ម្ចាស់ភាគហ៊ុនដែលជាជនជាតិចិន និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាគហ៊ុន និងកិច្ចព្រមព្រៀងវិនិយោគសម្រាប់ព្រែកជីកហ្វូណនតេជោ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មកកាន់ទីក្រុងភ្នំពេញកាលពីខែមុន ប៉ុន្តែព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ដែលធ្វើឱ្យភាគីពាក់ព័ន្ធព្រួយបារម្ភចំពោះការសម្លឹងមើលប្រាក់ចំណូលតិចតួច។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋដែលរស់នៅជិតគម្រោងបើកការដ្ឋានសាងសង់ព្រែកជីកប្រវែង ១៨០គីឡូម៉ែត្រពីទន្លេមេគង្គនេះ បាននិយាយថា ពួកគេមិនទាន់ទទួលបានព័ត៌មានពីការផ្តល់ជូនការតាំងទីលំនៅថ្មីនៅឡើយ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅជិតចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក ស៊ី កាលពីថ្ងៃទី ១៧-១៨ ខែមេសា កិច្ចព្រមព្រៀងចំនួន៥ ដែលទាក់ទងនឹងព្រែកជីកត្រូវបានចុះហត្ថលេខាជាមួយដៃគូផ្សេងៗ។
គម្រោងនេះមានឈ្មោះជាផ្លូវការថា ផ្លូវនាវាចរណ៍ទន្លេបាសាក់ និងប្រព័ន្ធភស្តុភារ ដោយមានភាគីពាក់ព័ន្ធជាក្រុមដែលធ្លាប់មានឈ្មោះក្នុងឯកសារផ្លូវការមានកំណត់។
វិនិយោគិនកម្ពុជាត្រូវបានគេរាយការណ៍ថាកាន់កាប់៥១ភាគរយនៃការបណ្តាក់ទុនរួមគ្នា ខណៈដៃគូចិនកាន់កាប់៤៩ភាគរយ។
កន្លងមក ទីក្រុងប៉េកាំង ដែលជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា មិនបានសន្យាផ្តល់មូលនិធិសាធារណៈសម្រាប់ព្រែកជីកនោះទេ ខណៈដែលរាជធានីភ្នំពេញបានផ្លាស់ប្តូរខ្សែបន្ទាត់របស់ខ្លួនលើការគាំទ្ររបស់ចិនពី១០០ភាគរយទៅ៤៩ភាគរយ នៃការចំណាយរបស់គម្រោង។
ដំបូងឡើយ តម្លៃបណ្តាក់ទុនរួមគ្នាមានចំនួន ១.៧ ពាន់លានដុល្លារ ប៉ុន្តែគម្រោងនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួនតែ១.១៥៦ពាន់លានដុល្លារ ដែលទំនងជាឆ្លុះបញ្ចាំងពីផែនការរបស់ប្រទេសកម្ពុជាក្នុងការសាងសង់ចម្ងាយ២១គីឡូម៉ែត្រដំបូង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋបានចុះបញ្ជីជាអ្នកអភិវឌ្ឍន៍សំខាន់ៗរួមមានសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) កំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) រួមជាមួយនឹងសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
នៅពេលសារព័ត៌មានខេមបូចាទាក់ទងទៅ លោកស្រី លឹម សុផានី នាយកម្នាក់ក្នុងចំណោមនាយកបីនាក់នៃក្រុមហ៊ុន Funan Techo Canal Investment Co., ដែលជាក្រុមហ៊ុនបណ្តាក់ទុនមួយក្នុងចំណោមក្រុមហ៊ុនរបស់រដ្ឋផ្សេងទៀត បានបដិសេធមិនបង្ហាញការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយនិយាយថាមិនមែនជាព័ត៌មានដែលត្រូវបង្ហាញជាសាធារណៈ នោះទេមុននឹងលោកស្រីចុចបញ្ចប់ការហៅចូល។

ប្រធាន និងជានាយកប្រតិបត្តិនៃកំពង់ផែស្វយ័តភ្នំពេញ(PPAP) លោក ហ៊ី បាវី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនក្នុងនាមក្រុមហ៊ុនវិនិយោគនោះ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ដោយនិយាយថាលោកកំពុងនៅក្នុងសន្និបាតមួយ។
អ្នកសារព័ត៌មានរបស់សារព័ត៌មានខេមបូចា ក៏បានទាក់ទងទៅលោក Zhou Yong អគ្គនាយកនៃសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រចាំនៅប្រទេសកម្ពុជា ដោយប្រើលេខទូរស័ព្ទដែលមានរាយក្នុងបញ្ជីឈ្មោះរបស់ក្រសួងពាណិជ្ជកម្ម។ បុរសម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលិករបស់ CRBC បានលើកទូរសព្ទ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់វិនិយោគនោះទេ។
លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Capital ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានសម្តែងការព្រួយបារម្ភថាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈដូចជា PPAP និង PAS ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំរបស់គាត់ កំពុងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធធំមួយដោយមិនជូនដំណឹងដល់ម្ចាស់ភាគហ៊ុនអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលអាចកើតមាន។
លោកបានបន្តថា៖ «វាជាក្តីព្រួយបារម្ភ ចំពោះអង្គភាពដែលបានចុះបញ្ជីជាសាធារណៈ និងកំពុងវិនិយោគក្នុងគម្រោងធំបែបនេះ បែរជាមិនត្រូវបានផ្ដល់ដំណឹងថានឹងមានអ្វីកើតឡើងសម្រាប់អង្គភាពដែលបានចុះបញ្ជីនោះ»។
នៅក្នុងអ៊ីម៉ែល លោក Higgins ក៏បានលើកឡើងពីការសង្ស័យអំពីសក្តានុពលនៃការត្រឡប់មកវិញរបស់គម្រោងនេះ។ ព្រែកជីកកំពុងត្រូវបានអភិវឌ្ឍក្រោមគំរូសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។
លោកបានគូសបញ្ជាក់ថា ដោយផ្អែកលើការសន្មតនៃការកំណត់ពេលវេលា BOT រយៈពេល ៥០ឆ្នាំ កំណើនប្រាក់ចំណូលតិចតួច៣ភាគរយ ក្នុងមួយឆ្នាំ និងតម្លៃសំណង់ប្រហែល២ពាន់លានដុល្លារ (ផ្អែកលើការចំណាយលើសធម្មតាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទំហំធំ) គម្រោងនេះនឹងត្រូវបង្កើតប្រាក់ចំណេញប្រហែល៦៥លានដុល្លារក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងថ្លៃសេវាបណ្តាញបច្ចុប្បន្នសម្រាប់ការប្រើប្រាស់ទន្លេមេគង្គដើម្បីចូលប្រទេសវៀតណាមគឺទទួលបានត្រឹមតែ៨លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលលោកបានសម្តែងការព្រួយបារម្ភថា តើគម្លាតហិរញ្ញវត្ថុនេះនឹងត្រូវបានដោះស្រាយដោយរបៀបណា។
កាលពីថ្ងៃទី៦ ខែឧសភា អ្នកសារព័ត៌មានខេមបូចា បានចុះទៅពិនិត្យការដ្ឋានសាងសង់ព្រែកជីកឡើងវិញ ប៉ុន្តែបានរកឃើញការវិវឌ្ឍតិចតួច ក្រៅពីការងារបោះបង្គោលដែលកំពុងបន្ត។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការសម្រាប់គម្រោងនេះ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជានីតិវិធីស្តង់ដារសម្រាប់គម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងការរៀបចំសម្រាប់ការជីកកកាយ។ ជាមួយនឹងភាពច្បាស់លាស់តិចតួចសម្រាប់អ្នកពាក់ព័ន្ធ អ្នករស់នៅតាមបណ្ដោយព្រែកជីកក៏ត្រូវបានបន្សល់នូវភាពមិនច្បាស់លាស់អំពីអនាគតរបស់ពួកគេ។

លោក ឌឹម ម៉ិច ជាអាជីវករដែលរស់នៅតាមបណ្តោយគម្រោងព្រែកជីកតាំងពីមុនឆ្នាំ២០០០ បានប្រាប់ សារព័ត៌មានខេមបូចា ថា លោកមិនទាន់ទទួលបានសេចក្តីជូនដំណឹងផ្លូវការណាមួយអំពីសំណង ឬការផ្លាស់ទីលំនៅនោះទេ ទោះបីជាអាជ្ញាធរមូលដ្ឋានបានកត់ត្រាទ្រព្យសម្បត្តិរបស់គាត់ រួមទាំងដីធ្លី ផ្ទះសម្បែង និងផលដំណាំរួចរាល់ហើយក៏ដោយ។ លោកថា បច្ចុប្បន្នអាជីវកម្មរបស់លោករកចំណូលបានចន្លោះពី ១៥០ ទៅ ២០០ ដុល្លារក្នុងមួយថ្ងៃ។
គាត់បាននិយាយថា៖ «ខ្ញុំខ្លាចការរើសចេញ។ ខ្ញុំខំប្រឹងខ្លាំងណាស់ទម្រាំអាចកសាងជីវិតបានប៉ុណ្ណេះ បើខ្ញុំបាត់បង់វា ខ្ញុំនឹងវេទនាជាមិនខាន» គាត់បន្តថា កូនប្រុសរបស់គាត់ដែលទើបតែសាងសង់ផ្ទះមួយជាមួយប្រាក់កម្ចីពីធនាគារ ៥ម៉ឺនដុល្លារ ក៏នឹងត្រូវរុះរើសម្រាប់គម្រោងនេះផងដែរ។
នៅពេលគាត់សាកសួរមន្ត្រីក្នុងអំឡុងពេលដំណើរការបោះបង្គោលព្រំដែន លោក ម៉ិច បាននិយាយថា ពួកគេបានប្រាប់គាត់ថា សំណងដែលផ្ដល់ជូននឹងធ្វើឡើងតាមគំរូដែលផ្តល់ជូនដល់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅដោយការសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងមួយទៀតដែលបង្កើតឡើងដោយក្រុមហ៊ុនរដ្ឋរបស់កម្ពុជា និងចិន។
ទោះជាយ៉ាងណា លោកនៅតែមិនប្រាកដប្រជា ហើយកំពុងអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យ និងតម្លាភាព។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រាប់សារព័ត៌មានខេមបូចា កាលពីខែកុម្ភៈថា ការតាំងទីលំនៅថ្មីរបស់គ្រួសារដែលរងផលប៉ះពាល់នឹងត្រូវបញ្ចប់នៅចុងខែមេសា ដោយការសាងសង់នឹងធ្វើឡើងតាមក្រោយ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសាន ដែលចាត់ចែងកញ្ចប់សំណងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Flurry of New Agreements, Yet Stakeholders and Residents Still in the Dark on Funan Techo Canal