UPDATES:
ម៉ោង ៧:២៣ យប់៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងថា គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនអង្គការមហាជន ព្រមទាំងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ចូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានលើកលែងបង់ថ្លៃសេវាផ្លូវ ព្រោះក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនបានឯកភាពក្នុងន័យមនុស្សធម៌ ។
ម៉ោង ៦:៣៨ យប់៖ យោងតាមក្រសួងការពារជាតិលើកឡើងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារនៅតំបន់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
- ម៉ោង១៦:០៤នាទី យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
ម៉ោង ៦:០០ យប់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod English យោធាថៃបានចេញបញ្ជាឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារៈយោធាដែលកំពុងដឹកជញ្ជូនចូលមកក្នុងប្រទេសកម្ពុជា។ ដែនដីទឹកជុំវិញកំពង់ផែកម្ពុជាត្រូវបានប្រកាសថាជាតំបន់គ្រោះថ្នាក់ដែលមានហានិភ័យខ្ពស់។
ម៉ោង ៥:៥៥ ល្ងាច៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការវាយប្រហារដោយយោធាថៃនៅតែបន្តលើទឹកដីកម្ពុជា។ លោកស្រីបានជំរុញឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងបញ្ឈប់ការធ្វើបាបជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រីបានបន្តថា កម្ពុជាបានឆ្លើយតបតែចំពោះកងទ័ពប៉ុណ្ណោះ មិនមែនកំណត់គោលដៅលើជនស៊ីវិលទេ ហើយកំពុងធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារទឹកដីរបស់ខ្លួន។
យោធាថៃវាយប្រហារនៅតំបន់ភូមិសាស្ត្រយោធភូមិភាគទី៤ និង៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
ចាប់ពីព្រឹកព្រលឹមថ្ងៃអាទិត្យដល់ម៉ោង ៩ ព្រឹក យោធាថៃបានបាញ់កាំភ្លើងធំធុនធ្ងន់ និងគ្រាប់បែកផ្សែងនៅតំបន់ភ្នំខ្មោច អានសេះ ប្រាសាទខ្នារ ព្រះវិហារ និងជាំតែ ។
ចាប់ពីម៉ោង ៣ រសៀល ទាហានថៃបានវាយប្រហារនៅតំបន់ភ្នំខ្មោច បុស្បូវ ជាំតែ ប្រាសាទខ្នារ ដោយប្រើកាំភ្លើងធំរយៈចម្ងាយឆ្ងាយ រថក្រោះ និងយន្តហោះគ្មានមនុស្សបើក ។
នៅពេលរសៀល យោធាថៃបានបាញ់កាំភ្លើងធំចម្ងាយឆ្ងាយនៅតំបន់តាស៊ឹម គល់៨ ជប់អង្គុញ ផ្ទះតាម៉ុក តាថាវ ហើយបានបន្តវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់បែកផ្សែងនៅប្រាសាទតាក្របី និងថ្មដូន។
នៅម៉ោង ១:១០ រសៀល យោធាថៃបានបន្តបាញ់ផ្លោងលើភូមិជោគជ័យ និងបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់គ្រាប់បែកលើតំបន់ព្រៃចាន់។
លោកស្រីបន្ថែមថា កម្ពុជាកំពុងជំរុញឱ្យថៃបញ្ឈប់ការវាយប្រហារ និងសម្លាប់ជនស៊ីវិល និងការប្រើប្រាស់យន្តហោះចម្បាំងដើម្បីវាយប្រហារទឹកដីកម្ពុជា ដែលជាការរំលោភលើច្បាប់កម្ពុជា និងអន្តរជាតិ។
ម៉ោង ៤:៥៨ រសៀល៖ ក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងថា ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារការវាយប្រហាររបស់យោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ប៉ន្តែជនភៀសសឹកសរុបកើនដល់ ១១៧ ១២០គ្រួសារ ស្មើនឹងមនុស្ស ៣៩៤ ៧០៦នាក់ ក្នុងនោះស្រ្តី ២០៤ ៨៨៩នាក់ និងកុមារ ៩៥ ៩៤៩នាក់។
ម៉ោង ២:២៥ រសៀល៖ ក្រសួងការពារជាតិបានទាមទារឱ្យកងទ័ពភូមិភាគទី២ របស់ថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់អំពីប្រទេសកម្ពុជានៅលើទំព័រផ្លូវការរបស់ខ្លួន។ ក្រសួងបានលើកឡើងថា ភាគីថៃគួរតែបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភាន់ប្រជាជនរបស់ខ្លួន និងសហគមន៍អន្តរជាតិ។
ម៉ោង ១:៤០ រសៀល៖ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១:០០នាទីរសៀល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
- ម៉ោង ៩:៥២ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ១០:៣៦ ព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-១៦ ទម្លាក់ចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិថ្មសិន ឃុំនិមិត្ត ស្រុកអូរជ្រៅ។
- ម៉ោង ១០:៣៨ ព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-១៦ ហោះលើភូមិសាស្ត្រឃុំ អូរបីជាន់។
- ម៉ោង ១០:៥៨ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅភូមិសាស្ត្រឃុំអូរបីជាន់។
- ម៉ោង ១១:២០ ព្រឹក៖ កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រ បឹងត្រកួន។
- ម៉ោង ១១:៥៥ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ១២:២៥ រសៀល៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិបឹងត្រកួន។
ម៉ោង ១:២១ រសៀល៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា លោកមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការវាយប្រហារពីប្រទេសជិតខាង។
លោកបានបន្តថា ទាំងព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លោកបានថ្លែងថា៖ «សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី»។
ម៉ោង ១:០៦ រសៀល៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វាមានរយៈពេលប្រាំបីថ្ងៃហើយចាប់តាំងពីយោធាថៃបានបាញ់ប្រហារលើទឹកដីកម្ពុជា។
យោធាថៃបានបាញ់ប្រហារទៅលើតំបន់យោធភូមិភាគទី៤ ព្រឹកព្រលឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
- ម៉ោង ២:០០ ព្រឹក៖ ការវាយប្រហារត្រូវបានធ្វើឡើងនៅប្រាសាទព្រះវិហារ។
- ម៉ោង ៣:១០ ព្រឹក៖ យោធាថៃបានដាក់ពង្រាយរថក្រោះ និងថ្មើរជើងនៅតំបន់ប្រាសាទព្រះវិហារ និងបានបាញ់កាំភ្លើងធំ និងគ្រាប់បែកចង្កោម។
- ម៉ោង ៥:០០ ព្រឹក៖ ការបាញ់ផ្លោងបានបន្តនៅក្នុងប្រាសាទខ្នា។
យោធាថៃបានបាញ់ប្រហារនៅតំបន់យោធភូមិភាគទី៥ នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែធ្នូ។
- ម៉ោង ៥:០០ ព្រឹក យន្តហោះចម្បាំង F-១៦ របស់ថៃ បានទម្លាក់គ្រាប់បែកចំនួនបួនគ្រាប់លើតំបន់ថ្មដា ក្នុងស្រុកវាលវែង ជិតតំបន់អូរផ្លុកដំរី។
- ម៉ោង ៦:០០ ព្រឹក៖ យោធាថៃបានចាប់ផ្តើមវាយប្រហារនៅតំបន់ ច១។
- ម៉ោង ៦:៣០ ព្រឹក៖ យោធាថៃបានបាញ់គ្រាប់ផ្លោងចូលទៅក្នុងតំបន់បឹងត្រកួន។
- ម៉ោង ៧:៣០ ព្រឹក៖ យោធាថៃបានវាយប្រហារលើភូមិជោគជ័យ។
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់បានធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែធ្នូ ដោយអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ ខណៈដែលកងកម្លាំងថៃបន្តបាញ់ប្រហារក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន។
យោងតាមវីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជនជាតិខ្មែរ-អូស្ត្រាលីត្រូវបានគេឃើញកាន់ទង់ជាតិ និងបដាដែលមានសរសេរជាភាសាអង់គ្លេស ដោយជំរុញឱ្យយោធាថៃបញ្ឈប់សង្គ្រាម និង «ឈប់កុហក»។
អ្នកចូលរួមបាតុកម្មត្រូវបានគេឮថា៖ «សូមផ្តល់យុត្តិធម៌សម្រាប់កម្ពុជា កម្ពុជាត្រូវការសន្តិភាព។ សូមបញ្ឈប់សង្គ្រាម និងគោរពកិច្ចព្រមព្រៀងសន្តិភាពដោយអនុវត្តតាមបទឈប់បាញ់»។
នៅទីក្រុងបាងកក មនុស្សប្រហែលប្រាំមួយនាក់បានកាន់បដានៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកកនៅថ្ងៃទី១៣ ខែធ្នូ ដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលសកម្មជនម្នាក់ឈ្មោះ Chamnan Chanruang បានដឹកនាំក្រុមបាតុករមួយក្រុមតូចនៅច្រកទ្ធារ Tha Pae Gate ក្រុងឈៀងម៉ៃ។
យោងតាមក្រសួងមហាផ្ទៃកម្ពុជា ជនស៊ីវិលចំនួន ១១នាក់ត្រូវបានសម្លាប់ និង ៥៩នាក់រងរបួសគិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី១៣ ខែធ្នូ ចាប់តាំងពីការប្រយុទ្ធគ្នាឡើងវិញបានផ្ទុះឡើងនៅថ្ងៃទី៧ ខែធ្នូ។
នៅទូទាំងខេត្តចំនួនប្រាំពីរ ជនភៀសសឹកចំនួន ១១២ ៦៤៨គ្រួសារ ស្មើនឹង ៣៧៩ ០៤៧នាក់ ត្រូវបានភៀសខ្លួន ក្នុងមានស្ត្រី ១៩៧ ១២៧នាក់ និងកុមារ ៩៤ ៣៤៨នាក់។ ផ្ទះសម្បែង សាលារៀន វត្តអារាម ផ្លូវថ្នល់ និងកន្លែងសាធារណៈរបស់ជនស៊ីវិលត្រូវបានខូចខាត ខណៈដែលសេវារដ្ឋបាល សុខភាព និងអប់រំត្រូវបានផ្អាកស្ទើរតែទាំងស្រុង។

បទឈប់បាញ់ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលការវាយប្រហាររបស់យន្តហោះចម្បាំង F-16 នៅតែបន្ត។
យន្តហោះចម្បាំង F-16 របស់ថៃមួយគ្រឿងបានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែធ្នូ ទោះបីជាមានការអំពាវនាវពីអន្តរជាតិអនុវត្តបទឈប់បាញ់ក៏ដោយ ដែលបង្កើនការសង្ស័យយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះការបន្ធូរបន្ថយភាពតានតឹង។
ក្រសួងការពារជាតិបានលើកឡើងថា យន្តហោះចម្បាំង F-១៦ របស់ថៃបានទម្លាក់គ្រាប់បែកនៅម៉ោង ៨:១៥ ព្រឹក នៅក្នុងតំបន់មួយ ក្នុងភូមិយោធភូមិភាគទី៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល អនុវត្តបទឈប់បាញ់នៅត្រឹមម៉ោង 10:00 យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
លោកបានមានប្រសាសន៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី នឹងតាមដានការវិវឌ្ឍនៅនឹងកន្លែង ដោយបន្ថែមថា ការរកឃើញពីការតាមដានផ្កាយរណប និងការអង្កេតនៅនឹងកន្លែងដោយ AOT និងសហរដ្ឋអាមេរិក នឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ។
ទោះបីជាមានការអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដោយ លោក អានុទិន បានប្រកាសនៅរសៀលថ្ងៃសៅរ៍ថា ប្រទេសថៃ «លែងស្តាប់អ្នកណាទៀតហើយ» ដោយបន្ថែមថា នឹងមិនមានកិច្ចចរចាបទឈប់បាញ់ទៀតទេ។
លោកត្រូវបានដកស្រង់សម្តីថា៖ «វាទំនងជាការយល់ច្រឡំ។ បច្ចុប្បន្ននេះ មានការទំនាក់ទំនងជាច្រើនកំពុងដំណើរការ។ វាជាការល្អបំផុតក្នុងការស្តាប់សេចក្តីថ្លែងការណ៍ពីយោធា។ នៅពេលនេះ មិនមានការចរចាបទឈប់បាញ់ទេ ហើយវាមិនទាន់ដល់ពេលសម្រាប់រឿងនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds of Cambodians in Australia Call for End to Cambodia-Thailand Clashes










