លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងការងារពន្លឿនការទូទាត់សំណងដល់កម្មករកាត់ដេរដែលរងផលប៉ះពាល់ដោយសារតែរោងចក្របិទទ្វារ និងកម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍កាលពីថ្ងៃពុធថា៖ «ខ្ញុំសុំអំពាវនាវដល់រដ្ឋមន្ត្រីឲ្យក្រសួងការងារយកចិត្តទុកដាក់ចំពោះក្តីកង្វល់របស់កម្មករ»។ លោកបន្ថែមថា៖ «កម្មករបានដាក់ញត្តិទៅខុទ្ទកាល័យខ្ញុំជាងពីរខែមកហើយ ប៉ុន្តែនៅតែមិនទាន់មានចម្លើយ»។
លោក ហ៊ុន សែន បានបន្តថា៖ «ខ្ញុំចង់បញ្ជាក់ទៅក្រសួងការងារ និងខុទ្ទកាល័យខ្ញុំ ថាបន្ទាប់ពីទទួលញ្ញត្តិហើយថាតើត្រូវដោះស្រាយដោយរបៀបណា»។ ដោយលោកបន្ថែមថា៖ «គេថារោងចក្របិទទ្វារ ហើយទៅបើករោងចក្រថ្មី…តែទោះយ៉ាងណាត្រូវតែបើកប្រាក់ឲ្យគេ [កម្មករ]»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើសិនជារោងចក្រមិនផ្ដល់សំណងដល់កម្មករទេ រដ្ឋាភិបាលនឹងចេញសំណងនេះជំនួសសិន ហើយនឹងដោះស្រាយជាមួយក្រុមហ៊ុននៅពេលក្រោយ។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះរោងចក្រក្ដី តែគេអាចដឹងបានថាគឺជាក្រុមកម្មកររបស់រោងចក្រឃែនធើរេន ដែលបានបិទទ្វារកាលពីខែចុងមេសា កន្លងទៅ ហើយថ្មីៗនេះកម្មករបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីដើម្បីអន្តរាគមន៍លើរឿងនេះ ។
អ្នកស្រី ផុន ទូច វ័យ៣៩ឆ្នាំ បានធ្វើជាកម្មករនៅរោងចក្រឃែនធើរេន (Canteran Apparel (Cambodia) Co. Ltd) ក្នុងទីក្រុងភ្នំពេញអស់ពេល១៥ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីថា តាំងពីរោងចក្របិទទ្វារមកអ្នកស្រីក៏កំពុងរកការងារធ្វើដែរ។ អ្នកស្រី និងកម្មករប្រហែល៣០០នាក់ផ្សេងទៀត បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការងារជាងបីខែមកហើយ។
អ្នកស្រីឲ្យដឹងថា៖ «សូមឲ្យអ្នកធំៗនៅស្រុកខ្មែរមើលកម្មករផង ពួកយើងវេទនាណាស់ ។ ខ្ញុំធ្វើការនៅទីនេះជាង១៥ឆ្នាំ ហើយឥឡូវគ្មានបានអីសោះ ពេលនេះខ្ញុំគ្មានការងារធ្វើទេតាំងពីរោងចក្របិទទ្វារមក»។ អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំខ្លះគ្មានលុយបង់ថ្លៃបន្ទប់ជួល ហើយត្រូវបង្ខំចិត្តទៅរស់នៅក្រោមតង់មុខរោងចក្រ»។
អ្នកស្រីជឿថាក្រុមហ៊ុនដាក់ប្រកាសថាក្ស័យធន ដើម្បីគេចវេះពីការផ្ដល់សំណង និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករដោយសារតែកម្មករធ្វើការនៅទីនេះជិត២០ឆ្នាំមកហើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ខេមបូចាថា ក្រសួងកំពុងអនុវត្តនូវអ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើង ហើយដំណោះស្រាយនឹងរួចរាល់នៅសប្តាហ៍នេះ។ លោកបញ្ជាក់ថា ក្រសួង នឹងប្រើថវិការដ្ឋាភិបាលដើម្បីជួយកម្មករជាមុនសិន។
របាយការណ៍របស់មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស ចេញផ្សាយកាលពីឆ្នាំកន្លងទៅបង្ហាញថាកម្មករកាត់ដេរកម្ពុជារាប់ពាន់នាក់ ដែលបានផលិតសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុនល្បីៗលើពិភពលោក នៅមិនទាន់បានទទួលប្រាក់សំណងនៅឡើងគិតតាំងពីរោងចក្របានបិទអំឡុងពេលផ្ទុះវិបត្តកូវីដ-១៩។
របាយការណ៍បានលើកយកករណីសិក្សាចំនួនបួននៅប្រទេសកម្ពុជា ដែលមានកម្មកររងផលប៉ះពាល់ជាង ៤ ០០០នាក់ នៅរោងចក្រ វ៉ាយអូឡែត អាប់ផារ៉ែល រោងចក្រ ហុង ស៊ិន រោងចក្រ Sepia និងរោងចក្រហុង វ៉ា ដែលរោងចក្រទាំងនេះបានបិទទ្វារក្នុងវិបត្តិកូវីដ-១៩។ ក្នុងករណីទាំងនេះ កម្មករបានទទួលសំណងតិចតួចប៉ុណ្ណោះ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា មានប្រសាសន៍ថារោងចក្រចំនួនប្រាំពីរដែលមានសមាជិកសហជីពលោកបានបិទទ្វារកាលពីមានការផ្ទុះវិបត្តិកូវីដ-១៩ ហើយមានកម្មករជាង ៥ ០០០នាក់មិនបានទទួលសំណងសមរម្យ។
លោកបន្តថា៖ «ក្នុងវិបត្តិកូវីដ–១៩ យើងសង្កេតឃើញថាម្ចាស់រោងចក្របានយកឱកាសនេះបិទរោងចក្ររបស់ខ្លួនដើម្បីគេចវេះពីកាតព្វកិច្ចផ្លូវច្បាប់»។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយថ្នាក់ជាតិមួយដើម្បីការពារប្រយោជន៍របស់កម្មករនៅពេលអនាគត។
លោកបន្តថា៖ «ការបិទរោងចក្រនេះគ្រាន់តែជាការគេចរួចពីកាតព្វកិច្ច ការសងសំណង និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករប៉ុណ្ណោះ ហើយនេះជាការទទួលខុសត្រូវរបស់មន្ត្រីផងដែរ ដែលត្រូវដោះស្រាយដោយមានតម្លាភាព»។
វិស័យកាត់ដេរនៅកម្ពុជាបានរងផលប៉ះពាល់ដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជាការអស់សុពលភាពក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធតាមប្រព័ន្ធ GSP របស់អាមេរិក និងការកាត់ប្រព័ន្ធអនុគ្រោះពន្ធចំនួន២០ភាគរយពីសហភាពអឺរ៉ុបលើប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធហៅកាត់ថា EBA ជាដើម។
ការលើកឡើងពីរឿងកម្មកររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងចំថ្ងៃ ដែល លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen orders ministry to help laid-off garment workers