សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររោងចក្រកាត់ដេរដែលបិទទ្វារ មិនទទួលបានការទូទាត់ប្រាក់ខែ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ

រោងចក្រ ម៉ាស្ទេច អ៊ីនខេម (ខេមបូឌា) បិទទ្វារ ស្ថិតនៅផ្លូវ៦២កា ភូមិចំម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ
រោងចក្រ ម៉ាស្ទេច អ៊ីនខេម (ខេមបូឌា) បិទទ្វារ ស្ថិតនៅផ្លូវ៦២កា ភូមិចំម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

រោងចក្រកាត់ដេរចំនួនពីរដែលមានទីតាំងស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបិទទ្វារក្នុងកំឡុងខែឧសភានេះ ដោយមិនបានទូទាត់ប្រាក់ខែជូនកម្មករ​ដែលបណ្តាលឱ្យកម្មកររាប់រយនាក់រងផលប៉ះពាល់។

រោងចក្រ ម៉ាស្ទេច អ៊ីនខេម (ខេមបូឌា) មានកម្មករជិត៤០០នាក់ ​ដែលមានទីតាំងស្ថិតនៅ​ភូមិចំកាឪឡឹក សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនបានបើកប្រាក់​ខែរយៈពេល៣ខែ​មកហើយ​កំឡុង​ពេលព្យួរការងារកាលពីខែកុម្ភៈដល់ខែឧសភា រហូតថ្ងៃ​ទី​១៨​ខែឧសភា រោងចក្រ​បានបិទទ្វារ​ក្រោមហេតុផលគ្មានអ្នកវិនិយោគទុន។

ដោយឡែក រោងចក្រដាយ៉ាបគ្លូបល ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ដោយរោងចក្រនេះដំណើរការបាន១១ឆ្នាំមកហើយ​ដែលត្រូវបានថៅកែ​ជនជាតិកូរ៉េខាងត្បូងឈ្មោះPARK YONG HAK​ រត់ចោលកម្មករនិយោជិតចំនួន736នាក់ ក្រោយពេលបានព្យួរការងារនៅដើមខែមេសាររហូតដល់បិទទ្វារនៅថ្ងៃទី២ ខែឧសភា ដោយមិនទូទាត់សំណងដល់កម្មករនិយោជិត។

លោក​ ខៀវ​ ក្រឹម អាយុ៣១ឆ្នាំ ជាកម្មករមកពីខេត្តកំពត បានឱ្យដឹងថា​លោកធ្វើការ​នៅ​រោងចក្រ ម៉ាស្ទេច អ៊ីនខេម ​នេះ ​រយៈពេល៨ឆ្នាំមកហើយ។ លោកបន្តថា លោកបាន​ប្រឈម​នឹង​បញ្ហាជីវភាព​ខណៈរោងចក្របានព្យួរការងារ៣ខែហើយពុំបាន​បើកប្រាក់ខែឱ្យកម្មករ​និយោជិត លោកស្នើសុំឱ្យមានការដោះស្រាយពីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធឱ្យបានឆាប់។

លោក ខៀវ ក្រឹម លើកឡើងថា៖ «ខ្ញុំកំពុងតែប៉ះពាល់ខ្លាំងមែនទែនហើយពេលនេះ​ត្រូវ​បង់​ថ្លៃ​ធនាគារ កូនរៀនផង​ ម្ហូបប្រចាំថ្ងៃទៀត បើអត់មានចំណូលរកចូលផ្សេងបានផង។​ ខ្ញុំធ្វើការ​រោងចក្រ​ទាំងប្តីនិងប្រពន្ធ ហើយ៣ខែហ្នឹង មិនទាន់ហ៊ានទៅរកការងារថ្មីទេ ចាំ​ដោះ​ស្រាយ​រឿង​ប្រាក់​ខែសិន»។ លោកបន្តថា៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរនិងមន្ត្រីដែលធ្វើការលើរឿងនេះ​ដោះស្រាយឱ្យបានឆាប់ផងព្រោះបងប្អូនកម្មករយើងពិបាកយូរខែដែរហើយ»

លោក ខៀវ ក្រឹម បន្ថែមថា លោកសង្ឃឹមថានិងមានការដោះស្រាយពីមន្ត្រីជំនាញ​ដែលលោក​ធ្វើការលើករណីនេះនិងសុំក្រសួងការងារជួយរកដំណោះស្រាយឱ្យពួកគាត់ជាកម្មករដែល​កំពុង​ប៉ះពាល់ជីវភាពនេះផង។

