រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរិះគន់អង្គរការមិនមែនរដ្ឋាភិបាល និងសមាគមអ្នកសារព័ត៌មានថាបាន «បង្កប់របៀបវារៈនយោបាយ» ដោយមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន ក្រោយមានការឃុំខ្លួនអ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ។ ក្រសួងបានអះអាងថាលោក អ៊ុក ម៉ៅ «បានបំពានវិជ្ជាជីវៈអ្នកសារព័ត៌មាន»។
លោក ម៉ៅ គឺជាសមាជិកសហគមន៍ជនជាតិដើមភាគតិច ហើយលោកតែងបានរាយការណ៍ពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបំផ្លាញបរិស្ថានក្នុងតំបន់ការពារនៅខេត្តភាគឦសាន។ ប៉ុន្តែលោកត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន និងបានរងបទចោទចំនួនពីរគឺបរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែង ដែលការចោទប្រកាន់នេះក្រុមអង្គការសង្គមស៊ីវិល និងសមាគមអ្នកកាសែតយល់ឃើញថាជាការបំបិទសំឡេងអ្នកសារព័ត៌មាន។
បើតាមក្រសួងព័ត៌មាន លោក ម៉ៅ ដែលបានធ្វើការឲ្យសារព័ត៌មានឥន្ទ្រីយ៍ ផ្លើសញ៉ូស៍ មិនមានកាតអ្នកសារព័ត៌មានទេ ហើយក្រសួងមិនចេញកាតនេះឲ្យដោយសារតែលោក ម៉ៅ មិនបានបំពេញគ្រប់លក្ខខណ្ឌដែលតម្រូវដោយក្រសួង។ អ្នកសារព័ត៌មានមិនត្រូវជាប់បណ្ដឹងណាមួយ ឬកំពុងស្ថិតក្នុងនីតិវិធីតុលាការនោះទេ។ ក្រសួងបន្ថែមទៀតថា លោក ម៉ៅ បានបំពានក្រមសីលធម៌អ្នកសារព័ត៌មាន និងច្បាប់។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសរសេរទៀតថា៖ «សកម្មភាពរបស់លោក អ៊ុក ម៉ៅ កន្លងទៅគឺប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មានដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សែងៗ[…]ដែលមិនមែនជាការអនុវត្តផ្នែកសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន»។
សេចក្ដីថ្លែងការណ៍ដដែលសរសេរទៀតថា៖ «រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់គឺជារឿងរបស់បុគ្គលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្រមខណ្ឌវិជ្ជាជីវៈសារព័ត៌មានទ្បើយ»។
ក្រសួងក៏បានរិះគន់ក្រុមអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និង «អ្នកសារព័ត៌មានបរទេស» ខ្លះ ថាអ្នកទាំងនោះ «មិនគួរ»មានចេតនាភ្ជាប់របៀបវារៈនយោបាយ ដោយព្យាយាមបំភ្លៃការពិត «ដែលវាជារឿងមិនពិត» អំពីលោក ម៉ៅ ហើយមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន ដើម្បីបានក្ដីសណ្ដោសពីម្ចាស់ជំនួយរបស់ខ្លួន។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី មិនយល់ស្របនឹងការលើកឡើងរបស់ក្រសួងព័ត៌មានដែលថាសមាគមអ្នកកាសែតយករឿងលោកម៉ៅធ្វើជាប្រយោជន៍នយោបាយ។
លោកមានប្រសាសន៍ថា៖ «មិនមានផលប្រយោជន៍នយោបាយសម្រាប់យើងទេក្នុងរឿងនេះ។ វាជារឿងការពារផលប្រយោជន៍ជាតិ និងប្រយោជន៍សាធារណៈ»។ លោកបន្ថែមថា សមគមការពារផលប្រយោជន៍គ្រប់ភាគី ពិសេសអ្នកសារព័តឥមាន ហើយសមាគមត្រូវឃ្លាំមើលបញ្ហាដែលបានកើតឡើង។
លោកបន្ថែមថា៖ «យើងបានដឹងហើយថាប្រមុខរដ្ឋាភិបាលជំរុញឲ្យមានការរាយការណ៍ពីចំណុចអវិជ្ជមាន ដូចនេះលោកអាចទទួលបានព័ត៌មានពិត និងពេញលេញ»។
ទាក់ទងនឹងរឿងលោក ម៉ៅ គ្មានកាតអ្នកសារព័ត៌មាន លោក វី លើកឡើងថា លោក ម៉ៅ នៅតែអាចដើរតួជាអ្នកសារព័ត៌មានម្នាក់។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនគិតថា វាត្រឹមត្រូវទេ [ដែលថាលោក ម៉ៅ គ្មានកាតហើយមិនអាចបំពេញការងារអ្នកសារព័ត៌មានបាន]។ យើងមិនបានឃើញច្បាប់ណាហាមឃាត់អ្នកណាម្នាក់ដែលគ្មានកាត ឬមានអ្នកណាម្នាក់ត្រូវបានគេប្ដឹងមិនឲ្យធ្វើការនោះទេ។ បើតាមខ្ញុំដឹងមិនមានបទបញ្ញតិបែបហ្នឹងនោះទេ»។
លោក ម៉ៅ ត្រូវបានស្ថាប័នរបស់លោក ឥន្ទ្រីយ៍ផ្លើស ញ៉ូស៍ ចេញកាតស្ថាប័នឲ្យ ដែលបង្ហាញថាលោកធ្វើការរាយការណ៍ឲ្យស្ថាប័ននោះ។
អ្នកនាំពាក្យអង្គការការពារសិទ្ធិមនុស្សអាដហុក លោក យ៉ិន ម៉េងលី បាន «សោកស្ដាយ» ចំពោះសេចក្ដីថ្លែងការណ៍របស់ក្រសួងព័ត៌មានដែលបានចោទប្រកាន់អង្គការ និងសមាគមថាបានបម្រើប្រយោជន៍នយោបាយ។
លោកលើកឡើងថា៖ «អង្គការ និងសមាគមបានជួយបំពេញតួនាទីច្រើនជាមួយរដ្ឋាភិបាល ប៉ុន្តែយើងមិនដែលបានការទទួលស្គាល់ពីក្រសួង ឬស្ថាប័នណាទេ។ ជំនួសមកវិញ យើងតែងតែរងការចោទប្រកាន់ថាបម្រើប្រយោជន៍នយោបាយ និងប្រយោជន៍បរទេស»។
លោកថាករណីលោកម៉ៅ មិនមែនជារឿងបុគ្គលទេ ប៉ុន្តែវាជាប្រយោជន៍សាធារណៈ ដោយសារជាប់ពាក់ព័ន្ធនឹងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ។
លោកឲ្យដឹងទៀតថា៖ «ហេតុផលដែលយើងអះអាងថាវាជាបញ្ហាសង្គម ព្រោះថាក្នុងសេចក្ដីថ្លែងការណ៍ និងរូបភាពលោកបានបង្ហោះគឺផ្សាយពីសម្មភាពទាក់ទងនឹងបញ្ហាព្រៃឈើ។ វាជាកង្វល់របស់ប្រជាពលរដ្ឋដែលខ្លាចបាត់បង់ព្រៃឈើទាំងនោះ»។
លោកបន្ថែមទៀតថាគោលការណ៍ច្បាប់ ជនត្រូវចោទទាំងអស់ត្រូវចាត់ទុកថាគ្មានទោសដរាបណាមិនទាន់មានសាលក្រមថាមានទោស ហើយលោក ម៉ៅ នៅពេលនេះមិនទាន់បានកាត់ទោសនៅឡើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Information Ministry Accuses NGOs, Press Groups for Politicizing Journalist Uk Mao’s Case