សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញអះអាងថា ទីផ្សារអចលនទ្រព្យអាចល្អឡើងវិញនៅឆ្នាំ២០២៨

សំណង់អាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលសាងសង់មិនទាន់រួចរាល់ ទុកចោលផ្អាកការសាងសង់។ រូបថតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)
សំណង់អាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលសាងសង់មិនទាន់រួចរាល់ ទុកចោលផ្អាកការសាងសង់។ រូបថតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

អ្នកជំនាញអះអាងថា ទីផ្សារអចលនទ្រព្យអាចនឹងប្រសើរឡើងវិញនៅឆ្នាំ២០២៨ ខណៈប្រជាពលរដ្ឋ និងឈ្មួញកណ្តាលមួយចំនួនលើកឡើងថា ជីវភាពពួកគាត់លំបាកខ្លាំងហើយដាក់ផ្ទះនិងដីលក់ក្នុងតម្លៃក្រោមទីផ្សារ៥០ភាគរយនៅតែមិនមានអ្នកទិញ។ ​

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន KH25 property លោក សន សៀប មានប្រសាសន៍ថា បញ្ហាទីផ្សារអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅពេលនេះដោយសារតែពលរដ្ឋមិនមានលុយ សេដ្ឋកិច្ចជាតិ​រង​ផលប៉ះពាល់ពីវិបត្តិសង្គ្រាម​រុស្ស៊ី និងអ៊ុយក្រែន អ៊ីស្រាអែល និងប៉ាឡេស្ទីន រួមទាំងជម្លោះ និងភាពតានតឹងនៅតំបន់ផ្សេងៗទៀត។ លោកបន្តថា បញ្ហានេះមានផលលំបាកខ្លាំងរហូតដល់អចលនទ្រព្យនៅតំបន់ខ្លះធ្លាក់ដល់ក្រោមតម្លៃទីផ្សារ៥០ភាគរយហើយនៅមិនមានអ្នកទិញទៀត។

លោក សន សៀប មានប្រសាសន៍ថា៖ «ដល់តែពេលមានវិបត្តិសេដ្ឋកិច្ចរកលុយមិនបាន តម្រូវ​ការមិនថយ! វាថយដូចខ្ញុំនិយាយអ៊ីចឹង គឺវាថយតម្រូវការ ការផ្គត់ផ្គង់វាឡើងខ្ពស់ស្រាប់​របស់វាហើយ រហូតដល់ទៅថាលក់បន្ទាន់ហើយលក់មិនបានទៀត លក់ក្រោមទីផ្សារហើយលក់មិនបានទៀត ហើយទីតាំងមួយចំនួនក្រោមទីផ្សារ៥០ភាគរយក៏គេអត់ទិញ។ ហេតុអ្វីអត់ទិញ? អត់មានលុយផងបានអីទិញ»​។

អ្នកជំនាញអចលនទ្រព្យរូបនេះឱ្យដឹងថា តាមបទពិសោធន៍បញ្ហាទីផ្សារអចលនទ្រព្យត្រូវការពេលសមស្របដើម្បីងើបឡើងវិញបន្ទាប់ពីប៉ះទង្គិចមក ដូចជានៅកម្ពុជាបញ្ហាអចលនទ្រព្យនៅឆ្នាំ២០០៨ អូសបន្លាយដល់ឆ្នាំ២០១២ទើបប្រឡើងវិញ។ ចំណែកនៅ​ហុងកុងជួបបញ្ហានេះនៅឆ្នាំ១៩៩៧ អូសបន្លាយដល់ឆ្នាំ២០០២ទើបស្ថានភាពប្រសើរឡើងវិញ។

ចំពោះស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានៅពេលនេះលោកវាយតម្លៃផ្អែកលើកត្តាពាក់ព័ន្ធមួយចំនួនដោយសន្និដ្ឋានថា អាចប្រសើរឡើងវិញនៅឆ្នាំ២០២៨។

លោក សន សៀប បញ្ជាក់បន្ថែមថា៖ «បើសិនជាវាចាប់ផ្តើមដូចជាការសម្លឹងឃើញរបស់ខ្ញុំមានការរើបតិចតួចពីឆ្នាំនេះ អ៊ីចឹងយើងនឹងចំណាយពេល៤ឆ្នាំ ដើម្បីវានឹងកើនឡើងវិញ ហើយអ៊ីចឹងនៅឆ្នាំ២០២៧ ២០២៨ តម្លៃរបស់វានឹងអាចឡើងមកដូចដើមវិញ»

