សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរបង្កើនការប្រុងប្រយ័ត្ន ខណៈវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងចូលសហគមន៍

ស្រ្តីម្នាក់ជិះម៉ូតូឆ្លងកាត់ផ្ទះគ្រួសារមួយដែលតេស្តវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ស្រ្តីម្នាក់ជិះម៉ូតូឆ្លងកាត់ផ្ទះគ្រួសារមួយដែលតេស្តវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ស្រប​ពេល​ដែល​មន្ត្រី​សុខាភិបាល​បន្ត​រក​ករណី​ឆ្លង​ក្នុង​សហគមន៍​ថ្មី​របស់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ដែល​គេជឿថា​ជា​ប្រភេទ​វីរុស​ឆ្លង​លឿន​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ឆាប់​។​

សម្រាប់​តែ​ថ្ងៃចន្ទ​មួយ លោក​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​សារ​សំឡេង បាន​បញ្ជាក់​ថា ​អាជ្ញាធរ​សុខាភិបាល​បាន​រក​ឃើញ​ករណី​ថ្មី​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​៣៤ករណី ដែល​ក្នុង​នោះករណី​ឆ្លង​ក្នុង​សហគមន៍​មាន​១០​ករណី ធ្វើ​ឲ្យ​ករណី​ឆ្លង​ក្នុង​សហគមន៍​សរុបឡើង​ដល់​១៤​ករណី​។​ មុន​សារ​សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្រ​សួង​សុខា​ភិបាល​បាន​រាយការណ៍​ដែរ​ថា ករណី​ឆ្លងវីរុស​បំប្លែង​ថ្មី​អូមីក្រុង​នៅកម្ពុជា​មាន​ចំនួនជិត​ ២០០​ករណី គិត​ទាំង​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍។​ ជាការ​ឆ្លើយ​តប​នឹង​បញ្ហានេះ លោក​នាយក​រដ្ឋមន្ត្រី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា​លោក​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំណួន ​៥​លាន​ដូស​បន្ថែម​ទៀត​។​

លោក​មាន​ប្រសាសន៍​ថា៖ «​អាជ្ញាធរ​ត្រូវ​តែ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូសជំរុញ ដើម្បី​តាមឲ្យ​ទាន់អូមីក្រុង​ឆ្លងចូល​ក្នុង​សហគមន៍ ពីព្រោះ​យើង​គ្មាន​ជម្រើស​ណាល្អ​ជាង​នេះ​នោះ​ទេ»។​

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​ត្រូវ​ការ​វ៉ាក់សាំងជាង​ ៨លាន​ដូស​ទៀត ដើម្បី​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​។ លោក​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃជាង​ ១០​លាន​ដូស​។​

លោកនាយក​រដ្ឋ​មន្ត្រី ក៏​បាន​ព្រមាន​កាលពី​ថ្ងៃពុធ សប្ដាហ៍​មុន​ដែរ​ថា ប្រសិន​បើ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​អូមីក្រុងឆ្លង​ចូល​សហគមន៍ នោះ​វិធានការបិទ​ខ្ទប់​ក៏​អាច​កើត​មាន​ឡើង​វិញ​ដែរ​។ លោក​ក៏​បានបញ្ជាក់​ដែរ​ថា រាល់​អ្នក​ឆ្លង​វីរុស​បំប្លែងថ្មី​អូមីក្រុង​ទាំង​អស់​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ព្យាបាល​នៅ​ផ្ទះ​នោះទេ ប៉ុន្តែ​នឹង​តម្រូវ​ឲ្យ​មក​ធ្វើ​ចត្តាឡីស័ក និងព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​

ក្រ​សួង​សុខាភិបាល ក៏​បាន​ប្រ​កាស​ពី​ការ​ចាក់​ដូស​ជំរុញ ដូស​ទី​៤ ជូន​ដល់​ក្រុម​ជួរមុខ​ផង​ដែរ ដែល​ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នក​សារព័ត៌មាន​ដែរ ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ​ Pfizer ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្រ្តាលី មាន​ជាង​២លាន​ដូស​។ ដូច​គ្នា​ដែរ កម្ពុជា​កន្លង​មក​ក៏​បាន​ប្រើ​វ៉ា់ក់សាំង​ផលិត​នៅ​ប្រទេស​ចិន​ប្រភេទ Sinovac និង​ Sinipharm សម្រាប់​ចាក់​ដូស​ជំរុញ​ផង​ដែរ។​

ក្រ​សួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លងអូមីក្រុង​ចូល​ក្នុង​សហគមន៍​ដំបូងកាលបី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២ បន្ទាប់​ពី​បុរសវ័យ​ ២៣ឆ្នាំ វិជ្ជមាន​វីរុស​នេះ។ បើ​តាម​ក្រ​សួង ករណី​ដំបូង​នេះ​កើត​លើ​បុរស​រស់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ យ៉ាងណា បុរស​នេះ​រស់នៅ​ប្រហែល​ ៧,៥​គីឡូម៉ែត្រ ពី​ខណ្ឌមាន​ជ័យ​។​

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បដិសេធអត្ថាធិប្បាយ​លើ​ករណី​នេះ។

ស្រ្តី​ម្នាក់​កំពុងទទួល​ការ​ចាក់​វ៉ាកសាំងបង្ការ​កូវីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ។ រូបថតកាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង​ សំរាំង

លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់​រងសង្កាត់​ស្ទឹង​មានជ័យ​២ បញ្ជាក់​ថា​បុរស​ឆ្លង​អូមីក្រុង​នោះ​រស់​នៅ​សង្កាត់​របស់​លោក​។

លោក ស៊ីវ៉ាន់ថា ​ថា កាលពី​ថ្ងៃចន្ទ សង្កាត់បាន​រក​ឃើញ​អ្នក​វិជ្ជមាន​​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ចំនួន​ពីរ​ករណី ពេល​ធ្វើ​តេស្ត​លើ​ប្រជា​ព​ល​រដ្ឋ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។ យ៉ាងណា លោក​ថា អាជ្ញាធរ​មូល​ដ្ឋាន​មិន​បាន​ដាក់​វិធានការ​រឹតបន្តឹង​ណា​មួយលើ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​សហគមន៍​នោះ​ទេ​។​

លោក​បន្ថែម​ថា៖ «​អ្នក​ប៉ះពាល់​ផ្ទាល់​ផ្សេង​ទៀត​បាន​ធ្វើ​តេស្ត​រួច​ហើយ និង​ពេល​នេះ​យើង​កំពុង​រង់ចាំ​លទ្ធផល»។ លោកបន្តថា៖ «យើង​បាន​រក​ឃើញ​សិស្ស​ម្នាក់​បាន​ឆ្លង​អូមីក្រុង ក្នុង​សហគមន៍​ផង​ដែរ​»។​

បើ​តាមលោក ស៊ីវ៉ាន់ថា វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ បាន​រក​ឃើញ​ពី​ករណី​មួយ​នៅ​ភូមិ្រព្រែក​ទ័ល និង​មួយ​ករណី​ទៀត​នៅ​ភូមិ​៥​។

ប្រជា​ពល​រដ្ឋ​ខ្លះ​បាន​ប្រាប់ខេមបូចាថា ពួកគាត់​មិន​បាន​ដឹង​ថា​មាន​ការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ក្នុង​សហគមន៍​ខ្លួន​នោះ​ទេ​។​

ជា មុំ វ័យ ៥៨​ឆ្នាំ បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​មិន​បាន​ឃើញ​ពី​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ផង​ថានៅ​ក្នុង​សហគមន៍​មាន​ឆ្លង​អូមីក្រុង យ៉ាងណា អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​ការពារ​ខ្លួន​យើង​ពី​វីរុស​នេះ ព្រោះ​យើង​ក៏​បារម្ភ​ពី​សុវត្ថិភាព​ក្មេង​តូចៗ​ដែរ»

អ្នក​ភូមិ​ម្នាក់​ទៀត លោក ទ្រឹង ភក្ដី មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​កាន់​ផ្ទះ​អ្នក​ជិត​ខាង​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​លោក​មិន​បាន​ឮព័ត៌មាន​អ្វី​ទាក់ទង​នឹង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ​ទេ​។​

បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​រូប​នេះ បាន​បន្ត​ថា លោក​បារម្ភ ដោយ​ឮថា​វីរុស​ប្រភេទ​ថ្មីអូមីក្រុង​​នេះ​មាន​កម្រិត​ឆ្លង​លឿន។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​វីរុស​នេះ​ផ្ទុះ​រាលដាល​ក្នុង​សហគមន៍​ខ្លាំង​នាំឲ្យ​មាន​ការ​បិទខ្ទប់​ជាថ្មី នោះវានឹង​ប៉ះពាល់​ដល់​ចំណូល​របស់ពួក​យើង»។​ លោកបន្តថា៖ «​យើង​ទើប​តែ​បើក​ប្រទេស​វិញ​បាន​ពីរ​ខែ»។​

កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​ឆ្លង​កូវីដ-១៩ សរុប​មាន​ ១២០ ៦៣៦ករណី គិត​តាំងពី​មានការ​ឆ្លង​រាល​ដាលនៅដើម​ឆ្នាំ​២០២០។ ភាគច្រើន​នៃករណី​ឆ្លងទាំងនេះ កើត​មាន​ឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ពេល​ដែល​ការ​ឆ្លង​ចូល​សហគមន៍​បាន​ផ្ទុះ​ឡើង​នៅ​កម្ពុជា។ ក្រ​សួង​ឲ្យ​ដឹង​ដែរថា អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ ១១៣ ០២៣​ករណី និង​អ្នក​ស្លាប់ដោយសារកូវីដ-១៩ មាន​ចំនួន ​៣ ០១៥​នាក់​។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Authorities on alert as Omicron variant spreads into community

135 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម