កងកម្លាំងប្រដាប់អាវុធថៃបានបន្តរំលោភបំពាន និងកាន់កាប់ដីអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់តាមបណ្តោយតំបន់ព្រំដែនដែលមានជម្លោះ ទោះបីជាបានយល់ព្រមលើបទឈប់បាញ់កាលពីខែធ្នូឆ្នាំមុនក៏ដោយ ដែលជាចលនាមួយដែលអ្នកវិភាគពិពណ៌នាថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ។
បន្ទាប់ពីការបញ្ចប់នៃការប៉ះទង្គិចគ្នាដ៏សាហាវជាច្រើនសប្តាហ៍តាមបណ្តោយព្រំដែនរួមដែលមានប្រវែង ៨០០គីឡូម៉ែត្រ (៥០០ ម៉ាយ) កាលពីឆ្នាំមុន ដែលនាំឱ្យមានការស្លាប់ជាង ១០០ នាក់ និងមនុស្សជិតមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅទាំងសងខាង កងកម្លាំងថៃនៅតែបន្តឈូសឆាយដី និងសាងសង់ផ្លូវ និងរចនាសម្ព័ន្ធបេតុងនៅលើដីកម្ពុជា។
ក្រសួងការបរទេសបានដាក់ពាក្យបណ្តឹងជាផ្លូវការចំនួនពីរក្នុងរយៈពេលមួយសប្តាហ៍ប្រឆាំងនឹងសកម្មភាពបន្តរបស់យោធាថៃ រួមទាំងការសាងសង់លេណដ្ឋាន រូបសំណាកព្រះពុទ្ធ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ នៅខេត្តបន្ទាយមានជ័យ ជាពិសេសភូមិជោគជ័យ និងព្រៃចាន់ ដីឡូត៍ត្រូវបានបែងចែកទៅឱ្យពលរដ្ឋថៃ ខណៈដែលផ្ទះសម្បែងនៅបឹងត្រកួន ដែលត្រូវបានហ៊ុំព័ទ្ធដោយលួសបន្លា ត្រូវបានយោធាថៃវាយកម្ទេចចោល។
សេចក្តីថ្លែងការណ៍នៅថ្ងៃទី២០ ខែមីនា បានសរសេរថា៖ «កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងដោយឯកតោភាគីដោយប្រទេសថៃទេ។ សកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឡើយ»។
កម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់សកម្មភាពដែលបានធ្វើឡើងនៅក្នុងទឹកដីរបស់កម្ពុជាជាបន្ទាន់ ហើយចៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀតនៅក្នុងតំបន់ទាំងនោះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា កម្ពុជាត្រូវបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងមិនរង្គោះរង្គើរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ។

គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅបណ្ដោះអាសន្ន
លោក ម៉េត ហៀត អភិបាលរងស្រុកថ្មពួក បានមានប្រសាសន៍ថា គ្រួសារចំនួន ៨០០ គ្រួសារបានផ្លាស់ទៅលំនៅឋានបណ្ដោះអាសន្ននៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបាននិយាយថា៖ «យើងបានបញ្ជូនគ្រួសារចំនួន ៨០០ គ្រួសារ [ឲ្យទៅស្នាក់នៅមុនគេ] ពីព្រោះលំនៅដ្ឋានបណ្ដោះអាសន្ន [ដែលនៅសល់] មិនទាន់រួចរាល់»។ គ្រួសារចំនួន ៨០០ គ្រួសារផ្សេងទៀតកំពុងរង់ចាំនៅក្នុងវត្តកណ្តោល និងនៅក្នុងជំរំថ្មីមួយ ដែលស្ថិតនៅលើដីខ្ពស់ ដើម្បីផ្លាស់ទីលំនៅនៅពេលដែលលំនៅឋានបណ្ដោះអាសន្នដែលនៅសល់ត្រូវបានសាងសង់រួចរាល់។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីលំនៅឋានបណ្ដោះអាសន្ននោះទេ ដោយលោកបានថ្លែងថា លោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅជាង ៩៤% នៃប្រជាជនប្រមាណ ៦៤០ ០០០នាក់បានវិលត្រឡប់មកផ្ទះវិញ ដោយមានប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅចំនួន ៣៦ ៣២០នាក់ដែលនៅសល់នៅក្នុងជម្រក នេះបើយោងតាមក្រសួងមហាផ្ទៃ។

គ្រាប់បែកចង្កោមបានសម្លាប់ជនជាតិកម្ពុជាម្នាក់
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះមួយគ្រាប់នៅខេត្តបន្ទាយមានជ័យបានសម្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ទៀត។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហោះកាលពីសប្តាហ៍មុនថា ការផ្ទុះនេះត្រូវបានកំណត់ថាជាគ្រាប់មីន M៤៦ ចេញពីគ្រាប់ទំហំ ១៥៥មីលីម៉ែត្រ ដែលគេជឿថាជាសំណល់នៃជម្លោះកន្លងមក។
លោក រតនា បានមានប្រសាសន៍ថា៖ «សំណល់នៃសង្គ្រាមទាំងនេះនៅតែបន្តគំរាមកំហែងដល់សន្តិភាព សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
លោកបានជំរុញឱ្យប្រជាពលរដ្ឋកុំប៉ះវត្ថុគួរឱ្យសង្ស័យ ហើយរាយការណ៍ទៅ CMAC ឬអាជ្ញាធរមូលដ្ឋាន។
នៅក្នុងជម្លោះព្រំដែនកាលពីឆ្នាំមុន ប្រទេសថៃត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន ខណៈដែលពួកគេបានបន្សល់ទុកគ្រាប់បែកមិនទាន់ផ្ទុះដែលបង្កហានិភ័យរយៈពេលវែងដល់ជនស៊ីវិល។
លោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នហាក់ដូចជាការប៉ុនប៉ងគណនាដើម្បីបង្កើត «ការពិតនៅលើដី»។ លោកបានហៅវាថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ ដោយចោទប្រកាន់ថាកងកម្លាំងថៃបន្តសកម្មភាពឈ្លានពានយ៉ាងច្បាស់លាស់ប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «តាមរយៈការចល័តបុគ្គលិកយោធាចូលទៅក្នុងទឹកដីកម្ពុជាបន្ទាប់ពីការឈប់បាញ់ ហើយបន្ទាប់មកបានតាំងទីលំនៅជនស៊ីវិល ប្រទេសថៃកំពុងព្យាយាមបញ្ចូលបន្តិចម្តងៗ»។
លោក គិន ភា បានមានប្រសាសន៍ថា៖ «មិនមានភាពច្បាស់លាស់ នៅក្នុងការគូសផែនទី ឬយុត្តាធិការនៃតំបន់ទាំងនេះទេ។ ទាំងនេះមិនមែនជាតំបន់ជម្លោះទេ»។
លោកបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត ភាគីទាំងពីរ ជាពិសេសប្រទេសថៃ ត្រូវតែត្រឡប់ទៅរកក្របខណ្ឌនៃយន្តការទ្វេភាគីដែលមានស្រាប់។ ពួកគេត្រូវប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ និងអនុស្សរណៈយោគយល់គ្នាស្តីពីការកំណត់ព្រំដែនគោកឆ្នាំ២០០០។
ការបន្ថយការកើនឡើងតម្រូវឱ្យមានការប្តេជ្ញាចិត្តចំពោះ «ស្ថានភាពបច្ចុប្បន្ន» នៅក្នុងតំបន់ដែលមិនទាន់កំណត់ និងការបញ្ឈប់ជាបន្ទាន់នូវចលនាស៊ីវិល ឬយោធាឯកតោភាគី។
លោក នី សុខា ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ភាគីថៃហាក់ដូចជា«មិនអើពើ» ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះព្រំដែន ដោយបង្កើនសកម្មភាពដូចជាការឈូសឆាយដីធ្លី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលខ្លួនកាន់កាប់។
លោកបានមានប្រសាសន៍ថា ពីទស្សនៈសង្គមស៊ីវិល រដ្ឋាភិបាលគួរតែបន្តសកម្មភាពផ្លូវច្បាប់ ជាជាងរង់ចាំប្រទេសថៃដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី ដែលប្រទេសថៃបានជៀសវាងម្តងហើយម្តងទៀត។
លោក សុខា បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែរកវិធីវិធានការផ្លូវច្បាប់ ព្រោះវិធានការសម្របសម្រួលដោះស្រាយតាមរយៈទ្វេភាគី តាមការស្រុះស្រួលគ្នា ខ្ញុំគិតថា វាជារឿងល្អហើយ បើសិនជាភាគីទាំងពីរមានឆន្ទៈដូចគ្នា ប៉ុន្តែបើភាគីមួយមានឆន្ទៈតែម្ខាង ហើយម្ខាងទៀតគេចវេះ ខ្ញុំគិតថា បើអូសបន្លាយរង់ចាំឱ្យមានការចូលមកដោះស្រាយឱ្យមានជាលទ្ធផល ខ្ញុំគិតថាដូចជាមានផលលំបាក»។
លោកបន្ថែមថា៖ «រឿងនេះ វាជារឿងមួយដែលធ្វើឱ្យប្រជាពលរដ្ឋនៅតាមព្រំដែន មានការប៉ះទង្គិច ការឈឺចាប់ ខាងផ្លូវចិត្ត ផ្លូវអារម្មណ៍ និងផ្លូវកាយ ដែលអាចបង្កជាបញ្ហាមួយចំនួនទៀត ពីព្រោះថា ភាគីថៃបានយកគ្រឿងចក្រមកឈូសឆាយ»។
លោកបានបន្ថែមថា កម្ពុជាគួរតែពិចារណាដាក់ពាក្យបណ្តឹងតាមរយៈយន្តការអន្តរជាតិដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Protests Thai Army’s Continued Violation of Territorial Sovereignty









