សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋសាទរការរុះរើស្លាកផ្សាយគ្រឿងស្រវឹង ប៉ុន្តែបារម្ភការទទួលទានមិនថយចុះ

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)
ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនសាទរសកម្មភាពអាជ្ញាធររុះរើបដាតូច-ធំផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ ប៉ុន្តែពួកគាត់នៅតែបារម្ភថាចំនួនអ្នកទទួលទានហាក់មិនមានការថយចុះទេ។​

នៅដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាលក្រោយចូលកាន់តំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យលើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង។ ក្រោយ​ការណែនាំនេះ ក្រសួងពាក់ព័ន្ធបានចេញគោលការណ៍ និងសកម្មភាពគ្រប់គ្រងលើការផ្សព្វផ្សាយគ្រឿងស្រវឹង ចំណែកអាជ្ញាធរដែនដីមួយចំនួនក៏បានរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងដែរ។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរ​ដែន​ដី​នៅតាមរាជធានីខេត្ត រុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹង។ លោកបញ្ជាក់ថា ការផ្សព្វ​ផ្សាយ​ជំរុញឱ្យប្រើប្រាស់គ្រឿងស្រវឹងបង្កផលប៉ះពាល់ច្រើនជាងផលប្រយោជន៍រួមមានទាំងគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។

លោក ស សុខា ថ្លែងថា៖ «យើងឃើញថា៧០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ មានកត្តាច្រើន យានយន្ត បុគ្គល ប៉ុន្តែកត្តាមួយទៀតដែលយើងមិនអាចមើលរំលងបានគឺការប្រើប្រាស់គ្រឿងស្រវឹង ហើយខ្ញុំសូមសាជាថ្មីម្តងទៀតតាមរយៈពីវេទិកានេះ បើអាចទៅរួចសូមស្នើឱ្យឯកឧត្តមអភិបាលខេត្តថ្មី ក៏ដូចឯកឧត្តមអភិបាលខេត្តទាំងអស់ដែលមានវត្តមាននៅទីនេះពិនិត្យក្នុងការឆែកឡើងវិញទៅលើកុងត្រា ឬមួយការជួលដាក់ប៉ាណូជាសាធារណៈ[នៃ]ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ»

អ្នកនាំពាក្យសាលាខេត្តកំពង់ចាមលោក ស្រី សុភ័ក្រ បញ្ជាក់ថា ខេត្តនេះក្រោយពេលថ្នាក់ដឹកនាំណែនាំភ្លាម មន្ត្រីពាក់ព័ន្ធចាត់វិធានការអនុវត្តរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងភ្លាម។

លោក ស្រី សុភ័ក្រ ថ្លែងថា៖ «យុទ្ធនាការហ្នឹងយើងបានធ្វើវារួចហើយតាំងពីទទួលបានការណែនាំភ្លាមៗ [ដោយ]ឃើញគ្រប់កន្លែងបានរុះរើអស់ហើយនៅគ្រប់ស្រុក»

អ្នកនាំពាក្យសាលាខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធិ ថ្លែងថា បដាផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្លូវសំខាន់ៗរុះរើចេញបាន១០០ភាគរយ។ លោកបញ្ជាក់ថា អាជ្ញាធរតាមសង្កេតបន្តលើវិធានការនេះពិសេសគឺត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ។

លោក សៀម ប៊ុនរិទ្ធិ ថ្លែងថា៖ «នៅពេលយប់ គ្រប់តាមប្រជុំជនស្រុកក៏ដូចជានៅក្នុងក្រុងបាត់ដំបង យើងធ្វើការត្រួតពិនិត្យបញ្ហាហ្នឹង[ការប្រើប្រាស់គ្រឿងស្រវឹង] ចឹងបានន័យថាមានការថយចុះករណីហ្នឹង។ ជាទូទៅរាល់ថ្ងៃនេះពាក់ព័ន្ធនឹងការបើកបរដោយស្រវឹងហើយបង្កគ្រោះថ្នាក់ហ្នឹងវាមិនសូវមានទេ។ ឥឡូវវាថយចុះច្រើន»

ប្រហាក់ប្រហែលគ្នាដែរអ្នកនាំពាក្យខេត្តត្បូងឃ្មុំលោក ហុក ពេជ្រហោះ បញ្ជាក់ថា បដាផ្សព្វផ្សាយគ្រឿងស្រវឹងធំៗអាជ្ញាធររុះរើអស់ហើយ នៅសល់តែបដាតូចៗទុកឱ្យម្ចាស់អាជីវកម្មរុះរើដោយខ្លួនឯង។ លោកបញ្ជាក់ថា ក្រោយពីការរុះរើបដាផ្សព្វផ្សាយ អាជ្ញាធរ ក៏បានបន្តផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹងដល់សាធារណជនបន្ថែមទៀត។

លោក ហុក ពេជ្រហោះ បញ្ជាក់ថា៖ «ពេលដែលយើងរុះរើ ហើយយើងធ្វើការអប់រំបន្ថែមទៅឃើញថាក្មេងៗក៏លែងសូវទទួលទានស្រា ហើយក៏មានការអប់រំ ផ្សព្វផ្សាយបន្ថែមទៅឃើញថាសកម្មភាពស្រាវាមិនសូវជាហ៊ឹកហ៊ាក់ដូចពីមុនដែរ»

បើនិយាយពីការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងមហាជនប្រាកដជានឹកឃើញដល់លោក វ៉ី សំណាង ដែលលោកធ្លាប់ដាក់វិធានការមុនគេក្នុងការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងកាលលោកនៅធ្វើជាអភិបាលខេត្តកំពង់ស្ពឺ តាំងពីថ្នាក់ដឹកនាំមិនចេញសារណែនាំ។

ពេលផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តតាកែវ នៅក្នុងខែកក្កដា ឆ្នាំ២០២៤ភ្លាម លោក វ៉ី សំណាង ណែនាំដល់មន្ត្រីពាក់ព័ន្ធរបស់លោកភ្លាមឱ្យរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹង។ លោកបញ្ជាក់ថា ទុកឱ្យផ្សព្វផ្សាយតែផលិតផលណាដែលមិនប៉ះពាល់ដល់សុខភាពពលរដ្ឋ និងមនុស្សជំនាន់ក្រោយតែប៉ុណ្ណោះ។

ចំពោះលទ្ធផលពីការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងហើយ មហាជនប្រែប្រួលឥរិយាបថយ៉ាងណានោះ លោកបញ្ជាក់ថា កំពុងស្ថិតនៅក្នុងការតាមដាន។

លោក វ៉ី សំណាង ថ្លែងថា៖ «អាហ្នឹងទាល់តែ១ខែម្តងបានបូកសរុប វាគ្រោះថ្នាក់ប៉ុន្មាន? ថយប៉ុន្មាន? កើនប៉ុន្មាន?

អាជ្ញាធរថ្នាក់ខេត្តខាងលើ ក៏ដូចជាអាជ្ញាធរខេត្តផ្សេងៗទៀតដែល ខេមបូចា បានសាកសួរពួកគាត់បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា ការរុះរើបដាផ្សាយគ្រឿងស្រវឹងនេះពិតជាបាត់បង់ចំណូលមួយផ្នែកចូលទៅខេត្ត ប៉ុន្តែពួកគាត់អះអាងថា បើគិតដល់សុខភាពពលរដ្ឋ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺការខាតបង់ចំណូលទាំងនេះជាទំហំមួយតូចតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែន សុវិជាតិ ពន្យល់ថា ការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺជាឆន្ទៈរបស់អាជ្ញាធរនៅថ្នាក់រាជធានីខេត្តពិចារណាតាមស្ថានភាពជាក់ស្តែងគឺមិនមានការតម្រូវចាំបាច់ពីថ្នាក់ដឹកនាំទេ។ លោកបន្តថា ការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងនេះជារឿងល្អបំផុតសម្រាប់ ប្រពៃណី វប្បធម៌ សាសនា  សន្តិសុខ និងសណ្តាប់ធ្នាប់កម្ពុជា។

ទោះយ៉ាងណា លោក ប៉ែន សុវិជាតិ បញ្ជាក់ថា គ្រឿងស្រវឹងក៏ជាផលិតផលស្របច្បាប់ដូចភេសជ្ជៈផ្សេងៗទៀត។ លោកបន្តថា ការរុះរើបដាផ្សព្វផ្សាយនេះ មិនប៉ះពាល់ដល់គោលការណ៍ ឬ ដំណើរការអាជីវកម្មលក់ដូរគ្រឿងស្រវឹងទេ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ប្អូនឯងលក់សាប៊ូ លក់ផលិតផលដូចជាអង្ករ លក់ផលិតផលដូចជាត្រីសាច់ មានដែលដាក់ស្លាកពីពេលណា តែគេត្រូវការគេទៅទិញហើយ ចឹងអី្វដែលជាតម្រូវការ និងការផ្គត់ផ្គង់វាឆ្លុះគ្នានៅក្នុងតម្លៃនៃទីផ្សារ និងស្ថិរភាព​។ អ៊ីចឹងការផ្សាយពាណិជ្ជកម្ម វាគ្រាន់តែជាគ្រឿងបន្ថែមមួយដែលធ្វើឱ្យមនុស្សឆាប់ឃើញឆាប់ដឹងឆាប់មានការចាប់អារម្មណ៍ តែក៏វាជាការស្វែង​រក​ទីផ្សារមួយស្ថិតនៅក្នុងភាពប្រកួតប្រជែងដែរ ដូច្នេះការទម្លាក់ស្លាក  ការដាក់ស្លាកមិនមែនប៉ះពាល់ទៅដល់គោលការណ៍នៃពាណិជ្ជកម្ម​ទូទៅទេ គាត់នៅអាចរកវិធីផ្សព្វផ្សាយតាមរបៀបផ្សេងឱ្យគេដឹង»

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដាក់តាំងបង្ហាញលើដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ដោយសារការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងនេះជាឆន្ទៈ ឬជាសិទ្ធិក្នុងការពិចារណាជាក់ស្តែង​របស់អាជ្ញាធរដែនដីនោះ ទើបកន្លែងខ្លះមានការរុះរើ និងកន្លែងខ្លះទៀតនៅរក្សាភាពស្ងប់ស្ងាត់ទុកបដាតូចធំនៅតាមដងផ្លូវដដែល។

អាជ្ញាធរខេត្តដែលមានការផ្សព្វផ្សាយពីការរុះរើបដាផ្សាយគ្រឿងស្រវឹងរួមមានដូចជាកំពង់ស្ពឺ តាកែវ កណ្ដាល កំពត បាត់ដំបង ក្រចេះ កំពង់ធំ កែប  ស្ទឹង​ត្រែង និង​មណ្ឌលគិរីជាដើម។ សម្រាប់ខេត្តផ្សេងទៀតរួមទាំងរាជធានីភ្នំពេញផងនៅតែរក្សាភាពស្ងប់ស្ងាត់ចំពោះយុទ្ធនាការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹង។

គិតត្រឹមថ្ងៃទី១៨ខែកញ្ញា នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ នៅតែមានបដាតូចធំផ្សព្វផ្សាយគ្រឿងស្រវឹងដដែល ហើយកន្លែងខ្លះទើបលើកបដាឡើងថ្មីៗទៀតផង។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក កើត ឆែ បញ្ជាក់ថា សាលារាជធានីមិនទាន់បានទទួលការណែនាំពីថ្នាក់ដឹកនាំឱ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនេះទេ។

លោក កើត ឆែ ថ្លែងថា៖ «ខ្ញុំដូចអត់ទាន់បានទទួលលិខិតណែនាំផ្លូវការ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរអាជ្ញាធរខេត្ត និងស្រុកមួយចំនួនបានរុះរើ​បដា​ផ្សព្វផ្សាយគ្រឿងស្រវឹង។ លោកយល់ថា ការរុះរើបដានេះជាផ្នែកមួយដែលធ្វើឱ្យមហាជនពិសេសយុវជនឃ្លាតអារម្មណ៍ពីគ្រឿងស្រវឹង និងបន្ថយការទទួលទាន។

លោក យង់ គិមអេង យល់ឃើញថា៖ «ការទម្លាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ គឺជាការដែលដោះស្រាយចំចំណុចស្នូលនៃបញ្ហាដែលជាប់ពាក់ព័ន្ធគ្រឿងស្រវឹង ហើយក៏យើងឃើញថាក៏ជាការផ្តល់នូវតម្លៃជាខ្មែរតម្លៃសង្គមមួយដែលពលរដ្ឋខ្មែរមិនមែនជាអ្នកដែលងប់ងល់ មិនមែនជាអ្នកដែលផ្សាភ្ជាប់វប្បធម៌ប្រពៃណីរបស់ខ្លួនជាមួយនឹងគ្រឿងស្រវឹងទេ»

សម្រាប់ពលរដ្ឋមួយចំនួនក៏បានសាទរចំពោះការរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងនេះដែរ ប៉ុន្តែពួកគាត់សង្កេតឃើញថា ចំនួនអ្នកទទួល​ទានគ្រឿងស្រវឹង និងផលប៉ះពាល់មិនបានថយចុះទេ។

បើពិនិត្យមើលខេត្តកំពង់ស្ពឺ ដែលលោក វ៉ី សំណាង ដឹកនាំតាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៤ គឺ​រយៈ​ពេល៨ឆ្នាំ ដែលលោកបានរុះរើបដាផ្សព្វផ្សាយគ្រឿងស្រវឹងមុនគេនោះ ពលរដ្ឋនៅក្នុងខេត្តនេះអះអាងថា ការទទួលទានគ្រឿងស្រវឹងមិនថយចុះទេ។

លោក ឃុត ពុំ ពលរដ្ឋនៅខេត្តកំពង់ស្ពឺ មុខរបរជាចុងភៅ ឱ្យដឹងថា  ចំនួនអ្នកទទួលទានគ្រឿងស្រវឹង និងបញ្ហាផ្សេងៗកើតឡើងពីឥទ្ធិពលនៃគ្រឿងស្រវឹងនេះមិនបានថយចុះទេ។  លោកបញ្ជាក់ថា លោកបារម្ភដល់សង្គម និងក្មេងៗជំនាន់ក្រោយ ប៉ុន្តែខ្លួនលោកផ្ទាល់មិនដឹងធ្វើយ៉ាងម៉េចទេ។

លោក ឃុត ពុំ ថ្លែងថា៖ «យើងបានត្រឹមព្រួយបារម្ភ ក៏ប៉ុន្តែឱ្យជួយទប់ស្កាត់យើងវាអត់មាន។ ធ្វើម៉េចឥឡូវ? ភាពជាក់ស្តែងការព្រួយបារម្ភចេះតែព្រួយបារម្ភ តែមិនដឹងធ្វើម៉េច»

ពលរដ្ឋនៅខេត្តកំពង់ស្ពឺម្នាក់ទៀត លោក ដុំ ដន វ័យ៦០ឆ្នាំ ពេលសាកសួរដល់គ្រឿងស្រវឹង លោកដកដង្ហើមធំ ហើយនិយាយថា មិនដឹងអនាគតជាតិ និងមនុស្សជំនាន់ក្រោយទៅជាយ៉ាងណាទេ? ព្រោះពលរដ្ឋបច្ចុប្បន្នហាក់ចាត់ទុកគ្រឿងស្រវឹងជាប្រពៃណីមួយមិនអាចខ្វះបានពេលជួបជុំ បុណ្យទាន និងពេលសម្រាកពីការងារចុងសប្តាហ៍។

លោក ដុំ ដន បញ្ជាក់ថា៖ «តាមមើលទៅដូចតែគ្នាទេ អត់មានអីថមថយទេ គ្រោះថ្នាក់ចរាចរណ៍ ហើយនិងផឹកស្រានេះ។ និយាយរួមវាជាប្រពៃណីដែលតាមមើលឥឡូវនេះអត់អីធំជាងស្រាណា៎ វាបន់ឱ្យតែសម្រាកធ្វើការ មានតែស្រានេះទេដែលជួបជុំគ្នា»

បញ្ហាក្តីបារម្ភពីផលប៉ះពាល់នៃគ្រឿងស្រវឹងនេះមិនមែនមាននៅតែខេត្តកំពង់ស្ពឺទេ គឺកើតមាននៅស្ទើរគ្រប់រាជធានីខេត្ត។

ប្រធានសមាគមគ្រូបង្រៀនប្រចាំខេត្តតាកែវ លោក ចាន់ តារាវុធ បារម្ភពីអនាគតយុវជនជាសិស្សសាលា ដែលកំពុងរងឥទ្ធិពលខ្លាំងពីគ្រឿងស្រវឹង។ លោកបញ្ជាក់ថា នៅរាល់ចុងសប្តាហ៍ការទទួលទានគ្រឿងស្រវឹង ច្រៀងរាំ និងឥរិយាបថ មិនសមរម្យផ្សេងទៀតតែងតែបង្ហាញឡើង។

លោក ចាន់ តារាវុធ បញ្ជាក់ថា៖ «ការរុះរើហ្នឹងមើលទៅគ្រាន់តែថាវាស្អាត បរិយាកាសស្អាត បរិស្ថានតាមផ្លូវវាមិនច្រងេងច្រងាងពេក ប៉ុន្តែត្រង់ថាឱ្យពួកគាត់ឈប់ផឹកនោះ ខ្ញុំមើលទៅនៅតែដដែល ផឹកដដែលដូចតែដាក់ស្លាកអ៊ីចឹង មិនដាក់ស្លាកឥឡូវរុះទូទាំងប្រទេសទាំងអស់ចេញក៏បានដែរ ក៏វាល្អមើលដែរ ក៏ប៉ុន្តែវាបានតែមួយផ្នែកតូចទេ ប៉ុន្តែអ្នកប្រើប្រាស់វានៅតែដដែលអត់មានថយទេ ថ្ងៃសៅរ៍ថ្ងៃអាទិត្យក្បែរផ្ទះខ្ញុំថ្លង់ចង់ងាប់ហើយផឹកច្រៀងខារ៉ាអូខេពេញទឹកពេញដីហើយកណ្តាលអធ្រាត្រមិនទាន់ដេក»

ម្ចាស់ដេប៉ូចែកចាយស្រាបៀរម្នាក់នៅរាជធានីភ្នំពេញ លោក ជា សុខផេង ឱ្យដឹងថា លោកទិញស្រាបៀរពីក្រុមហ៊ុនផ្សេងៗមកម្តងៗរាប់ពាន់កេះដើម្បីចែកចាយបន្តទៅតាមរាជធានី និងខេត្តនានា។ លោកឱ្យដឹងថា ការលក់ដូរមួយរយៈចុងក្រោយនេះថយប្រមាណ​៣០​ភាគរយ។

ប៉ុន្តែ លោក សុខផេង បញ្ជាក់ថា ការថយចុះនេះមិនមែនដោយសារការរុះរើស្លាកទេ គឺដោយសារតែបញ្ហាសេដ្ឋកិច្ច ព្រោះការលក់ផលិតផលផ្សេងៗក្រៅពីស្រាបៀរក៏លក់ដូរធ្លាក់ចុះដូចគ្នាដែរ។

លោក ជា សុខផេង ថ្លែងថា៖ «ថាឱ្យថយដូចមិនសូវ បើវាថយគឺថយទាំងអស់មានន័យថាទំនិញគ្រប់មុខថយចុះ ដោយសារសេដ្ឋកិច្ចធ្លាក់ហើយមួយណារោងចក្រមួយចំនួនបានបិទ»

អ្នកលក់ទំនិញចម្រុះ រួមទាំងគ្រឿងស្រវឹងនៅភ្នំពេញម្នាក់ទៀត លោក ប៊ុង គា កត់សម្គាល់ឃើញដូច លោក ជា សុខផេង ដែរ គឺថាការចុះរើស្លាកផ្សាយគ្រឿងស្រវឹងមិនបានជះឥទ្ធិពលដល់អ្នកទទួលទានគ្រឿងស្រវឹងទេ។

លោក ប៊ុង គា ថ្លែងថា៖ «និយាយចំទៅតាំងពីគេទម្លាក់ស្លាកស្រាបៀរមកការលក់ដូចជាទាន់ជាថយចុះអីទេ។ អ្នកដែលផឹកនៅតែផឹកដដែល»

ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

ពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងអ្នកស្រាវជ្រាវពីបញ្ហាសង្គម យល់ឃើញថា ការទទួលទានគ្រឿងស្រវឹងមិនថយចុះនេះ គឺដោយសារតែការផ្សព្វផ្សាយតាមទម្រង់ផ្សេងៗទៀតនៅតែមានការជំរុញខ្លាំងដូចជា ការប្រគំតន្ត្រី ប្រកួតកីឡា និងពិសេសក្រុមហ៊ុនគ្រឿងស្រវឹងប្រកួតប្រជែងគ្នាដាក់រង្វាន់ដើម្បីទាក់ទាញអារម្មណ៍អតិថិជន។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការរុះរើបដាផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ គឺជាជំហានល្អមួយ។ លោកផ្តល់យោបល់ថា វិធានការបន្តដែលបង្កើនប្រសិទ្ធិភាពថែមនោះគឺត្រូវលុបបំបាត់ការដាក់រង្វាន់ ការបង្កើនគុណភាពគ្រឿងស្រវឹងកុំឱ្យប៉ះពាល់ខ្លាំងដល់សុខភាព និងការបង្កើនពន្ធយកចំណូលចូលជាតិដែលធ្វើឱ្យតម្លៃគ្រឿងស្រវឹងឡើងថ្លៃខ្ពស់។

លោក សេក សុជាតិ បន្តថា មូលហេតុពលរដ្ឋមានបញ្ហាច្រើនក្នុងជីវិតធ្វើឱ្យពួកគេជ្រើសរើសយកគ្រឿងស្រវឹង ហើយការរើសនោះទៀតសោត គឺយកគ្រឿងស្រវឹងណាដែលមានតម្លៃទាប និងមានរង្វាន់។

លោក សេក សុជាតិ លើកឡើងថា៖ «មនុស្សដែលមានការពិបាកចិត្តកំពុងតែរឹតត្បិតដោយបញ្ហាសង្គមនៅក្នុងជីវភាពចឹងធ្វើឱ្យគាត់សម្រេចចិត្តបន្តសេពគ្រឿងស្រវឹង ខ្លះតាមរយៈការស្វែងរករង្វាន់ជាមួយគ្នានេះផងដែរ»

នៅដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំកើតឡើងបន្តបន្ទាប់បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស បណ្តាលមកពីអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។ បញ្ហានេះបានធ្វើឱ្យមហាជនមានការតក់ស្លុត និងផ្ទុះការជជែកវែកញែកច្រើន។

នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ ក្រុមហ៊ុនគ្រឿងស្រវឹងចំនួន២០បានបញ្ជាក់ជំហររួមក្នុងការបង្កើតជាក្រមប្រតិបត្តិរួមដើម្បីត្រួតពិនិត្យលើការផ្សព្វផ្សាយ ការកំណត់អាយុអ្នកទិញគ្រឿងស្រវឹង និងបង្កើនសារផ្សព្វផ្សាយអប់រំឱ្យទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវជាដើម​។

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនជប៉ុនឈ្មោះKirin រកឃើញថា ពលរដ្ឋខ្មែរម្នាក់បានផឹកស្រាបៀរជាមធ្យមចំនួន ៧២លីត្រក្នុងមួយឆ្នាំ។ បើគិតជាលុយ ពលរដ្ឋខ្មែរត្រូវចំណាយប្រាក់រួមគ្នាប្រមាណជា ២ ៣០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់តែស្រាបៀរ។

អ្នកវិនិយោគជាតិ និងអន្តរជាតិ នៅតែមើលឃើញថា ទីផ្សារនៃការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។

ក្រុមហ៊ុនវិភាគទិន្នន័យម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ ziemann-holvrieka បានលើកឡើងថា ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺនៅឆ្នាំ២០២៣ស្ថិតនៅក្នុងទំហំទឹកប្រាក់ជាង១ពាន់៣រយលានដុល្លារ(១ ៣៦០លានដុល្លារ)។ ចំនួននេះនឹងកើនឡើងដល់៨,៨៦ភាគរយនៅឆ្នាំ២០២៧។

ចំណែកក្រុមហ៊ុនវិភាគទិន្នន័យ astuteanalytica លើកឡើងថា ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជានៅឆ្នាំ២០២៣មានចំនួនជាង១ពាន់​លានដុល្លារ(១ ០៥៩,៨ លានដុល្លារ) ហើយចំនួននេះនឹងកើនដល់ទំហំទឹកប្រាក់ជាង២ពាន់២រយលានដុល្លារ(២ ២៣២,៥លានដុល្លារ)នៅឆ្នាំ២០៣២។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសពីបែបបទ និងវិធានការគ្រប់គ្រងការផ្សាយគ្រឿងស្រវឹង។ នៅក្នុងប្រការ៣នៃសេចក្តីប្រកាសនេះបានកំណត់ចំណុចចំនួន១៧ក្នុងនោះរួមមានទាំងហាមការផ្សព្វផ្សាយបំផ្លើសការពិត កំណត់ម៉ោងផ្សាយតាមទូរទស្សន៍ កំណត់ឥរិយាបថ និងការអត្ថាធិប្បាយរបស់ពិធីករ និងហាមដាក់បដាផ្សាយនៅជិតសាលារៀន និងគ្រឹះស្ថានវប្បធម៌ប្រវត្តិសាស្ត្រនានាចម្ងាយតិចជាង២០០ម៉ែត្រជាដើម​។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មាន និង ក្រសួងពាក់ព័ន្ធផ្សេងទៀត កំពុងបន្តយកចិត្តទុកដាក់ធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធិភាពថែមទៀត។ លោកអំពាវនាវឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តន៍តាមការប្រកាសរបស់អន្តរក្រសួងដោយស្មារតីទទួលខុសត្រូវ។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា៖ «សូមអំពាវនាវដល់ក្រុមហ៊ុន ប្រតិបត្តិករ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមធានាការអនុវត្តប្រកាសនេះក៏ដូចជាសារាចរ និងសេចក្តីណែនាំនានាដែលបានដាក់ចេញនាពេលកន្លងមក ឱ្យមានប្រសិទ្ធភាព ប្រកបដោយមនសិការ និងការទទួលខុសត្រូវសង្គម ដើម្បីធានាសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការពារសិទ្ធិអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា»

ទន្ទឹមនឹងការប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រឿងស្រវឹងនោះយ៉ាងណាក៏ដោយ ក៏នៅក្នុងខែកញ្ញាឆ្នាំ២០២៤នេះ ក្នុងស្រទាប់មហាជនផ្ទុះការជជែកវែកញែកជាថ្មីទៀតលើក្រុមហ៊ុនគ្រឿងស្រវឹងមួយចំនួនកំពុងប្រកួតប្រជែងគ្នាក្នុងការផ្តល់រង្វាន់ដល់អតិថិជនដូចជា រង្វាន់ជាប្រាក់ប្រចាំខែ រង្វាន់ដុំលុយសុទ្ធរាប់ពាន់ដុល្លារ និងរង្វាន់រថយន្តទំនើបៗជាដើម។ កត្តាទាំងនេះអាចជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹងកាន់តែខ្លាំង៕

171 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម