សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? និងការបាត់បង់នៃលម្ហកណ្តាលក្នុងនយោបាយកម្ពុជា

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ដែលដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ដែលដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

នៅលើទិដ្ឋភាពនយោបាយ និងសង្គមកម្ពុជាបច្ចុប្បន្ន វប្បធម៌នៃការលាបពណ៌ និងការសង្ស័យគ្នាទៅវិញទៅមក បានចាក់ឫសយ៉ាងជ្រៅ ដែលកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការកសាងឯកភាពជាតិ។ ជារឿយៗ កាលណា​មាន​បទល្មើស ឬព្រឹត្តិការណ៍សង្គមណាមួយកើតឡើង អ្នកនយោបាយប្រឆាំង​តែងតែលោតទៅរកការសន្និដ្ឋាន​ថា មានរដ្ឋាភិបាលនៅពីក្រោយខ្នង។ ស្របពេលជាមួយគ្នានេះ រាល់ការរិះគន់ ឬការចង្អុលបង្ហាញ​ពីចំណុច​ខ្វះ​ខាត តែងតែត្រូវបានអ្នកកាន់អំណាចបកស្រាយថា ជាសកម្មភាពបង្កប់នូវរបៀបវារៈនយោបាយទុច្ចរិត។

ទស្សនៈដែលផ្ទុយស្រឡះ និងឈរលើបន្ទាត់ស្របគ្នានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបែងចែក​ប៉ូល​នយោបាយ​ដ៏ស្រួចស្រាល់ (Political Polarization) ប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតត្រដាងនូវវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ដើម្បីឈានទៅរកការផ្សះផ្សាជាតិពិតប្រាកដ យើងចាំបាច់ត្រូវវិភាគឱ្យដល់ឫសគល់នៃបញ្ហានេះ និងស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ។

១. វិបត្តិទំនុកចិត្ត ការធ្វើនយោបាយភាវូបនីយកម្ម និងហានិភ័យចំពោះការអភិវឌ្ឍជាតិនៅក្នុង​វប្បធម៌​នយោបាយ​​កម្ពុជា បញ្ហាដែលគួរតែត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ឬតាមរយៈការជជែកវែកញែក​គោល​នយោបាយសាធារណៈ ត្រូវបានអូសទាញចូលទៅក្នុងសមរភូមិនយោបាយសូន្យ-បូក (Zero-Sum Game)។ នៅពេលប្រព័ន្ធយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់​ត្រូវបានសាធារណជនមើលឃើញថា មានភាព​ប្រទាក់ក្រឡាគ្នា​យ៉ាងស្អិតរមួតជាមួយអំណាចនយោបាយ នោះបទល្មើសព្រហ្មទណ្ឌ ឬវិវាទរដ្ឋប្បវេណី​ធម្មតា នឹងក្លាយជា​ប្រធានបទ​នៃការចោទប្រកាន់រវាងបក្ស និងបក្ស។

ការបាត់បង់ទំនុកចិត្តនេះ វាមិនមែនត្រឹមតែជារឿងឈ្នះចាញ់របស់បក្សនយោបាយនោះទេ តែវាគឺជា«ហានិភ័យ​ដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍជាតិ»។ នៅពេលដែលប្រជាពលរដ្ឋលែងមានជំនឿលើស្ថាប័នច្បាប់ ពួកគេនឹង​បាត់​បង់​ទីពឹងពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការសង្ស័យ​លើឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌ គឺជាឧបសគ្គរារាំងវិនិយោគិនជាតិ និងអន្តរជាតិ ដែលចង់បានការធានាផ្លូវច្បាប់​ប្រកប​ដោយ​តម្លាភាព។ ដូច្នេះ ការធ្វើនយោបាយភាវូបនីយកម្មលើគ្រប់បញ្ហា គឺជាការទាញទម្លាក់សក្តានុពលសេដ្ឋកិច្ច និង​បំផ្លាញ​លំនឹងសង្គមទាំងមូល ដែលទាមទារឱ្យប្រជាជនទូទៅត្រូវចេះបែងចែកឱ្យដាច់រវាង «បញ្ហាច្បាប់» និង «បញ្ហានយោបាយ»។

