តំណាងសមាគមមនុស្សចាស់ចំនួន២៤៧ មកពីតាមបណ្តាលខេត្ត និងក្រុង ដែលតំណាងឱ្យមនុស្សចាស់ជាង ៣០ ០០០នាក់ បានប្រមូលផ្គុំគ្នានៅវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី៤ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកែលម្អការគាំពារសង្គម បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងដោះស្រាយតម្រូវការសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
នៅក្នុងវេទិកានេះ លោក ឈន សាមេត អនុប្រធានបណ្តាញមនុស្សវ័យចាស់កម្ពុជាបានលើកឡើងពីតម្រូវការអាទិភាពចំនូន១០ ដែលមនុស្សចាស់ត្រូវការ ហើយលោកសង្ឃឹមថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតនឹងគ្រាំទ្រក្នុងតម្រូវការ។ ក្នុងសំណើទាំង១០ ពួកគេរួមបញ្ចូលទាំងការថែទាំសុខភាពដោយឥតគិតថ្លៃ ការផ្តល់បណ្ណសមធម៌ និងលំនៅឋានសមរម្យសម្រាប់មនុស្សចាស់ទូទៅ។
ឃន ឆេងលី អាយុ៦៤ឆ្នាំ ជាប្រធានសមាគមនៅភូមិណាម ឃុំស្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងអំពីបញ្ហានៅក្នុងសមាគម។ លោកបាននិយាយថា មនុស្សចាស់ជាច្រើនមានការខ្វះខាតធនធានហិរញ្ញវត្ថុសម្រាប់ការព្យាបាលខាងផ្នែកវេជ្ជសាស្ត្រ និងមិនមានការគ្រាំទ្រនៅកម្រិតថ្នាក់ក្រោមនៅឡើយ។
លោកមានប្រសាសន៍ថា៖ «ដោយសារតែ សមាគមមនុស្សចាស់សព្វថ្ងៃបានបង្កើតឡើងហើយ ចំពោះការគ្រាំទ្រនៅតែមានតិចតួចនៅឡើយ អ៊ីចឹងហើយការគាំទ្រឲ្យយកចិត្តទុកដាក់ សព្វថ្ងៃនេះគេមិនមានអ្នកស្គាល់ទៅជួររដ្ឋាភិបាល ហើយចំពោះសមាគមមនុស្សចាស់ហ្នឹង គេមិនសូវទទួលស្គាល់នោះទេ»។
លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធផ្តល់បណ្ណសមធម៌ ក្នុងការថែទាំសុខភាព និងការគាំទ្រសម្រាប់មនុស្សចាស់នាពេលអនាគត។
ស្រដៀងគ្នានេះដែរ អ្នកស្រី ញូង យឿន អាយុ៧០ឆ្នាំ ប្រធានសមាគមមកពីភូមិក្រាំងស្វាត ឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចែករំលែកថា មនុស្សចាស់ជាច្រើនខ្វះកន្លែងស្នាក់នៅសមរម្យ។ ការគ្រាំទ្រផ្នែកហិរញ្ញវត្ថុក៏ជាការព្រួយបារម្ភជាកត្តាមួយដែលសំខាន់ផងដែរ ព្រោះមនុស្សចាស់ភាគច្រើនមិនមានលុយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសុំស្នើទៅកាន់រដ្ឋាភិបាលក្នុងការបង្កើតកន្លែងស្នាក់នៅ និងកញ្ចប់គ្រាំទ្រសម្រាប់មនុស្សចាស់ទាំងអស់»។
អ្នកស្រី ញូង យឿន បានកត់សម្គាល់ថា សមាគមជួបប្រជុំម្តងក្នុងមួយខែ ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ ហើយខណៈពេលដែលអាជ្ញាធរមូលដ្ឋានបានគាំទ្រ ត្រូវការច្រើនទៀតដើម្បីដោះស្រាយបញ្ហាប្រឈមទូលំទូលាយដែលមនុស្សចាស់ជួបបញ្ហាប្រឈម។
អ្នកស្រីក៏បាននិយាយអំពីការតស៊ូរបស់ខ្លួនបន្ថែមថា អ្នកស្រីមិនមានកូនដើម្បីជួយនោះទេ ពេលខ្លះមានអារម្មណ៍ពិបាក និងគ្មានជំនួយ។ អ្នកស្រីបន្តថា អ្វីគ្រប់យ៉ាង អ្នកស្រីជួយដោយខ្លួនឯងដើម្បីបំពេញតម្រូវការជីវភាព ដោយធ្វើកសិកម្ម ដាំបន្លៃ និងចិញ្ចឹមសត្វ។
