អ្នកសារព័ត៌មានអនឡាញ លោក អ៊ុក ម៉ៅ ដែលតែងតែរាយការណ៍ពីបញ្ហាបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានតុការចោទប្រកាន់ពីបទញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈ។ នេះបើតាមការបញ្ជាក់ពីតុលាការខេត្តស្ទឹងត្រែងនៅថ្ងៃទី១៩ ខែឧសភា។
ស្ថាប័នការពារសិទ្ធិអ្នកសារព័ត៌មាន រួមមានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន និងអង្គការសង្គមស៊ីវិលផ្សេងទៀត បានរិះគន់ទៅនឹងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មានបរិស្ថាន និងសកម្មជនការពារព្រៃឈើ។
ត្រឹមតែរយៈពេលបីឆ្នាំ កម្ពុជាបានធ្លាក់ចុះចំនួន១៩លេខនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដោយស្ថិតនៅលេខ១៦១ក្នុងចំណោមប្រទេស១៨០ ដែលការណ៍នេះបង្ហាញពី «ការធ្លាក់ចុះភាពធ្ងន់ធ្ងរ»លើស្ថានភាពសេរីភាពសារព័ត៌មាន។
លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោក អ៊ុក ម៉ៅ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី១៦ ខែឧសភា ក្រោយត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថ និងត្រូវបានតុលាការចោទប្រកាន់នៅពេលល្ងាច។
លោកឲ្យដឹងថា លោក អ៊ុក ម៉ៅ ប្រឈមមុខនឹងបទចោទចំនួនពីរគឺបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តកាលពីខែឧសភា ឆ្នាំ២០២៤ និងខែកុម្ភៈ ឆ្នាំ២០២៥។
មុនពេលចាប់ខ្លួន លោក អ៊ុក ម៉ៅ ជាភ្នាក់ងារអ្នកសារព័ត៌មានរបស់ Intri Plus News ប្រចាំខេត្តស្ទឹងត្រែង។ លោកធ្លាប់ប្រាប់ សារព័ត៌មានខេមបូចា ថា លោកប្រឈមនឹងបណ្ដឹងចំនួន១៥សំណុំរឿង។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី មានប្រសាសន៍ថា៖ «ការប្តឹងផ្តល់ ការបន្តចាប់ខ្លួន វាមិនមែនជាផលល្អទេ ដែលអាចកត្តារារាំងស្ទះដល់ចំពោះកិច្ចសហការ និងការផ្តល់ព័ត៌មានពិតទាក់ទងនឹងបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើ»។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ បណ្ដឹងផ្លូវច្បាប់ និងវិធានការផ្លូវច្បាប់លើអ្នកការសែតបរិស្ថានគឺធ្វើឲ្យប៉ះពាល់ផលប្រយោជន៍សង្គម ជាពិសេសការជំរុញឱ្យមានចាត់វិធានការពីបទល្មើសទាំងទ្បាយណា ដូចជាបទល្មើសការកាប់ទន្ទ្រានយកដីដោយរដ្ឋ ឬការកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិ»។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក អ៊ុក ម៉ៅ ត្រូវគេវាយធ្វើបាបលើរាងកាយដោយមនុស្សបីនាក់ ដែលគេជឿថា អ្នកទាំងនោះជាអតីតមន្រ្តីសាលាខេត្ត។ ពេលនោះលោកបានរងរបួសស្រាលនៅលើផ្ទៃមុខ ហើយទូរសព្ទរបស់លោកត្រូវបានខូចខាត។ នេះបើតាមរបាយការណ៍របស់ ខេមបូចា។
រំឭកដល់ហេតុការណ៍នោះ លោក អ៊ុក ម៉ៅ បានប្រាប់ ខេមបូចា ថា មុនពេលកើតហេតុលោកបាន ទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងសហគមន៍ព្រៃឈើព្រៃឡង់ ហើយលោកបានទៅស៊ើបអង្កេតរឿងនេះ។
ក្រោយថតរូបភាពកន្លែងកាប់ឈើរួចរាល់ ពេលត្រឡប់មកផ្ទះវិញនៅម៉ោងប្រហែល២រសៀល មានបុរសបីនាក់បានបញ្ឈប់លោក និងទាមទារឲ្យលោកលុបរូបថតទាំងនោះចោល។ លោកបានបដិសេធ ហើយពេលនោះបុរសម្នាក់ក្នុងចំណោមបីនាក់បានហក់មកដាល់លោកចំមុខ និងកញ្ឆក់យកទូរសព្ទពីដៃរបស់លោក។
ពីរថ្ងៃក្រោយមក លោក អ៊ុក ម៉ៅ បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុក។ យ៉ាងណា លោកបែរជាបានទទួលដំណឹងថាមានគេប្ដឹងលោកទៅវិញ ហើយអាជ្ញាធរមិនបានប្រាប់ថាអ្នកណាជាអ្នកប្ដឹងលោកនោះទេ។
កាលពីខែមុន សាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅលោកម៉ៅឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែឧសភា ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី២៤ ខែមីនា តាមបណ្ដឹងរបស់មនុស្សម្នាក់ឈ្មោះ «ដួង កុម្ភៈ»។
ចាងហ្វាងសារព័ត៌មាន Intri Plus News លោក ពឿន ប៊ុនធឿន បានឲ្យដឹងថា លោក អ៊ុក ម៉ៅ បានផ្អាកការងារពីស្ថាប័នអនឡាញរបស់លោកជិតមួយឆ្នាំទៅហើយ។ ក្នុងឆ្នាំ២០២៥ ក្រសួងព័ត៌មានបដិសេធចេញកាតអ្នកកាសែតដល់លោក អ៊ុក ម៉ៅ ដោយហេតុថាលោកកំពុងជាប់បណ្ដឹងនៅតុលាការ។
លោកចាងហ្វាងឲ្យដឹងទៀតថា៖ «ខ្ញុំមិនដឹងថាបទចោទញុះញង់នេះទាក់ទងនឹងរឿងផ្សាយលើ Intri Plus News ឬអត់ ព្រោះថា [យើង]មិនបានទទួលព័ត៌មានច្រើនពី ម៉ៅ សម្រាប់ផ្សាយទេ»។ លោកបន្ថែមថា លោកកំពុងតាមដាននីតិវិធីរបស់តុលាការ។
អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ខាងលោកមិនទាន់អាចបញ្ជាក់អ្វីបានទេ ដោយថាពេលនេះក្រុមការងារកំពុងប្រមូលព័ត៌មានលម្អិតទាក់ទងនឹងការចោទប្រកាន់លើលោកម៉ៅ។
យ៉ាងណា លោកបានសង្កេតឃើញថា បទចោទដូចជាញុះញង់ ឬបរិហារកេរ្ដិ៍ តែងតែទាក់ទងនឹងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។ លោកបន្តថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលស្ដារលម្ហសេរីភាពនៃការបញ្ចេញមតិឡើងវិញ»។
លោកកត់សម្គាល់ឃើញថា មានសំណុំរឿងជាច្រើនជាប់ពាក់ព័ន្ធនឹងសកម្មជនបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយ ដោយអ្នកទាំងនោះរងបទចោទញុះញង់ ក្រោយពីការចាប់ខ្លួន ហើយជាទូទៅអាជ្ញាធរមិនបានបង្ហាញដីការចាប់ខ្លួនត្រឹមត្រូវទេ ពេលអ្នកទាំងនោះត្រូវចាប់ខ្លួន។
លោកបន្តថាសហគមន៍អន្តរជាតិបានរិះគន់មកលើកម្ពុជាសម្រាប់ការបន្តធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ។
លោក អ៊ុក ម៉ៅ ត្រូវឡើងសវនាការនៅថ្ងៃទី២៨ ខែឧសភា ក្រោមបទចោទញុះញង់ និងបទចោទថាបានទន្ទ្រាន និងកាប់ឆ្ការដីព្រៃរបស់រដ្ឋដោយខុសច្បាប់យកធ្វើជាប្រយោជន៍ឯកជន និងសំណុំរឿងផ្សេងៗទៀត។ នេះបើតាមលោក ម៉េងលី។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានបង្ហាញក្ដីកង្វល់ដូចគ្នាដែរ និងបានលើកឡើងថាបណ្ដឹងប្រឆាំងអ្នកសារព័ត៌មាន និងសកម្មជនការពារបរិស្ថាន «ជំរុញ»ឲ្យមានការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញធនធានធម្មជាតិបន្តទៀត។
លោកបន្តថា៖ «ការចាប់ខ្លួនអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតពីបញ្ហាបរិស្ថាន គឺមិនគួរកើតមានទេ ជាពិសេសស្របពេលដែលព្រៃឈើនៅកម្ពុជាកំពុងបន្តរងការបំផ្លាញ»។
លោកលើកឡើងថា អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទៅនឹងអ្វីដែលបានកើនឡើងនៅតំបន់ការពារ និងជំរុញឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់អ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើផ្សេងៗ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងកំពុងប្រមូលព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធទាក់ទងនឹងការចាប់ខ្លួនលោក អ៊ុក ម៉ៅ ដោយថាអ្នកសារព័ត៌មាន «ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា»។
ភរិយាលោក អ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ក៏មិនបានឆ្លើយតបនោះដែរ។
នាយកការិយាល័យអាស៊ីប៉ាស៊ីហ្វិករបស់អង្គការអ្នកកាសែតគ្មានព្រំដែន Cédric Alviani បានរកឃើញថាការចាប់ខ្លួនលោក អ៊ុក ម៉ៅ ធ្វើឡើងដោយគ្មានដីការពីតុលាការ ដែលនេះ «ជាការបំពានធ្ងន់ធ្ងរផ្នែកផ្លូវច្បាប់» ហើយលោក ម៉ៅ បានប្រឈមនឹងបញ្ហានេះជាយូរមកហើយ។
Alviani បន្ថែមថា ស្របពេលដែលមានបណ្ដឹងជាច្រើនប្រឆាំងនឹងលោកម៉ៅ ទាក់ទងនឹងរឿងដែលលោកសរសេរ ខាងអាជ្ញាធរវិញបែរជាព្យាយាមបិទបាំងបណ្ដាញកាប់ឈើខុសច្បាប់ ដោយខ្លាចអំពើអាក្រក់ទាំងនោះត្រូវលាតត្រដាង។
ក្នុងសេចក្ដីថ្លែងការថ្មីៗនេះលោកលើកឡើងថា៖ «អង្គការអ្នកការសែតគ្មានព្រំដែនអំពាវនាវឲ្យមានការដោះលែង និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាមានវិធានការច្បាស់លាស់ក្នុងការការពារអ្នកសារព័ត៌មាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environment Journalist Ouk Mao Charged with Incitement, Public Defamation After Reporting on Deforestation