សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនរងគ្រោះខ្មែរដែលត្រូវប្តូរក្រលៀនជាប់គាំងនៅឥណ្ឌាអង្វរសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត

អ្នកបើកបរម៉ូតូម្នាក់ជិះកាត់មន្ទីរពហុព្យាបាលម៉េត្រូ អអ៊ិលវី ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបញ្ជាឱ្យបិទ។ រូបភាពថត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
អ្នកបើកបរម៉ូតូម្នាក់ជិះកាត់មន្ទីរពហុព្យាបាលម៉េត្រូ អអ៊ិលវី ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបញ្ជាឱ្យបិទ។ រូបភាពថត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អ្នកជំងឺដែលត្រូវប្តូរក្រលៀនចំនួន១៨នាក់ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសឥណ្ឌា​បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ (Metro RLV Polyclinic) ដែលស្ថិត​នៅក្នុង​ទីក្រុងភ្នំពេញ ដែលតាម​ចោទ​ថា បានគេចខ្លួនជា​មួយ​​ទឹកប្រាក់​ចំនួន១លានដុល្លារ ដែល​ពួកគាត់​បាន​ចំណាយ​នោះ កំពុងស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុង​សំណុំរឿងរបស់ពួកគាត់​។

មន្ទីរពហុព្យាបាលដែល​ស្ថិត​នៅ​ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានអា​ជ្ញាធរក្រសួងសុខាភិបាលបិទទ្វារចាប់តាំងពីមានការចោទប្រកាន់ថា មានការ​ជាប់​ពាក់ព័ន្ធនឹង​ការជួញដូរសរីរាង្គខុសច្បាប់។

យោងតាមអ្នកជំងឺម្នាក់ឈ្មោះ ឃឿន ចាន់បុល ដែលបានបង្ហោះសារអំពាវនាវ​លើ​ទំព័រហ្វេស​ប៊ុករបស់លោក​កាលពីថ្ងៃទី១៣ ខែតុលា ថា លោក​បានចាញ់​បោក​លោក ង៉ែត​ សំអូន​ អគ្គនាយកមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ និងលោក ទូច រិទ្ធីយ៉ា ដែល​ជា​អគ្គនាយក​រង​។ ទាំង​លោក​ សំអូន​ និងលោក​ រិទ្ធីយ៉ា សុទ្ធតែ​​បាន​​ធានា​ចំពោះ​លោក​ ចាន់បុល ថា លោក​នឹង​ទទួល​បាន​ការ​ប្តូរ​​ក្រ​លៀន​នៅ​ប្រទេស​ឥណ្ឌា​។

លោក ចាន់បុល បាន​សរសេរថា៖ «​ប៉ុន្តែ​យើង​មិន​បាន​ទទួលការ​​​ព្យាបាល​​​ទេរហូត​មក​ដល់​ពេល​នេះ។ រូប​ខ្ញុំ​និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​អំពាវនាវ​ឲ្យលោក​​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​នេះ។ ឥឡូវ[យើង] អស់ថវិកា ​និង​អាចអស់​ទាំងជីវិត មានតែសម្តេចទេអាចជួយខ្ញុំបាន»។

អ្នកជំងឺម្នាក់ៗបានចំណាយលើមន្ទីរ​ពហុព្យាបាល​នេះ​ប្រហែល ៥០.០០០ដុល្លារ​។ ពួកគាត់​បាន​ស្ថិត​នៅ​ប្រទេស​ឥណ្ឌាអស់​​រយៈពេល៧ទៅ៨ខែ​ហើយ ដោយ​មិន​បាន​ទទួល​ការ​ព្យាបាល​អ្វី​ឡើយ។ «ជំងឺកាន់តែធ្ងន់​ទៅៗ ហើយយើងកំពុងជួប​ការ​លំបាកក្នុងការរ៉ាប់រងការចំណាយបន្ថែមនៅក្នុងប្រទេសឥណ្ឌា» លោបានបន្ថែម។

ស្ត្រី​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ប្តី​របស់​អ្នក​ស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ធ្វើការ​ប្តូរ​ក្រលៀន​កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ ហើយ​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ​បន្ទាប់​ពី​ឈ្មោះ សំអូន រត់គេច​ខ្លួន។

អ្នក​ស្រី​បាន​និយាយថា៖ «[យើង] បានបង់ប្រាក់ចំនួន៥០.០០០ដុល្លារ ដើម្បី​ប្តូរ​ក្រ​លៀន​​​នៅប្រទេសឥណ្ឌា។ មន្ទីរពេទ្យ​បាន​សន្យា​ថា ​នឹង​ព្យាបាល​ជំងឺ​របស់​គាត់ ប៉ុន្តែ​យើង​បាន​រង់ចាំ​ហើយ​រង់ចាំទៀត​។ គ្មានការព្យាបាលណាមួយកើតឡើងទេ» ដោយ​អ្នក​ស្រី​បានបន្ថែមថា ប្តីរបស់អ្នកស្រី​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Metro Hospital ក្នុងប្រទេសឥណ្ឌា ដែលបានសហការជាមួយមន្ទីរ​ពហុព្យាបាល​ម៉េត្រូ អអ៊ិលវី​ ក្នុងប្រទេសកម្ពុជា។

អ្នក​ស្រី​បាន​និយាយថា៖ «ពួកគេបានបោកប្រាស់យើង ព្រោះវាមានរយៈពេលប្រាំបីខែ [ដោយគ្មានការព្យាបាល]។ ជាធម្មតា ​គ្រប់គ្នា​ទៅពីរ បីខែ បន្ទាប់មកពួកគេត្រឡប់ទៅផ្ទះវិញហើយ​។ យើងមិនដឹងថា គួរ​និយាយថា​ម៉េច​​ទេ។ វា​មិន​​ងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់​នោះ​ទេ ហើយ​វា​ក៏មិន​មែន​ជា​ចំនួន​តិច​តួច​​នោះ​ដែរ​»។

ក្រសួងសុខាភិបាលបានបិទមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ កាលពីថ្ងៃទី១៧ ខែតុលា ដោយ​សារ​ប្រើប្រាស់សេវាប្រឹក្សា ដើម្បីបញ្ជូនអ្នកជំងឺទៅ​ប្តូរក្រលៀន​នៅប្រ​ទេសឥណ្ឌា ដែលជាការរំលោភលើច្បាប់គ្រប់គ្រងការប្តូរកោសិកា ជាលិកា និងសរីរាង្គរបស់មនុស្ស។

កាលពីថ្ងៃទី១៦ ខែតុលា គណៈ​គ្រប់គ្រងក្រុមហ៊ុន Metro RLV Overseas Hospital Company Ltd បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក ង៉ែត សំអូន អគ្គនាយក នៃមន្ទីរពហុព្យាបាលនេះ ពីបទ “ប្រើប្រាស់” តួនាទីរបស់ខ្លួន​នៅ​ក្នុ​ងក្រុមហ៊ុនមិន​ត្រឹម​ត្រូវ​ ដើម្បី​បោក​ប្រាស់ប្រជាពលរដ្ឋកម្ពុជា។

សេចក្តីថ្លែងការណ៍នោះ​បានសរសេរ​ថា៖ «រាល់សកម្មភាពទាំងអស់របស់បុគ្គល​ ង៉ែត​ សំអូន ដែលយកសម្ភាររបស់ក្រុមហ៊ុន​ មិនត្រូវបានអនុញ្ញាតពីក្រុមហ៊ុននោះទេ ហើយគាត់បានប្រព្រឹត្ត​ដដែល​​ក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ ដោយគ្មានបានជូនដំណឹងមកក្រុមហ៊ុននោះទ្បើយ» ។

គណៈ​​គ្រប់គ្រង​បាន​បញ្ចប់​កិច្ចសន្យា​របស់លោក​ សំអូន​ ហើយ​បាន​ដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរប៉ូលិស​ប្រឆាំងនឹងគាត់។ ម្ចាស់ក្រមហ៊ុន​ក៏កំពុងព្យាយាមកំណត់ទីតាំង និងចំនួនអ្នកជំងឺដែលបុគ្គល ង៉ែត សំអូន​ បានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «យើង​នឹង​ព្យាយាម​បន្ថែមជំនួយ​ជា​​ច្រើន​​តាមដែលអាចធ្វើទៅបាន»​​។

គណៈគ្រប់គ្រងក្រុម​ហ៊ុន​មន្ទីរពហុព្យាបាល​ម៉េត្រូ អអ៊ិលវី បានចេញ​សេចក្តីថ្លែងការណ៍មួយ​រួម​ជាមួយ​នឹង​រូបថតរបស់លោក ង៉ែត សាមួន​ អគ្គនាយកមន្ទីរ​ពហុព្យាបាល​​ម៉េត្រូ ​អអ៊ិលវី ដែលតាម​ចោទថា បានបោកប្រាស់អ្នកជំងឺ​។​ រូបភាពថត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

វេជ្ជបណ្ឌិតវ័យ៣១ឆ្នាំម្នាក់ ដែលបានធ្វើការនៅមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ អស់រយៈពេល១០ខែបានប្រាប់ខេមបូចា​ថា លោក​ទទួលបន្ទុកផ្នែកលាងឈាម និងផ្នែកអេកូ ប៉ុន្តែលោក​មិនបានដឹងថា អ្នកជំងឺត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌា ដើម្បីប្តូរក្រលៀន​នោះទេ។

វេជ្ជបណ្ឌិត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះដោយ​សារ​បារម្ភខ្លាច​គេ​បញ្ឈប់​ពី​ការងារ​ថ្មី​នៅ​មន្ទីរពេទ្យមួយ​ផ្សេង​ទៀត​​​បាន​និយាយ​ថា៖​ «​មាន​ក្រុម​ផ្សេង​ទៀត​ធ្វើ​ការ​លើ​រឿង​​​នេះ​។​ ថ្នាក់ដឹកនាំ​ [ង៉ែត សំអូន​] បាន​ស្នើ​សុំ​ឱ្យ​ខ្ញុំ​លាលែង​ពីការងារ​មួយ​ថ្ងៃ​មុន​​ពេល​មាន​រឿង​»។

លោក​និយាយ​ថា កន្លងមក មន្ទីរ​ពហុព្យាបាល​នេះ​​សហការ​ជាមួយ​មន្ទីរពេទ្យ Metro Hospital ក្នុង​ប្រទេស​ឥណ្ឌា ដោយ​បន្ថែម​ថា​ ធ្លាប់​មាន​អ្នក​ជំងឺ​ម្នាក់ ឬ​ពីរ​នាក់​​មក​លាងឈាម​ជា​ប្រចាំ។

អ្នកយកព័ត៌មានខេមបូចា​បានទៅមន្ទីរ​ពហុព្យាបាលនេះ​កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានរកឃើញថា ទ្វារត្រូវ​បាន​គេ​ចាក់សោរ ហើយមិនមាន​បុគ្គលិកធ្វើការទេ ខណៈ​ស្លាក​យីហោ​នៅខាងមុខអគារត្រូវ​បាន​គេ​ដក​ចេញ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់​​នៅ​ក្រោយ​មន្ទីរ​ពហុព្យាបាល​នេះ​​បាន​និយាយ​ថា ​អ្នក​ស្រី​​បាន​ដឹង​ពី​ហេតុការណ៍​នេះ​​តាម​ព័ត៌មាន​ដែល​គេ​ចែក​រំលែក​​តាម​ហ្វេសប៊ុក។

ស្ត្រីអាយុ៦០ឆ្នាំរូប​នេះ​បាននិយាយថា៖ «យើងបានដឹងពីការបិទ បន្ទាប់ពីអ្នកជំងឺបាន​ដាក់ពាក្យបណ្តឹង។ វា​ខុស​ច្បាប់​ការ​លក់​ក្រលៀន [មនុស្ស]»។

អ្នក​ស្រី​បាននិយាយថា បដា និងយីហោ​របស់មន្ទីរ​ពហុព្យាបាលត្រូវបានដកចេញ​កាលពីថ្ងៃទី១៨ ខែតុលា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ​បានជួលអគារដែលពីមុនជាខុនដូ ប្រហែលមួយឆ្នាំមកហើយ​។

អ្នក​ស្រី​បានអះអាងថា បុគ្គលិកមួយចំនួនដែលធ្វើការនៅទីនោះមើលទៅដូចជា​ «ជនជាតិឥណ្ឌា»។

លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​​សម្របសម្រួល​ក្រុមប្រឹក្សា​វិជ្ជាជីវៈ​សុខាភិបាល បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ង៉ែត​ សំអូន​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ក្រុមហ៊ុន​ Metro Group of Hospitals នៅក្នុងប្រទេសឥណ្ឌា មិនបានឆ្លើយតបនឹង​សំណួរតាមរយៈអ៊ីមែលទេ ហើយស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ក៏មិនបានចេញសេចក្តីអធិប្បាយណាមួយ​លើបញ្ហានេះដែរ។

លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូបានជំរុញឱ្យអា​ជ្ញា​ធរ ជាពិសេសក្រសួងសុខាភិបាល ស៊ើបអង្កេតឱ្យបានហ្មត់ចត់លើ​ការជួញដូរសរីរាង្គ ដែលអាចនឹងកំពុងកើតមាន​នៅក្នុងប្រទេសកម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​​ថា៖​ «​វា​សំខាន់​ណាស់ដែល​ថា ​ប្រសិន​បើ​វា​ជា​ករណី​ជួញដូរ​ គួរ​តែ​ត្រូវ​ស៊ើបអង្កេត​ព្រោះ​វា​ជា​បទ​ល្មើស​»។

លោក អំ សំអាត មាន​ប្រសាសន៍ថា៖ «យើងឃើញថា នេះមិនមែនជាលើកទីមួយទេ។ ខ្ញុំ​គិត​ថា ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត ​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​​សង​ខាង និង​ដើម្បី​មាន​ការ​អនុវត្ត​ស្រប​ច្បាប់ និង​ដើម្បី​បញ្ចៀស​ការ​រិះគន់​បន្ថែម​ទៀត​ពី​សាធារណជន និង​សហគមន៍​អន្តរជាតិ»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរកំពុង​មាន​បញ្ហា​ប្រឈម​ក្នុងការជួយអ្នកជំងឺ ដោយសារពួកគាត់​ស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មានលម្អិត ដោយសារបារម្ភ​ខ្លាចមិន​អាច​ទទួល​បាន​ការ​វះកាត់​ [ប្តូរ​ក្រលៀន​]។

លោក​ស្រី​​មាន​ប្រសាសន៍​​ថា៖​ «​គាត់​​ឈប់​ផ្តល់​ព័ត៌មាន ​ព្រោះ​គាត់​​ខ្លាច​ពួក​គាត់​​មិន​អាច​ធ្វើការ​ប្តូរ​(ក្រលៀន)បាន​ ដូច្នេះ​យើង​កំពុង​រកវីធីថាធ្វើម៉េចឱ្យគាត់ផ្តល់​ព័ត៌មានឱ្យច្រើន»។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍បន្តថា៖ «យើងមិនត្រូវ​បាន​អនុញ្ញាតឱ្យធ្វើការវះកាត់ប្តូរ(ក្រលៀន)នោះទេ ប៉ុន្តែរឿងដែលសំខាន់ គឺមិនមែនអំពីការប្តូរក្រ​លៀននោះទេ ប៉ុន្តែថា ពួកគេបាននាំមនុស្ស ទៅធ្វើអាជីវកម្មលើអ្នកជំងឺ»។

លោក​ស្រី​មាន​ប្រសាសន៍​​ថា អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ និង​កំពុង​ស្វែង​​រក​ចាប់​ខ្លួន​ជន​សង្ស័យ (សំអូន) ដែល​កំពុង​គេ​ចខ្លួន​នៅ​ពេល​នេះ​។

កាលពីខែកក្កដាកន្លងទៅ ខេមបូចា​បានរាយការណ៍ថា នគរ​បាល​កម្ពុជាកំពុងស៊ើប​​អង្កេតករណីជួញដូរសរីរាង្គខុសច្បាប់នៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់ពីនគរបាល​ឥណ្ឌូនេស៊ីចាប់ខ្លួនមនុស្ស១២នាក់ ក្នុងនោះបី​នាក់ត្រូវបានចាប់ខ្លួននៅកម្ពុជា នេះបើយោងតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ Associated Press

មនុស្ស​ប្រាំបួន​នាក់​ក្នុង​ចំណោម​ជនសង្ស័យទាំង​នោះ​ គឺជា “ជនរងគ្រោះនៃការ​ជួញ​ដូរ​សរីរាង្គ” ដែលតាម​ចោទថា បានល្បួងមនុស្សផ្សេងទៀតឱ្យលក់ក្រលៀនរបស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

កាល​ពី​ឆ្នាំ២០១៦ រដ្ឋសភាបានអនុម័តច្បាប់ ដែលហាមប្រាមការប្តូរសរីរាង្គក្នុង​លក្ខណៈ​ពាណិជ្ជកម្មដោយចែងថា ការបរិច្ចាគសរីរាង្គ​មនុស្សត្រូវតែធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ និងមិនមែន ដើម្បីរកប្រាក់ចំណេញទេ។ ការផ្សាំសរីរាង្គក្នុងគោលបំណងពាណិជ្ជកម្ម ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានហាមឃាត់ក្រោមច្បាប់នេះផងដែរ ហើយជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ នេះបើយោងតាមសេចក្តី​រាយការណ៍​របស់​កាសែតភ្នំពេញប៉ុស្តិ៍​។

កាលពីខែមីនា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងសុខាភិបាល បង្កើនការផ្សព្វផ្សាយ​ប្តូរសរីរាង្គក្នុងស្រុកតាមរយៈការបរិច្ចាក។

ទាំងលោក ប៉ែន បូណា ​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​លោក ជួន ណា​រិន្ទ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបាន​បង្វែរសំណួរ​របស់​ខេមបូចា​ឲ្យ​ទៅសួរ​​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលវិញ​​។

នៅពេលសួរអំពីបញ្ហា​នេះ​ លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​មានប្រសាសន៍ថា ក្រសួងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើករណីនេះ ហើយបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបញ្ជាក់យ៉ាងខ្លីថា នគរបាលកំពុងស៊ើបអង្កេត ដោយបដិសេធធ្វើអត្ថាធិប្បាយបន្ថែម៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Kidney Transplant Victims Stranded in India Plead For PM Hun Manet’s Intervention

ព័ត៌មានថ្មី

អត្ថបទពេញនិយម