សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជានឹងដាក់ឱ្យអនុវត្តនូវច្បាប់​កាតព្វ​កិច្ចយោធា​នៅ​ឆ្នាំ​២០២៦ ដើម្បី​ពង្រឹង​កម្លាំងកងទ័ព និងវិស័យ​ការពារជាតិ

ពិធី​ប្រគល់​សញ្ញាបត្រដល់​យោធា​កម្ពុជា​នៅ​សាលា​ពលទាហានក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីឆ្នាំ​២០១៥។ (ខេមបូចា/ ព្រីង សំរាំង)
ពិធី​ប្រគល់​សញ្ញាបត្រដល់​យោធា​កម្ពុជា​នៅ​សាលា​ពលទាហានក្នុង​ខេត្ត​កំពង់ស្ពឺ កាលពីឆ្នាំ​២០១៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ដល់៣០ឆ្នាំ នឹងតម្រូវឱ្យចូលបម្រើយោធារយៈពេល២៤ខែ ចាប់ពីឆ្នាំ២០២៦ តទៅ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយកត់សម្គាល់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះនឹងជួយបង្កើនបរិមាណ និងប្រសិទ្ធភាពនៃកងទ័ព។

​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំពិនិត្យមើលទៅច្បាប់កាតព្វកិច្ច[យោធា]នេះគឺពិតជាចាំបាច់។ ព្រោះយើងធ្វើច្បាប់នេះឡើងតាំងពីឆ្នាំ២០០៦ តែយើងមិនទាន់អនុវត្ត ប៉ុន្តែឥឡូវដល់ពេលដែលយើងត្រូវរើស និងបំពេញទ័ពបន្ថែមទៀតដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពជាងរូបមន្តដែលយើងធ្វើបច្ចុប្បន្នកន្លងទៅ»

ការសម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើឡើងចំពេលមានភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ដែលបានកើនឡើងកាន់តែខ្លាំងជាមួយនឹងការប្រឈមមុខដាក់គ្នា បន្ទាប់ពីការបិទច្រកទ្វារអន្តរជាតិដោយឯកតោភាគីដោយទាហានរបស់ប្រទេសថៃ។

ជាមួយគ្នានោះ កម្ពុជា​បាន​ហាមប្រាម​ការ​នាំចូល​ផលិតផល​ថៃ រួមទាំង​អគ្គិសនី បណ្តាញ​អ៊ីនធឺណិត និង​ទំនិញ​កសិកម្ម ហើយ​បាន​បិទ​ការផ្សាយភាពយន្ត​របស់​ថៃ ចាប់តាំងពី​ជម្លោះ​​ប្រដាប់អាវុធ​នៅព្រំដែន កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់ឈ្មោះ សួន រ៉ោន បាត់បង់ជីវិត​។

គួរឱ្យដឹងថា នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទាហានខ្មែរ និងថៃក៏ធ្លាប់បានប៉ះទង្គិចគ្នានៅតំបន់ប្រាសាទព្រះវិហារ ដូចជាប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

បណ្ដឹងផ្លូវការ​មួយ​ត្រូវ​បាន​កម្ពុជា​ដាក់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី១៥ ខែ​មិថុនានេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅតំបន់​ចំនួន៤ជាប់​ព្រំដែន​ប្រទេស​ថៃ។

យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ច្បាប់នេះនឹងត្រូវធ្វើវិសោធនកម្ម ដើម្បីឆ្លុះបញ្ចាំងស្របតាមបរិបទបច្ចុប្បន្ន ដែលរយៈពេលនៃការអនុវត្តកាតព្វកិច្ចនេះនឹងមានរហូតដល់២៤ខែ ខណៈពីមុនកំណត់ត្រឹមតែ១៨ខែប៉ុណ្ណោះ ដោយលោកពន្យល់ថារយៈពេល ១ឆ្នាំកន្លះ គឺខ្លីពេកសម្រាប់ការជ្រើសរើស ការបណ្តុះបណ្តាល និងការបំពេញការងារ។

បន្ទាប់ពីសិក្ខាកាមបានបញ្ចប់ការអនុវត្តកាតព្វកិច្ចបម្រើយោធារយៈពេលពីរឆ្នាំ ពួកគេអាចនឹងមានសមត្ថភាពវាយតម្លៃជម្រើសអាជីពរបស់ពួកគេ រួមទាំងការសម្លឹងមើលជម្រើសដើម្បីក្លាយជាទាហានអាជីពផងដែរ។

យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ទោះបីជាសិក្ខាកាមសម្រេចចិត្តមិនជ្រើសរើសអាជីពជាកងទ័ពក៏ដោយ ក៏ពួកគេនឹងទទួលបានជំនាញជីវិត ដោយនឹងក្លាយជា «ពលរដ្ឋល្អ» ដែលមានវិន័យ និងសណ្តាប់ធ្នាប់។

លោកបន្ថែមថា៖ «ច្រើនឆ្នាំទៅខាងមុខវានឹងជួយឱ្យកម្ពុជាអាចកសាងធនធានមនុស្សដែលមានការលត់ដំនៅក្នុងកងយុទ្ធពលខេមរភូមិន្ទកាន់តែច្រើន។ ហើយបើសិនជាមានសភាពការណ៍ ចាំបាច់យើងនឹងមាន[កម្លាំង]ទ័ពដែលអាចចុចឈ្មោះហៅមកបាន ដែលបានហ្វឹកហ្វឺនបានខ្លះកន្លងមកជាស្រេច»

ពលរដ្ឋម្នាក់គឺលោក គីម ឈីលីន គាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សក្ដានុពលរបស់យុវជនក្នុងប្រទេសតាមរយៈការចូលបម្រើកាតព្វកិច្ចយោធា។

ទោះជាយ៉ាងនេះក្តី លោកក៏សម្ដែងការបារម្ភដែរថា ច្បាប់នេះអាចនឹងត្រូវប្រើប្រាស់ដើម្បីប្រមូលផ្ដុំកងទ័ព ដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង ឬរារាំងចលនាសកម្មជន ជំនួសឱ្យការពង្រឹងបូរណភាពទឹកដី។ លោកបន្តថា ប្រសិនបើរឿងនេះពិតជាកើតឡើង កម្ពុជាអាចនឹងមានការវិលត្រឡប់ទៅហែកហួរគ្នាកាន់តែច្រើន។

លោកបន្ថែមថា៖ «ប៉ុន្តែខ្ញុំក៏មិនភ្លេចក្នុងការគូសបញ្ជាក់ពីចំណុចវិជ្ជមានដែរថាកម្ពុជាគប្បីត្រូវតែពង្រឹងឡើងវិញនូវសក្ដានុពលកម្លាំងយោធា ដើម្បីធានា និងបង្ហាញឱ្យបាននូវសញ្ញាណការពារ ធានានូវបូរណភាព និងអធិបតេយ្យភាពទឹកដីសម្រាប់ប្រទេសរបស់ខ្លួន»

ជាមួយគ្នា លោកក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​នូវ​តម្លាភាព និង​យុត្តិធម៌​ផងដែរ ដែលកូនៗរបស់ «អ្នក​មាន​អំណាច ឬ ឋានៈ» ក៏​ត្រូវ​បាន​តម្រូវឱ្យចូលបំពេញកាតព្វកិច្ចនេះដែរ មិន​មែន​ត្រឹម​តែ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ។

និស្សិតវ័យ២១ឆ្នាំម្នាក់ គឺលោក ផង់ អាន បាននិយាយថា រដ្ឋាភិបាលគួរតែពិចារណាលើការមិនរាប់បញ្ចូលយុវជនដែលមានការងារធ្វើ ឬមានទំនួលខុសត្រូវចំពោះការផ្គត់ផ្គង់គ្រួសាររបស់ពួកគេពីការចូលបម្រើយោធា ដោយសារការរួមចំណែករបស់ពួកគេចំពោះសេដ្ឋកិច្ចអាចរងផលប៉ះពាល់។

យុវជនរូបនេះ ​យល់​ឃើញ​ថា វា​ជា​ការ​ប្រសើរ​ក្នុង​ការតម្រូវឱ្យយុវជនដែល​បាន​ឈប់​រៀន ឬ​មិន​មាន​ការងារ​ធ្វើចូលទៅអនុវត្តកាតព្វកិច្ចយោធានេះ ព្រោះ​ការ​ហ្វឹកហ្វឺន​យោធា​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ឡើង។

អ្នកវិភាគនយោបាយ លោក មាស នី យល់ថា ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺពិតជាចាំបាច់ ដោយលោកលើកឡើងពីបទពិសោធន៍នៃការប្រឈមមុខដាក់គ្នាជាមួយប្រទេសជាប់ព្រំដែនដូចជា ប្រទេសវៀតណាមកន្លងទៅ និងថ្មីៗនេះជាមួយប្រទេសថៃ ដោយលោកកត់សម្គាល់ថា ប្រទេសថៃមានកងទ័ពបម្រុងប្រមាណ៣០ម៉ឺននាក់។

លោកថ្លែងថា៖ «ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយក្ដី យ៉ាងហោចណាស់ក៏កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះយោធាក្នុងការការពារខ្លួន»

លោក មាស នី គូសបញ្ជាក់ថា ការហ្វឹកហ្វឺនយោធាមិនត្រឹមតែធ្វើឱ្យយុវជនកម្ពុជាទទួលបានជំនាញយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឱ្យមានសុខភាពល្អផងដែរ។ លោកបន្តថា៖ «យើងក៏ដឹងដែរថាសព្វថ្ងៃនេះបញ្ហានៃយុវជនប្រើប្រាស់គ្រឿងញៀនក៏វាមានច្រើនសន្ធឹកដែរ។ ដូច្នេះខ្ញុំគិតថាប្រសិនបើយើងមានលក្ខខណ្ឌត្រឹមត្រូវ ហើយជ្រើសរើសយុវជនដើម្បីចូលរួមបរិយាកិច្ចយោធា វាគឺជារឿងត្រឹមត្រូវ ហើយសមស្របនឹងពេលវេលានេះ និងសម្រាប់ពេលអនាគតផងដែរ»

យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០០៦ បានតម្រូវឱ្យយុវជនខ្មែរដែលមានអាយុចន្លោះពី១៨ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។ ដោយឡែក សម្រាប់ស្រ្តីភេទ គឺផ្អែកលើការស្ម័គ្រចិត្ត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Military Conscription Law to be Enforced in 2026 to Strengthen Defence, Augment Army

301 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម