សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋត្អូញត្អែរពីការចំណាយថវិកាបន្ថែមលើសេវាក្រៅផ្លូវការក្នុងការធ្វើលិខិតឆ្លងដែន

នាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថតដោយ ទុយ អេងលី
នាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថតដោយ ទុយ អេងលី

នៅពេលធ្វើដំណើរជិតទៅដល់នាយកដ្ឋាន​លិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គេនឹងជួបប្រទះនឹងក្រុមម៉ូតូឌុបសួរនាំថា «ប៉ាស្ព័រ ឬក៏អត្តសញ្ញាណប័ណ្ណ» ប្រៀបបាន​ទៅនឹងអ្នករត់តាក់ស៊ីចាប់​ម៉ូយទៅខេត្ត ឬក៏​អាជីវករ​លក់ដូរនៅតាមទីផ្សារនានា។

បន្ទាប់មកពួកគាត់ក៏ជិះតាមសួរនាំបន្ថែម «តើមានណាត់ជាមួយនឹងមន្រ្តីនៅខាង​ក្នុងហើយ​ឬនៅ» ប្រសិនបើមិនមានទេ គាត់នឹងធ្វើការណែនាំអតិថិជនគោលដៅទៅកាន់បណ្តាញ​នៅ​ខាងក្នុង ដែលមានដូចជាឈ្មួញកណ្តាលរកស៊ីបំពេញពាក្យស្នើសុំ និងរត់ការឯកសារ  ឬក៏​ជាមន្ត្រី​ស្លៀកពាក់ឯកសណ្ឋានតែម្តង។​

នាយកដ្ឋាន​លិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំងាយ​ប្រហែលជា១០​គីឡូម៉ែត្រពី​ទីប្រជុំជន​ទីក្រុង​ភ្នំពេញ។

លោក យាន រស្មី មានអាយុប្រមាណជាង៣០ឆ្នាំ ជាអ្នកស្រាវជ្រាវ និងអ្នកសរសេរ​សិល្បៈ​ឯករាជ្យមួយរូប បានទៅធ្វើលិខិតឆ្លងដែន ដោយជ្រើសរើសយក​សេវាមានឈ្មួញ​កណ្តាល​ជាស្រ្តីមា្នក់បំពេញឯកសារ និងរត់ការណ៍ឱ្យដោយមានការណែនាំពីមន្រ្តីម្នាក់​នៅ​នាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានស្គាល់គ្នាកំឡុងពេលធ្វើអត្តសញ្ញាណប័ណ្ណ​ប្រហែលជាបីខែមុន។

លោកបានរៀបរាប់ប្រាប់ឱ្យដឹងថា ហេតុផលដែលជ្រើសរើស​យក​សេវាកម្មនេះ ដោយសារតែ​យល់ថាវាមានភាពងាយស្រួល មិនចំណាយពេលវេលាយូរ និង​មិនស្មុគស្មាញ។ លោកបាន​ជ្រើសរើសយកសេវាកម្មធ្វើលិខិតឆ្លងដែន​ដែលមានរយៈ​ពេល​១៥ថ្ងៃ មានតម្លែ១០០ដុល្លា ថ្លៃថតរូប១ម៉ឺន៦ពាន់រៀល ថតចំលងឯកសារ២០០០រៀល និងថ្លៃ​ឈ្នួលសរសេរបំពេញ​ពាក្យស្នើសុំតម្លៃ១០ដុល្លា។

លោក យាន រស្មី បាននិយាយថា៖ «ដឹងគិតម៉េចទេ! សំនួរគិតម៉េចហ្នឹងពិបាកណាស់! ខ្ញុំតាមពិតទៅ ខ្ញុំធ្វើបណ្តើរ យើងមានសតិដឹងហ៎ា! ខ្ញុំមានសតិដឹងថា ខ្ញុំកំពុងតែចូលរួម​អំពើពុករលួយនៅក្នុងស្រុកខ្មែរ និយាយត្រង់ៗ តាហ្មងទៅ»។

លោកបានត្អូញត្អែរពីបញ្ហាសេវាសាធារណៈដែលផ្តល់ដោយរដ្ឋមិនមានភាពច្បាល់លាស់ ទើបលោកសម្រេចចិត្តចំណាយលើសេវាក្រៅផ្លូវការជួលឈ្មួញកណ្តាល ដោយសារ​ទីកន្លែង​ធ្វើលិខិតឆ្លងដែនមិនមានសណ្តាប់ធ្នាប់ និងស្លាកសញ្ញាផ្តល់ព័ត៌មានស្តីពីបែបបទបំពេញ​ឯកសារ និងមិនដឹងថាគួរតែចាប់ផ្តើមពីផ្នែកមួយណាទៅផ្នែកមួយណា។

លោកបានបន្ត​ទៀតថា ​ប្រសិន​បើ​​រិះគន់ពីសេវាសាធារណៈរបស់រដ្ឋ ច្បាស់ណាស់មន្រ្តីនឹងមាន​ការប្រតិកម្ម​ចេញមុខ​ការពារ​ទីន្លែងធ្វើលិខិតឆ្លងដែន។ តែប្រសិនបើក្រឡេកមើលពី​ជ្រុងម្ខាង​ទៀត លោកយល់​ឃើញថា វាប្រហែលជាគេរៀបចំជាលក្ខណៈប្រព័ទ្ធដែលអាចបង្កើត​ឱកាស​ឱ្យ​អ្នកនៅខាង​ក្នុងទទួលបានលុយទឹកតែ។

លោក យាន រស្មី បន្ថែមថា៖ «ខ្ញុំធ្លាប់ទៅកន្លែងរដ្ឋគឺអ៊ីចឹង មិនមែនលើកទីមួយទេ ពីមុនក៏អ៊ីចឹង វាពិបាកនឹងផ្តល់ភាពងាយស្រួលឱ្យយើង […] ខ្ញុំមិនដឹងថាអាភាពដែលមិនច្បាស់ការណ៍អ៊ីចឹង គេបង្កើតអ៊ីចឹង ដើម្បីឱ្យឱកាសអ្នកដែលរកស៊ីជុំវិញហ្នឹងគាត់មានឱកាសរកលុយ»។

លោក យាន រស្មី បានបង្ហាញការយល់ឃើញបន្ថែមពាក់ព័ន្ធជាមួយ​នឹងការបំពេញ​ឯកសារ​រដ្ឋាភិបាលគួរតែរៀបចំឱ្យមានភាពជាក់លាក់ណាមួយ និងជួយសម្រួលដល់ប្រជាពលរដ្ឋ​ដែលពួកគាត់មិនចេះអក្សរ។ ពេលខ្លះមិនមែនមកពីប្រជាពលរដ្ឋមិនអាចបំពេញ​ឯកសារ​បានដោយខ្លួនឯងនោះទេ តែដោយសារតែភាពស្មុគស្មាញ ហើយប្រជាពលរដ្ឋភាគច្រើន​បានលើកឡើងពីការបំពេញឯកសារដែលមានភាពស្មុគស្មាញ។ ទង្វើលទាំងនោះអាច​ជា​លេសរបស់មន្រ្តីក្នុងការជំរុញឱ្យប្រជាពលរដ្ឋជ្រើសរើសយកសេវាបំពេញឯកសារពីឈ្មួញ​កណ្តាល ឬក៏មន្រ្តី។

លោកបានអះអាងថា បានឃើញដោយផ្ទាល់ភ្នែក ឯកសាររបស់លោកមិនបានបំពេញ​គ្រប់​លក្ខណៈដែលជាតម្រូវការរបស់មន្រ្តីនោះទេ ដោយខ្វះចន្លោះឈ្មោះឪពុកម្តាយ និងគូសត្រង់​ចំណុចពួកគាត់ស្លាប់ ឬក៏នៅរស់ ក៍ប៉ុន្តែតែឯកសារអាចរត់ការណ៍បាន។ កាលនោះ​ប្រហែល​ជាមកពីលោកជ្រើសរើសយកសេវាដែលជួលគេបំពេញឯកសារ ដោយប្រហែលជាអ្នកបំពេញ​នោះមានទំនាក់ទំនងជាមួយនឹងអ្នកមានសិទ្ធិសម្រេចទៅលើឯកសារ។

លោក យាន រស្មី៖ «ប្រហែលជារដ្ឋាភិបាលបង្កើតអាជាក់លាក់ហ្នឹងមួយ ឱ្យមានអ្នកធ្វើការ​ផ្នែកនឹងបណ្តោយ ជួយអ្នកដែលគ្នាអត់ចេះអក្សរអ៊ីចឹងណា។ អារឿងបំពេញឯសារខុសនេះ ខ្ញុំនិយាយឱ្យស្មោះត្រង់ ពេលខ្លះអត់មានខុសអីសោះ តែអ្នកដែលរកចាប់កំហុសទាល់​តែឃើញដើម្បីរកលេស ដើម្បីកែឯកសារអ៊ីចឹងទៅ […] ប៉ិនក្នុងឯកសាររបស់ខ្ញុំអត់​មាន​ផងហ្នឹង [ចន្លោះបំពេញឈ្មោះឪពុកម្តាយ និងចន្លោះគូសនៅរស់ ឬស្លាប់] ដូចអត់ឃើញ​មានអ្នកណាកែអីផង វាយត្រាប៉ុងៗ ទៅប៉ុណ្ណឹងទាំងអស់ អ៊ីចឹងណា»។

ប្រជាពលរដ្ឋទៅធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថតដោយ ទុយ អេងលី

ចំណែកឯកញ្ញា ហុង គីមជូ មានអាយុ២៤ឆ្នាំ គឺជានិសិត្សពេទ្យម្នាក់នៅសាលា​បច្ចេក​ទេស​ថែ​ទាំវេជ្ជសាស្រ្ត បានទៅធ្វើលិខិតឆ្លងដែនសុពលភាពរយៈពេល១៥ថ្ងៃ តម្លៃ១០០ដុល្លា ថ្លៃ​ថត​រូប១ម៉ឺន៦ពាន់រៀល ដោយមិនមានវិក្កយបត្រ និងថ្លៃថតចំលងឯកសារ១ពាន់រៀល។ កញ្ញា​បាន​លើកឡើងថា មិនបានចំណាយទៅលើសេវាឈ្មួញកណ្តាលនោះទេ ដោយសារតែ​មានមិត្តភក្តិ​ធ្វើការនៅកន្លែងធ្វើលិខិតឆ្លងដែនជួយសម្រួល។ ក៏ប៉ុន្តែកញ្ញា​បានបង្ហាញការ​យល់​ឃើញថា ទីកន្លែងធ្វើលិខិតឆ្លងដែន ដែលជាសេវាសារធាណៈរបស់រដ្ឋមានភាពសុំាញុំា និងមិន​មាន​កន្លែងសួរនាំព័ត៌មានច្បាស់លាស់។

កញ្ញា ហុង គីមជូ បាននិយាយថា៖ «និយាយទៅវារាងមានភាពរញ៉េរញ៉ៃតិច បើសម្រាប់ខ្ញុំ ខ្ញុំមានអ្នកស្គាល់ យើងទៅដល់អ្នកស្គាល់យើងរត់ការណ៍ឱ្យហ្មង អត់អីទេណាបង។ តែបើ​ខ្ញុំ​ឮពីមិត្តភក្តិខ្ញុំ ដែលគាត់ធ្លាប់ទៅ អត់មានអ្នកស្គាល់ហ្នឹង គឺមានរញ៉េរញ៉ៃហ្មង! យើងអត់​ដឹង​ថាកន្លែងណាសួរព័ត៌មាន»។

លើសពីនេះទៅទៀតកញ្ញាបាននិយាយថា វាប៉ះពាល់អារម្មណ៍ នៅពេលធ្វើដំណើរ​ទៅធ្វើ​លិខិត​ឆ្លងដែនមានម៉ូតូឌុបជិះតាម និងសួរនាំក្នុងន័យជំរុញឱ្យទទួលយកសេវា​ឈ្មួញ​កណ្តាល​ក្នុងការ​បំពេញឯកសារ និងរត់ការណ៍។ កញ្ញាមានការសង្ស័យពាក់ព័ទ្ធនឹង​ភាពមិន​ប្រក្រតី​នៅ​ពីក្រោយសេវាសាធារណៈ ដោយអង្កេតឃើញថា មានអ្នកជិះម៉ូតូសួរនាំ។ កញ្ញាបាន​បង្ហាញ​ការ​យល់ឃើញថា ថ្នាក់ដឹកនាំនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គួរតែមាន​រៀបចំ​ទីកន្លែង​មួយសមរម្យសម្រាប់ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ​ដែលទៅទទួល​សេវា​សារធារណៈ។

កញ្ញា ហុង គីមជូ៖ « សម្រាប់ខ្ញុំគ្រាន់តែមកធ្វើប៉ាស្ព័រប៉ុណ្ណឹង! ចុម ហេតុអីក៏ឆ្វេកឆ្វាចម្ល៉េះ ពេលខ្លះវារាងប៉ះពាល់អារម្មណ៍យើង […] វាមើលទៅដូចជាមានអីបង្កប់នៅក្នុងហើយ បើសិន​ជាវាអត់មានបង្កប់នៅក្នុងហ្នឹង វាអត់មានត្រូវមកស្រវេស្រវ៉ាអ៊ីចឹងទេ។ បើតាមសំណូមពរ​របស់​ខ្ញុំ ដាក់តុលក្ខណៈសួរព័ត៌មាន ព្រោះមុនពេលដែលយើងធ្វើអីមួយ ពេលខ្លះមិនប្រាកដថា យើងមិនធ្ងល់ ត្រូវតែមានកន្លែងមួយឱ្យយើងសួរព័ត៌មាន»។

អ្នកស្រី ញឹប សៀងហ៊ុន អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រសម្លៀកបំពាក់ម្នាក់​ស្ថិតនៅ​កួរ​ស្រូវជាយក្រុងរាជធានីភ្នំពេញ។ បានទៅធ្វើលិខិតឆ្លងដែន និងបានជួលឈ្មួញ​កណ្តាល​បំពេញឯកសារឱ្យគាត់ គាត់ប្រាប់ពីមូលហេតុដែលជ្រើសរើសសេវានេះ​ដោយសារ​តែគាត់​មិនចេះអក្សរ។ អ្នកស្រីមិនបានស្គាល់ទីកន្លែងធ្វើលិខិតឆ្លងដែនពីមុនមកទេ តែគាត់បានជួល​និងពឹងអ្នករត់រ៉ឺម៉កកង់បីឥណ្ឌាជូនទៅ ពេលដល់ទីតាំងអ្នកស្រីបានជួបប្រទះ​នឹងពូម្នាក់​រកស៊ី​រត់ម៉ូតូឌុប និងបានសួរនាំពីវីធីសាស្រ្តនៃការធ្វើលិខិតឆ្លងដែន វាគឺជាឱកាសដែលបុរសម្នាក់​នោះបាននាំអ្នកស្រីទៅជួបនឹងអ្នករកស៊ីបំពេញឯកសារ និងតម្រូវឱ្យចំណាយថវិកា។

អ្នកស្រី ញឹប សៀងហ៊ុន៖ «ពេលដែលខ្ញុំចុះពីលើ PassApp ពូៗ ពូឯងធ្លាប់ធ្វើការនៅហ្នឹងអត់ ខ្ញុំលើកទីមួយមកហ្នឹង! ខ្ញុំអត់ចេះអក្សរផង ដល់ពេលយើងអត់ចេះអ៊ីចឹង បានណាគេ​សរសេរ​ឱ្យ យើងចង់ធ្វើ Passport អ៊ីចឹង»។

អ្នកស្រីបន្ថែមទៀតថា បុរសរកស៊ីរត់ម៉ូតូឌុបក៏បាននាំអ្នកស្រីទៅជួបនឹងស្រ្តីម្នាក់ដែលរកស៊ី​បំពេញឯកសារនៅជិតបន្ទប់ទឹកក្នុងបរិវេណទីធ្លាធ្វើលិខិតឆ្លងដែន ពេលបំពេញរួចរាល់​អ្នកស្រីបាន​ផ្តល់ជូនទឹកប្រាក់ចំនួន ២ម៉ឺន៥ពាន់រៀលសម្រាប់ជាថ្នូរក្នុងការបំពេញឯកសារ បង់ថ្លៃថតរូប ១ម៉ឺន៦ពាន់រៀល និងថ្លៃថតចំលង ១០០០រៀល។

អ្នកស្រី ញឹប សៀងហ៊ុន៖ «ចែមួយនៅក្នុងហ្នុងចាំឱ្យគាត់សរសេរឱ្យ មានលុយជូន​ថ្លៃសរសេរ​គាត់តិចតួចអ៊ីចឹងទៅ វាមិនអីទេ។  ជូនគេ ២ម៉ឺន៥ពាន់ ច៎ាស! នៅលុយរូបថត ១ម៉ឺន៦ពាន់ អ៊ីចឹង ថ្លៃថតចំលងឯកសារ១០០០រៀល! ហ្នឹងហើយខ្ញុំពឹងគាត់ ឱ្យចែហ្នុងសរសេរឱ្យ»។

ការនាំអតិថិជន​ឱ្យទៅមន្រ្តី ឬក៏ឈ្មួញកណ្តាល​គាត់​អាច​ទទួលបានប្រាក់កម្រៃជើងសារ​ចាប់ពី​១ម៉ឺនរៀល ទៅ១ម៉ឺន៥ពាន់រៀល​ក្នុងអតិថិជន​ម្នាក់។ ក៏មានប្រជាពលរដ្ឋមួយចំនួនមានការ​ណាត់ជួបមន្រ្តី និងឈ្មួញកណ្តាលទុកជាមុន​ផង​ដែរ ដោយពួកគាត់នឹងជួយបំពេញឯកសារ​ប្រវត្តិរូប ថតចម្លងអត្តសញ្ញាណប័ណ្ណ និង​រត់ការណ៍​​ឯកសារមួយចំនួនទៀត។ មន្រ្តីដែល​ស្លៀកពាក់ឯកសណ្ឋានការិយាល័យចេញ​ដោយ​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬក៏ឈ្មួញ​កណ្តាលយកថ្លៃសេវាយ៉ាងតិច ១០ដុល្លា ឬក៏លើសពីនេះពីការបំពេញ​ឯកសារ និងរត់ការណ៍​ឱ្យភ្ញៀវ។ យោងតាមប្រជាពលរដ្ឋ​បានបញ្ជាក់។

យោងតាមតារាងតម្លៃនៃនាយកដ្ឋានលិខិតឆ្លងដែន ការធ្វើលិខិតឆ្លងដែនដែលមានបែងចែក​ជា៣សេវា គឺសេវា​ធម្មតា​ត្រូវបង់តម្លៃ១០០ដុល្លារ​អាមេរិក មានរយៈពេលកំណត់ធ្វើគឺ ១៥ថ្ងៃនៃ​ថ្ងៃធ្វើការ សេវា​រហ័ស​កម្រិតមធ្យមតម្លៃ​១៥០​ដុល្លារ រយៈពេលកំណត់ធ្វើគឺ៧ថ្ងៃនៃថ្ងៃធ្វើការ និងតម្លៃ​២០០​ដុល្លារ​សម្រាប់សេវារហ័ស រយៈ​ពេលកំណត់ធ្វើតែមួយថ្ងៃប៉ុណ្ណោះ។​ សម្រាប់​លិខិត​ឆ្លង​ដែន​សម្រាប់​កុមារដែលមាន​អាយុ​ចាប់​ពីអាយុ ០ឆ្នាំឡើងទៅដល់៥ឆ្នាំ ក៏​មាន៣​​សេវា​ដូច​គ្នា សេវា​ធម្មតា​ត្រូវបង់តម្លៃ៨០​ដុល្លារ​អាមេរិក ហើយមានរយៈពេលកំណត់​ធ្វើ​គឺ ១៥​ថ្ងៃនៃ​ថ្ងៃធ្វើការ សេវា​រហ័សកម្រិតមធ្យម​តម្លៃ​១២០ដុល្លារ មានរយៈពេលកំណត់ធ្វើ​គឺ៧​ថ្ងៃ​នៃថ្ងៃ​ធ្វើ​ការ និង​តម្លៃ​១៦០ដុល្លារសម្រាប់​សេវា​រហ័សរយៈពេលកំណត់ធ្វើតែមួយថ្ងែ។ 

តារាងតម្លៃ និងរយៈពេលនៃការធ្វើលិខិតឆ្លងដែន បានដាក់ព្យួរនៅលើជញ្ជាំងក្បែរ​កន្លែង​អង្គុយ​រង់ចាំសម្រាប់ជាព័ត៌មានដល់ប្រជាពលរដ្ឋ តែហាក់បីដូចជាពុំសូវជាមាន​អ្នកចាប់ អារម្មណ៍ទៅវិញ ដោយភាគច្រើនអ្នកដែលទៅធ្វើលិខិតឆ្លងដែនបែរជាមាទំនុកចិត្ត និងជ្រើស រើសយកសេវាបំពេញឯកសារ និងរត់ការឱ្យទៅវិញ។

សេវាសាធារណៈនៅក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាសម្រាប់ប្រជាពលរដ្ឋដែលស្ថិតនៅក្រោមបន្ទាត់ក្រីក្រ​ ជាពិសេសស្រ្តី ជនពិការភាព និងអ្នកមិនចេះអក្សរជាដើម។ ជាក់ស្តែង​សេវាសាធារណៈធ្វើលិខិតឆ្លងដែនដែលមានភាពស្មុគស្មាញក្នុងការបំពេញឯកសារ ទីកន្លែង​ផ្តល់ព័ត៌មានមិនច្បាស់លាស់ គ្មានសណ្តាប់ធ្នាប់ ដែលជាកត្តាជំរុញឱ្យប្រជាពលរដ្ឋជ្រើសរើស​យកសេវាជួលឈ្មួញកណ្តាលបំពេញឯកសារ និងរត់ការណ៍ ដោយត្រូវចំណាយថវិកា​បន្ថែម​ពីលើតំម្លៃលិខិតឆ្លងដែន។

ប្រជាពលរដ្ឋទៅធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថតដោយ ទុយ អេងលី​

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានបង្ហាញការយល់ឃើញថា ទី​កន្លែងធ្វើលិខិតឆ្លងដែន គឺជាទីកន្លែងដែលជាប់ពាក់ព័ន្ធជាមួយចំនួនទឹកប្រាក់ជាច្រើន ដូច្នេះ​វាអាចជាវិធីសាស្រ្តមួយដែលគេមានបំណងធ្វើឱ្យមានភាពស្មុគស្មាញដើម្បីជាលេសស្រប​ច្បាប់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ជ្រើសរើសយកសេវាបន្ថែម​ពីអ្នកជំនាញ​បំពេញឯកសារ និងរត់ការណ៍ធ្វើលិខិតឆ្លងដែន។

លោក ប៉ិច ពិសី បានលើកឡើងថា៖ «មានការដោះដូរលុយច្រើនណាស់ អ៊ីចឹងគេធ្វើឱ្យ​ស្មុគស្មាញទៅ ដើម្បីឱ្យមានវិធីដូចអ៊ីចឹង គឺថាបើស្មុគស្មាញទៅ គេប្រើអ្នកជំនាញផ្សេង​ឱ្យធ្វើឱ្យ ហើយគេឱ្យសេវាបន្ថែម ហើយកន្លែងនឹងប្រហែលជាគេចាត់ទុកថា មិនមែន​ជារឿង​ពុករលួយទៀត ព្រោះអានេះគឺជាសេវាអាជីពរបស់គេ»។

លោកបន្ថែមទៀតថា មន្រ្តីសាធារណៈដែលមានតួនាទីបម្រើរាស្រ្ត ត្រូវតែជាអ្នកដែលរៀបចំ​បំពេញឯកសារ និងរត់ការជូនប្រជារាស្រ្តដែលពួកគាត់មិនមានលទ្ធភាព​គ្រប់គ្រាន់ធ្វើ​ដោយ​ខ្លួនឯងតួយ៉ាងដូចជាអ្នកមិនចេះអក្សរ និងជនពិការភាពជាដើម។ មិនមែនមានន័យថា ប្រសិន​បើពលរដ្ឋមិនមានលទ្ធភាពហើយ ជំរុញពួកគាត់ឱ្យចំណាយថវិកាបន្ថែមទៅលើការ​ជួលឈ្មួញ​កណ្តាលបំពេញឯកសារ និងរត់ការណ៍ឱ្យនោះទេ។

លោកបន្ថែមថា៖ «ខ្ញុំគិតថារឿងហ្នឹងប៉ះពាល់ប្រជាពលរដ្ឋ ជាពិសេសអ្នកទន់ខ្សោយ អ្នកអត់​ចេះអក្សរ ជនពិការ អ៊ីចឹងគាត់រងគ្រោះមួយជាន់ហើយ ឥឡូវនេះឱ្យគាត់រងគ្រោះមួយ​ជាន់​ទៀត! ព្រោះអីគាត់ត្រូវបង់លុយ អ៊ីចឹងវាប៉ះពាល់ស្រ្តីច្រើនជាងគេ»។

លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា​ ទូទៅលោកសង្កេត​ឃើញថា វាជារឿងមួយល្អ ដែលរដ្ឋាភិបាលបានរៀបចំទីកន្លែងសមរម្យ និងផ្តល់ភាពងាយ​ស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន និងនៅ​ផ្សារទំនើបអ៊ីអនសែនសុខ។

ប៉ុន្តែបើងាកមកមើលនីតិវិធីនៃការបំពេញឯកសារនៅតែជាបញ្ហាចោទសម្រាប់ប្រជាពលរដ្ឋ ដោយសារតែពាក្យស្នើសុំមានចន្លោះតូចចង្អៀតពិបាកបំពេញ ឬក៏បំពេញមិនបាន​ត្រឹមត្រូវ​ទៅ​តាមអ្វីដែលមន្រ្តីធ្វើលិខិតឆ្លងដែនចង់បាន។ ដូច្នេះការិយាល័យលិខិតឆ្លងដែនគួរ​តែមាន​កំណែទម្រង់ ឬក៏គួរតែអាចសម្រួលឱ្យប្រជាពលរដ្ឋអាចបំពេញពាក្យ​ស្នើសុំតាម​រយៈ​វេបសាយជាមុន ដែលអាចឈានទៅដល់ការកាត់បន្ថយភាពស្មុគស្មាញ និងការលុបបំបាត់​ការជួយបំពេញបែបបទពីឈ្មួញកណ្តាល។

លោក សន ជ័យ បានថ្លៃងថា៖«អ៊ីចឹងបើនិយាយពីទីកន្លែងអាចថាសមរម្យ ប៉ុន្តែយើងសង្កេត​ឃើញថា នៅខ្វះនិតីវិធី និងការធ្វើកំណែទម្រង់ផ្នែកកិច្ចការក្រដាស់ស្នាមតូចចង្អៀត ហើយ​ព័ត៌មានដែលពលរដ្ឋ បើគាត់សរសេរអក្សររាងធំតិចទៅ វាអាចនឹងធ្វើឱ្យមានការលំបាក ហើយក៏មន្រ្តីហ្នឹងគាត់ថាខុស ថាអីអ៊ីចឹង […] គួរតែរៀបចំឱ្យមានឌីជីផលហ្វេម! ឌីជីផលហ្វេម មានន័យថាអ្នកខ្លះគាត់មានចង់ទៅធ្វើលិខិតឆ្លងដែន គាត់អាចដោតឡូតហ្វេម​យកមកបំពេញ​បាន បំពេញជាមុនហើយដាក់ឯកសារនឹងទៅ ហើយពេលគេទៅគ្រាន់តែទៅថតរូប និងបង់លុយទៅ»។

លោកឱ្យដឹងថា តម្លៃលិខិតឆ្លងដែនកម្ពុជាមានតម្លៃថ្លៃប្រសិនបើធៀបនឹងប្រទេសជិតខាង បូករួមទាំងភាពស្មុគស្មាញទៀតសោត ហើយប្រជាពលរដ្ឋត្រូវចំណាយ​ទៅលើថ្លៃ​ជួលគេ​បំពេញឯកសារចាប់ពីប្រមាណ១០ដុល្លា ទៅ១៥ដុល្លាបន្ថែមទៀត ដែលនាំឱ្យ​ប្រជាពលរដ្ឋ​ស្ថិតនៅកម្រិតក្រីក្រមានភាពលំបាកក្នុងការទទួលបានសេវាសាធារណៈមួយនេះ។ 

លោក សន ជ័យបន្ថែមថា៖ «បញ្ហាតម្លែនៃលិខិតឆ្លងដែនក៏នៅតែបញ្ហាដែរ សម្រាប់ជីវភាព​ប្រជាពលរដ្ឋកម្ពុជា។ ចង់ឱ្យប្រជាពលរដ្ឋមានលិខិតឆ្លងដែនប្រើច្រើនគ្នា ខណៈពេលដែល​និន្នាការនៃសកលភាវូបនីយកម្ម ឬក៏ការឆ្លងទៅមករវាងពលរដ្ឋកម្ពុជា និងប្រទេសជិតខាងហ្នឹង»។ 

មន្រ្តីនៃនាយកដ្ឋានលិខិតឆ្លងដែនម្នាក់សុំមិនបញ្ចេញ​ឈ្មោះ បានប្រាប់ឱ្យដឹងថា រូប​លោកពិតជាទទួលរត់ការឯកសារឱ្យភ្ញៀវពិតមែន និងទទួល​បាន​ប្រាក់ថ្លៃឈ្នួល​១០ដុល្លា​ក្នុង​ម្នាក់  ដោយលោកសំអាងថា ភាគច្រើននៅទីន្លែងធ្វើ​លិខិត​ឆ្លងដែនគេតម្រូវតម្លៃធ្វើ​លិខិត​ឆ្លងដែន១១០ដុល្លា តែតម្លៃជាក់ស្តែងដែលបានព្យួរ​នៅលើ​ជញ្ជាំង​គឺតែ១០០ដុល្លាតែ​ប៉ុណ្ណោះ​ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ។

មន្ត្រីម្នាក់ហ្នឹងបាននិយាយថា៖ «ចេញក្រៅក្រែងលមានម៉ូយមួយពីរ បានលុយចាយ ម៉ូយ Passport ធ្វើ Passport! ចេះតែបានលុយអ៊ីចឹង អាហ្នឹងគេឱ្យហ្មងអាហ្នឹង ម្នាក់១១០ ម្នាក់១០រៀល [១០​ដុល្លារថ្លៃរត់ការណ៍] អ៊ីចឹងណា»។

អគ្គនាយករងនៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម លោក សាយ ម៉េងឈាង បានមាន​ប្រសាសន៍ថា នាពេលកន្លងមក លោកពិតជាធ្លាប់បានទទួលដំណឹងពី​ពលរដ្ឋមួយចំនួន​ចំពោះ​ការ​យកថ្លៃលើសតម្លៃដើមពិតមែន ប៉ុន្តែករណីនេះលោកបានជំរុញឱ្យពលរដ្ឋរាយការណ៍​ឱ្យ​បាន​ជាក់លាក់ទៅកាន់ក្រុមរបស់លោកដើម្បីមានចំណាត់ការផ្លូវច្បាប់ចំពោះមន្រ្តី​ដែល​បាន​ប្រព្រឹត្តខុសវិន័យនោះ។

លោក សាយ ម៉េងឈាង៖ «កន្លងមកខ្ញុំឮពលរដ្ឋមួយចំនួនគាត់និយាយអ៊ីចឹងដែរ ប៉ុន្តែ​យើង​បានប្រកាសផ្សាយពីតម្លៃហើយ គាត់ [ពលរដ្ឋ] គួរតែដឹងហើយ។ ដោយឡែក​បើ​សិនជា​គាត់​ទៅរត់ការណ៍តាមរយៈអ្នករត់ការ គេទារលើសអាហ្នឹងជារឿងរបស់គាត់។ បើសិនជា​យើង​មាន​ព័ត៌មានច្បាស់ថា មន្ត្រីយើងណាគាត់ទារលើសអាហ្នឹងយើងចាត់វិធានការ​ទៅតាម​ច្បាប់​អ៊ីចឹង​ទៅ»។

លោកបានឱ្យដឹងទៀតថា ពលរដ្ឋអាចរាយកាណ៍នូវភាពមិនប្រក្រតីនៃការធ្វើលិខិត​ឆ្លងដែន​បានតាមរយៈលេខ១២៧១ ដែលជាលេខរបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និង​ប្រតិកម្មរហ័ស រងចាំទទួលឆ្លើយតបរាល់បញ្ហានានា ដែលពលរដ្ឋជួបប្រទះ ឬអាចសរសេរ​ជា​លិខិតដាក់ស្រោមសំបុត្រដែលមាននៅក្នុងកន្លែងធ្វើលិខិតឆ្លងដែនផ្ទាល់។

បើតាមលោក​ ម៉េងឈាង បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗមានពលរដ្ឋចន្លោះពី១០០ទៅ ២០០នាក់ដែលបានមកទទួលសេវាធ្វើលិខិតឆ្លងដែន។

បច្ចុប្បន្នប្រទេសកម្ពុជាមានទីតាំងចំនួន៥កន្លែង ដែលអាចទទួល​សេវាកម្ម​ធ្វើលិខិតឆ្លងដែន បាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង​នៅទីតាំងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ។

គួរឱ្យកត់សម្គាល់ថា ការដែលទទួលបាន​លិខិត​ឆ្លងដែននៅក្នុងប្រទេសកម្ពុជា គឺជារឿង​ស្មុគស្មាញមួយសម្រាប់ប្រជាជន។ តម្លៃខ្ពស់ជាង​ប្រទេសជិតខាង ដែលប្រទេសវៀតណាម​មានតម្លៃ​២០​ម៉ឺន​ដុង ឬ​ស្មើ​តែ​ ៩​ដុល្លារតែ​ប៉ុណ្ណោះ ​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ។ ចំណែក​លិខិតឆ្លងដែនប្រទេស​ថៃមានតម្លៃ១០០០​បាត ឬ​ស្មើ​នឹង៣០​ដុល្លារ មាន​សុពលភាព​៥​ឆ្នាំ។ រីឯ​លិខិតឆ្លងដែនក្នុងប្រទេសកម្ពុជាវិញមានតម្លៃថ្លៃ និងត្រូវចំណាយថវិកាក្រៅ​ផ្លូវការ​បន្ថែម ចំណែកឯការបង់ប្រាក់ក្រៅផ្លូវការទៀតសោតនោះ​ក៏​បានក្លាយទៅជាទម្លាប់មួយ​ដែល​ពេញ​និយមរួចទៅហើយដែរ៕

1,516 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម