សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អារម្មណ៍រំភើបលាយឡំការភ័យខ្លាចដក់ក្នុងចិត្តពលរដ្ឋរស់នៅក្បែររង្វង់មូលស្រអែម ទោះបានត្រឡប់ទៅផ្ទះវិញ

អ្នកស្រី នៅ ធីតា កំពុងដាក់ចំណីឱ្យសត្វមាន់ ក្នុងភូមិស្រអែមខាងត្បូង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)
អ្នកស្រី នៅ ធីតា កំពុងដាក់ចំណីឱ្យសត្វមាន់ ក្នុងភូមិស្រអែមខាងត្បូង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

រង្វង់មូលស្រអែម ខេត្តព្រះវិហារ៖ ចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីព្រំដែនថៃ ដែលជាកន្លែងផ្ទុះអាវុធយ៉ាងសន្ធោសន្ធៅនៅសមរភូមិភ្នំទ្រព្យ និងប្រាសាទព្រះវិហារ អ្នកភូមិកំពុងវិលត្រឡប់មកផ្ទះវិញបណ្តើរៗហើយ ដើម្បីបន្តការងារ និងពិនិត្យមើលកសិដ្ឋានរបស់ពួកគេ បន្ទាប់ពីស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់។

ប៉ុន្តែ​ទោះបីជា​ពួកគេ​សម្តែង​ក្តី​រីករាយ និង​ធូរស្រាល​ចំពោះ​ស្ថានការណ៍​ក៏ដោយ ក៏​ការភ័យខ្លាច​នៃ​ការបាញ់​ជាថ្មី​នៅតែមាន​។

អាជីវករលក់ផ្លែឈើម្នាក់ គឺអ្នកស្រី វង់ សុខហេង ដែលលក់នៅរង្វង់មូលនេះ ក្នុងស្រុកជាំក្សាន្ត បាននិយាយថា គ្រួសាររបស់អ្នកស្រីបន្តរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា។ អ្នកស្រីបន្តថា៖ «អីវ៉ាន់នៅលើឡាននៅឡើយទេ អត់បានទម្លាក់ចុះទេ ម៉េចម៉ាមួយខ្លួនទៅទៀត បើសិនជាមានបញ្ហាអី។ ខ្ញុំរាល់ថ្ងៃកូនពីរនេះ ប្ដីប្រពន្ធពីរនាក់ទៀត នៅដោយប្រថុយជីវិតហ្មង»។

ក្នុង​ចំណោម​​ជនភៀសខ្លួន​ជាង​១២,០០០​គ្រួសារ មាន​ប្រមាណ ​៤ ០០០​ គ្រួសារ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​គិត​ត្រឹម​ថ្ងៃ​ចន្ទសប្ដាហ៍នេះ​។

យោងតាមរបាយការណ៍របស់អភិបាលស្រុកជាំក្សាន្ត លោក ចិន ខន្តី បានបង្ហាញថា ផ្ទះចំនួន៧៧ខ្នង វត្តចំនួន២កន្លែង សាលាបឋមសិក្សាចំនួន២ មណ្ឌលសុខភាពចំនួន១ និងរូបសំណាកតាអ៊ុំចំនួន ១ខ្នង ត្រូវបានខូចខាតដោយសារការបាញ់ផ្លោងរបស់យោធាថៃ ដែលធ្វើឱ្យស្រុករបស់លោករងការប៉ះពាល់ខ្លាំងបំផុតក្នុងពេលមានជម្លោះ។

អ្នកស្រី សុខហេង បាននិយាយថា នេះជាលើកទី៣ហើយ ដែលអ្នកស្រីបានត្រឡប់មកផ្ទះវិញ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីចុងខែឧសភា ដោយសង្ឃឹមថា ការវិលត្រឡប់មកវិញលើកនេះ នឹងមានសន្តិភាពយូរអង្វែង។

អ្នកស្រីលើកឡើងថា៖ «បើយើងទៅភៀសសឹក អត់បានលក់ដូរអី អត់មានចំណូលចូល ចឹងយើងត្រូវចំណាយ ហើយយើងក៏អត់មានថវិកាអីត្រូវតែត្រៀមចំណាយអីដែរ។ ចឹងបានថាត្រលប់មកនេះវិញ លក់ដូរមួយថ្ងៃ ដោះស្រាយមួយថ្ងៃ»។

អ្នកស្រី វង់ សុខហេង កំពុងអង្គុយលក់ផ្លែឈើនៅរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/វ៉ា សុភានុត)

បើទោះជាបទឈប់បាញ់បានធ្វើឡើងតាំងពីថ្ងៃទី២៨ ខែកក្កដាក៏ដោយ ក៏ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ បានសង្កេតឃើញថារង្វង់មូលស្រអែម ដែលធ្លាប់មានមនុស្សម្នាកកកុញជារៀងរាល់ល្ងាច នៅតែស្ងប់ស្ងាត់ដដែល។

អ្នកស្រីបន្ថែមថា៖ «អត់ដូចមុនទេបងអើយស្ងាត់ណាស់ ព្រោះអត់ទាន់មានប្រជាពលរដ្ឋមកវិញចឹង ហើយអត់សូវមានមនុស្សឡើងផ្សារ ដល់ពេលទៅលក់ដូរអត់ដូចមុនទេ បានមួយៗចឹង ខុសគ្នាពីមុនឆ្ងាយ សឹងតែថា៧០ភាគរយ»។

កំពុងអង្គុយចិតបន្លែសម្រាប់ដាក់ឱ្យសត្វមាន់ និងទា អ្នកស្រី តាំង ជូឃីម អាយុ៥១ឆ្នាំ បាននិយាយថា មាន់ទារបស់គាត់ប្រមាណ ១០០ ក្បាលបានងាប់ក្នុងអំឡុងពេលជម្លោះ ដែលជាឧបទ្ទវហេតុមួយដែលកំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរ។ អ្នកស្រី សង្ស័យ​ថា សត្វចិញ្ចឹមរបស់គាត់​អាចនឹង​ត្រូវ​បានរងផល​ប៉ះពាល់​ដោយ​សារធាតុ​គីមី​ដែល​បញ្ចេញ​ដោយ​យោធា​ថៃ។

អ្នកស្រី ជូឃីម រស់នៅភូមិស្រអែម ឃុំកន្ទួត បាននិយាយថា អ្នកស្រីបានសម្រេចចិត្តចាកចេញពីភូមិទៅជំរំសុវត្ថិភាពនៅថ្ងៃទី២៦ ខែកក្កដា ដែលជាថ្ងៃទីបីនៃការប្រយុទ្ធគ្នា ដោយសារការទម្លាក់គ្រាប់បែកពីសំណាក់យោធាថៃកាន់តែមានសភាពធ្ងន់ធ្ងរ។

អ្នកស្រីនិយាយថា៖  «[គ្រាប់]ធ្លាក់ឮឡើងខ្ទរស័ង្កសីអស់ហើយបានអ៊ំទៅ កុំអីក៏អ៊ំមិនទៅដែរ ខ្លាចគ្រាប់វារោយពីលើយន្តហោះហ្នឹងបានអ៊ំរត់ទៅ កុំអីអ៊ំអត់ចាកចោលផ្ទះទេ»។ អ្នកស្រីបន្ថែមថា ​ជីវិត​នៅ​ក្នុង​ជំរំ​ដែល​ពួកគេត្រូវ​ដេក​ក្នុង​តង់​នៅ​លើ​ដី​គឺ «មិន​ដូច​ជា​ដេក​នៅ​ផ្ទះ​នោះ​ទេ»។

អ្នកស្រី សង្ឃឹមថា បទឈប់បាញ់នឹងរក្សាបាន «ជារៀងរហូត» ដោយសារគាត់ត្រូវបង្ខំឱ្យបោះបង់ចោលផ្ទះរបស់ខ្លួន ដោយរារាំងអ្នកស្រីពីការច្រូតស្រូវ និងរកប្រាក់ចិញ្ចឹមជីវិត។ អ្នកស្រីបន្តថា សំឡេងនៃការបាញ់ផ្លោងរបស់យោធាថៃបានលងបន្លាចគាត់គ្រប់ពេលវេលា។

