អង្គការអន្តរជាតិមួយធ្វើការខាងប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិបានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អង្គការឧក្រិដ្ឋកម្មសកលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយបានដាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងប្រទេសមានស្ថានភាពអាក្រក់បំផុតក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានក្រុមឧក្រិដ្ឋជនច្រើន តែសមត្ថភាពបង្រ្កាបនៅទន់ខ្សោយ។
សន្ទស្សន៍នេះរៀបចំឡើងដោយអង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហៅកាត់ថា GI-TOC ដែលជាបណ្ដាញអ្នកជំនាញធ្វើការលើរឿងទប់ស្កាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនលើពិភពលោក។ អង្គការអន្តរជាតិមួយនេះបានធ្វើការសិក្សាលើប្រទេសជារដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន១៩៣ប្រទេស លើបញ្ហាមួយចំនួនដូចជាការជួញដូរមនុស្ស និងថ្នាំញៀន ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងបរិស្ថាន និងសមត្ថភាពរបស់ប្រទេសទាំងនោះក្នុងការឆ្លើយតបទៅនឹងអំពើល្មើសដែលកើតមាន ការអនុវត្តច្បាប់ និងកិច្ចសហការអន្តរជាតិ។
សម្រាប់ការចេញផ្សាយលើកទីបីនេះ របាយការណ៍នេះបានសិក្សាលើទិន្នន័យរយៈពេលប្រាំឆ្នាំ ដឹកនាំសិក្សាដោយក្រុមអ្នកជំនាញ និងមានការត្រួតពិនិត្យបញ្ជាក់ចំនួនប្រាំដំណាក់កាលទាំងលើផ្នែកសូចនាករឧក្រិដ្ឋកម្ម និងសូចនាករនៃការឆ្លើយតបរបស់អាជ្ញាធរតាមប្រទេសនីមួយៗ។
របាយការណ៍ឃើញថាទំនោរនៃការកើនឡើងចំនួនឧក្រិដ្ឋកម្មគឺកើតមានជាសកលរួមទាំងការកើនឡើងនៃការជួញដូរមនុស្ស និងថ្នាំញៀន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងឧក្រិដ្ឋកម្មផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែអ្វីទាំងនេះកាន់តែមានភាពស្មុគស្មាញនៅពេលដែលមានរបត់មួយជាប់ពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ បច្ចេកវិទ្យា ការគំរាមកំហែងផ្នែកបរិស្ថាន និងជម្លោះ។
របាយការណ៍លើកឡើងថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន២០ដែលមានក្រុមអង្គការឧក្រិដ្ឋជន។ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ និងឧស្សាហកម្មខុសច្បាប់ផ្សេងទៀតធ្វើការរួមគ្នា ដែលការណ៍នេះបានបង្កជាកង្វល់ធំមួយ ហើយអន្តរជាតិកំពុងតាមដានលើរឿងនេះ។ នេះបើតាមរបាយការណ៍ដដែល។
នាយកផ្នែកទំនាក់ទំនងអង្គការ GI-TOC លោក Walter Kemp បាននិយាយថា៖ «ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ជាឧទាហរណ៍នៃការបញ្ចូលគ្នានៃទម្រង់ផ្សេងៗរបស់ក្រុមឧក្រិដ្ឋកម្មឆ្លងដែនក្នុងលក្ខណៈទ្រង់ទ្រាយធំ រួមទាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា អំពើពុករលួយ ការលាងលុយកខ្វក់ និងការឆបោកនានា។
លោកបន្តថា៖ «នេះមានន័យថាពួកគេមិនមែនស្ថិតនៅក្នុងតែសូចនាករឧក្រិដ្ឋកម្មតែមួយរបស់របាយការណ៍នោះទេ តែវាមានចូលក្នុងសូចនាករច្រើន»។
កម្ពុជាបានពិន្ទុខ្ពស់លើសូចនាករមួយចំនួន ដូចជាការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងហិរញ្ញវត្ថុ ដែលសូចនាករខ្លះបានពិន្ទុស្ទើរតែ ឬស្មើនឹង ៨,៥ ក្នុងចំណោមពិន្ទុចំនួន១០ បើគិតតាំងពីរបាយការណ៍បានធ្វើតាំងពីឆ្នាំ២០២៣ មក។ កម្ពុជាក៏មានពិន្ទុខ្ពស់លើការជួញដូរគ្រឿងញៀន និងបទល្មើសសត្វព្រៃ ដែលនេះបានឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរសត្វព្រៃ និងការលួចរត់ពន្ធសត្វព្រៃឆ្លងដែន។
ក្រោយពីរងសម្ពាធអន្តរជាតិកាន់តែច្រើននៅក្នុងឆ្នាំនេះ និងព្រមទាំងមានការដាក់ទណ្ឌកម្មលើអ្នកនយោបាយជាន់ខ្ពស់មួយចំនួន ដែលរងការចោទថាជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមប្រតិបត្តិការបង្ក្រាមទូទាំងប្រទេសលើបណ្ដាញឆបោក។ ក្រុមអ្នកសង្កេតការរិះគន់ថាកិច្ចខិតខំប្រឹងប្រែងនេះធ្វើបែបសាមញ្ញ និងបានបរាជ័យក្នុងការកំណត់មុខសញ្ញាជនសង្ស័យមានឥទ្ធិពលនៅពីក្រោយដែលជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មខុសច្បាប់ទាំងនេះ។
ពិន្ទុដែលកំណត់ថា ជាឧក្រិដ្ឋកម្មសកលគឺ៥,០៨ ហើយកម្ពុជា និងប្រទេសក្នុងតំបន់ដូចជាមីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម ជាដើម គឺមានពិន្ទុខ្ពស់ជាងនេះ។ សម្រាប់ពិន្ទុសម្រាប់សមត្ថភាពបង្ក្រាបគឺ៤,៧៨ ប៉ុន្តែកម្ពុជាបានត្រឹម៣,៤៦ ដែលពិន្ទុនេះធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់មួយក្នុងតំបន់ហើយនៅក្រោមឡាវ និងមីយ៉ាន់ម៉ា។
អង្គការអន្តរជាតិ GI-TOC លើកឡើងថា សម្ថភាពក្នុងការបង្ក្រាបឬភាពធន់ទ្រាំ គឺជាមាត្រដ្ឋានវាស់វែងថាតើរដ្ឋមួយបានបង្កើតច្បាប់ គោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្រ្តដើម្បីដោះស្រាយបណ្ដាញក្រុមអង្គការឧក្រិដ្ឋជនឬអត់។ ការសិក្សានេះធ្វើឡើងលើ១២ចំណុច «នៃការកសាងភាពធន់ទ្រាំ» ដោយរាប់មានតាំងពីការដឹកនាំនយោបាយ និងរដ្ឋាភិបាល រហូតដល់វិធានការប្រឆាំងការលាងសម្អាតប្រាក់ និងការគាំទ្រដល់ជនរងគ្រោះ និងសាក្សី។
អង្គការដដែលលើកឡើងថា៖ «គោលបំណងសំខាន់របស់របាយការណ៍នេះគឺដើម្បីជួយកំណត់អត្តសញ្ញាណ និងការអនុវត្តវិធានការនានា ដើម្បីឲ្យទទួលបានជោគជ័យលើការប្រឆាំងនឹងអង្គភាពឧក្រិដ្ឋកម្ម»។
លោក Kemp ក៏បានកត់សម្គាល់ផងដែរថា អំពើពុករលួយ និងការការពារផ្នែកនយោបាយ គឺជាកត្តាជំរុញដ៏សំខាន់ និងជាកត្តានាំឲ្យមានឧស្សាហកម្មឧក្រិដ្ឋកម្ម ដែលអ្វីទាំងនេះត្រូវបានតាមដាន និងដាក់នៅក្នុងរបាយការណ៍។
លោកបន្ថែមថា៖ «ថ្វីបើសន្ទស្សន៍អង្គការឧក្រិដ្ឋកម្មមិនបានវាស់វែងដោយផ្ទាល់លើអំពើពុករលួយ វាក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាល ដែលបានដើរតួសំខាន់ចំពោះឧក្រិដ្ឋកម្មមាននៅកម្ពុជា។ បញ្ហានេះ ក៏កំពុងកើនឡើងច្រើននៅបណ្ដាប្រទេសផ្សេងៗទៀត»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើរបាយការណ៍នេះបានភ្លាមៗនៅឡើយ។
ខណៈដែលអង្គការ GI-TOC មិនបានផ្ដល់ជាដំណោះស្រាយដោយផ្ទាល់ លោក Kemp បានលើកពីចំណុចសំខាន់ៗទាក់ទងនឹងមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
លោកបន្ថែមថា៖ «ភាពជាអ្នកដឹកនាំ និងឆន្ទៈនយោបាយគឺជារឿងសំខាន់។ ប៉ុន្តែអ្វីទាំងនេះតែម្ខាងមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាក្រុមអង្គភាពឧក្រិដ្ឋកម្មទេ។ វាពិតជាមានសារសំខាន់ក្នុងការចូលរួមរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការមានប្រព័ន្ធយុត្តិធម៌ល្អមួយ»៕
(រាយការណ៍បន្ថែមដោយ៖ ឃួន ណារីម)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Global Index Flags Cambodia for High Organized Crime, Low Resilience











