ការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈរបស់កម្ពុជា ដោយសារការបាញ់ប្រហាររបស់យោធាថៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមមានផ្ទះជាង៣០០ខ្នង និងសាលារៀនចំនួន២៥ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន ខណៈសេវាសាធារណៈមួយចំនួនធំបន្តផ្អាកដំណើរការនៅឡើយ។ នេះយោងតាមក្រសួងមហាផ្ទៃបានលើកឡើង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ការខូចខាតទ្រព្យសម្បត្តិឯកជនសរុប រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/ សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ៥គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និង និងសត្វពាហនៈសត្វព្រៃ២ក្បាល បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។
ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៦ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ជាការកត់សម្គាល់ នៅខេត្តពោធិ៍សាត់ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង។
ក្រសួងមហាផ្ទៃ បានបន្តថា មានជនភៀសសឹក ២៥ ៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់ មាន ២៤២ ២៦៧នាក់ ក្នុងនោះស្ត្រី ១២៧ ៨៨៦នាក់ និងកុមារ ៧៨ ៩០៧នាក់ បន្តស្នាក់នៅជំរំ។
ក្រសួងបានបន្តទៀតថា ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ មានសាលារៀន១០៧ មន្ទីរពេទ្យ/មណ្ឌល សុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក១ ឃុំ-សង្កាត់៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ) (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ បន្តបិទផ្អាក។ ដូចគ្នានេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យមណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។
អាជ្ញាធរខេត្តតាមព្រំដែនខ្មែរ-ថៃ បានចុះកិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។
ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។
ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទះ។
ខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ។
ខេត្តពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី និងខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះ ពិនិត្យ និងផ្តល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ។
ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានកំពុងបន្តយកចិត្តទុកដាក់ធានាការវិលមករកប្រក្រតីភាពនៃសេវាសាធារណៈដែលបានបិទផ្អាក ខិតខំបង្កលក្ខណៈជូនជនភៀសសឹកវិលទៅលំនៅឋានដោយសុវត្ថិភាព ដោះស្រាយបញ្ហាផ្ទះសំបែង និងភូមិករពលរដ្ឋរងការខូចខាត សហការគាំទ្របេសកកម្មបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងយកចិត្តទុកដាក់អនុវត្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី៕