អ្នកស្រីបន្តថា៖ «រាល់ថ្ងៃគេងនៅខ្នើយអារម្មណ៍ថា ក្ដូងៗ អារម្មណ៍អត់ស្ងប់នៅឡើយ បាក់ហើយបាក់ស្មារតី»។

ក្នុងអំឡុងពេលជម្លៀសនៅថ្ងៃទី២៩ ខែកក្កដា មន្ត្រីធនាគារម្នាក់បានទូរសព្ទមក និងទាមទារឱ្យអ្នកស្រីទូទាត់ប្រាក់កម្ចីចំនួន ៥ ០០០ ដុល្លារ។ ដោយអ្នកស្រីត្រូវបង់ ២០០ដុល្លារ (ប្រាក់ដើម និងការប្រាក់) ក្នុងមួយខែ ប៉ុន្តែអ្នកស្រីបាននិយាយថា គាត់មិនមានប្រាក់សម្រាប់បង់ទេ ដោយសារតែគាត់មិនទាន់អាចរកប្រាក់បាន។

អ្នកស្រីបន្តថា៖ «គេឈប់បាញ់ឈប់អីទៅសប្បាយចិត្តបានច្រូតស្រូវ នៅស្រុកភូមិនេះ បើទៅទៀតអស់សង្ឃឹមហើយ សង្ឃឹមអីទេ សង្ឃឹមស្រូវស្រែអង្ករហ្នឹងហើយ។ ស្រុកស្រែចម្ការនេះ យើងរត់ទៅ ដាច់លុយអីទៅ បានណាផ្ដល់ឱ្យចាយ​ បើយើងនៅផ្ទះសម្បែងចេះតែរកតាមចិញ្ចើមថ្នល់ហ្នឹងទៅ បានលុយដោះស្រាយរាល់ថ្ងៃនឹងទៅ»។

អ្នកស្រី តាំង ជូឃីម កំពុងអង្គុយហាន់បន្លែសម្រាប់ដាក់ឱ្យសត្វមាន់ និងទា នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី នៅ ធីតា ជាអ្នកលក់ចេកអាំងប្រហែល១០០ម៉ែត្រពីរង្វង់មូលស្រអែម បាននិយាយថា ចេកពីរស្ទោងបានរងការខូចខាត ខណៈមាន់ប្រមាណ៣០ក្បាលបានងាប់ បន្ទាប់ពីអ្នកស្រីជម្លៀសខ្លួនទៅជំរំសុវត្ថិភាព។ អ្នកស្រី ឱ្យដឹងដែរថា គាត់បានខ្ចីប្រាក់ចំនួន ៧០០ ០០០ រៀល (ប្រហែល ១៧៥ ដុល្លារ) ពីកូនរបស់អ្នកស្រី ដើម្បីបង់ឱ្យធនាគារក្នុងខែសីហា ដោយសារតែគាត់មិនអាចរកប្រាក់ចំណូលបាន។

អ្នកស្រី​បាន​ប្រាប់ សារព័ត៌មានខេមបូចា ថា​៖«ចង់សំណូមពរឱ្យស្រុកសន្តិភាពទៅ ខ្វះខាតខ្វះខាតអត់មានលុយទិញអី សល់លុយតែ៥ម៉ឺនទៅទិញចេកមិញ រាល់ថ្ងៃរកស៊ីយករបស់គេមកលក់ដល់បានដើមឱ្យគេចឹង ​យើងអត់មានដើម»។

កាលពីថ្ងៃទី៣០ ខែកក្កដា គ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានធនាគារជាតិនៃកម្ពុជា ណែនាំឱ្យលើកលែងការប្រាក់ និងពន្យាការបង់ប្រាក់ដើមសម្រាប់ទាហានជួរមុខរយៈពេលប្រាំមួយខែ និងលុបចោលបំណុលរហូតដល់ ៨០ លានរៀល (ប្រមាណ ២០ ០០០ ដុល្លារ) ដែលជាកម្មសិទ្ធិរបស់យោធិនដែលបានស្លាប់ ឬពិការ។

