ប្រព័ន្ធយុត្តិធម៌ត្រូវបានរកឃើញថាជាប្រភពចម្បងនៃអំពើពុករលួយនៅកម្ពុជា ដោយវាបានបណ្តាលឱ្យប្រទេសនេះ ទទួលបានពិន្ទុទាបបំផុតនៅក្នុងតំបន់លើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ។
អង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះបានចេញផ្សាយរបាយការណ៍ពីការរកឃើញរបស់ខ្លួននៅថ្ងៃអង្គារម្សិលមិញនេះ។ របាយការណ៍នេះ បង្ហាញថាពិន្ទុលើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយនៅកម្ពុជាឆ្នាំ២០២១ បានប្រសើរជាងឆ្នាំ២០២០ ចំនួន២ពិន្ទុ ពោលគឺកើនពីពិន្ទុ២១នៅឆ្នាំ២០២០ ដល់២៣នៅឆ្នាំ២០២១ (ក្នុងពិន្ទុខ្ពស់បំផុត១០០) ហើយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេស។
របាយការណ៍ ក៏បង្ហាញផងដែរថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន ដែលទាបជាងប្រទេសមីយ៉ាន់ម៉ាដែលមានពិន្ទុ២៨ ។ ការវាយតម្លៃសម្រាប់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្វើមុនពេលមានរដ្ឋប្រហារយោធាកើតឡើងក្នុងប្រទេសនេះ។
ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាឈរនៅលេខ៣ ពីបាតតារាង ពោលគឺនៅពីលើតែអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើង។
ប្រទេសសិង្ហបុរីបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ១០ ដែល«ស្អាតស្អំបំផុត» នៅលើលោក ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ដូចគ្នានឹងប្រទេសស៊ុយអែត និងន័រវេស ដែលទទួលបានពិន្ទុ៨៥នៅឆ្នាំនេះ។
ប្រទេសមួយចំនួនក្នុងតំបន់ក៏ធ្លាក់ចុះពិន្ទុដែរ ក្នុងនោះមាន ម៉ាឡេស៊ី (ធ្លាក់ពី ៥១ មក ៤៨) ថៃ (ធ្លាក់ពី៣៦ មក ៣៥) និងហ្វីលីពីន (ធ្លាក់ពី៣៤ មក ៣៣)។ ឯប្រទេសផ្សេងទៀតទទួលបានពិន្ទុប្រសើរជាងឆ្នាំមុន មានដូចជាវៀតណាម (កើនឡើងពី ៣៦ ដល់ ៣៩) ឥណ្ឌូណេស៊ី (៣៧ ដល់ ៣៨) និង ឡាវ (២៩ ដល់ ៣០)។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការកើនឡើងតិចតួចនៃពិន្ទុសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយនៅកម្ពុជា គឺដោយសារតែភាពងាយស្រួលក្នុងការធ្វើអាជីវកម្មកាន់តែប្រសើរឡើង និងការថយចុះនៃអំពើពុករលួយខ្នាតតូចដែលភាគច្រើននៅក្នុងសេវាបោះពុម្ពផ្សាយ។
លោក បានបន្តថា៖«កម្រិតនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់។ ហើយនេះនៅតែជាក្តីកង្វល់សម្រាប់ប្រជាពលរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធ»។ លោកបន្ថែមថា លំហូរចូលនៃអ្នកវិនិយោគចិនក៏បាននាំមកនូវអំពើពុករលួយកាន់តែច្រើននៅក្នុងពាណិជ្ជកម្មផងដែរ។
លោកបន្តថា៖ «ពួកគាត់សូកប៉ាន់ដើម្បីពន្លឿនដំណើរការអាជីវកម្ម ហើយវានឹងបណ្តាលឱ្យមានអំពើពុករលួយក្នុងវិស័យសាធារណៈ»។ លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហានេះ បើមិនដូច្នេះទេ យើងគ្រាន់តែទាក់ទាញអ្នកវិនិយោគដែលមិនស្អាតស្អំតែប៉ុណ្ណោះ»។
លោក ពិសី ក៏បានស្នើឱ្យមានការធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌ដែលត្រូវបានរកឃើញថាជាប្រភពចម្បងនៃអំពើពុករលួយ។
លោក បានថ្លែងថា៖«ការអនុវត្តច្បាប់ណាមួយត្រូវការប្រព័ន្ធយុត្តិធម៍ឯករាជ្យដែលនឹងនាំមកនូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា។ អំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌នឹងកម្រិតសិទ្ធិទទួលបានយុត្តិធម៌ ហើយវាក៏នាំទៅដល់ការបែងចែកឋានៈសង្គមផងដែរ»។