អ្នកស្រីមានប្រសាសន៍ថា៖ «មានធ្វើយ៉ាងម៉េចចេះតែទ្រាំទៅ នៅពេលខ្ញុំពិបាកចិត្តតែងតែហាត់ប្រាណ កាលណាដែលខ្ញុំទៅហាត់ប្រាណជាមួយចាស់ ជួយដល់សុខភាព»។ អ្នកស្រីបន្ថែមថា នៅពេលយប់តែងតែស្តាប់ធម៌ទេសនាដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នកស្រី។
លោក នុត ម៉ាក់ មានអាយុ៧២ឆ្នាំ សព្វថ្ងៃនេះជាតំណាងសមាគមមនុស្សចាស់ប្រចាំនៅឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល មានសមាជិក៦៣០នាក់ បានប្រាប់ ខេមបូចា ថា ៥០ភាគរយនៃប្រជាពលរដ្ឋមនុស្សចាស់នៅសមាគមរបស់លោកដែលភាគច្រើនងាយរងគ្រោះនិងខ្វះខាតការគាំទ្រមិនគ្រប់គ្រាន់។
លោកសង្កត់ធ្ងន់ថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហគមន៍រដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីបែងចែកធនធាន និងដោះស្រាយលក្ខខណ្ឌរស់នៅរបស់មនុស្ស។
លោក នុត ម៉ាក់ លើកឡើងភ្ជាប់ជាមួយនឹងទិវាមនុស្សចាស់ថា៖ «មនុស្សចាស់៥០ភាគរយនៃ មនុស្សចាស់ភាគច្រើនផ្នែកលើ[ជំនួយ] ហើយមានការខ្វះខាតនៃ ក្នុងការទិវាមនុស្សចាស់ សមាគមនឹងរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចូលរួមក្នុងផ្នែកថវិកាដើម្បីកាត់បន្ថយជីវភាពរបស់ពួកគាត់ផង»។
ដើម្បីឲ្យមនុស្សចាស់រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូ និងធនធានបាននូវសុខុមាលភាពផ្លូវចិត្តល្អ វាមានសារៈសំខាន់ក្នុងការផ្តល់ការគ្រាំទ្រចាំបាច់ ដើម្បីឲ្យពួកគេអាចរស់នៅដោយមានទំនុបចិត្ត និងមានអារម្មណ៍ពិបាកចិត្ត។
លោកជឿជាក់ថា គោលនរយោបាយ «មនុស្សចាស់ក្នុងបដិវត្តន៍សម័យឌីជីថល» គឺជាជំហានមួយនាំមករកផលវិជ្ជមានក្នុងប្រទេសដែលក្នុងសម័យយុគសម័យបច្ចេកវិទ្យាឌីជីថល។ ទោះបីជាយ៉ាងណាក៏ដោយ លោកកត់សម្គាល់ឃើញថា មនុស្សជាច្រើននៅសមាគមមិនអាចយល់ដឹងអំពីបច្ចេកវិទ្យាទំនើបផ្នែកឌីជីថលបាននោះទេ។
លោកជំរុញទៅកាន់យុវជនជំនាន់ក្រោយយកជំនាញផ្នែកឌីជីថល និងធ្វើការងារជាមួយនឹងមនុស្សចាស់ដើម្បីបណ្តុះបណ្តាល ដើម្បីជួយការងារពួកគាត់លើផ្នែកឌីជីថល។
យោងតាមជំរឿនឆ្នាំ២០១៩ ប្រហែល ៥៥,៨ភាគរយនៃចំនួនប្រជាជនកម្ពុជា១៥,៦លាននាក់មានអាយុក្រោម៣០ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជំនាន់ចាស់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៩ មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅមានចំនួន ៨,៩ភាគរយនៃចំនួនប្រជាជនកើនឡើងពី ៥,៣ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ក្នុងរបាយការណ៍បានលើកឡើងថា តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់២១ភាគរយនៅឆ្នាំ២០៥០។ ការកើនឡើងយ៉ាងឆាប់រហ័សនៃមនុស្សចាស់គឺដោយសារតែកត្តាសំខាន់ពីរ។ ការថយចុះនៃអត្រាមានកូន និងការលូតលាស់នៃអាយុសង្ឃឹមរស់។ និន្នាការទាំងនេះបង្ហាញថា ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ចំនួនប្រជាជនក្នុងវ័យធ្វើការនឹងថយចុះ ដែលនាំឲ្យមានការកើនឡើងនូវតម្រូវការថែទាំមនុស្សចាស់។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។ ប្រធានបទសម្រាប់ទិវាមនុស្សចាស់កម្ពុជាលើកទី ២៦ និងទិវាអន្តរជាតិនៃមនុស្សចាស់គឺ «មនុស្សចាស់ក្នុងបដិវត្តន៍ឌីជីថល»។
ស្របនឹងបញ្ហានេះ រដ្ឋាភិបាលបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបន្តគាំទ្រដល់ការបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ គឺជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយមួយដើម្បីពង្រឹងសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមមនុស្សចាស់។
រដ្ឋាភិបាលជម្រុញ៖ «ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់»។
បន្ថែមពីនេះទៀត ក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដើម្បីណែនាំ អំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
លោក ដាំ មឿន អនុប្រធាន នាយកដ្ឋានមនុស្សចាស់ និងអតីតីយុទ្ធជន នៅក្រសួងសង្គមកិច្ច បានថ្លែងថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងការរីកចម្រើនដោយក្រសួង និងក្រសួងផ្សេងទៀតក៏ដោយ បញ្ហាប្រឈមនៅតែមានក្នុងការដោះស្រាយតម្រូវការរបស់មនុស្សនៅច្រើនទៀត។
ទាំងនេះរួមមានទិន្នន័យមិនច្បាស់លាស់អំពីចំនួនមនុស្សចាស់ដែលធ្វើឲ្យវាពិបាកក្នុងការយល់ឲ្យកាន់តែច្បាស់ពីតម្រូវការបស់ពួកគេ និងរៀបចំផែនការប្រកបដោយប្រសិទ្ធិភាពទៅលើផ្នែកហ្នឹង។ លោកបន្ថែមថា មានការស្រាវជ្រាវនៅមានកម្រិតនៅឡើយចំពោះតម្រូវការផ្លូវច្បាប់ និងការការពារមនុស្សចាស់ដូចជា បញ្ហាដែលកំពុងបន្តជាមួយនឹងក្របខណ្ឌគោលនរយោបាយរបស់មនុស្សចាស់។
លោកបញ្ជាក់ថា៖ «ការអនុវត្តសកម្មភាពដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីមនុស្សចាស់ ២០១៧ ដល់ ២០៣០ ទាមទារថវិកាច្រើន» លោកថ្លែងបន្ថែមថា ការគាំទ្រពីដៃគូអភិវឌ្ឍន៍ដើម្បីលើកកម្ពស់សុខុមាលភាពនៅមានកំណត់។ មានតែដៃគូសកម្មពីរប៉ុណ្ណោះគឺ UNDP និងអង្គការមនុស្សចាស់កម្ពុជា ដែលផ្តោតលើរីស័យនេះ។
ទោះយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ក្រសួង និងនាយកដ្ឋានជំនាញរបស់លោកបានបង្កើតចក្ខុវិស័យដើម្បីដោះស្រាយបញ្ហាប្រឈម។ ក្នុងនោះរួមមាន ការបង្កើតច្បាប់ដើម្បីការពារសិទ្ធិមនុស្សចាស់ និងការបង្កើតមូលនិធិមនុស្សចាស់នៅកម្ពុជា ដើម្បីកែលម្អគុណភាពជីវិតជារួមទៅកាន់មនុស្សចាស់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Elderly Associations in Cambodia Seek Social Protection, Financial Security