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បាននិយាយផងដែរថា ពួកគេនឹងលះបង់ការបង់ការប្រាក់ និងដាក់ការពន្យាពេលរយៈពេលបីខែនៃការទូទាត់ប្រាក់ដើមសម្រាប់ពលរដ្ឋកម្ពុជាដែលបានភៀសខ្លួនទៅកាន់ទីតាំងដែលមានសុវត្ថិភាព។

នាយកទទួលបន្ទុកចាត់ការទូទៅ​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ការ​អនុវត្ត​នេះ បន្ទាប់​ពី​ស្នើ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្តល់​ការ​អនុគ្រោះ​ដល់​ពលរដ្ឋ​​ដែល​រង​ផល​ប៉ះពាល់។

លោកបានថ្លែងថា៖ «ក្រៅពីមានសប្បុរសជនជួយគាំទ្រដល់ប្រជាពលរដ្ឋដែលភៀសសឹក គឺអាជ្ញាធរ និងរាជរដ្ឋាភិបាលគួរពិនិត្យស្ថានភាពជាក់ស្តែងរបស់ពួកគាត់ និងគូរបន្ថែមការឧបត្ថមគាំទ្របន្ថែមសម្រាប់ពួកគាត់ទៅតាមលទ្ធភាពដែលអាចធ្វើបាន»។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋប្រមាណ ៤ ០០០គ្រួសារ បានចាកចេញពីទីជំរំចំនួន ១៥ ទីតាំង នៅក្នុងខេត្តព្រះវិហារ ខណៈជាង ៨ ៨០០ គ្រួសារបន្តស្នាក់នៅជំរំនៅឡើយ។ លោកបន្ត​ថា មើលតាមស្ថានភាព​បច្ចុប្បន្ន ​គឺមិន​ទាន់អាច​កំណត់​ពេល​វេលា​សម្រាប់​ពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ។

លោកបានថ្លែងថា៖ «យើងមិនអាចកំណត់បានទេ ហើយយើងរងចាំរហូតស្ថានភាពប្រក្រតី ហើយនឹងស្ថានភាពល្អប្រសើរដែលអនុញ្ញាតឱ្យពួកគាត់ត្រលប់ទៅវិញដោយសុខសប្បាយ»។

អ្នកដែលត្រឡប់ទៅផ្ទះនៅឆ្ងាយពីព្រំដែនប្រមាណ ១០ ទៅ ២០គីឡូម៉ែត្រ និងចង់ចូលទៅមើលដីស្រែ និងគោក្របី ត្រូវទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានស្បៀងអាហារពីកាកបាទក្រហម ដែលមានរដ្ឋបាលខេត្តជាអ្នកបញ្ជូនឱ្យ។

ទិដ្ឋភាពអ្នក​ភូមិរស់នៅតាម​ព្រំដែន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​ក្នុង​ខេត្ត​ឧត្តរមានជ័យ កំឡុងពេលទាហាន​កម្ពុជា និង​ថៃ​បន្ត​ប៉ះ​ទង្គិច​គ្នា​នៅថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ខេមបូចា មិនអាចទាក់ទងអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ លោក ម៉េត មាសភក្តី បានទេ។ តែយ៉ាងណា ថ្មីៗនេះ លោកបានប្រាប់អ្នកសារព័ត៌មានថា ផ្ទះជាង២០០ខ្នងក្នុងខេត្តឧត្តរមានជ័យ បានរងផលប៉ះពាល់ដោយការវាយប្រហារធ្ងន់ធ្ងរក្នុងអំឡុងពេលប៉ះទង្គិចគ្នា។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ប្រជាជនជាង១៧ម៉ឺននាក់បានភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពក្នុងអំឡុងពេលប៉ះទង្គិចគ្នាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​។ ទោះបីជាយ៉ាងណាក៏ដោយ តួលេខសរុបនៃជនភៀសខ្លួនដែលបានត្រឡប់ទៅផ្ទះវិញនៅមិនទាន់មានឡើយទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A Mix of Joy and Fear Felt by Villagers Living Near Sra Em Roundabout in Preah Vihear

ព័ត៌មានថ្មី

អត្ថបទពេញនិយម