នៅក្នុងវិធានការមួយដែលរងការរិះគន់ដោយក្រុមអង្គការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ នៅខែនេះអាជ្ញាធរខណ្ឌឫស្សីកែវបានបន្តបណ្ដេញចេញដោយបង្ខំលើសហគមន៍តូចៗមួយចំនួនកំពុងរស់នៅក្នុងតំបន់បឹង ហើយកំពុងត្រូវបានចាក់ដីបំពេញសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
អាជ្ញាធរ បានលើកឡើងថាប្រជាពលរដ្ឋរស់នៅជុំវិញតំបន់បឹងឈូកក្នុងខណ្ឌឫស្សីកែវ គឺរស់នៅលើដីរបស់រដ្ឋ ដែលមានន័យថាអ្នកទាំងនោះគ្មានសិទ្ធិទទួលបានសំណងសម្រាប់ការខូចខាតទ្រព្យសម្បត្តិនោះទេ។ ទោះបីថាមានមន្ត្រីខ្លះកំពុងចរចាជាមួយជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ តែប្រជាពលរដ្ឋបានប្រាប់ខេមបូចា ថាពួកគាត់មិនបានទទួលដំណឹងអ្វីនោះទេ រហូតមកដល់ពេលផ្ទះត្រូវឈូសបំផ្លាញនេះ។ ចំពេលកំពុងផ្ទុះការរាលដាលជំងឺកូវីដ–១៩ ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាបរស់នៅតំបន់បឹងជួបការលំបាកផ្នែកជីវភាព ហើយអ្នកភូមិដែលត្រូវបណ្ដេញចេញទាំងនេះថាពួកគាត់គ្មានកន្លែងត្រូវទៅនោះទេ។
លោក ហៀង សុភ័ក្រ ជាកម្មករសំណង់ម្នាក់ បាននិយាយថាផ្ទះឈើមួយខ្នងតូចរបស់លោក ត្រូវអាជ្ញាធរខណ្ឌឫស្សីកែវវាយកម្ទេចកាលពីថ្ងៃសុក្រកន្លងទៅ ដោយគ្មានការជូនដំណឹងជាមុន និងចំពេលដែលលោកចេញទៅធ្វើការ។
លោកនិយាយថា៖ «កូនៗរបស់ខ្ញុំបានទូរសព្ទទៅខ្ញុំ ប្រាប់ថាគេចុះមកវាយកម្ទេចផ្ទះអស់ហើយ។ ខ្ញុំក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ហើយពេលមកដល់ឃើញគេវាយបានពាក់កណ្ដាលទៅហើយ»។ ដោយលោកបន្ថែមថា៖ «ខ្ញុំ និងអ្នកភូមិផ្សេងទៀតបានបញ្ឈប់ពួកគេ ហើយពួកគេក៏បានទៅវិញ។ ឥឡូវខ្ញុំអត់បានធ្វើការទេ ពីព្រោះខ្ញុំរវល់ជួសជុលផ្ទះឡើងវិញ»។
លោក សុភ័ក្រ អះអាងថាបានរស់នៅលើតំបន់នោះតាំងពីឆ្នាំ២០០៨។ លោកថា គ្រួសាររបស់លោក និងអ្នកភូមិ២២គ្រួសារផ្សេងទៀត បានរស់នៅភូមិស្ពានលើ ក្នុងសហគមន៍បឹងឈូក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ អស់ពេលជាច្រើនឆ្នាំ និងបានសាងសង់ផ្ទះឈើតូចមួយនៅតាមមាត់បឹងនោះ។
កាលពីច្រើនឆ្នាំកន្លងទៅ លោកថាបឹងពេញទៅដោយដើមឈូក ហើយឥឡូវនេះលោកថា ត្រូវបានចាក់ដីបំពេញដើម្បីគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងឯកជន។
លោកលើកឡើងថា៖ «ពេលខ្ញុំមករស់នៅទីនេះដំបូង កាលពីជាង១០ឆ្នាំមុន អាជ្ញាធរមូលដ្ឋានមិនបានហាមឃាត់ទេ ពីព្រោះវាជាបឹង។ គ្រប់គ្នារស់នៅលើដីរដ្ឋ យើងចង់បានកន្លែងរស់នៅសមរម្យមួយ»។ លោកបន្ថែមថា៖ «តាំងពីបានមកនៅទីនេះ អាជ្ញាធរមិនដែលមកមើលប្រជាពលរដ្ឋទេ ពួកគេមកតែពេលបោះឆ្នោតប៉ុណ្ណោះ»។
នៅមិនទាន់ដឹងច្បាស់នៅឡើយទេថាប្រជាពលរដ្ឋអាចទទួលសំណងបែបណាសម្រាប់ការចាកចេញនេះទេ។
លោក សុភ័ក្រ និយាយថា៖ «ពួកគេតម្រូវឲ្យយើងចាកចេញ បើមិនអញ្ចឹងទេត្រូវបំផ្លាញផ្ទះដោយគ្មានការទទួលខុសត្រូវលើការខូចខាត។ ពីដំបូង ពួកគេថានឹងផ្ដល់សំណងមួយគ្រួសារ៥០០ដុល្លារសម្រាប់អ្នកស្ម័គ្រចិត្តរើចេញ ប៉ុន្តែមួយថ្ងៃក្រោយ ពួកគេថាមួយគ្រួសារអាចទទួលបានតែ១២៥ដុល្លារ»។
លោក បញ្ជាក់ថាប្រជាពលរដ្ឋបានបដិសេធលើសំណើនេះ និងបានស្នើឲ្យអាជ្ញាធរខណ្ឌជួយរកទីតាំងដីនៅកន្លែងណាផ្សេងជិតៗក្នុងខណ្ឌនេះសម្រាប់ពួកគាត់។
អ្នកភូមិខ្លះទៀតបានប្រាប់ខេមបូចា ថាពួកគាត់បានធ្វើផ្ទះរស់នៅទីតាំងបឹងនេះតាំងពីយូរមកហើយ។
អ្នកស្រី ចេង សារ៉ន វ័យ៤៧ ជាស្រ្តីមេម៉ាយ មានកូនបួននាក់ក្នុងបន្ទុក បានអះអាងថាបានមករស់នៅតាំងពីឆ្នាំ១៩៩៤។
អ្នកស្រី ឲ្យដឹងថាគ្រួសារអ្នកស្រី បានរស់នៅពឹងលើការបេះឈូកក្នុងបឹងលក់អស់ពេលជាច្រើនឆ្នាំមកហើយ សម្រាប់ចិញ្ចឹមជីវិត។
អ្នកស្រីនិយាយថា៖ «ខ្ញុំអាចរកប្រាក់បានប្រហែលប្រាំបីម៉ឺនរៀលក្នុងមួយសប្តាហ៍ពីការលក់ឈូក ប៉ុន្តែឥឡូវផ្សារ និងវត្តត្រូវបិទ[ដោយសារតែកូវីដ–១៩] ដូចនេះខ្ញុំមិនអាចលក់បានដូចមុនទេ»។ ដោយគ្មានប្រាក់ចំណូល អ្នកស្រី សារ៉ន ថាអ្នកស្រីគ្មានកន្លែងត្រូវទៅទេឥឡូវនេះ ពេលអាជ្ញាធរឲ្យចាកចេញពីបឹង។
អ្នកស្រីបញ្ជាក់ថា៖ «បើពួកគេតម្រូវឲ្យយើងចាកចេញដោយគ្មានសំណង ឬគ្មានទីតាំងសម្រាប់ដោះដូរឲ្យពួកយើង ខ្ញុំនឹងមិនមានកន្លែងត្រូវទៅទេ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេឥឡូវនេះ»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំពិតជាបារម្ភពីអនាគតកូនៗរបស់ខ្ញុំ [ពួកគេ]បានឈប់រៀនអស់ហើយ ហើយពួកគេនឹងគ្មានផ្ទះសម្បែងរស់នៅ»។
មិនមែនតែអ្នកភូមិស្ពានលើទេដែលត្រូវរងការបណ្ដេញចេញដោយបង្ខំនោះ អ្នកភូមិ២០គ្រួសារផ្សេងទៀតនៅក្នុងភូមិបឹងឈូក ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីគ្នា ក៏រងការបណ្ដេញចេញដូចគ្នានេះដែរ។
បើតាមអង្គការធ្វើការផ្នែកសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត គិតត្រឹមថ្ងៃទី៤ ខែសីហា ផ្ទះចំនួន១១ ក្នុងចំណោមផ្ទះ២០ខ្នង ក្នុងភូមិបឹងឈូក ត្រូវបានវាយកម្ទេចដោយគ្មានផ្ដល់សំណង។ របាការណ៍សមាគមធាងត្នោត បានបញ្ជាក់ថាអាជ្ញាធរបានហៅអ្នកភូមិទាំង២០គ្រួសារទៅ ជួបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដើម្បីពិភាក្សារឿងសំណងជាដីនៅកន្លែងផ្សេង សម្រាប់សមាជិកសហគមន៍ដែលរងផលប៉ះពាល់។ ថ្មីៗនេះ សមាគមធាងត្នោត បានរាយការណ៍ថា អាជ្ញាធរបានសន្យាផ្ដល់សំណងប្រហែល១២៥ដុល្លារសម្រាប់មួយគ្រួសារ ហើយអ្នកភូមិថាប្រាក់ទាំងនេះក៏មិនទាន់បានទទួលដែរ។