លោក ខៀវ ចៀន​ អាយុ៣៤ប្រធានសហជីពប្រចាំរោងចក្រ ម៉ាស្ទេច អ៊ីនខេម បានថ្លែងថា រោងចក្រនេះដំណើរការ១៣ឆ្នាំហើយ ​ដេរសម្លៀកបំពាក់ដូចជា ខោអាវ រ៉ូប និងនាំចេញទៅ​លក់នៅសហរដ្ឋអាមេរិក​។

លោកបន្តថា៖ «រោងចក្រនេះធ្លាប់ព្យួរ3ខែមកហើយ ​ដេរជាប្រភេទខោអាវរ៉ូបស្រីៗ​និងនាំចេញ​ទៅ​សហេដ្ឋអាមេរិក ពីដំបូងរោងចក្រព្យួរតាំងពីខែកុម្ភៈដល់​ខែឧសភា​ហើយរងចាំពីថ្ងៃ១​ដល់​ថ្ងៃ១៥ ខែឧសភា គាត់រកអ្នកវិនិយោគទុន តែបើអត់មាន រោងចក្រនឹងបិទ ដល់ហើយ អត់​មាន​ក៏​គាត់ប្រកាសថាបិទ»

លោក ខៀវ ចៀន​ ​ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំនិងអ្នកជំនាញ​លើកិច្ចការនេះជួយ​ដោះ​ស្រាយ​ដល់កម្មករដើម្បីដោះស្រាយជីវភាព។

លោក​ ចៀន បានឱ្យដឹងថា ខាងរោងចក្របានប្រគល់រឿងនេះឱ្យក្រសួងដោះស្រាយ ហើយថ្ងៃ​ទី៣១ ខែឧសភានេះ ទើបរោងចក្រចេញបញ្ជីបុគ្គលិករបស់ក្រុមហ៊ុន និងចំនួនប្រាក់​ដែលត្រូវ​បង់​ដល់កម្មករ​ទៅក្រសួងការងារឱ្យ​ដំណើរការដោះស្រាយបន្ត​ទៅតាមនីតិវិធីរបស់​ក្រសួង​​ការងារ​ដែលកម្មករទាមទារអត្ថប្រយោជន៍៥ចំណុចលើករណីនេះ។

កិច្ចប្រជុំរវាងតំណាងកម្មករ សហជីព តំណាងរោងចក្រ និងក្រសួងការងារ នៅថ្ងៃទី16 ខែឧសភា ឆ្នាំ២០២៣ នៅរោងចក្រ ម៉ាស្ទេច អ៊ីនខេម (ខេមបូឌា) រាជធានីភ្នំពេញ។ រូបភាពផ្តល់ឱ្យ

លោក ជា ដាវី ប្រធានសហជីពប្រចាំរោងចក្រដាយ៉ាបគ្លូបល លើកឡើងថា នៅថ្ងៃទី១៦​ខែឧសភានេះក្រសួងការងារបានធ្វើការចរចារដើម្បីចូលខ្លួនមកដោះស្រាយតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ដែលរោងចក្រនេះមានអ្នកបញ្ជាទិញទាំង៤ រួមមាន 5.11, Mechanix wear, Rawling, និង Eudera, នាំចេញទៅអាមេរិក។

ក្រោយថៅកែរោងចក្រជនជាតិកូរ៉េបានគេចខ្លួន និងបិទទ្វាររោងចក្រដោយមិនបាន​បើកប្រាក់​ខែឱ្យកម្មករសហជីពក្រោយព្យួរមួយខែ និងប្រាក់បំណាច់ឆ្នាំដែលមិនទាន់ទូទាត់សង​ដល់​កម្មករ​​សហជីព​។

មានកម្មករខ្លះបានដេកចាំនៅខាងមុខបរិវេណរោងចក្រដើម្បីរារាំងការដឹកសម្ភារៈចេញពីរោងចក្រ និងបន្តរងចាំទូទាត់ប្រាក់ខែពីថៅកែ និងការដោះស្រាយពីមន្ត្រីរបស់ក្រសួងការងារ​ដែល​បានសន្យានឹងកម្មករដើម្បីដោះស្រាយរយៈពេល១អាទិត្យនិងនាំថៅកែមកចរចារជាមួយ​កម្មករត្រឹថ្ងៃទី១៩ខែឧសភា។

លោក ដាវី លើកឡើងថា នៅក្នុងកិច្ចប្រជុំជាមួយក្រសួងការងារកាលពីថ្ងៃទី១៩ខែឧសភា ដោយមិនមានការចូលរូមពីថៅកែរោងចក្រនោះទេ ហើយក្រសួងបានសន្យា​នឹងទូទាត់​សំណង​ជូន​កម្មករ​ឱ្យបានមុនពេលបោះឆ្នោតនាខែកក្កដាខាងមុខ។

លោកបន្តថា៖ «ការប្រជុំ​ថ្ងៃទី១៩ជាមួយក្រសួងការងារនេះ ខាងក្រសួងការងារ​បានសម្រេច​ផ្តល់ជាប្រាក់បុរេប្រទានរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងការងារជួយដោះស្រាយដល់បងប្អូន​កម្មករនៅរោងចក្រដាយ៉ាបគ្លូបល​ ដែលត្រូវបានថៅកែរត់ចោល។​​ ​សម្រាប់សំណងជាមធ្យម ទាប ​និង​ខ្ពស់បំផុត​របស់កម្មករខ្ញុំមិនទាន់បានគណនានៅឡើយទេ​ គ្រាន់តែដឹងថាតាមគោល​នយោបាយប្រាក់បុរេប្រទានរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងការងារគាត់ទូទាត់ឱ្យ៣ចំណុច​ក្នុងនោះមាន ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាព​ការងារ​ក្នុងឆ្នាំ២០២៣»

លោក ព្រុំ ឈាង ជាអ្នកខេត្តកំពង់ធំលោកធ្វើការនៅរោងចក្រខាងលើនេះ​រយៈពេល១០ឆ្នាំ​មក​ហើយនេះជាលើកទីមួយហើយសម្រាប់រូបលោកដែលរោងចក្របិទដោយមិនបានជូនដំណឹងមុនដោយសារកន្លងមកមិនដែលមានបញ្ហានះកើតឡើងនោះទេ ខណៈដែលលោក​ និងប្រពន្ធ​ត្រូវម្រឈមនឹងបញ្ហាជីវភាពគ្រួសារដើម្បីបង់ថ្លៃផ្ទះជួលបង់ធនាគារ និងផ្គត់ផ្គង់កូនៗ​រៀន​សូត្រ​ដែលរស់នៅ​ជាមួយតាយាយនៅឯខេត្ត។

លោកឈាងនិងប្រពន្ធបានបន្តរងចាំការទូទាត់សំណងពីរោងចក្រកន្លះខែមកហើយ ដោយ​ប្រពន្ធនិងលោកក្នុងម្នាក់និងត្រូទទួលបានសំណង២ពាន់ដុល្លារហើយលោកមិនទាន់ទៅរក​ការងារថ្មីនៅឡើយទេនៅបន្តតវ៉ាដើម្បីទទួលបានសំណង។

លោក ឈាង បញ្ជាក់ថា៖ «មិនថាខ្ញុំមិនថាបងប្អូនកម្មករផ្សេងទៀតនោះទេ ពេលនេះតាំងចិត្ត​ថា​នៅបន្តតវ៉ាដើម្បី​ទទួល​បានដំណោះស្រាយ ព្រោះឥឡូវនេះពួកខ្ញុំកំពុងតែប៉ះពាល់​ជីវភាព​ខ្លាំង ណាមួយខ្ញុំត្រូវបង់ផ្ទះ​ កូនរៀននៅឯស្រុក និងចាយវាយថ្លៃម្ហូបប្រចាំថ្ងៃទៀត។ បើយើង​អត់មានប្រាក់ចំណូល​តាំងពី​ខែមេសាមករោងចក្រព្យួរដល់ដើម​ខែឧសភា​កាត់តែយ៉ាប់​ទៀត​ពេល​ថៅកែរោងចក្ររត់បាត់​លុយក៏មិនបើកឱ្យកម្មករ»

កញ្ញា ភី រុំ អាយុ២៩ឆ្នាំ លើកឡើងថា កញ្ញាមកពីខេត្តកំពង់ស្ពឺធ្វើការនៅរោងចក្រ​នេះ៨ឆ្នាំ​ហើយ អំឡុងពេលនេះ​កញ្ញាកាន់តែបារម្ភអំពីបញ្ហាជីវភាព ក្រោយមិនទទួលបាន​ប្រាក់ខែ​២ខែមកហើយនិងស្នើសុំឱ្យមានការដោះស្រាយ។

កញ្ញា ភី រុំ បញ្ជាក់ថា​៖ «យ៉ាប់ណាស់ ខ្ញុំគ្មានជម្រើសទេថ្លៃផ្ទះជួលក៏មិនទាន់បង់ ថ្លៃស៊ីចុក បង់​ធនាគាទៀត ខំធ្វើការ៨ឆ្នាំនៅរោងចក្រនេះតែចុងក្រោយ​ថៅកែបិទរោងចក្រ​មិន​ជូន​ដំណឹង​​ហើយ​អត់បើកប្រាក់ខែឱ្យទៀត។ ខ្ញុំសោកស្តាយដែលគាត់មិនអាណិតពួកយើងជាកម្មករ ដូច​ដឹង​ស្រាប់ហើយទោះខែនេះមេឃក្តៅខ្លាំងក៏ពួកខ្ញុំនៅតែស៊ូតវ៉ាកន្លះខែមកហើយ សង្ឃឹមថា​អ្នកពាក់ពន្ធ័និងបានដំណោះស្រាយបានឆាប់»

កម្មកររោងចក្រ យាម និងសម្រាកនៅក្នុងបរិវេណរោងចក្រ ម៉ាស្ទេច អ៊ីនខេម (ខេមបូឌា) នៅពេលយប់​ កុំឱ្យភាគីរោងចក្រដឹកសម្ភារៈចេញ ដើម្បីរង់ចាំការដោះស្រាយប្រាក់ខែក្រោយពេលរោងចក្រ​ព្យួរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។  រូបភាពផ្តល់ឱ្យ

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថាបានឱ្យដឹងថា ចំនួន​រោង​ចក្រ​ដែលបានព្យួរ​ការងារ​មានចំនួន១៨រោងចក្រ ហើយបានចូលធ្វើការងារវិញ​បណ្តើៗ​ហើយ នៅសល់​៣​រោងចក្រ​បន្តព្យួរការងារតាមផ្នែក។ មានរោងចក្រចំនួន៥បានបិទទ្វារ​លែង​ដំណើរ​ការមានរោងចក្រចំនួន៤ក្នុងរាជធានីភ្នំពេញ និង១នៅខេត្តកណ្តាល។

លោក អាត់ ធន់ លើកឡើងថា ​ភាគច្រើនឃើញថារោងចក្របិទនិងព្យួរដោយសារគ្មាន​ការ​បញ្ជា​ទិញនេះដោយសាធ្លាក់ចុះការការកម្មង់ពីទីផ្សារអន្តរជាតិនិងសហគមន៍អឺរ៉ុប ពេលខ្លះ​ខ្វះការយកចិត្តទុកដាក់ពីអ្នកពាក់ពន្ធ័ដោយបណ្តែតបណ្តោយឲ្យនិយោជកព្យួរការងារកម្មករតាមចិត្តដោយកម្មករដោយមិនបានគោរពសិទ្ធិត្រឹមត្រូវតាមច្បាប់ការងារនិងបណ្ដាលឱ្យប៉ះ​ពាល់ដល់ជីវភាពកម្មករ។

លោកបន្តថា៖ «វាជាស្ថានភាពមួយគួរឱ្យព្រួយបារម្ភ​ ស្របពេលដែលរោងចក្រព្យួរ​និងបានបិទ​ជាបន្ត​បន្ទាប់ ប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករ ពេលខ្លះអាចនឹងការមិនយកចិត្ត​ទុក​ដាក់ពីនិយោជកចំពោះច្បាប់ការងារ និងធ្វើឱ្យមានការកេងប្រវ័ញ្ចច្រើននៅក្នុងអំឡុងពេល​ព្យួរ​ការងារកម្មករនិងមិនត្រូវបានផ្ដល់អត្ថប្រយោជន៍ឱ្យទៅតាមសិទ្ធិការងារនិងច្បាប់ការងារ»

លោកថ្លែងថា សេដ្ឋកិច្ចសកលបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាពិសេសគឺវិស័យកាត់ដេរ​សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនអតិផរណាទំនិញឡើងថ្លៃមិនសូវមានការបញ្ជាទិញ បញ្ហាកូវីដ​ទើប​តែធូរស្រាល ម្យ៉ាងក៏អាចពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជា​រៀបចំការបោះឆ្នោត​ដែលនិយោជក​មួយ​ចំនួនស្ថិតក្នុងការពិចារណា និងខ្លះមានការបារម្ភក្នុងស្ថានភាពនយោបាយនៅ​ពេល​បោះ​ឆ្នោត។

លោក អាត់​ ធន់ បន្ថែមថា៖ «សហគមន៍អឺរ៉ុបបានបញ្ជាក់មករដ្ឋាភិបាលកម្ពុជាថា​នឹងដកប្រព័ន្ធ​អនុគ្រោះពន្ធចេញពីកម្ពុជា100% ប្រសិននៅកម្ពុជា​មិនព្រមអនុវត្ត​សិទ្ធិដោះស្រាយបញ្ហា​រឿង​នយោបាយសង្គមនិងការងារជាពិសេសគឺការទម្លាក់ចោលបទចោទប្រឆាំងនឹងសហជីព។ តែ​ទោះ​ជាយ៉ាងណា ខ្ញុំមានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ​នៃវិស័យកាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​នាពេលបោះឆ្នោតខាងមុខត្រូវបានបញ្ចប់​​ និងមានអ្នកវិនិយោគឡើងវិញ»

លោក ខេន លូ អគ្គលេខាធិការនៃ សមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និង​ទំនិញ​​ធ្វើដំណើរនៅកម្ពុជា(TAFTAC) មានប្រសាសន៍ថា រោងចក្រព្យួរនិងបិទជាបន្ត​បន្ទាប់​ដោយសារបញ្ហាសេដ្ឋកិច្ចពិភពលោកនិងមិនសូវមានអ្នកវិនិយោគ។

លោក លូ ថ្លែងថា៖ «បញ្ហានេះជាសកលបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចពិភពលោកអត់ល្អ ដូច្នះហើយទើបមិនសូវមានវិនិយោគិន ធ្លាក់ចុះអ្នកបញ្ជាទិញអត់មានអីវ៉ាន់ រឺមានតិចធ្វើ មូល​ហេតុនេះហើយទើបរោងចក្រអត់មានលទ្ធភាពបើកប្រាក់ខែឱ្យកម្មករគេសុំព្យួររឺក៏បិទ»

លោក គង់ អាទិត្យ ប្រធានសហព័ន្ធសហជីព ស៊ីខៅឌូ​(CCAWDU) ដោយសាបញ្ហា​សេដ្ឋកិច្ច​សកល ស្ថានភាពវិសយ័កាត់ដេរនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈគួរឱ្យព្រួយបារម្ភ ព្រោះរោងចក្រភាគច្រើនបានព្យួរការងារនិងបិទរោងចក្រជាបន្តបន្ទាប់ក្រោមហេតុផល​ស្រដៀង​គ្នាគឺមិនមានអីវ៉ាន់ច្រើនសម្រាប់ផលិតនិងធ្លាក់ចុះការបញ្ជាទិញ។

លោក អាទិត្យ លើកឡើងថា៖ «ខ្ញុំមើលឃើញថាស្ថានភាពវិស័យកាត់ដេរ​នៅកម្ពុជា​បច្ចុប្បន្ន​នេះ គួឱ្យព្រួយបារម្ភ ព្រោះបញ្ហាសេដ្ឋកិច្ចសកល​និងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងជិតដល់ពេលបោះឆ្នោតនៅកម្ពុជា ទើបមិនសូវមានការកម្មង់ទិញ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំគិតថាក្រោយពេលបោះឆ្នោតនឹងមានភាពប្រសើរឡើងសម្រាប់វិសយ័កាត់ដេរនៅកម្ពជា»

​លោក អាទិត្យ បានបន្ថែមថា មាន​រោងចក្រជាសមាជិកបិទទ្វារចំនួន៥ និងព្យួរជាង១០ ប៉ុន្តែ​មានរោងចក្រខ្លះបានបើកដំណើរ​ការ​ឡើង​វិញបណ្តើរៗហើយ។

លោក ហេង សួរ​ មិនអាចទាក់ទង់សុំការឆ្លើយតបបានទេលើករណីនេះ៕

377 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម