លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា លំហនយោបាយ និងពលរដ្ឋ និងសិទ្ធិជនជាតិដើមភាគតិចនៅតែត្រូវបានរឹតត្បិតនៅឡើយ បើទោះជារដ្ឋាភិបាលថ្មី នៅពេលនេះ ត្រូវបានដឹកនាំដោយមនុស្សជំនាន់ថ្មីក៏ដោយ។ លោកក៏បានមានប្រសាសន៍ផងដែរថា ការបោះឆ្នោតកន្លងមកស្ថិតនៅ«ឆ្ងាយពីភាពសេរី និងយុត្តិធម៌»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយក្រុមអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល លោក វិទិត បានលើកឡើងពីកង្វល់ និងអនុសាសន៍ចំនួនប្រាំបួនទាក់ទងនឹងបញ្ហាដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ជនជាតិដើមភាគតិច ប្រព័ន្ធពន្ធនាគារ និងលំហនយោបាយ និងពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណួរស្តីពីការចាប់ខ្លួនសកម្មជន អំឡុងពេលទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់លោកនៅក្នុងប្រទេសកម្ពុជា លោក វិទិត មានប្រសាសន៍ថា៖ «ករណីនោះមិនមែនជាមូលហេតុទេ ប៉ុន្តែវាជាប្រព័ន្ធ។ យើងត្រូវទម្លាក់ចោលការចោទប្រកាន់ មិនបន្តនីតិវិធីច្បាប់ និងបើកលំហនយោបាយ និងពលរដ្ឋ»។
កាលពីខែឧសភា រដ្ឋជាសមាជិកអង្គការសហប្រជាជាតិបានជំរុញរដ្ឋាភិបាលកម្ពុជាឲ្យស្ដារលំហនយោបាយ និងពលរដ្ឋ និងសិទ្ធិក្នុងការបញ្ចេញមតិ ហើយដោះលែងអ្នកដែលត្រូវបាន “ឃុំខ្លួនដោយអយុត្តិធម៌” ដោយសារតែការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ ពួកគេបានរាប់បញ្ចូលទាំងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានតុលាការរកឃើញពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ព្រមទាំងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។
លោក វិទិត បានមានប្រសាសន៍ថា សហគមន៍ជនជាតិដើមភាគតិចមួយចំនួនមិនត្រូវបានចុះបញ្ជីដោយអាជ្ញាធរទេ ហើយ «រយៈពេលរង់ចាំ គឺអាចយូរ»។
ដំណើរការចុះបញ្ជីមានរយៈពេលវែងពេក ហើយចាំបាច់ត្រូវពន្លឿន។ ជនជាតិដើមភាគតិចប្រឈមនឹងផលប៉ះពាល់អវិជ្ជមានដោយសារសម្បទានដីសេដ្ឋកិច្ច និងការទន្ទ្រានយកដីរបស់ពួកគេពីសំណាក់អ្នកដែលចង់បានផលប្រយោជន៍ ជាញឹកញាប់មានពាណិជ្ជករ និងអ្នកទៅពីខាងក្រៅ ហើយជួនកាល «មានការគប់គិតជាមួយមន្ត្រី»។
លោក វិទិត បានមានប្រសាសន៍ថា សហគមន៍ជាច្រើនបានរងគ្រោះដោយសារបំណុល ដែលមួយផ្នែកបង្កឡើងដោយ «ការផ្ដល់ប្រាក់កម្ចីបែបជញ្ជក់ឈាម ទៅលើអ្នកខ្ចីប្រាក់ទាំងឡាយ»។
អ្នករាយការណ៍ពិសេសរូបនេះបានសម្តែងការព្រួយបារម្ភថា មានតំបន់មួយនោះ ក្រុមហ៊ុនបានបោះបង្គោលជុំវិញដីរបស់ជនជាតិដើមភាគតិច ដោយធ្វើរបងដោយមិនឱ្យពួកគាត់ដឹង។ ក្រុមហ៊ុនបានគំរាមចាត់វិធានការលើសហគមន៍ប្រសិនបើពួកគេព្យាយាមរុះរើបង្គោលរបងនោះ។
នៅក្នុងករណីមួយទៀត លោកបានដឹងថា៖ «សហគមន៍ត្រូវបានគេប្រាប់ឲ្យទទួលយកដីសហគមន៍តូចជាងមុន ជាមួយនឹងបណ្ណកម្មសិទ្ធិសមូហភាព ជាថ្នូរនឹងការបញ្ចប់ការចោទប្រកាន់ព្រហ្មទណ្ឌលើសមាជិករបស់ខ្លួន»។
ទាក់ទិននឹងការលេចឡើងនូវច្បាប់ភូមិបាលថ្មីនេះ លោកសង្ឃឹមថា នឹងមានការលើកឡើងបញ្ជាក់ឲ្យបានច្បាស់អំពីជនជាតិដើមភាគតិច និងសិទ្ធិរបស់ពួកគេ។
លោក វិទិត បានមានប្រសាសន៍ថា ជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មីនៅឆ្នាំ២០២៣ គេនៅមិនឃើញមាន «សេរីភាវូបនីយកម្ម» នៃលំហស៊ីវិល និងនយោបាយនៅឡើយទេ។
អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានបន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសពាក់ព័ន្ធ ក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេ។
លោកបានមានប្រសាសន៍ថា មានសេចក្តីរាយការណ៍អំពីក្រុមមួយចំនួនដែលទទួលរងការបំភិតបំភ័យ ហើយសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ខណៈលោកស្ថិតនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖ «ដូច្នេះហើយ យើងសង្ឃឹមថា ជនជំនាន់ថ្មីអាចចាកចេញពីការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញទឹកចិត្តបន្ថែមទៀត ពោលគឺ អ្វីៗគ្រប់យ៉ាង ត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ»។
នៅពេលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០នោះ ដូច្នេះកាតព្វកិច្ចរបស់រដ្ឋ គឺការពារ។ កាតព្វកិច្ចរបស់វិស័យធុរកិច្ច គឺគោរព និងធានានូវការទទួលខុសត្រូវរួមគ្នាក្នុងការដោះស្រាយទៅលើការខូចខាត ដែលជាគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹងប្រព័ន្ធពន្ធនាគារ លោក វិទិត បានមានប្រសាសន៍ថា៖ «ការជាប់គាំងភាគច្រើន គឺដោយសារតែទំនោរក្នុងការឃុំខ្លួនមុនការជំនុំជម្រះ» ខណៈដែលជម្រើសជាទីពេញចិត្ត គួរតែធានាឱ្យមានការនៅក្រៅឃុំ និងវិធានការមិនឃុំខ្លួន។
«ការប្រើប្រាស់កម្លាំងច្បាប់និងបទបញ្ជាដោយសភាពខ្លាំងក្លា» ជារឿយៗ នាំឱ្យមានការចាប់ខ្លួនមនុស្ស «ដោយងាយស្រួលពេក» ក្រោម «រូបភាពចាក់ស្រេះស្មុគស្មាញរបស់ច្បាប់» ដែលធ្វើឱ្យជនក្រីក្រនិងជនមិនសូវមានការអប់រំ ទទួលរងយុត្តិធម៌ដោយសង្ខេប និងឆាប់រហ័ស តាមរយៈការបញ្ជូនពួកគេឱ្យ «ជាប់ពន្ធនាគាររយៈពេលវែង ដោយមិនទទួលបានជំនួយផ្នែកច្បាប់ និងការការពារសុវត្ថិភាពពេញលេញ ទៅលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិក្នុងការដាក់បណ្តឹងសារទុក្ខ»។
លោកជំរុញឲ្យរដ្ឋាភិបាលពង្រឹងគុណភាពប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់។
ទន្ទឹមនឹងនោះ លោក វិទិត បានកត់សម្គាល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកសិទ្ធិគណបក្សប្រឆាំងនាំមុខចំនួនពីរ ដែលរួមទាំងគណបក្សភ្លើងទៀនផងដែរ នៅមុនការបោះឆ្នោត។ នៅពេលនោះ និយតករទូរគមនាគមន៍កម្ពុជាបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទខ្ទប់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថាប័នព័ត៌មានចំនួនបី ដែលគេចាត់ទុកថា រិះគន់រដ្ឋាភិបាល។
លោកបន្តថា រដ្ឋាភិបាលថ្មីគួរដោះស្រាយបញ្ហានេះដោយបើកចំហ និងប្រកបដោយប្រសិទ្ធភាព។ លោក វិទិត មានប្រសាសន៍ថា៖ «នាឡិកាមួយទៀតកំពុងដើរទៅមុខដែរនោះ [… ] គឺថា រដ្ឋាភិបាលថ្មីនេះ មានរយៈពេល [ជាង] បីឆ្នាំ មុនឈានដល់ការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០២៧ ដើម្បីបញ្ជាក់ថា តើរដ្ឋាភិបាលនេះ អាចធ្វើឱ្យមានពហុភាពនិយម ក្នុងការអនុលោមតាមតម្រូវការនៃលទ្ធិប្រជាធិបតេយ្យដែរឬទេ?»។
លោកក៏សង្កេតឃើញថា នៅក្នុងក្រុមប្រឹក្សារាជធានី/ខេត្ត មានសមាជិកក្រុមប្រឹក្សាស្ត្រីប្រហែល ១៧ ភាគរយ ប៉ុណ្ណោះក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន៥៥៩នាក់។ នៅក្នុងក្រុមប្រឹក្សាស្រុក/ខណ្ឌ មានសមាជិកក្រុមប្រឹក្សាស្ត្រីតែ ១៩.២២ ភាគរយ ប៉ុណ្ណោះ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន៣,៦៤១រូប។
លោកបន្តថា៖ «ដូច្នេះ មានការងារជាច្រើន ដែលចាំបាច់ត្រូវធ្វើ ដើម្បីបង្កើនការចូលរួមយ៉ាងសំខាន់របស់ស្ត្រីនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ ជាពិសេសក្នុងវិស័យនយោបាយ”។
បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់លោក វិទិត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចេញសេចក្តីបំភ្លឺមួយច្រានចោលការព្រួយបារម្ភរបស់លោក វិទិត ដោយបញ្ជាក់ថា ការព្រួយបារម្ភមួយចំនួនខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការបោះឆ្នោតនៅកម្ពុជាត្រូវបានរៀបចំឡើងជាទៀងទាត់តាមការកំណត់នៃច្បាប់ ហើយតែងតែបានប្រព្រឹត្តទៅ «ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌គ្រប់ពេលវេលា»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ជាក់ស្តែង មានគណបក្សសរុបចំនួន១៨ បានចូលរួមប្រកួតប្រជែងក្រោមបរិយាកាស «ស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង» អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក្នុងឆ្នាំ២០២៣។
ជាង៨៤ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតបានបោះឆ្នោត ដោយមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤២២នាក់ ដែលតំណាងឱ្យ៦៥សញ្ជាតិមកពី៦១ស្ថាប័ន ក៏ដូចជាភ្នាក់ងារគណបក្សនយោបាយប្រមាណ៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩ម៉ឺននាក់។
សេចក្តីបំភ្លឺនេះបន្តថា៖ «កង្វល់លើការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាជិកគណបក្សនយោបាយក្នុងប្រទេសកម្ពុជា គឺជាការផាត់ចោលកិច្ចខិតខំប្រឹងប្រែងក្នុងការធានានូវគោលការណ៍នីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទៅ»។
បន្ថែមលើនេះ កង្វល់ចំពោះការអនុវត្តច្បាប់នេះ អាចក្លាយជាកាតាលីករជំរុញឱ្យមនុស្ស រួមទាំងសកម្មជន មិនគោរពច្បាប់ និងអាចប្រើស្លាកអ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនផ្សេងៗ ដើម្បីប្រព្រឹត្តបទល្មើស ដែលនឹងនាំទៅដល់អស្ថិរភាព និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសង្គម។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សេចក្តីបំភ្លឺនេះ «គ្រាន់តែបំភ្លឺពីរបីចំណុចប៉ុណ្ណោះ» ដោយសារអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ការរីកចម្រើនរបស់រដ្ឋាភិបាល ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ពាក់ព័ន្ធនឹងលំហនយោបាយ និងពលរដ្ឋ លោក ចិន្តា មានប្រសាសន៍ថា លោក វិទិត បានបង្ហាញពីកង្វល់របស់គាត់មុនពេលមកដល់ប្រទេសកម្ពុជា រួមទាំងការអនុវត្តច្បាប់នាពេលថ្មីៗនេះ លើសកម្មជន ជាពិសេសសកម្មជនបរិស្ថាន។ លោកថា៖ «គាត់ [វិទិត] បានលើកឡើងថា វាមិនស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ»។
លោក ចិន្តា បានមានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវបញ្ជាក់ជាថ្មីដល់លោក វិទិត ថា ការអនុវត្តច្បាប់មិនមែនជាការមិនគោរពសិទ្ធិមនុស្សទេ ប៉ុន្តែជាការអនុវត្តច្បាប់។
ពាក់ព័ន្ធនឹងស្ថានភាពនៅពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា «លក្ខខណ្ឌពន្ធនាគារនៅទូទាំងប្រទេសត្រូវបានពង្រឹងជាប្រចាំ ដើម្បីឲ្យស្របតាមបរិបទសេដ្ឋកិច្ចសង្គមរបស់កម្ពុជា»។
ការនេះរួមបញ្ចូលទាំងការលើកកម្ពស់សិទ្ធិ រួមទាំងសិទ្ធិក្នុងការធ្វើលំហាត់ប្រាណ ការថែទាំសុខភាព ជំនឿសាសនា ក៏ដូចជាការទទួលបានការអប់រំ និងការបណ្តុះបណ្តាល អាហារូបត្ថម្ភដ៏ប្រសើរ និងការចុះសួរសុខទុក្ខជាទៀងទាត់ដោយភាគីពាក់ព័ន្ធ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជំរុញឱ្យស្ថាប័ននានា និងភាគីពាក់ព័ន្ធធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់ «មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬមតិ» ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ទោះបីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកកម្ពុជាក្នុងរយៈពេលខ្លីក៏ដោយ ក៏លោកបានទទួលព័ត៌មានមួយចំនួនរួចហើយ ដោយសារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមានវត្តមាននៅកម្ពុជា ហើយដំណើរទស្សនកិច្ចដោយផ្ទាល់នេះ គឺដំណើរ«ការផ្ទៀងផ្ទាត់» ជាមួយភាគីពាក់ព័ន្ធ។
លោក សំអាត មានប្រសាសន៍ថា៖«[លោក វិទិត] បានផ្ទៀងផ្ទាត់ [ព័ត៌មាន] ជាមួយគ្រប់ភាគីដែលពាក់ព័ន្ធ មានទាំងរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ ហើយនិងភាគីផ្សេងៗទៀត [ដើម្បី] ប្រមូលព័ត៌មានទាំងអស់ហ្នឹង។ អ៊ីចឹងនូវអ្វីដែលអ្នករាយការណ៍ពិសេសលើកឡើងហ្នឹង គឺជាការមើលឃើញហើយមានអំណះអំណាងត្រឹមត្រូវ»។
លោក សំអាត មានប្រសាសន៍ថា កន្លងមកមានការពិភាក្សាច្រើនអំពីការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទាក់ទិននឹងការបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទៅកាន់លោក វិទិត លោក សំអាត មានប្រសាសន៍ថា កម្ពុជាគួរតែពិនិត្យមើលការរកឃើញ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយថា តើមានភាពខ្វះចន្លោះ ដែលគួរដោះស្រាយឬទេ ធ្វើដូច្នេះកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការរកឃើញនេះ ជាជាងបដិសេធចោល ឬប្រតិកម្ម៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civic Space, Human Rights, Election Process Among Nine Key Concerns of UN Special Rapporteur