អ្នកភូមិក៏ត្រូវបានរាយការណ៍ដែរថា បានស្នើទៅអាជ្ញាធរឲ្យផ្ដល់ដីដល់គ្រួសាររងផលប៉ះពាល់នៅតាមបណ្ដោយប្រឡាយទឹកអូរវែង ក្នុងខណ្ឌឫស្សីកែវ ជាកន្លែងដែលអ្នកត្រូវជម្លៀសកន្លងមកបានមកតាំងលំនៅដែរ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយបានបង្វែរសំណួរទៅកាន់អាជ្ញាធរខណ្ឌវិញ។ ទាំងលោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងអភិបាលរងខណ្ឌ លោក ស៊ូ សុគន្ធ មិនអត្ថាធិប្បាយលើរឿងនេះដូចគ្នា។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាការអភិវឌ្ឍគួរតែធ្វើឡើងប្រកបដោយតម្លាភាព និងមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា។ លោកបន្តថា ការបណ្ដេញចេញដោយបង្ខំ អាចធ្វើឲ្យប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ–១៩ ខណៈដែលអ្នកភូមិនឹងមិនមានកន្លែងរស់នៅសមរម្យ និងគ្មានអនាម័យ។
លោក មានប្រសាសន៍ថា៖ «រាល់ការអភិវឌ្ឍណាដែលប៉ះពាល់ប្រជាពលរដ្ឋ [ពួកគេ] ត្រូវតែដោះស្រាយដោយយុត្តិធម៌ និងអាចទទួលយកបាន»។ ដោលោកបន្ថែមថា៖ «បើសិនជាអ្នកទាំងនោះមិនអាចទទួលផលប្រយោជន៍ពីការអភិវឌ្ឍដោយផ្ទាល់ យើងត្រូវតែធ្វើឲ្យប្រាកដថាពួកគាត់អាចមានកន្លែងរស់នៅសមរម្យ។ ការអភិវឌ្ឍដែលធ្វើឲ្យពួកគាត់បាត់បង់ផ្ទះ បាត់បង់ការងារ គឺជាការអភិវឌ្ឍដែលមិនមានចេរភាព និងគ្មានតម្លាភាព»។
លោក អំ សំអាត លើកឡើងដែរថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មិនរៀបរយក្នុងទីក្រុងអាចថារស់នៅលើដីរដ្ឋ ប៉ុន្តែថាកន្លងមកអាជ្ញាធរបានអនុញ្ញាតឲ្យមានការរស់នៅបែបនេះ ដែលនេះមានន័យថាអាជ្ញាធរក៏ត្រូវមានចំណែកទទួលខុសត្រូវលើស្ថានភាពពួកគាត់ដែរ។
លោក លើកឡើងថា៖ «ខ្ញុំគិតថាអាជ្ញាធរមិនត្រូវដាក់បន្ទុកតែលើពលរដ្ឋទេ ពីព្រោះការតាំងទីលំនៅទាំងនោះ អាជ្ញាធរមូលដ្ឋានបានដឹង អាជ្ញាធរគួរតែហាមឃាត់តាំងពីដំបូង»។ លោកថា៖ «បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋអាចទាមទារផលប្រយោជន៍ស្របច្បាប់សម្រាប់ការរស់នៅរយៈពេលយូរនៅលើដីនោះ ហើយអាជ្ញាធរមិនអាចគេចវេះពីការទទួលខុសត្រូវទេ»។
លោក បន្ថែមទៀតថា៖ «អាជ្ញាធរមិនគួរចោទប្រកាន់អ្នកភូមិថារស់នៅបែបអាណាធិបតេយ្យលើដីរដ្ឋ ពេលដែលគេត្រូវការដីនោះសម្រាប់ការអភិវឌ្ឍនោះទេ»។
លោក ផ្លុង ហឿន អ្នករត់កង់បី វ័យ៤៤ឆ្នាំ ដែលបានធ្វើផ្ទះនៅមាត់បឹងនោះដែរ និងឥឡូវក៏កំពុងប្រឈមការបណ្ដេញចេញ បាននិយាយថាលោកនៅតែទទូចចង់បានទីតាំងរស់នៅថ្មី ដើម្បីសង់ផ្ទះតូចមួយសម្រាប់គ្រួសារមានសមាជិកប្រាំបួននាក់។
លោក ឲ្យដឹងថា៖ «ខ្ញុំធ្លាប់តែរកប្រាក់បាន២០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវខ្ញុំរកបានតែ៥ដុល្លារ ថ្ងៃខ្លះខ្ញុំមិនអាចរកបានសូម្បីមួយដុល្លារ។ ខ្ញុំបារម្ភណាស់ ហើយមិនដឹងថាត្រូវទៅណាទេ»។ លោកបន្ថែមថា៖ «គ្មានគ្រួសារណាមួយបានទទួលជំនួយពីរដ្ឋាភិបាលទេអំឡុងពេលវិបត្តិកូវីដ–១៩ នេះ ហើយអាជ្ញាធរមិនដែលមកមើលប្រជាពលរដ្ឋនៅទីនេះដែរ»៕ (រាយការណ៍បន្ថែមដោយ ជា សុខនី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Lakeside families in Russei Keo challenge their evictions during COVID-19 crisis










