សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកសារព័ត៌មានបង្ហាញកង្វល់ចំពោះច្បាប់ប្រព័ន្ធផ្សព្វផ្សាយដែលតឹងរ៉ឹង​ជាងមុន ក្នុងទិវាសេរីភាពសារព័ត៌មាន

អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលបានពិភាក្សាអំពីបរិយាកាសការងារសម្រាប់អ្នករាយការណ៍ព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានស្ត្រី ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ព្រីង សំរាំង)
អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលបានពិភាក្សាអំពីបរិយាកាសការងារសម្រាប់អ្នករាយការណ៍ព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានស្ត្រី ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ព្រីង សំរាំង)

ឧបសគ្គផ្នែកបទប្បញ្ញត្តិនៅតែជាបញ្ហាប្រឈមចម្បងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នេះបើតាមការលើកឡើងរបស់អ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធមុនទិវាសេរីភាពសារព័ត៌មានពិភពលោក។

ការលើកឡើងនេះបានធ្វើឡើងស្របពេលដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយសន្ទស្សន៍ប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សាចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរខ្លាំង»។ ជាលើកដំបូងហើយ ដែលប្រទេសជាងពាក់កណ្តាលនៅលើពិភពលោក ត្រូវបានដាក់ទៅក្នុងប្រភេទ «លំបាក»«ធ្ងន់ធ្ងរខ្លាំង»

កម្មវិធីដែលប្រារព្ធនៅរាជធានីភ្នំពេញនេះ បានប្រមូលផ្តុំតំណាងជិត ២០០ នាក់មកពីក្រុមប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល រួមមានអ្នកសារព័ត៌មាន និស្សិត អ្នកបង្កើតមាតិកា អ្នកសារព័ត៌មានពលរដ្ឋ ក្រុមយុវជន ស្ថានទូត និងស្ថាប័នរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីសេរីភាពសារព័ត៌មាន និងបរិយាកាសការងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។

កម្មវិធីនេះបានដើរតួជាវេទិកាសម្រាប់កិច្ចសន្ទនារវាងអ្នកសារព័ត៌មាន និងស្ថាប័នរដ្ឋ ដែលអនុញ្ញាតឱ្យភាគីទាំងពីរផ្លាស់ប្តូរទស្សនៈ លើកឡើងពីកង្វល់ និងស្វែងរកវិធីសាស្ត្រដើម្បីជំរុញបរិយាកាសគាំទ្រដល់វិស័យសារព័ត៌មានឱ្យកាន់តែប្រសើរឡើង។

ក្នុងអំឡុងពេលពិភាក្សា អ្នកសារព័ត៌មានបានលើកឡើងពីកង្វល់ជុំវិញវិធានថ្មីស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ ដោយនិយាយថា វាបានបន្ថែមរនាំងក្នុងការទទួលបានព័ត៌មាន។ ក្រសួងព័ត៌មានបានឆ្លើយតបថា វិធានការទាំងនេះមានបំណងបម្រើប្រយោជន៍សាធារណៈ និងលើកកម្ពស់គុណភាពសារព័ត៌មាន។

កញ្ញា ឆេន លក្ខិណា បាននិយាយក្នុងកិច្ចពិភាក្សាថា៖ «អ្នកសារព័ត៌មានពលរដ្ឋដូចជារូបខ្ញុំ គឺមិនមានអាជ្ញាប័ណ្ណទេ»។ កញ្ញាបន្តថា៖ «ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយក្រុមសង្គមស៊ីវិលដើម្បីរៀនពីរបៀបរាយការណ៍ ប៉ុន្តែនៅពេលដែលខ្ញុំចុះទៅតាមសហគមន៍ [ដើម្បីរាយការណ៍] ពួកគេតែងតែសួររកវា [ប័ណ្ណសម្គាល់ខ្លួន]។ បទប្បញ្ញត្តិថ្មីនេះ គឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ពួកយើង»

កាលពីចុងឆ្នាំមុន ក្រសួងបានដាក់ចេញនូវវិធានតឹងរ៉ឹងជាងមុនសម្រាប់អ្នកសារព័ត៌មាន រួមមានតម្រូវការលិខិតបញ្ជាក់កិរិយាមារយាទ ប្រវត្តិស្អាតស្អំគ្មានការប្តឹងផ្តល់ និងវិញ្ញាបនបត្រសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងដើម្បីទទួលបានប័ណ្ណសារព័ត៌មាន ឬដើម្បីប្រកបអាជីពដោយស្របច្បាប់។ អ្នកការពារសេរីភាពសារព័ត៌មានលើកឡើងថា ចំណាត់ការនេះកំពុងរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់តិចតួចក្នុងប្រទេស។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វិធានទាំងនេះត្រូវបានរៀបចំឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ និងត្រូវបានអនុវត្តដោយស្មើភាពគ្នា។

លោកបន្តថា អ្នកសារព័ត៌មានក៏ដូចជាអ្នកដទៃទៀតដែរ គឺមានការទទួលខុសត្រូវចំពោះសង្គម និងច្បាប់ ហើយតម្រូវការទាំងនេះមានគោលបំណងពង្រឹងវិជ្ជាជីវៈ និងភាពជឿជាក់ ក្នុងសម័យកាលដែលមានការកើនឡើងនៃព័ត៌មានមិនពិត។

លោកបានបន្ថែមថា បទប្បញ្ញត្តិស្រដៀងគ្នានេះក៏មាននៅក្នុងប្រទេសអាស៊ានផ្សេងទៀតដែរ ហើយក្រសួងមិនទាន់ទទួលបានបណ្តឹងជាផ្លូវការណាមួយឡើយ។

អ្នកសារព័ត៌មាន និស្សិត អ្នកបង្កើតមាតិកា អ្នករាយការណ៍ព័ត៌មានពលរដ្ឋ ក្រុមយុវជន ស្ថានទូត និងស្ថាប័នរដ្ឋាភិបាល បានចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក​។ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ផ្ទុយពីរបាយការណ៍ផ្សេងទៀតស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា របាយការណ៍របស់ក្រសួងបានឱ្យដឹងថា លក្ខខណ្ឌនៅតែ «ល្អ» ដោយអ្នកសារព័ត៌មានប្រមាណ ៨១ ភាគរយ ក្នុងចំណោម ៥៧០ នាក់ដែលត្រូវបានស្ទង់មតិ បានយល់ឃើញបែបនោះ។ របាយការណ៍ដដែលបញ្ជាក់ថា ប្រមាណ ៧០ ភាគរយ មិនបានជួបប្រទះការគំរាមកំហែងឬការយាយីឡើយ ហើយជិត ៨៥ ភាគរយ មិនដែលត្រូវបានគេប្តឹងចំពោះការរាយការណ៍ព័ត៌មានរបស់ពួកគេ។

កញ្ញា ផុន សុទ្ធីរ័ត្ន ជាអ្នកសារព័ត៌មានឯករាជ្យ បាននិយាយថា ក្រសួងមាន «ចេតនាល្អ» ក្នុងការព្យាយាមរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យនេះ ប៉ុន្តែកញ្ញាក៏បានបារម្ភដែរថា វិធានទាំងនេះបង្កើតជាឧបសគ្គ ជាពិសេសតម្រូវការដូចជាសញ្ញាបត្របរិញ្ញាបត្រ ឬការបញ្ជាក់ជាផ្លូវការ ដោយសារចំនួននៃសាលាសារព័ត៌មាននៅមានកម្រិត។

លោក អ៊ិត សូធឿត ប្រធានអង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (CMPO) បានថ្លែងថា វិធានទាំងនេះប្រឈមនឹងការផាត់ចេញនូវអ្នកសារព័ត៌មានពលរដ្ឋ និងអ្នកសារព័ត៌មានឯករាជ្យ។ លោកបានបន្ថែមថា បញ្ញត្តិមួយចំនួនអាចនឹងផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងស្តង់ដារអន្តរជាតិ ខណៈតម្រូវការដូចជាលិខិតបញ្ជាក់សុខភាព អាចនាំឱ្យមានការរើសអើង។

ខណៈដែលអ្នកសារព័ត៌មាននិយាយថា បទប្បញ្ញត្តិកាន់តែមានការរឹតបន្តឹង អង្គការ RSF ក៏បានឈានដល់សេចក្តីសន្និដ្ឋានស្រដៀងគ្នាដែរ។ បើតាមការរកឃើញរបស់ RSF កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥១ ក្នុងចំណោម ១៨០ ប្រទេសក្នុងសន្ទស្សន៍ឆ្នាំនេះ ដែលកើនឡើងពីលេខ ១៦១ ក្នុងឆ្នាំ២០២៥ ប៉ុន្តែនៅតែស្ថិតនៅជិតបាតតារាងដដែល។

លោក Arthur Rochereau មន្ត្រីតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានលើកឡើងថា វិធានថ្មីៗកំពុងធ្វើឱ្យការងាររបស់អ្នកសារព័ត៌មានមានភាពស្មុគស្មាញ ហើយការគំរាមកំហែងតាមផ្លូវច្បាប់កំពុងកើនឡើង។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានកត់ត្រាករណីរំលោភបំពានសិទ្ធិ និងករណីយាយីលើអ្នកសារព័ត៌មានចំនួន ៦១ ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មាន ៥៧ នាក់ក្នុងឆ្នាំ២០២៥ ដែលទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានរបស់ពួកគេ។ ក្នុងនោះ ចំណាត់ការតាមផ្លូវច្បាប់មានចំនួន ៤៥ ករណី ឬ ៧៤ ភាគរយនៃចំនួនសរុប ដែលកើនឡើង ៦១ ភាគរយ ធៀបនឹង ២៨ ករណីក្នុងឆ្នាំ២០២៤។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិល និងអ្នកសារព័ត៌មាន នៅពេលព្រាងច្បាប់ថ្មីៗ។

លោកបានបញ្ជាក់ថា៖ «រាល់គោលនយោបាយ ឬបទប្បញ្ញត្តិទាំងអស់ មិនគួររឹតត្បិត ឬបង្រួមលំហសម្រាប់អ្នកសារព័ត៌មានបន្ថែមទៀតឡើយ»។ លោកបន្ថែមថា៖ «យើងចង់ឃើញអ្នកសារព័ត៌មានបំពេញការងារប្រកបដោយគុណភាព វិជ្ជាជីវៈ និងសេរីភាពពេញលេញ ដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Journalists Flag Stricter Media Rules at Press Freedom Event

ព័ត៌មានថ្មី

អត្ថបទពេញនិយម