សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកយកព័ត៌មាន ខេមបូឌា ដេលី រួចផុតពីបទចោទ ប៉ុន្តែការវាយប្រហារលើសេរីភាពសារព័ត៌មាន នៅតែមានដដែល

អតីតអ្នកយកព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក អូន ភាព (ខាងលើ) និងលោក Zsombor Peter ដែលចុះទៅធ្វើអត្ថបទព័ត៌មាននៅខេត្តរតនគិរីកាលពីឆ្នាំ ២០១៧ បានរួចផុតពីបទចោទកាលពីថ្ងៃអង្គារ បន្ទាប់ពីដើមបណ្តឹងបានដកពាក្យបណ្តឹង។
អតីតអ្នកយកព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក អូន ភាព (ខាងលើ) និងលោក Zsombor Peter ដែលចុះទៅធ្វើអត្ថបទព័ត៌មាននៅខេត្តរតនគិរីកាលពីឆ្នាំ ២០១៧ បានរួចផុតពីបទចោទកាលពីថ្ងៃអង្គារ បន្ទាប់ពីដើមបណ្តឹងបានដកពាក្យបណ្តឹង។

លោក អូន ភាព ជា​អ​តី​ត​​​អ្នក​យក​ព័ត៌​មានកាសែត ឌឹ ​ខេម​បូ​ឌា ​ដេលី​​ មានអារម្មណ៍​ធូរ​ស្បើយក្នុងចិត្ត​​​ បន្ទាប់ពី​ដើម​បណ្តឹងនៅ​ខេត្តរតនគិរី​​ ​ដែលបាន​ប្តឹង​រូប​លោក​និង​សហ​ការីឈ្មោះ​ Zsombor Peter បានដកពាក្យបណ្តឹងរបស់​ខ្លួន​វិញ​នៅសប្តាហ៍នេះ។

អ្នក​​​សារ​​ព័ត៌​​មាន​​ទាំង​ពីរ​​រូប​ ដែល​ល្បី​ខាង​សរ​សេរ​​រឿង​ស៊ើប​អង្កេត​ស្តី​ពី​ការ​កាប់ឈើ​​ខុស​​ច្បាប់​​និង​​បញ្ហា​​ប​​​រិ​​ស្ថាន​ផ្សេង​​ទៀត​​ បាន​ទៅ​ឃុំ​​ប៉ា​​តេ​​ក្នុង​ខេត្ត​នេះ ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ ​ដើម្បី​រាយ​ការណ៍​​អំ​ពី​មូល​ហេតុអ្វី​បាន​ជា​គណបក្ស​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​នៅ​​មណ្ឌល​បោះ​ឆ្នោតមួយនេះ។

លោក​ រម៉ាំ​ យ៉ូ​ត ដែល​កាលនោះ​ ​​ជា​​មេ​​ឃុំ​​គណ​​បក្ស​​សម​ រង្ស៊ី មិនសប្បា​យ​ចិត្ត​នឹង​ការ​សាកសួរ​របស់​អ្នក​ទាំង​ពីរ​ ហើយ​បាន​សម្រេច​ចិត្ត​ប្តឹង​អ្នក​សារព័ត៌​មាន​​ទាំង​ពីរ​​ពី​បទ​​​ញុះ​​ញង់​​​ ហើយរឿងស្តីពី​ការ​បោះ​ឆ្នោ​​ត​មួយ​ បាន​ប្រែ​ក្លាយ​យ៉ាងឆាប់​រហ័ស​​ទៅ​ជា​បណ្តឹង​ផ្លូវ​ច្បាប់​ដែល​អូសបន្លាយ​រយៈ​ពេល​ ៣០ខែ ​​សម្រាប់​អ្នកយក​ព័ត៌​មាន​ទាំង​ពីរ ដែលបាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំងពី​ពេល​នោះ​។

កាល​ពី​​ថ្ងៃ​អង្គារ​ សា​លា​​ដំ​បូង​​ខេត្ត​​រត​​ន​​គិរី​​បាន​​ប្រ​​កាស​​ថា លោក រម៉ាំ យ៉ូ​ត បាន​ដក​​ពាក្យបណ្តឹង​លើ​​លោក អូន ភាព​ និង​​ Zsombor Peter ។ ​លោក​ កែវ ពិសិដ្ឋ ជា​អ្នក​នាំពាក្យ​តុលា​ការ​ខេត្តរតនគិរី​ គ្រាន់​តែ​ប​ញ្ជាក់​ថា​ ការ​ចោទ​ប្រ​កាន់ត្រូវ​បាន​ទម្លាក់​ហើយ​។

លោក ពិសិដ្ឋ បានមាន​ប្រសាសន៍​ថា៖​ «បាទ​!​ លោក​ចៅ​ក្រម​ [ គង់ តាំង​ម៉េង​] បាន​ទម្លាក់​ការ​ចោទ​ប្រ​កាន់​លើ​ជន​ជាប់​ចោទ​ទាំង​ពីរ​។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​លម្អិត​ទេ​ ពី​ព្រោះ​​ក្រ​​​ឡា​​បញ្ជី​​បាន​​ប្រាប់​​ខ្ញុំ​​ថា​ ដើម​ចោទ​បាន​ដក​ពាក្យ​បណ្តឹងរបស់​គាត់​ហើយ​”​»។

លោក អូន ភាព ដែល​បច្ចុ​ប្បន្ន​រស់​នៅ​សហ​រដ្ឋ​អា​មេ​រិក​និង​កំ​ពុង​រង់​ចាំដំ​ណើ​រ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​​បាន​និ​យា​យ​ថា​ ការ​ទម្លាក់​ការ​ចោទ​ប្រ​កា​ន់​នេះ​ បាន​​ផ្តល់​ការ​ធា​នា​តិច​តួច​​ដល់​លោក​ដែល​ថា លោក​​អាច​ត្រ​ឡប់​មក​ប្រ​ទេស​កម្ពុ​ជា​វិញ​ដោយ​សុ​វត្ថិ​ភាព​។ ក្រុម​គ្រួ​សាររបស់​​អ្នក​យក​ព័​ត៌​មានរូបនេះ​​កំពុង​តែ​រស់​នៅ​ក្នុង​ប្រ​ទេសនៅឡើយ​។

លោក អូន ភាព បាន​ប្រាប់​ខេម​បូ​ចា​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា៖ «ប្រ​សិន​បើយើង​ក្រ​ឡេក​មើល​ស៊ី​ជ្រៅ​  [ការ​វិ​​វត្តន៍​នេះ] វាមិន​បាន​​ផ្តល់​​យុត្តិ​​ធម៌​​ដល់​​យើង​​ទេ​​»។

លោក​បាន​និយាយ​ថា៖ «ប្រ​សិន​បើ​តុ​លា​ការ​ចង់​ផ្តល់​យុត្តិ​ធម៌​ដល់​យើង​​ គាត់​​គួរ​ធ្វើ​តាំង​ពី​យូរមកហើយ។​ គាត់​មិន​ចាំ​បាច់​រង់​ចាំ​ឲ្យ​​យើង​រត់​គេច​ខ្លួន​ ហើយ​​​នៅ​ឆ្ងាយ​ពី​ប្រ​ពន្ធ​កូនរបស់ខ្ញុំនោះទេ​»។

ការ​បា​​រម្ភ​​រប​ស់​លោក អូន ភាព​ ពិតជាមាន​ហេតុ​ផល​។ ប្រ​ទេស​កម្ពុជា​មាន​ការផ្តន្ទា​ទោស​ និង​ការ​ឃុំ​ខ្លួន​អ្នក​សារ​ព័​ត៌​មាន​យ៉ាងច្រើន​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ សុវណ្ណ រិទ្ធី ជាអតីត​​អគ្គនាយក​បណ្តាញសារ​ព័ត៌មាន​ TVFB ដ៏មានប្រ​ជា​ប្រិយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ប៉ុន្តែទោសនៅ​សល់​ត្រូវបានព្យួរ​កាល​ពី​ខែ​តុ​លា​ ដោយ​​គ្រាន់​​តែ​​រាយ​​ការណ៍​ពី​សុន្ទរក​ថា​របស់លោ​ក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​។ ចាងហ្វាងការផ្សាយ​ម្នាក់​ទៀត​គឺលោក​ រស់ សុឃិត​ក៏ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ផងដែរ​ ដោយ​សារតែ​ការ​សរសេរចំណង​ជើង​បែប​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​បណ្តាញ​ហ្វេសប៊ុក ហើយ​បច្ចុប្បន្ន​ លោក​កំពុង​អនុវត្តទោស​ក្នុង​ពន្ធ​នា​គារ​ព្រៃ​ស​នៅ​ឡើយ​។