​លើសពីនេះ នៅក្នុងបរិបទនយោបាយបច្ចុប្បន្ន លំហសម្រាប់សំឡេងកណ្តាល ឬអ្នកវិភាគឯករាជ្យ បាន​រួម​តូច​ស្ទើរតែគ្មានសល់។ រាល់ការបញ្ចេញមតិ តែងតែរងការទាញទម្លាក់ទៅក្នុងអន្ទាក់នយោបាយជានិច្ច។ ប្រសិន​បើការរិះគន់នោះស្របនឹងចំណង់របស់បក្សប្រឆាំងរដ្ឋាភិបាលនឹងចាត់ថ្នាក់បុគ្គលនោះជាក្រុមប្រឆាំងភ្លាមៗ ខណៈបក្សប្រឆាំងទាញយកទៅធ្វើជាកម្មសិទ្ធិ។ ផ្ទុយទៅវិញ បើមតិនោះនិយាយ​​ចំការ​ពិតដែលឆ្លុះបញ្ចាំងពី​ចំណុចល្អ​របស់រដ្ឋាភិបាល ក្រុមប្រឆាំងនឹងលាបពណ៌បុគ្គលនោះថាជា«ពួកលើកជើង» ឬជាឧបករណ៍​​របស់​រដ្ឋាភិបាល។ នេះគឺជា ការស្លាប់នៃលំហកណ្តាល (The Death of the Middle Ground) ដែល​បង្ក​ឡើង​ដោយ​ការ​បែងចែកប៉ូលនយោបាយជ្រុលហួសហេតុ។ តក្កវិជ្ជាទ្វេភាគី (Binary Logic) ដែលបង្ខំឱ្យ​សង្គម​ត្រូវតែ​រើស​យក​តែ «ស ឬ ខ្មៅ» នេះ គឺជាសត្រូវដ៏ធំបំផុតនៃការជជែកវែកញែកបែបបញ្ញវន្ត និងការពឹងផ្អែកលើហេតុផល។

២. «ជំងឺតួឯក» ការវង្វេងទិសដៅនៃការប្រឆាំង និងការឆ្លើយតបដោយវោហារស័ព្ទហិង្សាបញ្ហាមួយ​ទៀត​ដែល​ចាក់​ស្រេះយ៉ាងជ្រៅ គឺមិនមែនត្រឹមតែការបាត់បង់ទំនុកចិត្តលើស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជាផ្នត់គំនិត​នយោបាយ​​របស់ក្រុមប្រឆាំង។ កន្លងមក គេសង្កេតឃើញថាបក្សប្រឆាំងហាក់កំពុងផុងខ្លួនទៅក្នុង «ជំងឺតួឯក» (Main Character Syndrome) ដោយពួកគេតែងតែប្រកាន់យកជំហរថា មានតែការដឹកនាំ និងការចាត់ចែង​របស់​ខ្លួនប៉ុណ្ណោះទើបជារឿងត្រឹមត្រូវ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ អ្វីៗនឹងត្រឹមត្រូវ ឬយុត្តិធម៌ លុះត្រាតែ​ខ្លួន​បានធ្វើធំ ឬទាល់តែខ្លួនជាអ្នកដឹកនាំរដ្ឋាភិបាល។

ផ្នត់គំនិតចង្អៀតចង្អល់នេះ បូករួមទាំងការខ្វះភាពច្បាស់លាស់ក្នុងការតាក់តែងកម្មវិធីនយោបាយ បាន​ជំរុញ​ឱ្យការតវ៉ា ឬការរិះគន់ប្រែក្លាយទៅជាការជេរប្រមាថ និងការវាយប្រហារបែបបុគ្គល ដែលជាយុទ្ធសាស្ត្រ​នយោបាយ​ស្នូលដើម្បីទាក់ទាញការគាំទ្រ។ ជាប្រតិកម្មតប រដ្ឋាភិបាលបានឈានដល់ចំណុចមួយ​ដែល​លែង​ឱ្យតម្លៃលើរាល់ការរិះគន់ ហើយងាកមកប្រើប្រាស់វោហារស័ព្ទហិង្សា និងការគំរាមកំហែង ដើម្បីបំបាក់ស្មារតី​គូប្រជែង ដោយបង្កើតរូបភាពថាខ្លួនជាអ្នកការពារសន្តិភាពតែមួយគត់។

៣. ការបោះបង់យន្តការសភា និងការតាំងខ្លួនជាអ្នកសង្គ្រោះដើម្បីកេងចំណេញនយោបាយកន្លង​មក យើង​សង្កេត​ឃើញនិន្នាការមួយដែលបក្សប្រឆាំង តែងតែព្យាយាមចុះ​ទៅធ្វើកិច្ចការ​ជំនួសស្ថាប័ននីតិប្រតិបត្តិ ទោះបី​ជា​ខ្លួនមិនមានជំនាញបច្ចេកទេសក្នុងកិច្ចការនោះក៏ដោយ ដូចជាបញ្ហាព្រំដែន បរិស្ថាន ឬការគ្រប់គ្រង​ព្រៃឈើ​ជាដើម។ ការចុះប្រមូលព័ត៌មានដល់ទីតាំងផ្ទាល់ គឺជារឿងត្រឹមត្រូវក្នុងនាមជាអ្នកតំណាងរាស្ត្រ ប៉ុន្តែបញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេមិនបានយកទិន្នន័យទាំងនោះទៅប្រើប្រាស់ក្នុង «យន្តការរដ្ឋសភា» តាមរយៈការកោះហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធមកសួរដេញដោល ដើម្បីស្វែងរកការទទួលខុសត្រូវនោះទេ។

លើសពីនេះទៅទៀត ពួកគេមិនបានយកព័ត៌មានជាក់ស្តែងដែលខ្លួនបានស្រង់ទាំងនោះ មកប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងទិសដៅដើម្បីផ្តល់មតិកែសម្រួលគោលនយោបាយ (Policy Amendment) ឬជំរុញឱ្យមាន​ការ​អនុវត្ត​គោលនយោបាយរបស់រដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនោះឡើយ។ ផ្ទុយទៅវិញ ព័ត៌មានទាំងនោះត្រូវ​បាន​យក​ទៅប្រើប្រាស់ជាឧបករណ៍សម្រាប់វាយប្រហាររដ្ឋាភិបាលតាម​ទីសាធារណៈ ដោយសាងរូបភាពថា​ ខ្លួនជាអ្នក​ស្នេហាជាតិ និងខ្វាយខ្វល់ពីប្រយោជន៍ជាតិជាងគេ។ អាកប្បកិរិយាបែបនេះ គឺជាការ​កេងចំណេញនយោបាយ និងប្រជាប្រិយភាពផ្ទាល់ខ្លួន (Political Opportunism) ដែលធ្វើឱ្យខូចតម្លៃនៃប្រព័ន្ធត្រួតពិនិត្យរបស់​សភា។

៤. ផលវិបាកចំពោះការកសាងជាតិ ការរវើរវាយក្រៅរដ្ឋធម្មនុញ្ញ និងការទាមទារឱ្យមានការទទួលស្គាល់ការពិត ការប្រែក្លាយ “ការស្អប់ខ្ពើម” ឱ្យទៅជា “ទុននយោបាយ” គឺជាជំងឺមហារីកដែលស៊ីរូងបំផ្លាញឯកភាពជាតិ។ វប្បធម៌​​នេះបណ្តាលឱ្យមានការបែកបាក់សាមគ្គីភាពសង្គម ធ្វើឱ្យនីតិរដ្ឋចុះខ្សោយ និងប្រែក្លាយការ​ផ្សះផ្សា​ជាតិ​ឱ្យ​ទៅជាភាពទទេស្អាត ព្រោះភាគីនីមួយៗសុទ្ធតែបានដុតស្ពាន​នៃការទុកចិត្តគ្នាចោលរួចទៅហើយ។

ភាពទាល់ច្រកនៃទំនុកចិត្តនេះ ក៏បានរុញច្រានឱ្យមានការរវើរវាយនឹងយន្តការក្រៅច្បាប់ផងដែរ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និងនីតិរដ្ឋ​ពិតប្រាកដ ការដោះស្រាយវិបត្តិនយោបាយត្រូវតែពឹងផ្អែកលើយន្តការរដ្ឋធម្មនុញ្ញ។ កន្លងមក មានការលើកឡើងពីក្រុមប្រឆាំងមួយចំនួន ដែលអះអាងថាបក្សខ្លួនត្រូវបានរំលាយ ហើយ​សំឡេង​ឆ្នោតជាង១លាននាក់ត្រូវបានបាត់បង់ ដូច្នេះពួកគេមានសិទ្ធិបង្កើតយន្តការ​ក្រៅប្រទេស ឬអ្វីដែលហៅថា «រដ្ឋាភិបាល ២៣ តុលា ឯករាជ្យ» ដើម្បីការពារអធិបតេយ្យភាពជាតិ ហ្នឹងផងប្រយោជន៍ជាតិ​។

ការវែកញែកនេះ គឺជាការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរអំពីគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ។ នៅពេលដែល​រដ្ឋាភិបាល​មួយត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត គ្រប់គ្រងយន្តការរដ្ឋទាំងស្រុង និងទទួលបាន​ការ​ទទួល​ស្គាល់ពីសហគមន៍អន្តរជាតិ (ទាំងតាមផ្លូវច្បាប់ De Jure និងសិទ្ធិអំណាចជាក់ស្តែង De Facto) ការតាំង​ខ្លួន​បង្កើត «រដ្ឋាភិបាលស្រមោល» ឬយន្តការតបតក្រៅរដ្ឋធម្មនុញ្ញ មិនមែនជា​ការអនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​នោះទេ។ ផ្ទុយទៅវិញ វាគឺជាការរុញខ្លួនឯងឱ្យចូលទៅក្នុងភាពឯកោ ជានិមិត្តរូបរវើរវាយ ដែល​គ្មាន​ឥទ្ធិពលផ្លូវច្បាប់ណាមួយក្នុងការដោះស្រាយបញ្ហាជាតិឡើយ។ ទង្វើបែបនេះ មិនត្រឹមតែមិនអាច​ការពារ​ប្រយោជន៍​ជាតិបានទេ តែវាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «ជំងឺតួឯក» ដែលមិនព្រមទទួល​ស្គាល់តថភាព​នយោបាយ ហើយវាកាន់តែធ្វើឱ្យការផ្សះផ្សាជាតិដើរដល់ផ្លូវទាល់ ព្រោះវាជាការប្រឆាំង​នឹង​រចនាសម្ព័ន្ធរដ្ឋ​ទាំង​មូល ជាជាងការជំទាស់លើគោលនយោបាយ។

ឈរលើសច្ចភាពនយោបាយនេះ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គប្បីមានភាពក្លាហាន​ផ្នែក​នយោបាយ (Political Courage) ក្នុងការទទួលស្គាល់នូវកំហុសឆ្គង និងចំណុចខ្វះខាតរៀងៗខ្លួន។ ការរុញ​ទម្លាក់​​កំហុសដាក់គ្នាទៅវិញទៅមកមិនមែនជាច្រកចេញនោះទេ។ ប្រហែល​ជាដល់ពេលវេលា​ដ៏ស័ក្តិសម​បំផុត​ហើយ ដែលអ្នកនយោបាយគ្រប់ភាគីត្រូវហ៊ានលះបង់ចោលនូវឥរិយាបថនយោបាយអវិជ្ជមាន និងអតីតកាល​ដ៏​ជូរចត់ទាំងនេះ។ ការបោះជំហានចេញពីគំនុំបុគ្គល និងមនោគមវិជ្ជាចង់ឈ្នះចង់ចាញ់ គឺជាពន្លឺតែមួយគត់​ដើម្បី​ឈានទៅរកការផ្សះផ្សាជាតិ រួបរួមជាតិ និងឯកភាពជាតិពិតប្រាកដ ដែលជាចលករមិន​អាចខ្វះបាន​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងកិត្យានុភាព។

៥. ការបន្សាបនយោបាយពីស្ថាប័នរដ្ឋ និងភាពចាស់ទុំរបស់អ្នកកាន់អំណាចក្នុងការបើកលំហរិះគន់ការ​​ផ្សះផ្សា​ជាតិមិនអាចកើតឡើងតាមរយៈត្រឹមតែការចាប់ដៃគួរសមគ្នានោះទេ ប៉ុន្តែទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​ពិតប្រាកដ (Institutional Reform)។ រដ្ឋាភិបាលត្រូវតែបន្សាបឥទ្ធិពលនយោបាយពីស្ថាប័នតុលាការ និង​រដ្ឋបាល​សាធារណៈ ដោយធានាឱ្យមាន “ប្រព័ន្ធគុណាធិបតេយ្យ” (Meritocracy) ដែលមន្ត្រីរាជការ និងចៅក្រម​បំពេញ​តួនាទីផ្អែកលើច្បាប់ និងសមត្ថភាព មិនមែនផ្អែកលើនិន្នាការបក្សឡើយ។ ការធ្វើបែបនេះ គឺជាការប្រគល់​អំណាច​ច្បាប់​ត្រឡប់ទៅឱ្យប្រជាពលរដ្ឋវិញ។

សម្រាប់គណបក្សកាន់អំណាច ការបន្ទន់ឥរិយាបថ និងការបើកលំហសម្រាប់ការរិះគន់ដោយសន្តិវិធី មិនមែន​ជា​សញ្ញានៃភាពទន់ខ្សោយ ឬការចុះចាញ់នោះទេ ផ្ទុយទៅវិញ វាគឺជា «ការបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពរឹងមាំនៃការដឹកនាំ»។ រដ្ឋាភិបាលដែលរឹងមាំពិតប្រាកដ គឺជារដ្ឋាភិបាលដែលហ៊ាន​យកការរិះគន់​មក​ធ្វើ​ជា​កញ្ចក់ឆ្លុះ ដើម្បីកែលម្អគោលនយោបាយ។ ការប្តេជ្ញាចិត្តពង្រឹងស្ថាប័នឯករាជ្យនេះ មិនត្រឹមតែជួយ​លុប​បំបាត់​ការចោទប្រកាន់លាបពណ៌គ្នាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាកេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ដែល​អ្នកដឹកនាំអាចបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។

៦. ការផ្លាស់ប្តូរផ្នត់គំនិត ការយល់ដឹងពីតួនាទីបក្សប្រឆាំង និងការលុបបំបាត់ភាពលាក់ពុត ដើម្បី​ឱ្យប្រព័ន្ធ​ប្រជាធិបតេយ្យដំណើរទៅមុខបានគណបក្សប្រឆាំង និងអ្នករិះគន់ ចាំបាច់ត្រូវតែផ្លាស់ប្តូរអាកប្បកិរិយា និង​សិល្បៈ​នៃការដឹកនាំរបស់ខ្លួនដាច់ខាត។​ ពួកគេត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ​អំពីមុខងារពិតប្រាកដ​របស់​បក្ស​ប្រឆាំង ដែលមិនមែនមានន័យថា «ប្រឆាំងត្រឹមតែដើម្បីប្រឆាំង» នោះឡើយ។ ការរិះគន់ត្រូវតែងាកចេញ​ពីការ​វាយប្រហារបុគ្គល ការកេងចំណេញប្រជាប្រិយភាពនៅក្រៅប្រព័ន្ធ ឬការប្រកាន់យក «ជំងឺតួឯក» ទៅជាការ​រិះគន់​ផ្អែកលើមូលដ្ឋានគោលនយោបាយ (Policy-Based Criticism)។

ទន្ទឹមនឹងនេះ បញ្ហាភាពផ្ទុយគ្នារវាងការទាមទារ និងការអនុវត្ត (Hypocrisy in Democratic Practice) ក៏ជារឿង​ដែលបក្សប្រឆាំងត្រូវកែតម្រូវជាបន្ទាន់ផងដែរ។ ជារឿយៗ បក្សប្រឆាំងតែងតែទាមទារ​យ៉ាងខ្លាំងក្លា​ឱ្យ​រដ្ឋាភិបាល​គោរពគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែជាក់ស្តែង ខ្លួនឯងបែរជាមិនបានគោរព ឬ​អនុវត្ត​គោលការណ៍​​​ប្រជាធិបតេយ្យនេះឱ្យបានខ្ជាប់ខ្ជួននោះឡើយ ទាំងនៅក្នុងការដឹកនាំផ្ទៃក្នុង ឬការអត់ឱន​ចំពោះ​មតិផ្ទុយ​ពីសមាជិករបស់ខ្លួន។ ការទាមទារប្រជាធិបតេយ្យពីអ្នកដទៃ តែមិនអាចធ្វើជាគំរូ​នៃប្រជាធិបតេយ្យ​ខ្លួនឯង​​បាន គឺជាការបន្ទាបតម្លៃនៃការតស៊ូមតិរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះ អ្នកនយោបាយប្រឆាំងត្រូវតែធ្វើជាគំរូប្រជាធិបតេយ្យ ពិតប្រាកដ ហើយងាកមកប្រើប្រាស់​អំណាច​នីតិ​បញ្ញត្តិ​របស់ខ្លួនយ៉ាងពេញលេញ តាមរយៈការតាក់តែងគោលនយោបាយថ្មីៗ និងការសួរដេញ​ដោល​តំណាង​រដ្ឋាភិបាលដោយផ្លូវការនៅក្នុងរដ្ឋសភា។ ការធ្វើបែបនេះ មិនត្រឹមតែ​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​ខ្លួនឯង​ប៉ុណ្ណោះទេ តែថែមទាំងជួយបិទផ្លូវមិនឱ្យមានលេសក្នុងការប្រើប្រាស់​ចំណាត់ការក្តៅដើម្បីបង្ក្រាប​មតិផ្ទុយ​ទៀត​ផង។

សេចក្តីសន្និដ្ឋាន

កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រនៃការបែកបាក់ដ៏ជូរចត់រួចមកហើយ ហើយពេលវេលា​នៃការយក​អតីតកាល​មកធ្វើជាចំណាប់ខ្មាំងនយោបាយគួរតែត្រូវបានបិទបញ្ចប់។ ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍ​ប្រកប​ដោយចីរភាព ការផ្លាស់ប្តូរត្រឹមតែវោហារស័ព្ទគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាទាមទារឱ្យមាន ការផ្លាស់ប្តូរ​ទាំងស្រុង​នូវ​អាកប្បកិរិយា គោលនយោបាយ និងការអនុវត្តជាក់ស្តែងពីសំណាក់តួអង្គនយោបាយទាំងអស់។

នៅក្នុងសង្គមប្រជាធិបតេយ្យដែលរឹងមាំ ភាគីទាំងសងខាងត្រូវតែស្គាល់ឱ្យច្បាស់ពីមុខងារនិងតួនាទីរៀងៗខ្លួន៖ គណបក្សកាន់អំណាច ត្រូវប្រកាន់យកភាពចាស់ទុំក្នុងការដឹកនាំ ដោយធានាភាពឯករាជ្យនៃស្ថាប័នជាតិ និងបើកលំហសម្រាប់ការរិះគន់ស្ថាបនា ចំណែកឯ គណបក្សប្រឆាំង ត្រូវលះបង់ចោលនូវ​នយោបាយ​ប្រជាភិថុតិ ការវាយប្រហារបុគ្គល ការរវើរវាយនឹងយន្តការក្រៅរដ្ឋធម្មនុញ្ញ ត្រូវអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង​ឱ្យ​បាន​ពិតប្រាកដ ហើយងាកមកប្រកួតប្រជែងដោយសុចរិតតាមរយៈជម្រើសគោលនយោបាយ និង​យន្តការ​រដ្ឋសភា។

ការពង្រឹងស្ថាប័នជាតិ និងការចេះទទួលស្គាល់កំហុសដើម្បីកែលម្អ មិនមែនជាការចុះចាញ់នោះទេ តែជា​សេចក្តី​ក្លាហានដើម្បីជាតិ។ មានតែការប្តេជ្ញាចិត្តដើរលើគន្លងប្រជាធិបតេយ្យ​នីតិរដ្ឋ​តាមតួនាទី​រៀងៗខ្លួន​បែប​នេះទេ ទើប​កម្ពុជាអាចសម្រេចបាននូវការផ្សះផ្សាជាតិ រួបរួមជាតិ និងឯកភាពជាតិពិតប្រាកដ ដើម្បី​ប្រមូល​ធនធាន​ទាំង​អស់​ឆ្ពោះទៅរកការអភិវឌ្ឍប្រទេស។ សំខាន់ជាងនេះទៅទៀត ឥរិយាបថនយោបាយ​របស់​អ្នកដឹកនាំ​នា​ពេល​​បច្ចុប្បន្ន នឹងក្លាយជា «គំរូប្រវត្តិសាស្ត្រ និងជាត្រីវិស័យ» សម្រាប់អ្នកនយោបាយជំនាន់ក្រោយ ក្នុងការ​បន្ត​ថែ​រក្សា​កម្ពុជាឱ្យក្លាយជារដ្ឋមួយដែលរឹងមាំ មានយុត្តិធម៌សង្គម និងមានកិត្យានុភាពរុងរឿងជារៀងរហូត៕

ចំណាំ៖ អត្ថបទទស្សនៈនេះសរសេរដោយ លោក ឡុង បញ្ញាវុឌ្ឍ ដែលជាមេធាវីនៅ PAN & Associates Law Firm

ព័ត៌មានថ្មី

អត្ថបទពេញនិយម