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ PropNex Cambodia លោកស្រី អាន សុធីតា កត់សម្គាល់ថា ទីផ្សារអចលនទ្រព្យគិតមកត្រឹមខែសីហាឆ្នាំ២០២៤ បានកម្រើកឡើងវិញខ្លះ ដោយសារពលរដ្ឋមួយចំនួនត្រូវការលុយខ្លាំងទើបបង្ខំចិត្តលក់ផ្ទះ ឬដីរបស់ពួកគេទោះត្រូវខាតបង់។

អ្នកជំនាញអចលនទ្រព្យរូបនេះមើលឃើញបញ្ហាមួយចំនួនដែលធ្វើឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះខ្លាំងគឺ បញ្ហាអ្នកទិញបារម្ភខ្លាចអចលនទ្រព្យនៅតែបន្តធ្លាក់ថ្លៃ បញ្ហាបាត់ទំនុកចិត្តដោយសារពលរដ្ឋទិញផ្ទះតែក្រុមហ៊ុនមួយចំនួនធ្វើមិនហើយតាមកិច្ចសន្យា បញ្ហាទីតាំងអចលនទ្រព្យ និងការខ្វះការវិនិយោគពីក្រៅប្រទេសជាដើម។

ជាដំណោះស្រាយឆ្ពោះទៅរកភាពប្រសើរឡើងវិញបាននៅឆ្នាំ២០២៨នោះលោកស្រី អាន សុធីតា ផ្តល់យោបល់ឱ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាបង្កើនការវិនិយោគលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រួលដល់ការយកពន្ធ រួមទាំងធនាគារបន្ថយអត្រាការប្រាក់។

លោកស្រី អាន សុធីតា ផ្តល់យោបល់ថា៖ «អ៊ីចឹងនៅពេលដែលសេដ្ឋកិច្ចមានកំណើន នៅពេល​ដែលមានហេដ្ឋារចនាសម្ព័ន្ធកើតឡើងក៏ជួយឱ្យវិស័យអចលនទ្រព្យរីកចម្រើនទៅតាមហ្នឹង​ដែរ មិនថាអ្នកវិនិយោគក្នុងស្រុក ឬក្រៅស្រុក នៅពេលដែលគាត់ឃើញហេដ្ឋារចនាសម្ព័ន្ធ មាននៅកន្លែងណា គឺគាត់ពិចារណានៅក្នុងការវិនិយោគនៅកន្លែងហ្នឹងហើយ។ ចំណែក​​ឯរាជរដ្ឋាភិបាលអាចជួយ​សម្រួលពាក់ព័ន្ធទៅនឹងពន្ធលើវិស័យអចលនទ្រព្យ ដែលការបន្ធូរបន្ថយពន្ធ ការពន្យារពេលពន្ធ ក៏ជាចំណែកមួយចូលរួមធ្វើឱ្យមានការពិចារណាលើការវិនិយោគលើវិស័យអចលនទ្រព្យនេះដែរ»

ម្ចាស់គម្រោងដីឡូត៍នៅស្រុកបុទុមសាគរ ខេត្តកោះកុងលោកស្រី ស៊ុន សុភាព ឱ្យដឹងថា លោកស្រីបានរៀបចំដីផ្ទាល់ខ្លួនចំនួន​១៨​ហិកតា បែងចែកជាដីឡូត៍បានជាង៨០០ឡូត៍ តាំងពីឆ្នាំ២០២១ ប៉ុន្តែបច្ចុប្បន្នទើបតែលក់បានប្រមាណជាង២០០ឡូត៍តែប៉ុណ្ណោះ។ លោក​ស្រី​ឱ្យដឹងទៀតថា រហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ រូបគាត់ផ្អាកទាំងស្រុងមិនបានធ្វើទីផ្សារអ្វីទៀតទេ ព្រោះយល់​ថា ទោះខំផ្សព្វផ្សាយលក់ដីយ៉ាងណាក៏ពលរដ្ឋមិនមានលុយទិញដែរ។

ចំពោះលោកស្រីហាក់មិនទុកចិត្តលើការព្យាករណ៍របស់អ្នកជំនាញថា ទីផ្សារអចលទ្រព្យអាចប្រសើរឡើងវិញនៅឆ្នាំ២០២៨នៅ​ឡើយ​​ទេ​ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន។ ម្ចាស់គម្រោងដីឡូត៍រូបនេះយល់ឃើញថា ជម្រើសតែមួយគត់ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យប្រសើរឡើងវិញគឺធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារមានចំណូលគ្រប់គ្រាន់។

លោកស្រី ស៊ុន សុភាព បញ្ជាក់ថា«វាជាយោបល់របស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យគ្រប់គ្នាមានការងារធ្វើ នៅពេលនោះពលរដ្ឋមានចំណូលវិញ។ ហើយនៅពេលដែលយើងគ្រប់គ្នាមានចំណូល ចរន្តនៃការចាយវាយមានឡើងវិញ ម្នាក់ៗលក់អីដាច់ នៅពេលនោះពលរដ្ឋមានលុយទិញដី និងលុយបង់ធនាគារវិញ ហើយធនាគារក៏គេនឹងឱ្យយើងខ្ចីទៀតហើយ ដល់ឥឡូវយើងរកចំណូលអត់បាននរណាគេឱ្យយើងខ្ចីទិញដីទៅ»

ដីលំនៅដ្ឋាននៅជាយក្រុងភ្នំពេញ មានសរសេរលើរបងថ្មថា ដីលក់ដោយមានភ្ជាប់លេខទូរសព្ទផង។ រូបថតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ឈ្មួញកណ្តាលជាអ្នកទិញលក់ដីនៅខេត្តសៀមរាប លោក មូល ម៉ៃ ឱ្យដឹងថា  តម្លៃដីដែលធ្លាប់លក់បាន៧០០ដុល្លារក្នុង១ឡូត៍ធ្លាក់មកត្រឹម៤០០ដុល្លារ តម្លៃដែលធ្លាប់លក់១ម៉ឺន២ពាន់ដុល្លារធ្លាក់មកត្រឹម៦ពាន់ដុល្លារក្នុង១ឡូត៍ ហើយនៅតែមិនមានអ្នកទិញទៀត។  លោកឱ្យដឹងថា បច្ចុប្បន្នរូបលោក នៅសល់ដីជាង១០ឡូត៍ទៀតដែលទិញចូលហើយលក់វិញមិនចេញ។

លោក មូល ម៉ៃ ឱ្យដឹងទៀតថា ពលរដ្ឋនៅក្នុងខេត្តសៀមរាបដាក់ផ្ទះ និងដីលក់ជាច្រើនកន្លែង ប៉ុន្តែទីផ្សារអ្នកទិញ គឺស្ងាត់ឬហៅថា គាំងតែម្តង។

លោក មូល ម៉ៃ បញ្ជាក់ថា៖ «ផ្ទះ ហាង អាគារជួល បូទិក និងអូតែលខ្លះដាក់ស្លាកលក់រហែកពីរបីដងហើយនៅតែលក់មិនដាច់»

ឈ្មួញដីធ្លីនៅខេត្តសៀមរាបម្នាក់ទៀត លោក អេង សុវណ្ណ ឱ្យដឹងថា រូបលោកកំពុងជួបការលំបាកដោយត្រូវការលុយប្រើប្រាស់ក្នុងគ្រួសារ និងបង់ធនាគារ តែលក់ដីមិនចេញ។ លោកថ្លែងថា ដីកន្លែងខ្លះលក់ក្រោមតម្លៃទីផ្សារ៦០ទៅ៧០ភាគរយនៅតែមិនមានអ្នកទិញ​។

លោក អេង សុវណ្ណ បញ្ជាក់ថា៖ «នៅនេះដីដែលធ្លាប់តម្លៃ២ម៉ឺនដុល្លារជាងអីហ្នឹងនៅត្រឹម៥ពាន់ដុល្លារក៏គេមិនមើលដែរ នៅតំបន់ពួកខ្ញុំនេះ ត្រឹម៥ពាក់ដុល្លារក៏គេមិនមើលដែរ»

តាមអង្កេតផ្ទាល់របស់អ្នកសារព័ត៌មានខេមបូចានៅរាជធានីភ្នំពេញ និងការសាកសួរព័ត៌មានពីពលរដ្ឋនៅតាមខេត្តក្រុងនានា គឺស្លាកដាក់លក់ផ្ទះ លក់ដី ឬស្លាកសរសេរដាក់លក់បន្ទាន់ ដោយ​​មានភ្ជាប់ និងភាសាអង់គ្លេស រួមទាំងភាសាចិនផងមានច្រើនកន្លែងរួមទាំងនៅលើដី​ស្រែ​ចម្ការ ដីភូមិ ផ្ទះធម្មតា វីឡា កន្លែងជីវកម្មរួមមានផ្ទះសំណាក់ សណ្ឋាគារ ផ្ទះក្នុងបុរី និងភោជនីយដ្ឋានជាដើម។ កន្លែងខ្លះផ្ទះដាក់លក់នៅជាប់ៗគ្នា៣ទៅ៤ផ្ទះក៏មាន។ ​

អ្នកស្រី រ៉េត សុផារី រស់នៅក្នុងក្រុងកំពង់ឆ្នាំង បានដាក់ផ្ទះប្រភេទវីឡាផ្ទាល់ដី ទទឹងជាង៦ម៉ែត្រ បណ្តោយ២៤ម៉ែត្រនៅលើក្បាលដីទទឹងជាង១២ម៉ែត្របណ្តោយជាង៥០ម៉ែត្រ។ អ្នកស្រីដាក់លក់តាំងពីឆ្នាំ២០១៩ មុនកូវីដបន្តិច ក្នុងតម្លៃ១៩ម៉ឺនដុល្លារជាតម្លៃទីផ្សារនៅទីនោះ ប៉ុន្តែធ្លាប់គេទៅសាកសួរខ្លះហ៊ានឱ្យថ្លៃត្រឹម៦ទៅ៧ម៉ឺនដុល្លារតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា រហូតដល់ឆ្នាំ២០២៤នេះមិនដែលមានអ្នកទៅសួររកទិញទៀតទេ។

អ្នកស្រីយល់ឃើញថា បញ្ហាធំតែមួយគត់ គឺពលរដ្ឋអត់លុយ ព្រោះអ្នកផ្សេងៗទៀតនៅក្នុងក្រុងកំពង់ឆ្នាំងក៏ដាក់លក់អចលនទ្រព្យរបស់ពួកគេដែរប៉ុន្តែលក់មិនដាច់។

អ្នកស្រី រ៉េត សុផារី ថ្លែងថា៖ «ពាក់ព័ន្ធនឹងតម្លៃវិញ គឺវាក្រោមទីផ្សារ ផ្ទះខ្ញុំកាត់១៩ម៉ឺនដុល្លារ គេអត់ហ៊ានទេ និយាយរួមគឺប្រជាពលរដ្ឋគាត់អត់លុយ។ អ្នកខ្លះគេវាយតម្លៃផ្ទះប៉ុនខ្ញុំគេឱ្យយើងត្រឹម៦ទៅ៧ម៉ឺនដុល្លារ ហើយមិនមែនតែចំពោះដីខ្ញុំមួយផ្នែកទេ អ្នកនៅក្នុងខេត្តកំពង់ឆ្នាំងឥឡូវសូម្បីតែដីឡូត៍ក្បាល៤បណ្តោយ២០ក៏ពិបាកលក់ដែរ»

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ហេង មករា ឱ្យដឹងថា រូបគាត់ទិញផ្ទះពីបុរីមួយកន្លែងក្នុងតម្លៃជាង៧ម៉ឺនដុល្លារ ជាតម្លៃទិញ​បង់​ផ្តាច់​ដើម្បីរស់នៅ។ ប៉ុន្តែលោកថា ដោយសារអាជីវកម្មខាតបង់ជាបន្តបន្ទាប់ធ្វើឱ្យលោកសម្រេចចិត្តដាក់លក់ផ្ទះនេះវិញទាំងចិត្តសោកស្តាយ។

លោកឱ្យដឹងថា ផ្ទះដាក់លក់តាំងពីដើមឆ្នាំរហូតដល់ពាក់កណ្តាលខែសីហាហើយ នៅតែលក់មិនចេញទោះជាតម្លៃត្រូវខាតពាក់កណ្តាលក៏ដោយ។

លោក ហេង មករា បញ្ជាក់ថា៖ «ផ្ទះខ្ញុំដាក់លក់ប្រមាណជា៦ខែមកហើយ គេថាទាល់តែទាបជាងទីផ្សារទើបគេហ៊ានទិញ ដូចនេះខ្ញុំក៏មិនដាច់ចិត្តក្នុងការលក់ផ្ទះនេះដែរ ព្រោះវាខាតពេក»

ពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ទៀត ប៉ាវ សុវណ្ឌី ឱ្យដឹងថា ផ្ទះរបស់លោកទិញតម្លៃជាង៧ម៉ឺនដុល្លារដែរ ហើយបច្ចុប្បន្នលោក និងក្រុមគ្រួសារកំពុងរស់នៅក្នុងផ្ទះនោះ។ លោកឱ្យដឹងទៀតថា លោកត្រូវការលក់ផ្ទះនោះដើម្បីយកលុយប្រើប្រាស់នៅក្នុងគ្រួសារ។

ទន្ទឹមនឹងជួបការលំបាកខ្វះខាតលុយ និងដាក់លក់ផ្ទះមិនមានគេសួររកទិញនេះ លោក ប៉ាវ សុវណ្ឌី  នៅបារម្ភក្នុងចិត្តជាប្រចាំខ្លាចលក់បានតិចពេកលុយប្រើមិនគ្រាន់ និងមិនអាចរកកន្លែងជួលឱ្យគ្រួសារស្នាក់នៅបន្តបាន។

លោក ប៉ាវ សុវណ្ឌី បញ្ជាក់ទាំងក្តីបារម្ភថា៖ «សំខាន់លក់វាមិនចេញតែម្តង គេទៅមើលប៉ុន្មានដងដែរ តែមិនត្រូវគេឱ្យតែ៥ម៉ឺន ទៅ៥ម៉ឺនដុល្លារជាង ហើយគេឱ្យប៉ុណ្ណឹងយើងឱ្យតែធនាគារវាអស់បាត់ ហើយយើងបានអីសល់សម្រាប់ជួលផ្ទះនៅបន្តទៀត»

ទាំងអ្នកប្រកបរបរទិញលក់អចលនទ្រព្យ និងពលរដ្ឋដែលដាក់លក់អចលនទ្រព្យ ដែលក្រុមការងារ ខេមបូចា បានសាកសួរគឺស្ទើរតែទាំងអស់ត្រូវការលុយបន្ទាន់ដើម្បីយកទៅបង់ឱ្យស្ថាប័នធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ចីឯកជន និងត្រូវការលុយយកទៅប្រើប្រាស់ជាតម្រូវការក្នុងគ្រួសារព្រោះមុខរបរអាជីវកម្មពួកគេថយចុះចំណូលឬត្រូវផ្លាស់ប្តូរមុខរបរទាំងស្រុងក៏មាន​។

ផ្ទះដាក់លក់ ឬជួល នៅក្នុងបុរីមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោកស្រី ស៊ុន សុភាព ឱ្យដឹងថា ពលរដ្ឋនៅតំបន់អាជីវកម្មរបស់លោកស្រី ក្នុងស្រុកបុទុម​សាគរ ខេត្តកោះកុងនេះ កំពុងតែមានជីវភាពលំបាកខ្លាំង អ្នកខ្លះពេលស្ថាប័នផ្តល់កម្ចីទៅទារបំណុល គឺពលរដ្ឋទាំងនេះសុខចិត្តប្រគល់ដី និងផ្ទះឱ្យម្ចាស់បំណុលជួយលក់វិញតែម្តងព្រោះពួកគេលក់ខ្លួនឯងមិនដាច់។

លោកស្រី ស៊ុន សុភាព ថ្លែងថា៖ «ចំណែកធនាគារក៏មិនដឹងធ្វើម៉េចដែរផង បើទោះជាលក់ក៏ធនាគារមិនដឹងលក់ទៅឱ្យអ្នកណាដែរ»

ចំណែកឯអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ឱ្យដឹងថារដ្ឋាភិបាលប្រមូលពន្ធបានតិចជាងផែនការក្នុងឆមាសទី១នៅឆ្នាំនេះ ដោយសារតែចំណូលពលរដ្ឋ​​ធ្លាក់ចុះ ហើយចំណូលនៅតាមអាជីវកម្មភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារជាដើមបានធ្លាក់ចុះ។ លោកបន្តថា ទីផ្សារអចលនទ្រព្យក៏ធ្លាក់ចុះច្រើនដែរ ប៉ុន្តែរបាយការណ៍ជាក់លាក់មិនទាន់ផ្តល់ឱ្យបានទេរង់ចាំរបាយការណ៍បូកសរុបនៅចុងឆ្នាំ២០២៤។

លោក មាស សុខសេនសាន មានប្រសាសន៍ថា៖ «យើងព្យាករណ៍ឃើញថា មានការថមថយ យើងអត់មានព្យាករណ៍សុទិដ្ឋិនិយមទេ នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ យើងមិនព្យាករណ៍សុទិដ្ឋិនិយមទេ យើងរាងទុទិដ្ឋិនិយមបន្តិច ដោយសារតែយើងបារម្ភដែរ»។ លោក​បន្ត​ថា៖ «យើងដឹងហើយថា វាអត់អាចដូចមុនកូវីដទេ អ៊ីចឹងបានជាការព្យាករណ៍របស់យើង យើងព្យាករណ៍វិស័យសំណង់ និងអចលនទ្រព្យ មិនជាឡើងខ្ពស់ទេ មានន័យថាយើងមិនរំពឹងថាវានឹងឡើង​ស្មើកូវីដទេ អ៊ីចឹងវាថមថយជាងមុន។ អ៊ីចឹងទាល់តែចប់ចុងឆ្នាំនេះទើបខ្ញុំអាចវាយតម្លៃបានថាពិតប្រាកដម៉ងប៉ុន្មាន»

របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការប្រមូលពន្ធក្នុងឆមាសទី១ក្នុងឆ្នាំ២០២៤បានតិចជាងផែនការដែលកំណត់ក្នុងច្បាប់ថវិកាជាតិ គឺចំណូលពន្ធដារបានជិត៤៨ភាគរយ និងពន្ធគយបាន៤៤ភាគរយតែប៉ុណ្ណោះ។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ចេញសេចក្តីប្រកាសដើម្បីបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដើម្បីជួយពង្រឹងដល់វិស័យហិរញ្ញវត្ថុ។ ចំណុចដែលមានការបន្ធូរបន្ថយដើម្បីជ្រោមជ្រែងវិស័យហិរញ្ញវត្ថុនេះ ប្រភេទពន្ធដែលត្រូវបានលើកលែងរួមមាន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចំណេញមូលធន ពន្ធលើអចលទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ក្នុងវេទិការាជរដ្ឋាភិបាលជួបវិស័យឯកជនលើកទី១៤ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នផ្តល់កម្ចីមានការបន្ធូរបន្ថយលក្ខខណ្ឌដើម្បីសម្រួលដល់អាជីវកម្មលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងវិស័យអចលនទ្រព្យនៅទូទាំងប្រទេស ក្នុងស្ថានភាពសេដ្ឋកិច្ចជាតិ និងអន្តរជាតិជួបវិបត្តិនេះ។

បើទោះជាមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងការព្យាករណ៍ពីអ្នកជំនាញថា វិស័យអចលនទ្រព្យនឹងប្រសើរឡើងវិញនៅឆ្នាំ២០២៨ក៏ដោយ ក៏ឈ្មួញដីធ្លីនៅខេត្តសៀមរាប លោក មូល ម៉ៃ មិនទាន់សង្ឃឹមនៅឡើយព្រោះលោកថា ពលរដ្ឋនៅក្នុងខេត្តនេះកំពុងជួបការលំបាកខ្លាំងជាប់បំណុលធ្ងន់ធ្ងរស្ទើរគ្រប់គ្នា សូម្បីតែសៀវភៅគ្រួសារ និងបណ្ណក្រីក្រ ក៏ពលរដ្ឋយកទៅដាក់នៅកន្លែងបញ្ចាំឯកជនដើម្បីយកលុយមកប្រើប្រាស់ក្នុងគ្រួសារដែរ ខណៈមួយចំនួនបានធ្វើចំណាកស្រុកទៅថៃ ឬទៅខេត្តផ្សេងៗ។

អ្នកជំនាញអចលនទ្រព្យ លោក សន សៀប ទន្ទឹមនឹងព្យាករណ៍ដោយមានភាពជឿជាក់ថា ស្ថានភាពទីផ្សារអចលនទ្រព្យប្រសើរឡើងនៅឆ្នាំ២០២៨ លោកក៏អំពាវនាវទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យជួយជំរុញបន្ថែមដល់ការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងផ្នែកច្បាប់ទប់ស្កាត់អំពើពុករលួយ។ លោកបញ្ជាក់ថា ពុករលួយទារលុយក្រៅផ្លូវការជារនាំងបិទបាំងអ្នកវិនិយោគបរទេសមិនចង់បោះទុននៅកម្ពុជា។

លោក សន សៀប ថ្លែងថា៖ «ខ្ញុំឃើញថា្នក់ដឹកនាំខំប្រឹង ខិតខំប្រឹងប្រែងទៅរកទីផ្សារពីខាងក្រៅមក នៅចិន អារ៉ាប់ អឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ និងសិង្ហបុរី នៅពេលដែលពួកគាត់មានចំណាប់អារម្មណ៍ មិនមែនពួកគាត់យកលុយពួកគាត់មកវិនិយោគភ្លាមទេ។ គេមកសិក្សាមើលផ្លូវច្បាប់ សិក្សាមើលទៅលើប្រព័ន្ធរបស់យើង»

លោកបន្ថែមថា៖ «អ៊ីចឹងយើងឃើញថា ប្រព័ន្ធរបស់យើងមិនទាន់រឹងមាំ បើទោះជាយើងមានច្បាប់ហើយក៏ដោយគឺពាក់ព័ន្ធជាមួយអ្នកដែលទទួលសិទ្ធិផ្តល់សេវាកម្មនៅផ្ទៃក្នុង បង្កឱ្យមានផលលំបាកទៅដល់អ្នកវិនិយោគ។ បង្ករឿងលំបាកហ្នឹងយ៉ាងម៉េច? រត់ការទៅត្រូវការលុយ ខ្វះនេះខ្វះនោះ ហើយដល់ពេលអ្នកទាំងអស់គ្នានោះ គាត់មកសួរអ្នកនៅខាងក្នុងនេះ សួរអ្នកនៅខាងក្នុងព្រោះគាត់សុទ្ធតែមានប្រព័ន្ធទំនាក់ទំនងទាំងអស់ហ្នឹង។​ លោកបន្តថា៖ «ឧទាហរណ៍​គាត់មកពីអឺរ៉ុប គាត់មកសួរព័ត៌មាននៅសភាពាណិជ្ជកម្មអឺរ៉ុប គាត់មកពីជប៉ុនគាត់សួរព័ត៌មានពីអ្នករកស៊ីជប៉ុនអ៊ីចឹងផ្ទៃក្នុងរបស់យើងនេះគឺទាល់តែយើងរៀបចំឱ្យមានសណ្តាប់ធ្នាប់ ទើបគេមើលមកឃើញយើងស្អាតគួរឱ្យចង់ទាក់ទាញ គួរឱ្យរកស៊ីជាមួយ»

លោក សន សៀប លើកឡើងថា នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីគេមានការអនុវត្តច្បាប់ល្អ ទោះពិភពលោកជួបវិបត្តិសេដ្ឋកិច្ចក៏ប្រទេសទាំងនេះមិនប៉ះពាល់ផ្នែកទីផ្សារអចលនទ្រព្យដែរ​។ អ្នកជំនាញរូបនេះ ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធរៀបចំជាផែនការមេ ឬទិន្នន័យច្បាស់​លាស់​​ពីទីផ្សារអចលនទ្រព្យ ព្រោះលោកថា បច្ចុប្បន្នមានការលើកឡើងពីការរៀបចំដី ឬអគារ​​សម្រាប់​លក់លើសតម្រូវការអតិថិជន ប៉ុន្តែមិនមានរបាយការណ៍ច្បាស់លាស់ពីស្ថាប័នណាមួយ ដើម្បីឱ្យអ្នកប្រកបរបរលើវិស័យនេះយកទៅប្រើប្រាស់ងាយស្រួលរៀបចំផែនការនៅឡើយទេ៕

245 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម