត្រូវគ្នាហើយ ខាងលោករង់ចាំតែចេញបណ្ណកម្មសិទ្ធិឱ្យ។​

លោក លី សុធា ថ្លែងថា៖ «រឿងហ្នឹងពាក់ព័ន្ធការខ្ចីលុយខ្ចីកាក់នៅធនាគារ ប៉ុន្តែដោយសារគាត់អត់ទាន់បានសងទៅធនាគារចឹងហើយ បានជាធនាគារមិនទាន់ឱ្យគាត់ចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ។  ហើយនៅពេលដែលគាត់ទូទាត់សំណងចប់សព្វគ្រប់ទៅអាហ្នឹងយើងចុះបញ្ជីតាមក្រោយបានតើស»។

អគារមន្ទីរដែនដី ស្ថិតក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបភាពថត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកស្រី ទៀង រ៉ាដា ឱ្យដឹងថា ករណីឈានដល់តុលាការកន្លងមកគឺជាការប្តឹងលែងគ្នារបស់កូនគាត់ ចំណែការទាមទារបណ្ណកម្មសិទ្ធិនេះមិនបានប្តឹងទៅតុលាការទេ។ លោកស្រីបារម្ភថា កាលណាមន្ត្រីចុះធ្វើបណ្ណកម្មសិទ្ធិជាប្រព័ន្ធកន្លងផុតទៅ ហើយពេលក្រោយទើបគាត់ស្នើសុំធ្វើបណ្ណកម្មសិទ្ធិក្រោយគេអាចចំណាយលុយច្រើន ហើយថែមទាំងបាត់បង់ផលប្រយោជន៍ផ្សេងៗទៀត។​

ប្រធានឥណទាន អេស៊ីលីដា សាខាកំពង់ឆ្នាំងលោក ឈួន ខេមរ៉ា ស្នើឱ្យអ្នកសារព័ត៌មានខេមបូចាទៅជួបដល់សាខាខេត្តកំពង់ឆ្នាំង ដោយលោកថា មិនអាចពន្យល់ករណីនេះតាមទូរសព្ទបានទេ ដោយសារតែរឿងវែងឆ្ងាយ។

លោក ឈួន ខេមរ៉ា ថ្លែងថា៖ «ដោយសារមានការបកស្រាយពន្យល់ រៀងវែង ចឹងបងអាចមកOffice(ការិយាល័យ) ហើយជួបខាងជំនាញកិច្ចការច្បាប់ណាបង ព្រោះយើងនិយាយតាមទូរសព្ទពិបាកណាស់»។​

ប្រធានប្រតិបត្តិធនាគារអេស៊ីលីដាទូទាំងប្រទេស លោក អ៊ិន ចាន់នី ថ្លែងថា លោកមិនបានដឹងរឿងនេះទេ ដោយតម្រូវឱ្យទាក់ទងទៅអេស៊ីលីដាខេត្តកំពង់ឆ្នាំងវិញ។ ទោះយ៉ាងណាលោក ពន្យល់ថា តាមនីតិវិធី អេស៊ីលីដា មិនមានគោលការណ៍បង្ខាំង ឬ រារាំងមិនឱ្យពលរដ្ឋធ្វើបណ្ណកម្មសិទ្ធិដីធ្លីនោះទេ។

លោក អ៊ិន ចាន់នី ថ្លែងថា៖ «យើងគ្មានសិទ្ធិទៅបង្កកទៅឃាត់អញ្ចឹងទេ។ អតិថិជនគួរតែទៅជួបសាខាទៅ ដើម្បីយកឯកសារធ្វើប្លង់ធ្វើអីទៅ។ យើងមិនអាចឃាត់ទេព្រោះនេះជាតម្រូវការរបស់ជាតិរបស់អាជ្ញាធរអញ្ចឹង»។​

លោក ​អំ សំអាត ​នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​លីកាដូ បានថ្លែងថា តាមនីតិវិធីខាងធនាគារមិនមានសិទ្ធិក្នុងការរារាំងមិនឱ្យពលរដ្ឋធ្វើបណ្ណកម្មសិទ្ធិដីធ្លីនោះទេ។​

លោក អំ សំអាត បានមានប្រសាសន៍ថា៖ «អេស៊ីលីដាដូចមិនមានសិទ្ធិអីត្រូវឃាត់ទេ អ្នកដែលអាចឃាត់មានតែតុលាការ»។

លោក អំ សំអាត បន្តថា បើលិខិតផ្ទេរកម្មសិទ្ធិដែលយកទៅប្រើនៅអេស៊ីលីដានេះ ធ្វើឡើងត្រឹមថ្នាក់សង្កាត់ ហើយមានការទទួលស្គាល់ពីស្ថាប័នអេស៊ីលីដានោះមិនត្រឹមត្រូវតាមច្បាប់នេះទេ ព្រោះលិខិតនោះត្រូវធ្វើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។​

អ្នកស្រី ទៀង រ៉ាដា ឱ្យដឹងថា ដីរបស់គាត់ទំហំ៦០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ លោកស្រីថា បណ្ណកាន់កាប់ដីនេះលោកស្រី យកទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករតាំងពីឆ្នាំ២០០៧ ដើម្បីយកលុយធ្វើផ្ទះ និងប្រើសម្រាប់តម្រូវការផ្សេងៗ ដែលលោកស្រីថា រហូតដល់ពេលនេះលោកស្រីបានស្នើខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករចំនួន៧លើកហើយ។​

អ្នកស្រី ទៀង រ៉ាដា ឱ្យដឹងទៀតថា ករណីប្រើប្រាស់លិខិតផ្ទេរខ្ចីលុយពីអេស៊ីលីដានោះគឺបានខ្ចីចំនួន​៥ដងជាបន្តបន្ទាប់សរុបជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ។ លោកស្រីថា ការខ្ចីនៅអេស៊ីលីដានេះ មិនមានស្នាមមេដៃរបស់លោកស្រីទេគឺមានតែស្នាមមេដៃរបស់អតីតកូនប្រសារ និងកូនស្រីបង្កើតរបស់លោកស្រីតែប៉ុណ្ណោះ៕

1,336 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម