សកម្មជនសហគមន៍រងគ្រោះប្រមាណ៩០០នាក់ មានទាំងអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកផ្សេងទៀតបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវេទិកាសាធារណៈមួយ ដែលអ្នករៀបចំអះអាងថា ជាចេតនាក្នុងការបញ្ជូនសារទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំប្រទេសអាស៊ានផ្សេងទៀត មុនកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញចាប់ផ្ដើមនៅសប្តាហ៍ក្រោយ។
ក្រោមឈ្មោះថា «សន្និបាតមហាជន» គឺរៀបចំឡើងដើម្បីលើកពីការបំពានសិទ្ធិមនុស្ស និងភាពតានតឹងផ្នែកនយោបាយ។ ជនរងគ្រោះដោយបញ្ហាដីធ្លី សកម្មជនបរិស្ថាន កសិករ កម្មកររោងចក្រ អ្នកបម្រើសេវាផ្លូវភេទ និងអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងអ្នកផ្សេងទៀត មកពី២០ខេត្ត បានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃ និងយកចិត្តទុកដាក់លើបញ្ហារំលោភសិទ្ធិមនុស្ស។ នេះបើតាមការលើកឡើងរបស់អ្នករៀបចំ និងអ្នកចូលរួម។
អ្នកចូលរួមវេទិកា លោក ចាន់ យឿត វ័យ ៥៣ឆ្នាំ មកពីខេត្តបាត់ដំបង លើកឡើងថា លោកមានជម្លោះដីធ្លីជិត២០ឆ្នាំមកហើយ ដែលមានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១៦គ្រួសារ ដែលកំពុងជម្នះក្នុងការទាមទារដីកសិកម្មរបស់ពួកកេនៅក្នុងឃុំខ្នាចរមាស។
លោកបន្តថា៖ «យើងបានតវ៉ាតាំងពីឆ្នាំ២០០២ ប៉ុន្តែមិនមានដំណោះស្រាយពីអាជ្ញាធរទាំងខេត្ត និងថ្នាក់ជាតិនោះទេ។ ខ្ញុំបានស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ស្ថាប័នរដ្ឋ ប៉ុន្តែនៅតែមិនមានដំណោះស្រាយ»។ លោកបន្ថែមថា លោកមកចូលរួមជាមួយអ្នកមានជម្លោះដីធ្លីផ្សេងទៀតនៅភ្នំពេញដើម្បីបង្ហាញពីកង្វល់ និងស្វែងរកការគាំទ្រពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
លោកបន្តថា៖ «យើងក៏ចង់ផ្ញើសារទៅកាន់មេដឹកនាំប្រទេសអាស៊ានផ្សេងទៀតអំពីបញ្ហារបស់យើង និងស្ថានទូតនានាផ្សេងទៀតប្រចាំនៅកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពីបញ្ហារបស់ប្រជាពលរដ្ឋ»។
លោក ហន់ រ៉ាវុធ មកពីឃុំរ៉ុនតាឯក ខេត្តសៀមរាប ឲ្យដឹងដែរថា ប្រជាពលរដ្ឋក្នុងភូមិតានី បានបាត់បង់ដីស្រែ ១៨ឆ្នាំមកហើយ។ លោកបន្តថា លោកផ្ទាល់បានបាត់ចំនួន ២ហិកតា បន្ទាប់ពីរដ្ឋាភិបាលបានកាត់ចេញដីស្រែរបស់គាត់ជិត២០ឆ្នាំមកហើយ ដើម្បីត្រៀមទុកបែងចែកទៅឲ្យប្រជាពលរដ្ឋ ដែលផ្លាស់ពីស្ទឹងសៀមរាប និងពលរដ្ឋដែលទើបផ្លាស់ទីពីតំបន់អង្គរនាពេលបច្ចុប្បនេះ។
លោកបន្ថែមថា៖ «យើងទាមទារឲ្យរដ្ឋាភិបាល ដែលជាប្រធានអាស៊ាន គួរតែយកចិត្តទុកដាក់លើបញ្ហារបស់ពួកយើង។ យើងចង់លើកបញ្ហាឲ្យអាស៊ានបានដឹង ដើម្បីជួយជំរុញរដ្ឋាភិបាល ដោះស្រាយឲ្យអ្នករងគ្រោះដោយសារការរំលោភបំពានដីធ្លីអស់ជាច្រើនឆ្នាំមកហើយ»។ លោកបន្តថា៖ «ខ្ញុំដឹងថាអាស៊ានជាសមាគមបង្កើតឡើងដើម្បីរួមចំណែកក្នុងការគោរពសិទ្ធិមនុស្ស»។
មន្ត្រីលើកឡើងថា សៀមរាបជាខេត្តមួយមានការតវ៉ារឿងដីធ្លីច្រើននាពេលថ្មីៗនេះ ព្រោះថាប្រជាពលរដ្ឋជាច្រើនត្រូវគេតម្រូវឲ្យផ្លាស់ទីលំនៅចេញពីតំបន់អភិរក្សយូណេស្កូ។ កាលពីខែមុន ប្រជាពលរដ្ឋបានប្រមូលផ្ដុំតវ៉ានៅមុខសាលាឃុំពាក់ស្នែង ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីស្វែងរកការឆ្លើយតបពីអាជ្ញាធរទាក់ទងនឹងការបោះបង្គោលនៅលើដីស្រែប្រជាពលរដ្ឋដោយគ្មានការផ្ដល់មូលហេតុច្បាស់លាស់។
តំណាងអ្នករៀបចំវេទិកា លោក ហេង សុជាតិ មានប្រសាសន៍ថា ប្រជាសហគមន៍ដែលរងគ្រោះពីការរំលោភសិទ្ធិ និងការរំលោភដីធ្លី បានមើលឃើញពីឱកាសមុនកិច្ចប្រជុំកំពូលអាស៊ានថាអាច ជួយបំពងសំឡេងរបស់ពួកគាត់បាន។
លោកបន្តថា៖ «កម្ពុជាជាសមាជិកអាស៊ាន ហើយមានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងជំនួញជាមួយប្រទេសក្នុងតំបន់ ដែលយើងចង់បង្ហាញបញ្ហាទាំងនោះទៅមេដឹកនាំអាស៊ានបានឮ»។
លោក សុជាតិ បន្តថាការជួបជុំនេះរួមមានទាំងជនជាតិដើមភាគតិច ដែលកំពុងទាមទារឲ្យមានការចុះបញ្ជីដីធ្លីសហគមន៍ និងកិច្ចការពារធនធានធម្មជាតិ ពិសេសព្រៃឈើផងដែរ។
លោកអះអាងថា៖ «នេះគឺជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទាមទាររកដំណោះស្រាយ»។
តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ បានទទួលញត្តិរបស់អ្នកចូលរួម និងបានសន្យាថានឹងបញ្ជូនញ្ញតិនេះទៅកាន់ថ្នាក់ដឹកនាំកំពូល។
អ្នកស្រី ដេត ហួរ ដែលអ្នកមានជម្លោះដីធ្លីមកពីឃុំជីខលើ ខេត្តកោះកុង លើកឡើងថាប្រជាពលរដ្ឋ ១៩៧គ្រួសារបានបាត់បង់ដីធ្លីជាង១០ឆ្នាំមកហើយ និងនៅតែបន្តស្វែងរកដំណោះស្រាយសមស្របមួយ។ អ្នកស្រីឲ្យដឹងដែរថា មានសមាជិកសហគមន៍ចំនួន៩នាក់ កំពុងជាប់បណ្តឹងនៅតុលាការពីបទបរិហាកេរ្តិ៍ និងញុះញង់ ទាក់ទងនឹងបញ្ហាជម្លោះដីធ្លីនេះ។
អ្នកស្រីបន្តថា៖ «តាំងពីបាត់បង់ដីមក ប្ដីរបស់ខ្ញុំធ្លាក់ខ្លួនឈឺ ហើយខ្ញុំមិនដែលបានទទួលបានការគាំពារសង្គមណាមួយទេ ហើយឥឡូវនេះខ្ញុំគ្មានដីធ្វើស្រែចម្ការទេ ហើយក៏គ្មានស្បៀងហូបគ្រប់គ្រាន់ដែរ។ យើងក៏ជំពាក់បំណុលធនាគារទៀត…យើងចង់ផ្ញើសារទៅកាន់ថ្នាក់ដឹកនាំទាំងអស់ឲ្យជួយពួកយើង»៕