សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទោះបីមានការចរចាបីលើកក៏ដោយ កម្ពុជានៅតែរងហានិភ័យការអនុវត្តអត្រាពន្ធ៤៩%ពីសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់កាន់តែខិតមកដល់

កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនបន្ដការផ្អាករយៈពេល ៩០ថ្ងៃលើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី៩ ខែកក្កដាទេ ដែលជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មនឹងត្រូវអនុវត្ត លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានប្រាប់កម្មវិធី Sunday Morning Futures របស់បណ្តាញ​ទូរទស្សន៍ Fox News Channel ថា រដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមផ្ញើសេចក្តីជូនដំណឹង«ក្នុងពេលឆាប់ៗនេះ» ទៅកាន់ប្រទេសទាំង២០០ មុនថ្ងៃកំណត់។

លោក​បានថ្លែងថា៖ «វាមានន័យថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបានបញ្ចប់ហើយ។ យើងនឹងពិនិត្យមើលថាតើប្រទេសណាធ្វើដាក់យើងយ៉ាងម៉េច ពួកគេល្អ ឬមិនល្អ។ ប្រទេសខ្លះៗយើងក៏មិនសូវខ្វល់ដែរ យើងគ្រាន់តែដាក់ពន្ធខ្ពស់ទៅលើពួកគេប៉ុណ្ណោះ»។​

កាលពីថ្ងៃទី២ ខែមេសា លោក ដូណាល់ ត្រាំ បានប្រកាសអំពីការដាក់ពន្ធគយបដិការលើប្រទេសជាច្រើន រួមទាំងពន្ធចំនួន ៤៩% លើកម្ពុជាផងដែរ។

សហរដ្ឋអាមេរិកបានអះអាងថា ទំនិញអាមេរិកប្រឈមនឹងការទូទាត់ពន្ធគយជាមធ្យមដល់ ៩៧% នៅពេលនាំចូលទៅកម្ពុជា។ ដោយសារហេតុនេះ រដ្ឋបាលរបស់លោក ត្រាំ បានដាក់ពន្ធខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើកម្ពុជាពោលគឺ៤៩%  ហើយបន្ទាប់មកគឺ ៤៨% លើប្រទេសឡាវ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៩ ខែមេសា នៅពេលដែលសង្រ្គាមពាណិជ្ជកម្មជាមួយចិនកាន់តែកើនឡើង រដ្ឋបាលរបស់លោកត្រាំបានផ្តល់ការបន្ធូរបន្ថយរយៈពេល៩០ថ្ងៃលើការយកពន្ធសម្រាប់ប្រទេសកម្ពុជា និងប្រទេសចំនួន៩០ ផ្សេងទៀត។ ការ​ផ្អាក​បណ្ដោះ​អាសន្ន​នេះ​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា។

ក្នុងអំឡុងពេលផ្អាកបណ្តោះអាសន្ននេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងការចរចាចំនួនបីជុំរួចមកហើយជាមួយសហរដ្ឋអាមេរិក។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចចាជុំទីមួយពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ភាគីទាំងពីរ បាន​«ផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់» ដោយពិភាក្សាអំពីវិធីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងពិនិត្យលើសេចក្ដីព្រៀងពាណិជ្ជកម្មបដិការ។ ការពិភាក្សាបានបន្តនៅទៅជុំទីពីរ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា ជាមួយនឹងកិច្ចព្រមព្រៀងដែលបានឈានដល់លើបទប្បញ្ញត្តិសំខាន់ៗនៃសេចក្ដីព្រាងកិច្ចព្រមព្រៀង។

ភាគីទាំងពីរបានទទួលស្គាល់ពីវឌ្ឍនភាពសំខាន់ៗ ហើយបានដាក់សំណើថ្មីសម្រាប់ការពិចារណាបន្ថែមនៅក្នុងការចរចាជុំទីបីដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ដោយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការដោយជិតស្និទ្ធ ដើម្បីឈានទៅការសម្រេចចិត្តជារួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។

លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកទំនងជាបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន៤ ឬ ៥ រួមមានប្រទេសចិន ឥណ្ឌា និងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងនឹងនៅតែត្រូវបានផ្ញើទៅកាន់ប្រទេសផ្សេងទៀតទាំងអស់ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើឱនភាពពាណិជ្ជកម្ម ឬកត្តាផ្សេងៗ មុនពេលសម្រេចអំពីអត្រាពន្ធ។

លោកបានបញ្ជាក់ថា៖ «យើងបានធ្វើកិច្ចព្រមព្រៀងហើយៗ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើលិខិតមួយទៅឱ្យពួកគេ ដែលជាលិខិតដែលមានភាពយុត្តិធម៌ខ្លាំង ដោយលិខិតនោះសរសេរថា សូមអបអរសាទរ! យើងនឹងអនុញ្ញាតឱ្យអ្នកធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ អ្នកនឹងត្រូវបង់ពន្ធចំនួន ២៥% ឬ ២០% ឬ ៤០% ឬ ៥០%»។

លោកបានបន្ថែមថា៖ «យើងជូនពរឱ្យអ្នកជួបលាភសំណាង ហើយនេះជាចំណុចបញ្ចប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រោះយើងមានអ្វីមួយដែលគ្មាននរណាម្នាក់នៅលើលោកមាន»។​

លោក ហឿន សំនៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានផ្តល់ការឆ្លើយតបនៅពេលអត្ថបទត្រូវបានចេញផ្សាយរួចទៅហើយ។

ទាក់ទងនឹងបញ្ហានេះ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានបញ្ជាក់ថាស្ថានការណ៍នៅតែពិបាកប៉ាន់ស្មាន ដោយសារលោកត្រាំ «ផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័ស»។

លោកស្រីសុភ័ណ្ឌបានយល់ឃើញថា អាចមាន «ភាគរយតិចតួចបំផុត» ដែលសហរដ្ឋអាមេរិក​នឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ប្រទេសកម្ពុជា។ លោកស្រីបានបន្តថា សហជីពបានរៀបចំកិច្ចប្រជុំមួយថ្មីៗនេះ ហើយកម្មករមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើពន្ធត្រូវបានដំឡើង។ 

លោកស្រីសុភ័ណ្ឌ បានព្រមានថា កម្ពុជាអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ព្រោះប្រទេសនេះមានការពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញសំខាន់បំផុតមួយ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហរដ្ឋអាមេរិក នៅតែជាគោលដៅនាំចេញធំបរបស់កម្ពុជា ដោយការនាំចេញពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ឈានដល់ ៤,៣៥ពាន់លានដុល្លារ ពោលគឺកើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ ការនាំចេញសរុបមានចំនួនជិត ១០ពាន់លានដុល្លារ។

លោកស្រី សុភ័ណ្ឌ បានថ្លែងថា៖ «ពួកយើងមានការព្រួយបារម្ភ។ ប្រសិនបើមិនមានការផ្លាស់ប្តូរទេ ក្រុមហ៊ុនខ្លះអាចនឹងបិទទ្វារ និងផ្លាស់ទីទីតាំងទៅប្រទេសផ្សេងៗ ដែលនឹងប៉ះពាល់ផ្ទាល់ដល់កម្មករ ហើយមនុស្សជាច្រើនអាចបាត់បង់ការងារ»។

លោកស្រីបានជំរុញឱ្យរដ្ឋាភិបាលស្វែងរកមធ្យោបាយដើម្បីការពារកម្មករ និងធានាថាពួកគេអាចបន្តរកប្រាក់ចិញ្ចឹមជីវិតបានជាប្រក្រតី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite Three Rounds of Talks, Cambodia Risks 49% U.S Import Tariff as Deadline Nears

ព័ត៌មានថ្មី

អត្ថបទពេញនិយម