សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សហព័ន្ធ​ប្រដាល់​សម្រេច​​ផ្លាស់ប្តូរ​របត់​គ្រប់គ្រងថ្មី ដើម្បីលុប​បំបាត់​​ភាពមិន​ប្រក្រតី និងបក្ខពួក​និយមក្នុងវិស័យ​គុនខ្មែរ

លោក ខូវ ឆាយ ពេលចូលរួមបោះឆ្នោត ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ កាលពីថ្ងៃទី២២ ខែមករា ដោយអង្គមហាសន្និបាត បានគាំទ្រលោកឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)
លោក ខូវ ឆាយ ពេលចូលរួមបោះឆ្នោត ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ កាលពីថ្ងៃទី២២ ខែមករា ដោយអង្គមហាសន្និបាត បានគាំទ្រលោកឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

សហព័ន្ធកីឡាប្រដាល់គុន​ខ្មែរ ដែល​ត្រូវបានបង្កើតឡើងជាផ្លូវការតាំងពី​​ឆ្នាំ១៩៩៦​នោះ បាន​​សម្រេច​ធ្វើការ​ផ្លាស់ប្តូរនូវ​របត់គ្រប់គ្រង​ថ្មី គឺការ​អនុម័តមិនជ្រើស​តាំង​បេក្ខភាព​នៅ​ក្នុងជួរ​គណៈកម្មាធិការ​ប្រតិបត្តិ ឱ្យ​ធ្វើ​ជាអគ្គលេខាធិការ ដូចរចនា​សម្ព័ន្ធគ្រប់គ្រង​ចំនួន​៧អាណត្តិដែលមានរយៈពេល​២៨​ឆ្នាំ​​កន្លង​មកនោះទេ។

ការ​ផ្លាស់ប្តូរនេះ ត្រូវបាន​ធ្វើ​ឡើងក្នុង​មហាសន្និបាត​បញ្ចប់អាណត្តិ​ទី​៧ (២០២១-២០២៥) និងបន្ត​អាណត្តិ​ទី​៨ ឆ្នាំ​២០២៥-២០២៩ របស់​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ កាលពី​ថ្ងៃទី​២២ ខែមករា ដោយអង្គមហាសន្និបាត បាន​បោះ​ឆ្នោតគាំ​ទ្រឱ្យ​លោក ខូវ ឆាយ បន្ត​ធ្វើជាប្រធាន​សហព័ន្ធ ប៉ុន្តែ​លោក ហេង សុឃន ដែល​ធ្លាប់​ជា​អគ្គលេខាធិការ ត្រូវបាន​ទម្លាក់​តួនាទី​ឱ្យ​ធ្វើ​ជា​សមាជិកធម្មតា​​វិញ នៅ​ក្នុង​ចំណោមគណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​១៩នាក់។

ក្រុមគ្រូ​បង្វឹក និង​កីឡាករ​ បានគាំ​ទ្រ​លើចំណាត់ការ​​នេះ ដោយពួកគេ​បានប្រាប់​ដោយសុំមិន​បញ្ចេញ​ឈ្មោះ​ថា ​ក្នុងអាណត្តិ​ទី​៧​កន្លងមកនេះ លោក ហេង សុឃន បាន​ធ្វើ​លើសតួនាទីជាអគ្គលេខាធិការ បង្កើត​ឱ្យមាន​បក្ខពួក​និយម និងភាពមិន​ប្រក្រតី​ច្រើន នៅ​ក្នុងការ​ចាប់​គូ និង​ការ​កាត់សេចក្តី​ពេល​ប្រកួត ជាហេតុនាំឱ្យមហាជន​រិះគន់​​តែ​ទៅ​​លើសហព័ន្ធ​ និងម្ចាស់​សង្វៀន ហើយ​លោក សុឃន ក៏មាន​ផែន​ការ​​ប្រជែង​យកតំណែងជា​ប្រធានសហព័ន្ធ​ពី​លោក ខូវ ឆាយ ផងដែរ តែមិន​បានសម្រេច។

តែទោះបីជា​យ៉ាងណា លោក ខូវ ឆាយ បាន​បង្វែ​រស្ថាន​ការ​នៃភាពចម្រូង​សម្រាស​ផ្ទៃ​ក្នុង​នេះ ដោយការ​ជ្រើស​រើស​អ្នកក្រៅ ​ពី​ជួរគណៈកម្មាធិការ​ប្រតិបត្តិរបស់សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ មក​ធ្វើ​ជាអគ្គលេខាធិការ​​ជំនួស​វិញ ហើយ​នេះ​ក៏​​​ជារបត់គ្រប់គ្រង​ថ្មី ដើម្បី​លុបបំបាត់​ភាពមិន​​ប្រក្រតី និងការប្រកាន់បក្ខពួក​និយម ចំពោះ​ការ​បំពេញការងារ នៅ​ក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ផងដែរ។

លោក ខូវ ឆាយ បាន​ថ្លែងក្រោយ​បញ្ចប់​មហាសន្និបាត​នោះ​ថា៖ «នៅ​ក្នុងអាណត្តិ​ទី​៨​នេះ យើងមិនជ្រើស​តាំង​អ្នក​នៅ​ក្នុង​ជួរគណៈកម្មាធិការ​ប្រតិបត្តិ ឱ្យ​ធ្វើ​ជាអគ្គលេខាធិការ​ទេ។ ​យើងបានសម្រេច​ថា ជ្រើស​រើស​យកអ្នក​ពី​​វិស័យ​ឯក​ជន​ខាង​ក្រៅ ព្រោះ​យើងគិត​ឃើញ​ថា អគ្គលេខាធិការ​ ត្រូវតែ​ជាបុគ្គល​ដែល​មិនពាក់ព័ន្ធ​ជាមួយ​ក្លិប-សមាគម​ និងមានពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ»

ចំពោះ​បុគ្គលដែល​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ គ្រោងនឹង​យកមក​​កាន់តួនាទី​ជា​អគ្គលេខាធិការនេះ លោក ខូវ ឆាយ បានបង្ហើប​ថា លោកបានសំឡឹងមើល​ឃើញ​ហើយ ជាអ្នក​មាន​សមត្ថ​ភាព ប៉ុន្តែ​នៅមានការ​ប្រជុំ​ផ្ទៃ​ក្នុង និងការ​សម្រេចពីគណៈកម្មាធិការ​ប្រតិបត្តិបន្ថែម​ទៀត ទើបប្រកាសជា​ផ្លូវការ។

លោក​បញ្ជាក់​​ថា៖​ «​អគ្គលេខាធិការ ជាអ្នក​ដែល​ត្រូវ​ប្រតិបត្តិ​ការងារ​​ប្រចាំ​​ថ្ងៃ​​នៅ​លេខាធិការ​ដ្ឋាន​ ដើម្បី​ទទួល​ឯក​សារ រៀបចំចាត់​តាំង​នីតិវិធី កិច្ច​ការ​រដ្ឋបាល​ផ្សេងៗ ​ឱ្យទាន់ពេលវេលា​ ហើយមានប្រសិទ្ធ​ភាព អ៊ីចឹង​យើងត្រូវការ​អ្នកដែល​មានពេល​វេលា​ និងមានសមត្ថ​ភាពគ្រប់​គ្រាន់​ទាំង​ភាសា និងការ​ប្រើប្រាស់កុំព្យូទ័រ មក​ធ្វើជា​អគ្គលេខាធិការ ព្រោះនេះជាសម័យបច្ចេកវិទ្យា ដែល​ត្រូវការ​អ្នកចេះ»

ជាមួយគ្នា​នេះ លោក ខូវ ឆាយ ដែល​ត្រូវ​បានជ្រើស​តាំង​ឱ្យ​ធ្វើ​ជា​ប្រធាន​​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ក្នុងអាណត្តិ​ចាស់ទី​៧ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៤ ជំនួស​​ប្រធានចាស់លោក តែម ម៉ឺន​ នោះ បាន​អះអាង​ថា រយៈពេល​ជាង​១ឆ្នាំនេះ លោកបានកែ​សម្រួល​ផ្ទៃ​ក្នុង កែសម្រួល​តួនាទី​ភារកិច្ច​ និងផ្តល់​​ប្រាក់​ឧបត្ថម្ភ​មួយចំនួនដល់​​មន្រ្តី​ ធ្វើ​ឱ្យ​​មានការ​គាំ​ទ្រ​ដល់​​កិច្ចការ​គ្រ​ប់​​គ្រង​​ផ្ទៃ​ក្នុង ​ប៉ុន្តែ​វា​នៅតែ​មាន​ភាព​មិន​ប្រក្រតីមួយចំនួន​បាន​កើតមាន​ឡើង ដែល​ទាមទារ​ឱ្យមានការ​ចូលរួមពី​គ្រប់ភាគីពាក់ព័ន្ធ។

លោក​ថ្លែងថា៖ ​«​ខ្ញុំ​យល់​ថា វិស័យ​កីឡាប្រដាល់គុនខ្មែរ​ ​កំពុង​តែ​មានការ​រីកចម្រើន​ខ្លាំងមែន​ទែន ដោយមានការ​គាំ​ទ្រ​យ៉ាងខ្លាំង​ក្លា​ពីប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​​វណ្ណៈ និងគ្រប់ទិស​ទី ហេតុនេះការដឹកនាំ​មាន​ភាពស្មុគ​ស្មាញ​បន្តិច ព្រោះជា​ធម្មតា​ទេ អ្វីដែល​មានការ​គាំ​ទ្រ ក៏មានការ​រិះគន់​ច្រើន​ក្នុងការអនុវត្តដែរ ដូច្នេះ​​យើង​ត្រូវតែមាន​ភាពហ្មត់​ចត់ និងសុក្រឹត​​ភាព​​ក្នុង​ការ​ដឹកនាំ ដោយ​​​ត្រូវ​អនុវត្ត​អ្វី​ឱ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌»

លោក​ប​ន្តថា៖ «​តាម​បទពិសោធន៍​ខ្ញុំ គឺ​យើងត្រូវតែ​​មានការរួប​រួម​សាមគ្គីគ្នា ជាពិសេស​ផ្ទៃ​ក្នុងនេះឯង ព្រោះ​វិសាល​ភាព​​គុនខ្មែរ​ធំធេង​ណាស់ ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ ហេតុនេះ​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ និងភាគី​ពាក់ព័ន្ធតាំងពី​កីឡាករ កីឡាការិនី គ្រូ​បង្វឹក ស្ថានីយទូរទស្សន៍​ជា​ដៃគូអភិវឌ្ឍន៍ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធ​ អាជ្ញាកណ្តាល​ចៅក្រម​ទាំងអស់ គឺ​ត្រូវរួបរួម​គ្នាជា​ធ្លុង​មួយ ដើម្បី​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​វិស័យ​នេះ​រីកចម្រើនបាន​លឿន តាមទាន់​ប្រទេសជិតខាង»

យ៉ាង​ណា​ក៏​ដោយ លោក ខូវ ឆាយ បាន​បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​ ក្នុងការ​​ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​ឱ្យបាន​ល្អ លែងមាន​ភាពអសកម្ម ក៏ដូចជា​ភាព​មិន​ប្រក្រតី​ទៅលើ​ការ​ប្រកួត ការចាប់គូ ការកាត់សេចក្តី និង​បញ្ហាមួយ​ចំនួន​ទៀត​នោះ វា​ត្រូវការ​ពេល​វេលា​ច្រើន ក្នុង​ការអនុវត្ត។

លោក​លើកឡើងថា៖ «​អ្វីដែល​យើងបាន​ត្រៀម​ដើម្បី​ដឹក​នាំសហព័ន្ធ ក្នុងអាណត្តិទី​៨នេះ គឺ​យើងនឹង​រៀបចំ​កែ​សម្រួល​ឱ្យមាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​​មិនអាច​ថា យើង​ត្រូវការ​ពេល​១ឆ្នាំ ឬ១អាណត្តិ ធ្វើឱ្យ​ល្អ​ឥតខ្ចោះ​នោះ​ទេ គឺ​យើង​ត្រូវការការអភិវឌ្ឍ​ខ្លួន​បន្តិចៗ​ម្តង និងត្រូវការពេល​វេលា​​ដោះស្រាយបញ្ហា​ទាំងអស់ ក៏ដូចជា​រៀបចំ​ការគ្រប់​គ្រង​​មន្រ្តី​របស់យើង ធ្វើ​ម៉េច​ឱ្យ​ដំណើរ​ទៅ​បាន​រលូន និង​ទទួល​បានការសាទរ​ពី​ប្រជាពល​រដ្ឋ»

លោក ខូវ ឆាយ បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ​ក្រោយពី​រៀបចំឱ្យ​មានកំណែ​ទម្រង់​​ការ​គ្រប់​គ្រង​របស់​គណៈ​អគ្គលេខាធិការ​ យើងនឹង​ទទួលបាន​លទ្ធផលផ្លែ​ផ្កាប្រសើរជាង​មុន ព្រោះ​កាលណា​អគ្គលេខាធិការ មានសមត្ថ​ភាព និង​មានពេល​វេលា​គ្រប់​គ្រាន់ ហើយ​អនុវត្តការងារ​ដោយ​តម្លា​ភាព គឺ​ច្បាស់ណាស់ នឹងទទួល​បាន​នូវ​លទ្ធផល​ប្រសើរជាងមុន»

ជាមួយគ្នា គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី បាន​ផ្តល់​ទំនុកចិត្តខ្ពស់ចំពោះ​លោក ខូវ ឆាយ ក្នុងការ​ដឹកនាំវិស័យ​ប្រដាល់​គុនខ្មែរ​ឆ្ពោះ​ទៅមុខ ព្រោះ​ក្រោមការ​ដឹកនាំ​របស់​លោក​រយៈពេល​២១​ខែ​ ក្នុងអាណត្តិទី​៧​កន្លងមកនេះ បាន​ធ្វើ​ឱ្យ​គុនខ្មែរ មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង តាម​រយៈការ​​បញ្ជូន​​ប្រតិភូកីឡាប្រដាល់គុនខ្មែរ ទៅ​ប្រកួត និង​រៀបចំ​ការ​ប្រកួត នៅតាមបណ្តា​ប្រទេស​ផ្សេងៗ បាន​ជាច្រើន​​លើក។

ចំណែកការ​ប្រកួត​ក្នុង​ស្រុក​វិញ គឺ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍មួយចំនួន បង្កើត​ឱ្យមាន​ការ​ប្រកួត​កាន់តែ​ច្រើន និងមានការ​ផ្តល់​ប្រាក់រង្វាន់កាន់តែធំ ហើយក៏មានការ​ប្រកួត​ដណ្តើមយក​​ឡាន និង​ផ្ទះ​វីឡា​ផងដែរ ដោយបាន​​កែ​ប្រែ​ជីវភាព​កីឡាករ​មួយចំនួន​ធំឱ្យមាន​ភាព​ប្រសើរ​ឡើង បើទោះបីជា​ស្ថាន​ភាព​សេដ្ឋកិច្ចជា​សកល នៅមិនទាន់​មាន​ភាព​ប្រសើរ​វិញ​ក៏​ដោយ។

លោក ជួន សំណាង ជា​អាជ្ញាកណ្តាល ចៅក្រម​ដ៏មាន​បទពិសោធន៍ និងជា​គ្រូ​បង្វឹក​ក្លិប​ប្រដាល់​ជួនសំណាង​គុនខ្មែរ​នៃ​សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ ​បានឯក​ភាពទៅលើ​ចំណាត់ការ​របស់​លោក ខូវ ឆាយ ក្នុង​ការ​យក​បុគ្គល​ក្រៅ​ពី​ជួរគណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ មក​ធ្វើ​ជា​អគ្គលេខាធិការ ព្រោះនឹង​ធ្វើ​ឱ្យមាន​តម្លាភាព ក្នុងការបំពេញការងារ ក៏​ដូចជា​ចាត់ចែក​ការងារ នៅ​ក្នុងសហព័ន្ធ។

លោក​បញ្ជាក់​ថា៖​ «ការ​ចាត់​ចែងការងារ​មួយចំនួនរបស់​អគ្គលេខាធិការ ​​​ក្នុងអាណត្តិ​ចាស់ ធ្វើ​ឱ្យមាន​ការ​រាំងស្ទះ និង​មានការ​ប្រកាន់បក្ខពួកនិយម​ ​ ប៉ុន្តែ​នៅពេល​យើង​យក​មន្រ្តី​ពី​ក្រៅ មិនពាក់ព័ន្ធ​ជាមួយ​ប្រដាល់ មក​ធ្វើ​ជា​អគ្គលេខាធិការ គឺ​គាត់ នឹង​មិន​មានអ្វី​ត្រូវ​ប្រកាន់បក្ខពួក ឬ​ធ្វើ​អ្វីតាមតែអំពើចិត្ត បង្កើត​ឱ្យមានភាពមិនប្រក្រតី​​ក្នុងការ​ចាប់គូ កាត់សេចក្តី និងការងារ​មួយចំនួន​ទៀត​ទេ។ គាត់នឹង​គោរព​ទៅតាមគោលការណ៍តែមួយ​របស់សហព័ន្ធ ដើម្បី​បង្កើត​ឱ្យ​មានតម្លាភាព​ប្រសើរជាងមុន»

លោក ជួន សំណាង បាន​រំឭក​ថា ​ការ​ចាប់គូ ឬផ្គូផ្គង​កីឡាករ​ឱ្យ​ឡើង​ប្រកួត​កន្លងមក គឺ​​ក្លិប​តូចៗ ក៏ដូចជា​កីឡាករ កីឡាការិនីមិនសូវល្បី និង​យុវជន​ថ្នាល ពិបាក​នឹងចាប់គូបាន​ឡើង​ប្រកួត​ណាស់ ហើយ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ក៏​​យក​តែ​កីឡាករ​កម្រិត A និងអ្នក​​មានសមត្ថ​ភាព​ល្អ ឱ្យ​ប្រកួត ចំណែក​កីឡាករ​ថ្នាល មិនផ្តល់ឱកាស​ឱ្យ ដូចពាក្យចាស់ថា ​កាប់តែ​ឫស្សី តែ​មិននាំគ្នា​​បណ្តុះ​ទំពាំង​ អ៊ីចឹង​តើ​មានអ្នកបន្តវេន​ពីណា​ទៀត?

តែទោះបីជា​យ៉ាងណា លោក ជួន សំណាង ជឿថា ភាពអសកម្ម​ទាំងអស់នេះ នឹង​ត្រូវបានកែ​ទម្រង់​ក្នុង​អាណត្តិ​ថ្មី។ ​«នៅ​ក្នុងអាណត្តិនេះ ការ​បែង​ចែក​ការងារ ក៏​ដូចជា​ការចាប់គូ​កីឡាករ កីឡាការិនី​នៅតាមបណ្តា​ក្លិប​ផ្សេងៗ និង​ការ​ផ្តល់​ឱកាស​ឱ្យ​មន្រ្តី​ផ្សេងៗ​បំពេញ​ការងារ​​ជាសមូហភាព​របស់​សហព័ន្ធ នឹង​មានភាពរលូន គឺ​ខ្ញុំ​សង្ឃឹម​ថា ក្រោមការ​ដឹកនាំ​របស់​ឯកឧត្តម ខូវ ឆាយ នឹង​មាន​ការ​កែ​ទម្រង់បានច្រើន»

កីឡាករ ម៉ឺន មេឃា និងចាន់ ប៊ុនហឿន ក្នុងពេលប្រកួតដណ្តើមខ្សែក្រវាត់ នៅលើសង្វៀនប្រដាល់ PNN កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ខណៈការប្រកួតនេះ បានកើតមានការតវ៉ាដោយកំហឹង នាំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការពិន័យដល់ក្រុមគ្រួសារលោក អេ ភូថង។ (រូបថតផ្តល់ឱ្យ)

ទាក់ទង​ទៅនឹង​បញ្ហាចាប់គូនេះ​ដែរ ​​លោក ម៉ៃ សុភា ជា​គ្រូ​បង្វឹក និងជា​ប្រធាន​​​ក្លិបសុភានូគុនខ្មែរ ដែល​បានបើកដំណើរ​តាំងពី​ឆ្នាំ​២០០៨​មក​នោះ បាន​អះអាង​ថា ក្លិប​របស់លោកពិតជា​ជួបការ​លំបាក​ខ្លាំង ក្នុងការ​រកទី​ផ្សារ​ប្រកួត ហេតុ​នេះ​លោក​ត្រូវយក​ប្រាក់​ខែ​ជា​មន្រ្តី​រាជការ និង​ថវិកាបានពីការ​លក់ដូរ​របស់ប្រពន្ធ​មក​ផ្គត់ផ្គង់​ដល់​ក្លិប ដើម្បី​ឱ្យក្លិប​អាច​បន្តដំណើរ​ការ​ទៅមុខ​ទៀត​បាន។

លោកបានបញ្ជាក់ថា៖ ​«ដោយសារតែពិបាក​ពេក ខ្ញុំ​ចង់បិទក្លិប​២ទៅ​៣​ដង​ហើយ ព្រោះប្រាក់ខែ​របស់​ខ្ញុំ ប្រពន្ធ​មិនដែល​ឃើញ​ផង គឺ​ខ្ញុំចំណាយ​ទៅ​លើ​ក្លិប​អស់ៗ ប៉ុន្តែ​ដោយសារ​បេះដូង​ស្រឡាញ់គុនខ្មែរ និងចង់រួមចំណែក​ជួយ​ដល់​សង្គមជាតិបាន​ខ្លះ ទើបខ្ញុំ​ខំប្រឹង​តស៊ូដំណើរ​ការ​ក្លិប​​ទាំង​លំបាក​រហូត​ដល់ពេលនេះ»

លោក ម៉ៃ សុភា បានឱ្យ​ដឹង​ទៀត​ថា គិតមកដល់​ពេលនេះ​ក្លិប​របស់លោក​នៅតែ​មានការ​ពិបាក​ក្នុងការចាប់គូ ដោយ​លោក​បញ្ជាក់​ថា លោក​មាន​កីឡាករ​​ កីឡាការិនី​រហូត​ដល់​ជាង​៧០​នាក់ ប៉ុន្តែការចាប់គូ​ក្នុង​១ខែៗបាន​ចន្លោះពី​១ទៅ​៣នាក់​អីទេ គឺ​មិន​គ្រប់​គ្រាន់​ទៅនឹងការចំណាយ​ឡើយ។ ផ្ទុយទៅ​វិញ ក្លិបធំៗ ដែលមានខ្នងបង្អែក គឺ​​ក្នុង​១សប្តាហ៍ៗ មាន​សិស្ស​បានឡើង​ប្រកួត​​៥ទៅ​៧នាក់ ហើយការ​ប្រកួត​ធំៗ ដែលមាន​ប្រាក់​រង្វាន់​ច្រើន ក៏​មានមុខ​តែ​កីឡាករ​របស់​ក្លិប​ធំៗ ខណៈ​ក្លិប​តូចតាច គេ​មើល​មិនសូវ​ឃើញ​ទេ។

តែទោះបីជា​យ៉ាង​ណា គ្រូ​បង្វឹក​ដែលជាមន្រ្តី​នគរ​បាល​ លោក ម៉ៃ សុភា បានបង្ហាញ​ក្តី​សង្ឃឹម នៅពេល​​​លោក ខូវ ឆាយ សម្រេច​មិន​យក​​មន្រ្តី​នៅ​ក្នុង​ជួរ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ឱ្យ​ធ្វើជា​អគ្គលេខាធិការ ដោយ​លោកជឿ​​ថា អគ្គលេខាធិការ​ថ្មី ជា​អ្នកមានសមត្ថ​ភាព ហើយមកបំពេញការងារ ដោយគិត​ប្រយោជន៍​រួមជា​ធំ ដើម្បី​ជួយគុនខ្មែរ ឱ្យ​រីកចម្រើន​ទៅមុខ។

លោកបញ្ជាក់ថា៖ «ខ្ញុំគាំ​ទ្រ​ចំពោះការ​ប្រកាស​របស់​ឯកឧត្តមប្រធាន ខូវ ឆាយ ហើយ​បើ​សិនជាអគ្គលេខាធិការ​ថ្មី មកបម្រើ​ការ​ងារ ដោយ​បេះដូង​​ស្រឡាញ់គុនខ្មែរពិតប្រាកដ រឹត​តែ​ល្អ​ថែម​ទៀត ហើយ​​មួយ​ទៀត សហព័ន្ធត្រូវជ្រើស​រើស​គណៈកម្មការចាប់គូឯក​រាជ​មួយ ដែល​មិនពាក់ព័ន្ធ​ទៅនឹង​ក្លិប ឬសមាគម​កីឡា​ប្រដាល់​ណា​មួយ ព្រោះ​បើ​​មាន​គ្រូ​បង្វឹក នៅ​ក្នុងគណៈកម្មការ​ចាប់គូ គឺ​គាត់ដាក់​​តែ​កីឡាករ​របស់​គាត់​ឱ្យ​ប្រកួតទេ អ៊ីចឹងវាមិនអាច​មាន​យុត្តិធម៌​​ឡើយ»