ចំណែក​លោក សុខ ឧត្តម​ ជា​ម្ចាស់​​ស្ថា​​នី​​យ៍​​វិទ្យុ​​ កំ​ពុង​រង់​ចាំ​​ការ​ប្រកាស​សាល​ក្រម​នៃ​ករណី​​ញុះ​ញង់​ ដែល​លោក​​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ញុះ​ញង់​អ្នក​ភូមិ​ប្រ​ឆាំង​នឹង​យោ​ធា​ទាក់​​ទិន​នឹង​ជម្លោះដី​​ធ្លី​។

កាល​ពី​ឆ្នាំ ២០​១៧ កា​សែត​ ឌឹ ខេម​បូឌា ដេ​លី​ បានបង្ខំ​ចិត្ត​​បិទ​ទ្វារ​ បន្ទា​ប់ពី​បដិ​សេធ​មិន​បង់​ប្រាក់​​ពន្ធ​ហួស​កំរិត​។ ប៉ុន្មាន​សប្តា​ហ៍​ក្រោយ​មក​ វិទ្យុ​អា​ស៊ី​សេ​រីបាន​ប្រ​កាស​បិទ​ការិ​យា​ល័យ​រប​ស់​ខ្លួនក្នុង​ក្រុង​ភ្នំពេញ​​ដោយ​​សារ​​ការ​បារម្ភ​ពី​បញ្ហា​​សន្តិ​​សុខ​​និង​​បញ្ហា​​ពន្ធ​​។ កា​សែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ត្រូវ​បាន​លក់កាល​ពី​ខែ​ឧស​ភាឆ្នាំ​ ២០​១៨ ទៅ​វិ​និ​យោ​គិន​ម៉ា​ឡេ​ស៊ី​ម្នាក់​ ដែល​ក្រុម​ហ៊ុន​ទំនាក់​ទំ​នង​សា​ធា​​​រណៈរបស់​វិនិយោគិន​រូបនេះ ​បាន​ធ្វើ​ការ​ឱ្យ​រដ្ឋា​ភិ​បា​ល​កម្ពុ​ជា​។ 

លោក អូន ភាព ពេញ​​ចិត្ត​នឹង​​​វិ​ជ្ជា​ជីវៈ​​សា​​រ​​ព័​ត៌​​មាន​​រប​ស់​​លោក​​​ខ្លាំងយ៉ាងខ្លាំង​ ហើយ​​បា​ន​​និ​​យា​​យ​​ថា ប្រសិន​​​លោក​ត្រូវ​វិល​ត្រ​ឡប់​មក​វិញ​ លោកប្រ​ហែល​ជា​​វិល​ត្រ​ឡប់​ទៅ​ធ្វើ​ការ​ងារ​កាសែត​ ដែល​លោក​ធ្លាប់​​ធ្វើ​នៅ​កា​សែត​ ឌឹ ខេម​បូ​ឌាដេ​លី​។ ប៉ុន្តែ​ការ​កើន​ឡើង​នៃ​ការ​ចាប់​ខ្លួន​និង​លំហ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​បានរួម​តូច​​យ៉ាង​​ឆាប់​​រហ័ស​​​នេះ ធ្វើ​ឲ្យ​លោក​មាន​ការ​បារម្ភ​។

លោក​បន្ត​ថា៖​ «សម្រា​ប់​ពេល​នេះ​ យើង​មិ​ន​អាច​ត្រ​ឡប់​ទៅ​វិញ​បាន​ទេព្រោះ​យើង​នៅ​តែ​ចង់​ធ្វើការងារ​​ជា​អ្នក​កា​សែត​ បន្ទាប់​ពី​ត្រ​ឡ​ប់​ [ ទៅ​​កម្ពុជា] ​វិញ​។ ហើយប្រសិន​បើ​យើង​​​សរ​​សេរ​​អត្ថ​​បទ​រិះ​គន់​ [អ្នក​មាន​អំ​ណាច​] ពួក​គេ​នឹង​ចាប់​យើង​ដាក់​ពន្ធ​នាគារ​ម្តង​​ទៀត​»​។

អ្នក​កា​សែត​ជើង​ចាស់​រូប​នេះ​ ស្ទាក់​ស្ទើរ​មិន​ចង់​​និ​យា​យលម្អិត​​អំ​ពី​ស្ថាន​ភាពផ្ទាល់​ខ្លួន​របស់​លោក​។ លោក​បាន​និ​យា​យ​ថា​ គាត់​​ធ្វើ​ការ​ក្រៅ​ម៉ោងដែល​គ្រប់​គ្រាន់​សម្រាប់​​​តែការ​​​ចំ​ណាយលើ​ការ​រស់​នៅ​របស់​លោក​ប៉ុណ្ណោះ​។

លោក​បាន​និ​យា​យ​ថា​ គោល​ន​យោ​បាយ​អន្តោ​ប្រ​វេសន៍​រប​ស់​រដ្ឋ​បាល​លោក Trump បានធ្វើ​ឲ្យ​ដំណើរ​ការ​ដាក់​ពាក្យ​សុំ​សិ​ទ្ធិ​ជ្រក​កោន​របស់លោក​មាន​ការ​យឺត​​យ៉ាវ​ហើយ​​ការ​​ទម្លា​​ក់​​បទ​​ចោទ​​នេះ​ ​ក៏ជា​​ឧប​សគ្គ​ថ្មីសម្រាប់​លោក​ផង​ដែរ​​។

លោក អូន ភាព បាន​និយាយថា៖ « [ អន្តោ​ប្រ​វេស​ន៍​អា​មេ​រិក​ ] នឹង​សួរ​ខ្ញុំ​ ដោយ​សារ​ករ​​ណី​​រប​​ស់​​​​​យើង​​​​ត្រូវ​​​បាន​​​​ទម្លាក់​ចោល​​ តើ​ខ្ញុំ​នៅ​តែ​​ប្រឈម​នឹងគ្រោះ​ថ្នាក់​ឬ​ទេប្រ​សិន​បើ​​ខ្ញុំ​ត្រ​ឡប់​ទៅ​ [ ប្រ​ទេស​កម្ពុ​ជា​វិញ ] ​?​»

ខេ​ម​បូ​ចា​​មិន​អាច​​ទាក់​​ទង​សុំ​ការ​បំ​ភ្លឺ​ពី​លោក Zsombor Peter។

លោក​ សេក​ សុ​ភ័​ណ្ឌ មេ​​ធា​​វីការ​ពារ​​​អ្នក​​កា​​សែត​ទាំង​ពីរ​​​​មាន​​​សេ​​ច​​​ក្តី​​ត្រេក​​អរ​ ​ដែល​តុ​​លា​​ការ​​បាន​​សម្រេច​​ទម្លា​​ក់​​ការ​​ចោទ​​ប្រ​​កាន់​ ​ដោយ​​និ​​យា​​យ​​ថា​ វាជា​លទ្ធ​ផល​ត្រឹមត្រូវ។

លោក សុ​​ភ័ណ្ឌ ដែល​ចូល​រួម​ក្នុង​សវ​នាកា​រ​កា​លពី​ថ្ងៃ​អង្គារ​បាន​និ​យា​យ​ថា​ ដើម​បណ្តឹង​ឈ្មោះ​ រម៉ាំ​ យ៉ូ​ត​ បាន​អះអា​ង​ថា​ រឿង​ក្តី​នេះ​បាន​ចំ​ណាយ​​ពេ​ល​យូរពេក​​។ ខេម​បូ​ចា​​មិន​អាច​សុំ​ការ​បំ​ភ្លឺពីលោក រម៉ាំ​ យ៉ូត ​បាន​​ទេ​​។

​ លោក សុ​ភ័ណ្ឌ បាន​ដក​ស្រង់​សម្តី​រប​ស់​លោក​ រម៉ាំ យ៉ូត អំឡុង​សវនា​ការ​ថា​៖ «ខ្ញុំ​បញ្ចប់​រឿង​ក្តីនេះ ​ព្រោះ​វា​បាន​ចំ​ណា​យ​ពេល​យូរ​​ហើយ​ខ្ញុំ​មិន​អាច​ចាំ​រឿង​ក្តី​នេះ​​​​ទេ​​​»

ក្រុម​សង្គ​ម​ស៊ី​វិ​ល​និង​អ្នក​ត​ស៊ូ​ម​តិ​ផ្នែក​សេ​រី​ភាព​សារ​ព័ត៌​មាន​បានស្វា​គមន៍​ចំ​ពោះ​ការ​វិ​​វត្តន៍​នេះ​ ប៉ុន្តែ​បាន​និ​យា​យ​ថា​ អ្នក​កា​សែ​ត​ផ្សេង​ទៀត​ ដែល​ប្រ​ឈមនឹង​ការ​ចោទ​ប្រ​កាន់​ស្រដៀង​គ្នា​គួ​រ​តែ​ត្រូវ​រួច​ខ្លួន​​​ឬ​ទម្លាក់​​ការ​​ចោទ​​ប្រ​​កាន់​​។

លោក ណុប វី នា​យ​ក​ប្រ​តិ​បតិ្ត​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ (ខេមបូចា)​ បាន​មាន​ប្រ​សា​ស​ន៍​ថា​ អ្នក​កា​សែត ​ដែល​​រា​យ​​ការ​​​ណ៍​​​រឿង​​រ៉ាវ​​និងផ្សព្វ​​ផ្សាយ​​ព័ត៌​មាន​ជូន​​​សា​​ធា​រ​​ណៈ​ជន​មិន​​គួ​​រ​​ត្រូវ​​បាន​​​​ដាក់​ទោស​​​ចំ​ពោះកា​រ​​បំ​​ពេញ​​ការ​​ងារ​របស់​​ពួក​​គេ​​ឡើយ​​។

លោក​បាន​​គូសបញ្ជាក់​ពី​​ករ​ណី​រប​ស់​អ្នក​​សម្រប​សម្រួល​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សា​យ​លោក រ៉ាត់ រត្នមុន្នី​ ដែល​ត្រូវ​បានផ្តន្ទា​​ទោស​​ដោយ​សារ​​​ជួយ​​បណ្តាញ​ទូរទស្សន៍​រុស្ស៊ី RT ផលិត​ភាព​យន្ត​ឯក​សារ​ដែលធ្វើឱ្យរដ្ឋាភិបាលមិន​សប្បាយ​ចិត្ត​។

ស្រ​ដៀង​គ្នា​នេះ​ដែរ​ អតី​ត​អ្នក​យក​ព័ត៌​មាន​វិ​ទ្យុ​អា​ស៊ី​សេរី​លោក​ អ៊ួន ឈិន​ និង​​លោក​ យាង សុ​ធា​រិ​ន​ កំ​ពុង​​រង់​​ចាំ​​ការ​​បញ្ចប់​​ការ​ជំ​នុំ​ជម្រះ​លើបទ​ចោទ​ចារ​កម្ម​ដែល​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ថា​ បាន​ផ្តល់​ព័ត៌​មាន​ដល់​រដ្ឋ​បរ​ទេ​ស​។ 

ដោយ​សំ​ដៅ​ដល់​ករណី​របស់​អ​តី​ត​អ្នក​យក​ព័ត៌​មាន​វិទ្យុ​អា​ស៊ី​សេ​រី​ លោក​ ណុប វីបាន​និ​យាយ​ថា៖ «វា​ជា​សញ្ញា​ល្អ​ ហើយ​យើង​សង្ឃឹ​ម​ថា សា​លា​ដំ​បូង​រាជ​ធា​នីភ្នំ​ពេញ​នឹង​ទម្លា​ក់​ការ​ចោទ​ប្រ​កាន់​លើ​ពួក​គាត់​ផង​ដែរ​»

លោក​បន្តថា៖ «ខ្ញុំ​គិ​ត​ថា វា​ជា​​ពេល​វេ​លា​ដ៏​ត្រឹម​ត្រូវ​ ព្រោះ​ករ​ណី​រប​ស់​ពួក​គាត់​​បាន​អូស​បន្លា​យ​ជា​ច្រើន​ឆ្នាំ​ ហើយ​​វា​​ប៉ះ​​ពាល់​​ដល់​​សិទ្ធិ​​​សេ​​រី​​ភាព​​របស់​ពួក​គាត់​»៕

155 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម