សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាព្រួយបារម្ភចំពោះព័ត៌មានស្តីពីការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមពីសំណាក់ភាគីថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល( Anutin Charnvirakul) បានចាប់ដៃគ្នា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ (STPM)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល( Anutin Charnvirakul) បានចាប់ដៃគ្នា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ (STPM)

រាជរដ្ឋាភិបាលកម្ពុជាបង្ហាញក្តីបារម្ភ ក្រោយបានទទួលបានដំណឹងពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដែលថា រដ្ឋាភិបាលថៃបានផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីសន្តិភាពដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីមានការផ្ទុះមីនដែលបណ្តាល​ឱ្យទាហានថៃពីរនាក់រងរបួសកាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានបដិសេធការចោទប្រកាន់របស់ថៃដែលថា«មីនថ្មី»ត្រូវបានដាក់នៅតាមព្រំដែនជាមួយប្រទេសថៃ ដោយកត់សម្គាល់ថា ចម្ការមីនភាគច្រើនបន្សល់ទុកមកពីជំនាន់សង្គ្រាមស៊ីវិលជិតបីទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា នាទសវត្សរ៍១៩៧០ និង១៩៨០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃចន្ទម្សិលមិញ។

កម្ពុជាបានបញ្ជាក់ជំហរក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «កម្ពុជានៅតែប្តេជ្ញាអនុវត្តន៍សេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ»។​

ការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ភ្នំទ្រព្យ ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ ត្រូវបានគេរាយការណ៍ថាជាមូលហេតុនៃការ«ផ្អាក» ការអនុវត្តសេចក្តីថ្លែងការណ៍រួមពីភាគីថៃ និងការលុបចោលការគ្រោងដោះលែងទាហានកម្ពុជាចំនួន១៨នាក់ នាពីថ្ងៃទី១២ ខែវិច្ឆិកា។

សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ​ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅខេត្តស៊ីសាកេតរបស់ប្រទេសថៃ។

តាមការសែត Khaosod ដែលផ្សាយជាភាសាអង់គ្លេស កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃឡើងវិញនូវវិធីសាស្រ្តរបស់ប្រទេសថៃក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនថៃ-កម្ពុជា និងពិភាក្សាអំពីលទ្ធភាពនៃការផ្អាកការបន្តប័ណ្ណការងារសម្រាប់ពលករចំណាកស្រុកកម្ពុជា​។​

ទាំងប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមគ្នាកាលពីថ្ងៃទី២៦ ខែតុលា ដែលមានការចូលរួមធ្វើជាសាក្សីពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបច្ចុប្បន្នជាប្រធានអាស៊ានផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួស ខណៈដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ លោកស្រី ម៉ាលី សុជាតា បាននិយាយថា កម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃដែលថាមានការដាក់មីនថ្មី ដោយបដិសេធការផ្សាយរបស់សារព័ត៌មានថៃដែលដកស្រង់សម្តីមេដឹកនាំ និងមន្ត្រីយោធាថៃ។

បន្ទាប់ពីឧប្បត្តិហេតុនេះ យោធភូមិភាគទី៤ របស់កម្ពុជា បានប្រាប់លោកស្រីថា កងកម្លាំងយោធានៅជួរមុខទាំងសងខាងបានទាក់ទងគ្នាទៅវិញទៅមក ហើយគិតមកដល់ពេលនេះ ស្ថានភាពនៅតែស្ងប់ស្ងាត់ មិនមានភាពតានតឹងណាមួយត្រូវបានរាយការណ៍នោះទេ។

ស្ថានទូតអាមេរិកនៅភ្នំពេញមិនបានឆ្លើយតបភ្លាមៗចំពោះការវិវត្តចុងក្រោយនេះទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Concerned Over Reports of Suspension of Peace Declaration

51 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម