សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការយាយីផ្នែកច្បាប់ សេរីភាពសារព័ត៌មានធ្លាក់ចុះ និងជំនួយរួមតូច កំពុងគំរាមកំហែងអ្នកសារព័ត៌មាន

រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)
រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ចំពេលមានការគំរាមកំហែងផ្នែកច្បាប់ ការថយចុះជំនួយ និងការរឹតត្បិតកាន់តែខ្លាំង។ របាយការណ៍ឆ្នាំ២០២៤នេះ ក៏បង្ហាញ​ពីការតស៊ូរបស់អ្នកសារព័ត៌មានស្ត្រី ដោយអំពាវនាវឱ្យមានកំណែទម្រង់ និងបង្កើនការការពារជាបន្ទាន់​។

ការវាយតម្លៃប្រចាំឆ្នាំស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំមុន ត្រូវបានចេញផ្សាយដោយ CCIM ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកសារព័ត៌មានចំនួន ១០០នាក់ ការពិភាក្សាជាក្រុម និងកិច្ចសម្ភាសន៍ជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

របាយការណ៍នេះ បានគូសបញ្ជាក់ពីស្ថានភាពរបស់ប្រព័ន្ធផ្សព្វផ្សាយចំពេលមានការយាយី ការគំរាមកំហែងផ្នែកច្បាប់ និងឧបសគ្គស្ថាប័នសម្រាប់សារព័ត៌មានឯករាជ្យ ដោយសារពលរដ្ឋ និងអ្នកសារព័ត៌មានអនឡាញបានក្លាយជាតួអង្គសំខាន់ក្នុងការនាំយកព័ត៌មានទៅកាន់សាធារណជន។

ក្នុង​ឆ្នាំ​២០២៤ ជិតពាក់កណ្ដាលនៃអ្នក​សារព័ត៌មាន​កម្ពុជាដែលចូលរួមក្នុងការវាយតម្លៃ លើកឡើង​ថា ​ស្ថានភាពសេរីភាព​សារព័ត៌មានហាក់​នៅ​ទ្រឹង ហើយប្រមាណ ៣៩ភាគរយ ជឿថា វាកាន់តែអាក្រក់ទៅៗ។

មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា បរិយាកាស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​លក្ខណៈ«ចង្អៀត» ឬ​មាន​លក្ខណៈ​សេរី ហើយ​មាន​អារម្មណ៍​ថា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ការពារ​សេរីភាព​សារព័ត៌មាន​ឱ្យបាន​ពេញលេញ។

ទោះបីជាយ៉ាងណាក៏ដោយ ការលាយបញ្ចូលគ្នារវាងអ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានពលរដ្ឋនៅតែសកម្ម។​ ភាគច្រើនអ្នកដែលនៅតំបន់ជនបទទទួលបានការគាំទ្រមានកម្រិត។ ទោះ​ជា​យ៉ាង​ណា អ្នក​សារព័ត៌មាន ៣៦ភាគរយ នៅ​តែ​ខ្វះ​បណ្ណ​សារ​ព័ត៌មាន​ដែល​មាន​សុពលភាព។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានចងក្រងករណីយាយីចំនួន៤១លើអ្នកសារព័ត៌មានចំនួន៦៤នាក់ក្នុងឆ្នាំ២០២៤។ ចំណាត់ការផ្លូវច្បាប់គឺជាការគំរាមកំហែងញឹកញាប់បំផុត ដោយអ្នកសារព័ត៌មានចំនួន៥នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងការចាប់ខ្លួនពីបទញុះញង់ ឬបទបរិហារកេរ្តិ៍។

បញ្ហាសិទ្ធិមិនត្រូវបានរាយការណ៍ទូលំទូលាយ

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា របាយការណ៍នេះបង្ហាញពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យដែលរាយការណ៍អំពីបញ្ហារសើប។ អ្នកស្រីបន្ថែមថា នៅកម្ពុជាមានចំនួនអ្នកសារព័ត៌មានជិត១ម៉ឺននាក់ ប៉ុន្តែចំនួនអ្នករាយការណ៍អំពីព័ត៌មានរសើបមានការថយចុះ។ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ទាំង​នោះ​ អ្នកសារព័ត៌មានជា​ស្ត្រីទោះ​បី​ជា​មាន​ចំនួន​តិច​ជាង​បុរស​ក៏​ដោយ ក៏​អ្នកស្រី​បាន​បន្ថែម​ថា ពួក​គេ​ប្រឈម​មុខ​នឹង​ការ​យាយី និង​ការ​រើសអើង។

របាយការណ៍នេះបានសំណូមពរដល់អ្នកសារព័ត៌មាន ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អ្នកផ្តល់មូលនិធិ និងរដ្ឋាភិបាល ឱ្យធ្វើការរួមគ្នាដើម្បីធានាឱ្យមានការគោរពស្មើគ្នាចំពោះអ្នកសារព័ត៌មានដែល«ហ៊ានរាយការណ៍ការពិត»។

អ្នកស្រី សុគន្ធា មានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា មតិសំណូមពរនឹងត្រូវបានពិនិត្យឡើងវិញ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មានឱ្យមានសិទ្ធិ និងឱកាសស្មើគ្នា ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី ក៏ដូចជា [ការការពារ] ពីការយាយី និងការរើសអើងផ្សេងៗ»។

អតីតអ្នកយកព័ត៌មាននៅVOA លោក ហាន ណូយ បាននិយាយថា លោកបានប្រឈមមុខនឹងការរឹតត្បិត បញ្ហាប្រឈមផ្លូវច្បាប់ និងបទសម្ភាសន៍ប្រកបដោយហានិភ័យ កំឡុងពេលលោកធ្វើការជាអ្នកសារព័ត៌មានអស់រយៈពេលបួនឆ្នាំនេះ។ បច្ចុប្បន្ននេះ លោក ណូយ ពុំទាន់មានការងារវិញនៅឡើយទេ ចាប់តាំងពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ការ​ផ្តល់​មូលនិធិ​សម្រាប់ VOA​។ កត្តានេះ វាបានធ្វើឱ្យគាត់ពិបាកក្នុងការស្វែងរកការងារនៅក្នុងប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ ទោះបីជាគាត់ចង់បន្តចំណង់ចំណូលចិត្តរបស់គាត់ក៏ដោយ។

លោក ណូយ បានលើកឡើងថា៖ «បន្ទាប់ពីរដ្ឋបាលលោក ត្រាំ កាត់បន្ថយការផ្តល់មូលនិធិ ខ្ញុំបានបាត់បង់ការងារ។ វាពិតជាលំបាកណាស់ក្នុងការស្វែងរកការងារ។ ក្រឡេកមើលស្ថានភាពបច្ចុប្បន្ន ខ្ញុំមិនជឿថាស្ថានភាពប្រព័ន្ធផ្សព្វផ្សាយរបស់យើងប្រសើរជាងនេះទេ ជាពិសេសផ្នែកហិរញ្ញវត្ថុ។ តាមពិត យើងប្រឈមមុខនឹងការរឹតបន្តឹងផ្លូវច្បាប់រួចហើយ ហើយឥឡូវនេះយើងកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ»។

អង្គភាពសារព័ត៌មានឯករាជ្យកាន់តែខ្វះថវិកា ដោយសារការផ្លាស់ប្តូរជំនួយរបស់ម្ចាស់មូលនិធិ និងប្រាក់ចំណូលក្នុងស្រុកកាន់តែក្រៀមស្វិត ធ្វើឱ្យការរស់នៅបន្តប្រឈមជាបន្តបន្ទាប់។

ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

លោក វ៉ា សុភានុត អ្នកសារព័ត៌មានឯករាជ្យបានសម្តែងការសោកស្តាយចំពោះការដកថវិកាភ្លាមៗពី USAID បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការផ្អាកការផ្តល់មូលនិធិរយៈពេល ៣០ថ្ងៃនៅក្នុងខែកុម្ភៈ។

លោក សុភានុត បានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «សហរដ្ឋអាមេរិកគួរតែផ្តល់ពេលយ៉ាងហោចណាស់បីខែសម្រាប់ស្ថាប័នពាក់ព័ន្ធ ឬអ្នកទទួលជំនួយ USAID ដើម្បីរៀបចំ»។

លោក​បាន​បញ្ជាក់​ថា ការ​កាត់ផ្ដាច់​ជំនួយ USAID ភ្លាមៗ​បាន​ធ្វើ​ឱ្យ​លោក និង​សហការី​ផ្សេង​ទៀត​បាត់បង់​ការងារ​ភ្លាមៗ។ លោកបន្តថា គម្រោង​សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ក៏​បាន​រង​ផល​ប៉ះពាល់​ដែរ ដោយ​មាន​អង្គភាពសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ប៉ុណ្ណោះដែលកំពុងអាចបន្តប្រតិបត្តិការនៅ​ពេល​នេះ​។

លោក សុភានុត បានបន្ថែមថា​៖ «​បន្ទាប់​ពី​ការ​ផ្អាក​ជំនួយ ខ្ញុំ​សង្កេត​ឃើញ​ថា ការ​តវ៉ា​របស់​ពលរដ្ឋ និង​កម្មករ​ទាក់ទង​នឹង​ដីធ្លី និង​សិទ្ធិ​ការងារ មិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យបាន​ទូលំទូលាយ​ទេ»។

អ្នក​សារព័ត៌មាន​ស្រ្តីគឺ​ជាធនធាន​មិន​អាច​ខ្វះ​បាន

ប្រធានក្រុមបណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា(CFJ) អ្នកស្រី ហង្ស សម្ផស្ស មានប្រសាសន៍ថា ស្ថានភាពសេរីភាពសារព័ត៌មានមិនល្អ ដោយសារកត្តាដែលប៉ះពាល់ដល់ឧស្សាហកម្មនេះ ដូចជាការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ការបាត់បង់ជំនួយពីសហរដ្ឋអាមេរិក និងការដកគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត។

លើសពីនេះ ស្ថាប័នឯករាជ្យ ឬអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហារសើប តែងតែប្រឈមមុខនឹងបញ្ហា។

អ្នកស្រីបានមានប្រសាសន៍ថា​៖ «​ខ្ញុំ​ជា​បុគ្គលិកធ្វើការក្នុងវិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​ពិត​ជា​ចង់​ឃើញ​ស្ថានការណ៍​ប្រសើរ​ឡើង​»។ ចំពោះបញ្ហានេះ អ្នកស្រីជឿជាក់ថា រដ្ឋាភិបាលគួរតែចូលរួមចំណែកក្នុងការបើកលំហសេរីភាពសារព័ត៌មាន អនុញ្ញាតឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាចដើរតួនាទីរបស់ពួកគេបានដោយគ្មានការរឹតត្បិតណាមួយឡើយ។

លើសពីនេះ ដៃគូពាក់ព័ន្ធគួរតែធ្វើការរួមគ្នាដើម្បីគាំទ្រស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយកម្ពុជាគួរតែមានថវិកាជាតិសម្រាប់គាំទ្រអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាសង្គម និងដោយឯករាជ្យ។

យោងតាមការវិភាគស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា របស់អ្នកសារព័ត៌មានចំនួន ៤៦៧ នាក់ ដែលបានចែករំលែកនៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា បង្ហាញថា ស្ថានភាពសារព័ត៌មានក្នុងឆ្នាំ២០២៥ ត្រូវបានចាត់ទុកថា«ល្អណាស់»។ ក្នុងនោះ ជាង ៨៦ភាគរយ នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមាន «សេរីភាពពេញលេញ» និង«មានអារម្មណ៍ថាមានសុវត្ថិភាព» នៅពេលបំពេញការងាររបស់ពួកគេ។ ដោយឡែក ៨១,៤ភាគរយ បានផ្តល់ «ការវាយតម្លៃជាវិជ្ជមាន» ដល់ស្ថានភាពសេរីភាពសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានប្រាប់អ្នកសារព័ត៌មានខេមបូចា ថា របាយការណ៍របស់CCIM បានជួយចងក្រងរាល់បញ្ហា និងសកម្មភាពរបស់អ្នកសារព័ត៌មានក្នុងប្រទេស។ លោកបានជំរុញឱ្យអ្នកសារព័ត៌មាន ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងសមាគមនានាបន្តគាំទ្រ និងលើកកម្ពស់សេរីភាពសារព័ត៌មាន និងកែលម្អលក្ខខណ្ឌការងាររបស់អ្នកសារព័ត៌មាន ព្រោះនេះជា«គោលដៅរួមរបស់រដ្ឋាភិបាល»។

អ្នកនាំពាក្យរូបនេះ ក៏បានលើកទឹកចិត្តអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់ ប្រសិនបើពួកគេសម្រេចចិត្តមើលរំលង។ លោក​ថា គួរ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ស្វែង​រក​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លុះ​បញ្ចាំង​ការពិតត្រឹមត្រូវ និង​ច្បាប់។

ទាក់​ទិន​នឹង​ចំនួន​ស្ត្រី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ លោក អស្នារិទ្ធ ថ្លែង​ថា ក្រសួង​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលប្រឡូក​ក្នុង​អាជីពនេះ។ លោក​បាន​បន្ថែម​ថា វត្តមាន​ស្ត្រី​ក្នុង​ឧស្សាហកម្ម​នេះ​គឺ «​មិន​អាច​ខ្វះ​បាន​» ដោយ​កត់សម្គាល់​ថា​វា​ជា​អាទិភាព​សម្រាប់​ក្រសួង​ក្នុង​ការ​បង្កើន​ការ​ចូលរួម​។

លោក អស្នារិទ្ធ បានអះអាងថា៖ «ស្ត្រីអាចសរសេរអត្ថបទបែបស៊ីជម្រៅ [ទាក់ទងនឹងស្រ្តី] និងចូលរួមក្នុងការសម្រេចចិត្ត ជាពិសេសនៅក្នុងក្របខណ្ឌនៃការបង្កើតគោលនយោបាយ។ យើងនឹងបន្តផ្តល់អាទិភាពដល់ស្ត្រីសម្រាប់ឱកាសការងារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ»។

បញ្ឈប់​ការ​ចោទ​ប្រកាន់​ដោយប្រើក្រមព្រហ្មទណ្ឌ

នៅក្នុងរបាយការណ៍របស់ CCIM អ្នកសារព័ត៌មានបានអះអាងថា ពួកគេមាន«ការព្រួយបារម្ភបំផុត» អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន(ចំនួន៧៦ភាគរយ) ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ (ចំនួន៧៦ភាគរយ) សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ចំនួន៥៦ភាគរយ) និងគម្រោងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (ចំនួន៥៤ភាគរយ) ។

នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) លោក ណុប វី មានប្រសាសន៍ថា គួរតែមានការឆ្លើយតប និងសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ លោក​គូស​បញ្ជាក់​ថា កម្ពុជា​មាន​ច្បាប់​ជា​ច្រើន​ដូច​ជា​ក្រម​ព្រហ្មទណ្ឌ​ដែល​ប្រើ​សម្រាប់​ធ្វើ​ទុក្ខបុកម្នេញ និង​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន។ លោកបន្តថា ការផ្លាស់ប្តូរនយោបាយក៏ប៉ះពាល់ដល់សុវត្ថិភាពអ្នកសារព័ត៌មានផងដែរ។

លោកបានមានប្រសាសន៍ថា៖ «ទំនោរនៃការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីប្តឹងអ្នកសារព័ត៌មាន កំពុងកើនឡើង ហើយយើងបានឃើញការបង្កើតច្បាប់ថ្មីៗជាច្រើន ដូចជាច្បាប់ស្តីពីការគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន»។

លោក វី បានបន្ថែមថា៖ «ប្រសិនបើច្បាប់នេះមិនត្រូវបានពិភាក្សាឱ្យបានហ្មត់ចត់មុនពេលអនុម័តទេ វានឹងនាំទៅរកការប្តឹងអ្នកសារព័ត៌មានកាន់តែច្រើន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុកដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក»។

ជាមួយគ្នានេះដែរ របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដដែល ក៏បានជំរុញឱ្យរដ្ឋាភិបាលពង្រឹងការការពារសេរីភាពសារព័ត៌មានដោយកែសម្រួលច្បាប់ដែលរឹតបន្តឹងការងារអ្នកសារព័ត៌មាន រួមទាំងច្បាប់សារព័ត៌មាន ក្រមព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ របាយការណ៍នេះទាមទារឱ្យមានការអនុវត្តដោយយុត្តិធម៌ និងតម្លាភាពនៃបទប្បញ្ញត្តិប្រព័ន្ធផ្សព្វផ្សាយ ដូចជាធម្មនុញ្ញអ្នកសារព័ត៌មានអាជីព ដើម្បីជៀសវាងការបកស្រាយតាមអំពើចិត្ត។

ប្រភពដដែល ក៏អំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញនូវគម្រោងច្រកទ្វារអ៊ីនធឺណិតជាតិព្រោះវាមានសក្តានុពលក្នុងការបង្កើនការឃ្លាំមើល។ លើសពីនេះ រដ្ឋាភិបាលគួរតែសម្រួលដំណើរការចុះឈ្មោះសម្រាប់បណ្ណសារព័ត៌មាន និងការចុះឈ្មោះរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសសម្រាប់អ្នកធ្វើការដោយឯករាជ្យ។ រដ្ឋាភិបាលគួរតែចូលរួមជាមួយអ្នកសារព័ត៌មាន និងសង្គមស៊ីវិលក្នុងដំណើរការកំណែទម្រង់ផ្លូវច្បាប់ និងទម្លាក់ចោលនូវការចោទប្រកាន់ពីបទឧក្រិដ្ឋ ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Legal Threats, Shrinking Aid and Press Freedom Threaten Cambodian Journalism

ព័ត៌មានថ្មី

អត្ថបទពេញនិយម