យោងតាមការស្ទង់មតិស្តីពីទំនុកចិត្តក្នុងការអាជីវកម្មឆ្នាំ២០២១ របស់សភាពាណិជ្ជកម្មអឺរ៉ុបនាអំឡុងពេលនៃការរីករាលដាលកូវីដ-១៩ កម្រិតនៃការមិនពេញចិត្តខ្លះទាក់ទងនឹងស្ថានភាពនៃការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ត្រូវបានរកឃើញ។ ការមិនពេញចិត្តនេះ បានកើតឡើងដោយសារតែការអនុវត្តមិនមានតម្លាភាព និងលុយក្រៅផ្លូវការដែលត្រូវបង់បន្ថែមដែលបណ្តាលឱ្យមានការកើនឡើងនូវឧបសគ្គក្នុងការធ្វើអាជីវម្ម។
ជាងនេះទៅទៀត ប្រព័ន្ធយុត្តិរបស់កម្ពុជា ត្រូវរងការចោទប្រកាន់ថាពុករលួយ និងជារឿយៗធ្វើតាមការទាមទាររបស់គណបក្សកាន់អំណាច។ យោងតាមអតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជាងមួយភាគបីនៃចំនួនអ្នកជាប់ពន្ធនាគារ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ខណៈក្រុមសិទ្ធិមនុស្សមួយចំនួនបានប៉ាន់ប្រមាណថាតួលេខនេះមានរហូតដល់ជិត៧៥ភាគរយ។
នៅឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានសន្យាថានឹងបង្រ្កាបអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ ដោយប្រកាសការប្រយុទ្ធប្រឆាំងអំពើពុករលួយជាផ្នែកសំខាន់តាមរយៈយុទ្ធនាការពន្លឿនសំណុំរឿងដែលកកស្ទះក្នុងប្រព័ន្ធតុលាការ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុករបាយការណ៍នេះថាជារបាយការណ៍ដែលមិនអាចទុកចិត្តបាន និងមិនអាចទទួលយកបាននោះទេ។
លោកបានមានប្រសាសន៍ថា៖ «យើងបានធ្វើកិច្ចការជាច្រើនទាក់ទងនឹងគណនេយ្យភាពសង្គម ហើយយើងកំពុងផ្លាស់ប្តូរការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងជាមួយនឹងគណនេយ្យភាពបន្ថែមទៀត ដោយបង្កើតប្រព័ន្ធតម្លាភាពមួយ»។ លោកបានបន្តថា៖«គេមិនដឹងថារដ្ឋាភិបាលបានធ្វើអ្វីខ្លះទេ។ យើងមិនឱ្យតម្លៃចំពោះការរកឃើញ [ដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា] ហើយរដ្ឋាភិបាលមិនទុកចិត្តលើវិធីសាស្ត្រស្រាវជ្រាវរបស់អង្គការនេះទេ»។
លោក បានឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងធ្វើការដោយសម្ងាត់ដើម្បីតាមដានសកម្មភាពរបស់ព្រះរាជអាជ្ញា និងចៅក្រម ដើម្បីធានាថាស្ថាប័នច្បាប់គ្មានអំពើពុករលួយ។
លោកបានបន្ថែមថា៖«យើងមិនអាចដាក់គុកចៅក្រមទាំងអស់បានទេ។ ACU ជានគរបាលយុត្តិធម៌ ហើយមានសិទ្ធិចាប់ខ្លួនអ្នកដែលប្រព្រឹត្តអំពើពុករលួយ»។
យោងតាមអង្គការតម្លាភាពអន្តរជាតិ ការដាក់ពិន្ទុជុំវិញសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ គឺផ្អែកលើទិន្នន័យពីស្ថាប័នអន្តរជាតិចំនួន៨ ដែលក្នុងនោះរួមទាំងធនាគារពិភពលោក និងវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អំពើពុករលួយបាននឹងកំពុងប៉ះពាល់ដល់ការលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេស ជាពិសេសសិទ្ធិដីធ្លី។
អ្នកស្រី បានបន្តថា៖ «វិវាទដីធ្លីបានក្លាយជាបញ្ហារ៉ាំរ៉ៃ ហើយវាកើតចេញពីអំពើពុករលួយទាក់ទងនឹងការចុះបញ្ជីដីធ្លី និងដំណើរការដោះស្រាយវិវាទ»។
អង្គការតម្លាភាព ផ្តល់អនុសាសន៍ថារដ្ឋាភិបាលគួរបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថាយុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។ អង្គការដដែលនេះ ក៏ស្នើឱ្យស្ដារ និងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាច និងធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia ranked most corrupt in the region — juridical system the main cause