ជាមួយគ្នានេះ ​កីឡាករ សំណាង សុខទី ដែលបានចាប់អាជីព​ប្រដាល់គុនខ្មែរ តាំង​​ពី​ឆ្នាំ​២០១៦​មក​នោះ បាន​អះអាង​ថា ការ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​​បានឡើង​ប្រកួត​ដោយស្មើ​ភាព​គ្នា ពិតជា​សំខាន់បំផុត ព្រោះ​គ្រប់​អ្នក​ចូល​ហាត់ប្រដាល់ សុទ្ធតែ​មាន​បំណង​ចង់សាងបានកេរ្តិ៍​ឈ្មោះ​ល្បី និងបាន​ឡើង​ប្រកួត​ក្នុង​កម្ម​វិធី​ធំៗ ប៉ុន្តែ​វាជា​រឿង​ដ៏​ឈឺចាប់ និង​អស់​សង្ឃឹម ​ដែលការ​ព្យាយាម​​ហ្វឹកហាត់រហូតមាន​សមត្ថ​ភាព​ប្រកួត​បានល្អ​ហើយ តែបែរជា​គេ​មិន​ផ្តល់ឱកាស​ឱ្យ​ឡើង​ប្រកួត​។

សំណាង សុខទី បានរំឭកពីភាព​ឈឺចាប់របស់ខ្លួន​បែបនេះ​​ថា៖​ «ការខំប្រឹង​ហ្វឹកហាត់ឱ្យមានសមត្ថភាព​ល្អ វាជា​រឿង​មួយ​ហើយ ប៉ុន្តែ​បើមានសមត្ថភាព​ហើយ តែ​បែរជា​មិន​បាន​​ឡើង​ប្រកួត ក៏​ទៅមុខ​មិន​រួច​ដូចគ្នា។ ជាក់ស្តែងកន្លងមក ​ខ្ញុំ​ធ្លាប់ប្រកួត​ល្អ ដោយ​​ប្រកួត​ឈ្នះកីឡាករ​ល្អៗច្រើន ប៉ុន្តែ​ដោយសារ​ខ្ញុំ មិនមានក្លិប​ច្បាស់លាស់ គេមិនសូវចាប់​គូឱ្យ​ខ្ញុំ​ឡើង​ប្រកួតទេ ហើយដោយសារជីវភាពជួបការ​ខ្វះ​ខាត និង​ការបាក់ទឹក​ចិត្ត​ទៀត ខ្ញុំបាន​សម្រេចឈប់ពីប្រដាល់​ម្តង​ហើយ»

តែទោះបីជា​យ៉ាងណា ដោយសារ​ការ​ស្រឡាញ់ សំណាង សុខទី បានសម្រេច​វិលត្រឡប់មក​កាន់​សង្វៀនជាថ្មី ដោយបានចូលរួមជាមួយ​ក្លិប​ប្រដាល់​ជួនសំណាង​គុនខ្មែរ ក្នុងអំឡុង​ឆ្នាំ​២០២៣ និង​​​ទទួលបាន​ឱកាស​ប្រកួត​ញឹកញាប់ ហើយ សុខទី រំពឹង​ថា ​ការ​កែ​ទម្រង់​បន្ថែម​ទៀត​របស់​ប្រធានសហព័ន្ធ​ថ្មី លោក ខូវ ឆាយ នឹង​ធ្វើ​ឱ្យកីឡាករ កីឡាការិនី​ទាំង​អស់ កាន់​តែ​មានឱកាស​បាន​ឡើង​ប្រកួតស្មើ​ៗ​គ្នា។

សុខទី បានបញ្ជាក់ថា៖ «កីឡាករ​ដែល​ធ្លាប់ប្រកួតចាញ់ខ្ញុំ គេ​ទទួលបានឱកាស​ប្រកួត​នៅ​ក្នុងកម្មវិធី​ធំៗ ទទួល​បានប្រាក់រង្វាន់​ច្រើន ចំណែក​ខ្ញុំ​ក៏​ចង់​មានឱកាស​បានឡើង​ប្រកួត​បែបនេះ​ដែរ ព្រោះជា​កីឡាករ​ម្នាក់ តែង​តែចង់​​បានពាន និង​ខ្សែ​ក្រវាត់ ដើម្បី​ទុក​ជាស្នាដៃឱ្យកូនៗបាន​ឃើញ ហេតុនេះ​ខ្ញុំសប្បាយ​ចិត្ត និងគាំ​ទ្រ​ឯកឧត្តម ខូវ ឆាយ ចំពោះ​ការ​​ធ្វើ​ឱ្យមាន​តម្លាភាពនៅក្នុង​វិស័យ​កីឡា​ប្រដាល់គុនខ្មែរ»

ជុំវិញ​បញ្ហា​ចាប់គូ​នេះ លោក ខូវ ឆាយ បាន​អះអាង​ថា ​បាន​ផ្តល់​អាទិភាព​ឱ្យម្ចាស់​កម្មវិធី និងសាមី​ក្លិប ជាអ្នកចរចាគ្នា ដោយមានសហព័ន្ធ ជាអ្នកជួយសម្របសម្រួល តែ​សហព័ន្ធ នឹង​​កែ​សម្រួល​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណាឱ្យការចាប់គូ មានតម្លា​ភាព​​ប្រសើរជាងមុន ហើយ​សហព័ន្ធ ក៏​បានគិត​គូរ​ខ្លាំង ដល់​កីឡាករ កីឡាការិនី និង​យុវជន​ថ្នាល​របស់​ក្លិបនៅតាមខេត្ត ដើម្បី​មាន​លទ្ធភាព​បាន​ឡើង​ប្រកួតដែរ។

លោក​បញ្ជាក់ថា៖​ «ចំណុច​នេះ​យើងជំរុញ​មែនទែន ដោយសហព័ន្ធ បាន​បើក​ឱ្យ​ដំណើរ​ការ​សង្វៀន​ឯកភ្នំ ខេត្តបាត់ដំបង ឡើង​វិញ​បាន​ចូល​​៤​ខែ​ហើយ ហើយ​គ្រោង​នឹង​ដំណើរការ​សង្វៀនប្រដាល់ នៅ​ខេត្ត​សៀម​រាបទៀត។ យើង​ក៏​នឹងមាន​ផែនការ​​បង្កើត​ឱ្យមានសង្វៀន នៅតាម​ខេត្ត​ផ្សេងៗ​ជាបន្ត​បន្ទាប់ ដើម្បី​ផ្តល់​ឱកាស​ឱ្យកីឡាករ កីឡាការិនី និង​ថ្នាល​​នៅតាមខេត្តនីមួយៗ​បាន​ចូលរួម​ប្រកួត»

ជាមួយគ្នានេះ លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា​​ ចំពោះ​កម្មវិធី​ប្រកួត​លើ​សង្វៀនប្រដាល់​នៅ​រាជធានី​ភ្នំពេញ​ ក៏នឹង​ផ្តល់ឱកាស​ឱ្យកីឡាករ​កីឡាការិនីបានឡើង​ប្រកួតកាន់តែ​ច្រើន​នាពេលអនាគត​​ ព្រោះ​លោក​​មើល​​ឃើញ​ថា កីឡាករ​ថ្នាល​នៅតាមខេត្ត មានសម្ទុះ​កើន​ឡើងច្រើន។ ប៉ុន្តែ​អត្តពលិក​​ខ្លួនឯង​ ក៏​ត្រូវតែ​ខិតខំ​ហ្វឹកហាត់​ឱ្យមានគុណ​ភាព ព្រោះ​បើ​ប្រកួត​មិនជក់​ចិត្ត​ទេ គឺ​ស្ថានីយទូរទស្សន៍​ជាដៃគូអភិវឌ្ឍន៍ ​ក៏គេ​​មិន​ផ្តល់​ឱកាស​ឱ្យ​យើងច្រើន​នោះ​ដែរ។

ប្រធានសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ​រូបនេះ បាន​បន្ថែម​ថា៖ «​ខ្ញុំ​ជឿ​ថា កីឡាករ​នៅ​តាម​ខេត្ត​នាពេល​បច្ចុប្បន្ន មានឱកាស​ច្រើនណាស់ ដូចជា​កីឡាករ​​មកពី​ខេត្តបាត់​ដំបង និងខេត្ត​​បន្ទាយ​មានជ័យ​អី បានចូលរួម​ប្រកួត​តាមសង្វៀន​របស់​ស្ថានីយទូរទស្សន៍ នៅ​រាជធានី​ច្រើន​ជាងមុន ហើយ​នឹងមានការ​ផ្តល់ឱកាសជាបន្ត​បន្ទាប់​ទៀត នៅពេល​អនាគត»

605 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម