បន្ទាប់ពីមានការពន្យារពេលយ៉ាងយូរ សាលាដំបូងរាជធានីភ្នំពេញបានកំណត់កាលបរិច្ឆេទបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតមេបក្សប្រឆាំង។
សំណុំរឿងនេះត្រូវបានផ្អាកតាំងពីខែមីនា ឆ្នាំ២០២០ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានបន្តដំណើរការជាធម្មតាឡើងវិញអស់ជាច្រើនខែមកហើយ រួមទាំងការចាប់ផ្តើមសវនាការថ្មីលើសកម្មជនសិទ្ធិមនុស្ស និងសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោលរួចហើយនោះ។
ក្រុមសង្គមស៊ីវិលលើកឡើងថា ការបន្តសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញភ្លាមៗនេះ គឺដោយសារសម្ពាធអន្តរជាតិ។ ទាំងលោក អ៊ី រិន អ្នកនាំពាក្យតុលាការនិងលោក ចាន់ ចេន មេធាវីការពារក្តីរបស់លោក កឹម សុខាបានបញ្ជាក់កាលពីថ្ងៃអង្គារថា សវនាការនឹងបន្តនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោក ចាន់ ចេន បានមានប្រសាសន៍ថា៖ «សហមេធាវីយើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមសវនាការ» ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានដាក់សំណើសុំទម្លាក់ចោលសំណុំរឿងនេះ ប៉ុន្តែមិនបានទទួលការឆ្លើយតបពីតុលាការទេ។
លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែលតាមចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោក កឹម សុខា បានអះអាងថា លោកធ្វើសកម្មភាពដោយស្របច្បាប់និងប្រកបដោយតម្លាភាពក្នុងការព្យាយាមយកឈ្នះការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ ហើយសមាជិកគណបក្សជាច្រើននាក់ត្រូវបានចាប់ខ្លួនជុំវិញអ្វីដែលគេជឿជាទូទៅថា ជាការចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយ។ មេដឹកនាំកំពូលៗរបស់គណបក្សនេះបាននិរទេសខ្លួន ហើយសមាជិកជាន់ខ្ពស់ជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
ការពន្យារពេលលើសំណុំរឿងរបស់លោក កឹម សុខា ធ្វើឲ្យមានក្តីបារម្ភក្នុងចំណោមក្រុមសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយ ដែលអះអាងថា ជម្លោះផ្លូវច្បាប់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញឲ្យការបែកបាក់ក្នុងចំណោមមេដឹកនាំគណបក្សសង្គ្រោះជាតិកាន់តែធ្ងន់ធ្ងរឡើង។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការបន្តសវនាការរបស់លោក កឹម សុខា គឺដោយសារសម្ពាធអន្តរជាតិ ជាពិសេសនៅពេលដែលកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ លោក សំអាត បានទស្សទាយថា រដ្ឋាភិបាលនឹងកំណត់ជំហររបស់ខ្លួនឡើងវិញ ដោយបញ្ជាក់ថា ខ្លួនមិនអាចជ្រៀតជ្រែកក្នុងកិច្ចការរបស់តុលាការបានទេ នៅពេលតុលាការបន្តដំណើរការរឿងក្តីនេះ។
លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញបញ្ហាកម្ពុជារបស់យើង [ក្លាយទៅជា] វិបត្តិនយោបាយដ៏ចម្រូងចម្រាស និងបញ្ហាសិទ្ធិមនុស្ស។ ខ្ញុំគិតថា អ្នកនយោបាយគួរតែដោះស្រាយ [បញ្ហានយោបាយ] ដោយផ្អែកលើគោលការណ៍សាមគ្គីភាពនិងឯកភាពជាតិ ដើម្បីធានាដល់ការស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានយល់ស្របថា កម្ពុជាប្រឈមនឹងសម្ពាធកាន់តែខ្លាំងចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ។
លោកបានមានប្រសាសន៍ថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់បញ្ហាអវិជ្ជមាន រួមទាំងការកាត់បន្ថយភាពតានតឹងនយោបាយក្នុងស្រុកនឹងមិនប៉ះពាល់ដល់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនោះទេ» ប៉ុន្តែលោកបានលើកឡើងថា ការបន្តសវនាការរបស់លោក កឹម សុខា គឺមួយផ្នែកដោយសារកម្ពុជាធ្វើជាប្រធានអាស៊ាននិងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធថា ការបន្តសវនាការរបស់លោក កឹម សុខា ឡើងវិញ មិនមានហេតុផលនយោបាយទេ។
កាលពីសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើអតីតសមាជិកនិងសកម្មជនគណបក្សសង្រ្គោះជាតិជាង១៣០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមពាក់ព័ន្ធការព្យាយាមមិនបានសម្រេចរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងការវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សវនាការដែលមានមនុស្សដ៏ច្រើននេះក៏ត្រូវបានពន្យារពេលជាច្រើនខែផងដែរដោយសារការរីករាលដាលជំងឺកូវីដ-១៩។
លោក សំ សុគង់ មេធាវីការពារក្តីអតីតសមាជិកនិងសកម្មជនគណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា តុលាការបានកំណត់ពេលបើកសវនាការរៀងរាល់ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ដើម្បីជម្រះលើបទចោទរួមគំនិតក្បត់។
លោកបានមានប្រសាសន៍ថា៖ «យើងឃើញថា តុលាការបានបន្តការជំនុំជម្រះរបស់ខ្លួនឡើងវិញនៅមុនការបោះឆ្នោតខាងមុខ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court resumes treason trial against Kem Sokha