អតីតមន្ត្រីគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក មាជ សុវណ្ណរ៉ា ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធាននៃគណបក្សជំនាន់ថ្មី (NGP) នៅក្នុងអំឡុងសមាជលើកដំបូងរបស់គណបក្ស ដែលមានសមាជិកជិត ៥០០នាក់ចូលរួម កាលពីថ្ងៃអង្គារ ។
លោក សុវណ្ណរ៉ា ដែលបានប្រកាសដាក់ចេញគោលនយោបាយទាំង ១០ចំណុចរបស់គណបក្ស ត្រូវបានអមដោយ លោក ប៉ាត មុនី និងលោក ជឹង វិទ្យាឫទ្ធិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានគណបក្សទាំងពីររូប។
បន្ទាប់ពីត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីឈ្មោះជាគណបក្សនយោបាយ NGP បានប្រារព្ធសមាជលើកដំបូងរបស់ខ្លួននៅឯទីស្នាក់ការកណ្ដាលដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ អនុម័តលក្ខន្តិកៈរបស់គណបក្ស និងកំណត់ទិសដៅសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានទទួលស្គាល់ NGP ជាគណបក្សនយោបាយមួយជាផ្លូវការ ដោយមានលោក មុនី ជាសហស្ថាបនិក ។ លោក មុនី បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស NGP កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្រោយការរំលាយគណបក្ស CNRP ដោយតុលាការកំពូលនៅឆ្នាំ២០១៧ ថ្នាក់ដឹកនាំរបស់គណបក្សនេះបានចាកចេញទៅបង្កើតគណបក្សផ្សេងៗគ្នា ដូចជា គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំងជាតិ និងគណបក្ស NGP ។
ក្នុងនាមជាប្រធាណគណបក្ស NGP លោក សុវណ្ណរ៉ា ប្ដេជ្ញាចិត្តធ្វើជាជនគំរូដល់យុវជនវ័យក្មេងៗទាំងនៅក្នុងការងារ និងនៅក្នុងជីវិតប្រចាំថ្ងៃ ។ ជាអតីតប្រធាននាយកដ្ឋានព័ត៌មានរបស់ CNRP លោក សុវណ្ណរ៉ា ធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំ កាលពីឆ្នាំ២០១៤ ពីបទចោទប្រកាន់ បះបោរ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលកាលនោះ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានជ័យជំនះ ។
ប៉ុន្តែ លោក សុវណ្ណរ៉ា ដែលមានសញ្ជាតិពីរគឺខ្មែរនិងអាមេរិក បានត្រូវលើកលែងទោសកាលពីឆ្នាំ២០១៨ ។ សព្វថ្ងៃ លោកជាប្រធានបេសកកម្មនៅក្រៅប្រទេសរបស់អង្គការមិនមែនរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ។
លោកបានពណ៌នាបាវចនារបស់គណបក្ស គឺ«សាមគ្គី សេរីភាព យុត្តិធម៌ និងសន្តិភាព» មានន័យថា អហិង្សា មិនរារាំង មិនរើសអើង និងគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកទាំងឡាយដែលមានទស្សនៈនយោបាយខុសគ្នា ។
ថ្លែងនៅឯពិធីសមាជគណបក្ស លោក សុវណ្ណរ៉ា បាននិយាយថា គោលនយោបាយ ១០ចំណុចរបស់គណបក្សនឹងត្រូវផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជា ។ គោលនយោបាយទាំងនោះ រួមមាន ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបង្រួបបង្រួមជាតិ ការពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម ការបើកវេទិកាសាធារណៈ ការកសាងនីតិរដ្ឋដោយមិនអនុញ្ញាតឱ្យមានការអនុវត្តច្បាប់ស្តង់ដារពីរ ការប្រឆាំងនឹងការលាបពណ៌ ការប្រឆាំងនឹងការរើសអើងនិន្នាការនយោបាយ និងការប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ។
លោក បាននិយាយថា៖ «ការប្រកាន់នូវគំនុំនយោបាយធ្វើឱ្យជាតិបែកបាក់ ចឹងហើយគណបក្សជំនានថ្មី ប្ដេជ្ញា ថានឹងបង្កើតនូវសាមគ្គីគ្នា ទុកចិត្តគ្នា មិនបំផ្លាញគ្នា បង្ហាញនូវការជឿជាក់ ការផ្សះផ្សារបួសស្នាមបែកបាក់»។
អ្នកនាំពាក្យគណបក្សជំនាន់ថ្មី លោក នី សោភ័ណ្ឌ មានប្រសាសន៍ថា អង្គសមាជបក្សបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយក ៥៣រូប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ១៥រូប អនុប្រធានគណបក្ស ២រូប និងប្រធានគណបក្ស១រូប ។ នៅក្នុងពិធីសមាជនេះដែរ មានការចូលរួមរបស់អ្នកវិភាគនយោបាយ លោក មាស នី ដែលជាភ្ញៀវកិត្តិយស និងលោក ឡៅ ម៉ុងហៃ ផងដែរ ។
លោក មាស នី បាននិយាយថា ការបង្កើតគណបក្សនយោបាយជាបន្តបន្ទាប់ គឺបានបង្ហាញថា ប្រជាជនកាន់តែច្រើនឡើងបាននិងកំពុងគិតអំពីប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។
ប៉ុន្តែ លោក បានបញ្ចេញទស្សនៈ ថា ប្រទេសកម្ពុជាអនុវត្ត«លទ្ធិប្រជាធិបតេយ្យបែបផុយស្រួយ» ពីព្រោះអ្នកនយោបាយបានបកស្រាយអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យខុសៗគ្នា និង«ថែមទាំងលាបពណ៌គ្នា»ទៀតផង ដែលបណ្ដាលទៅជាការគុំកួន ។ លោកបានសង្កត់ធ្ងន់ថា ការលាបពណ៌គ្នាមិនអាចចាត់ទុកថាជាយុទ្ធសាស្ត្របានទេនៅក្នុងរបបប្រជាធិបតេយ្យ ។
លោក នី ជឿជាក់ថា គណបក្ស NGP នឹងអាចមានលទ្ធភាពត្រៀមរៀបចំមនុស្សដើម្បីដឹកនាំប្រទេស នៅក្រោយគណបក្សនេះទទួលជ័យជំនះនៅក្នុងការបោះឆ្នោតនាពេលអនាគត ។
លោកនិយាយថា៖ «ខ្ញុំគិតថា គណបក្សនេះ [គណបក្សជំនាន់ថ្មី] នឹងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការគិតគូរអំពីរឿងទាំងប៉ុន្មានចំណុចដែលខ្ញុំលើកឡើងនេះ»។
លោក គង់ មុនីកា អគ្គលេខាធិការនៃគណបក្សឆន្ទៈខ្មែរ មានប្រសាសន៍ថា ការបង្កើតគណបក្ស NGP បានបង្ហាញពីសេរីភាពផ្នែកនយោបាយ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ការបែកបាក់គ្នារវាងអ្នកប្រជាធិបតេយ្យនឹងមិនអាចឱ្យពួកគេឈានទៅសម្រេចបានគោលដៅរបស់ខ្លួនឡើយ ។ ប៉ុន្តែ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ជាសម្ព័ន្ធភាពមួយដែលបង្កើតឡើងដោយគណបក្សប្រឆាំងចំនួន ៤ អាចបើកចំហទ្វារដើម្បីសហការជាមួយបុគ្គល ឬគណបក្សនយោបាយនានា ដែលចង់ឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
លោកបាននិយាយថា៖ «វាជាសិទ្ធិសេរីភាពផ្នែកនយោបាយ ប៉ុន្តែការនៅបែកខ្ញែកគ្នានៃអ្នកប្រជាធបតេយ្យ នឹងពុំអាចឱ្យយើងបានទៅដល់គោលដៅដែលយើងចង់បាននោះទេ ហើយវាក៏ពុំមែនជាការចង់បានរបស់ប្រជាពលរដ្ឋដែរ។ ការរួមកម្លាំងគ្នានៃអ្នកប្រជាធិបតេយ្យ គឺសំខាន់បំផុត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការបង្កើតគណបក្សនយោបាយថ្មីគឺជាសញ្ញាបង្ហាញពីសង្គមមួយដែលមានលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ លោក អះអាងថា ការបញ្ចុះបញ្ចូលប្រជាជនឱ្យបោះឆ្នោតឱ្យគណបក្សរបស់ខ្លួន គឺអាចធ្វើទៅបាន លុះត្រាតែពួកគេជួយដល់ប្រជាជននៅថ្នាក់មូលដ្ឋាន ដូចជា កសាងសាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ។ វាមិនមែនត្រឹមតែទ្រឹស្ដីមួយមុខនោះទេ ។
លោកបាននិយាយថា៖ «បើគ្រាន់តែទ្រឹស្ដីនយោបាយ មិនបានចុះ [ជួយពលរដ្ឋ] នឹងមិនបានការគាំទ្រពីប្រជាជនទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ex-CNRP Official Meach Sovannara Elected President of New Generation Party