បុរសវ័យ ៦០ឆ្នាំម្នាក់ក្នុងចំណោមពលរដ្ឋទំនាស់ដីធ្លីចំនួន ៣៧គ្រួសារផ្សេងទៀតរស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយគ្មានលុយសម្រាប់បង់ថ្លៃព្យាបាល បន្ទាប់ពីរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមឈ្មួញទិញដី កាលពីថ្ងៃទី១៣ ខែកញ្ញា។
ពលរដ្ឋចំនួន ៣៧គ្រួសារ កំពុងអាស្រ័យផលលើដីប្រមាណជិត ៥០ហិកតា បាននាំគ្នាចេញតវ៉ា ស្របពេលឈ្មួញមួយក្រុមយកត្រាក់ទ័រមកឈូសឆាយដីធ្លីដែលពួកគេអះអាងថា ជាដីរបស់ខ្លួន។ ក្នុងអំឡុងពេលតវ៉ានោះ បានឈានដល់ការប្រើហិង្សាដោយរុញច្រានគ្នាទៅវិញទៅមកបង្កឱ្យមានពលរដ្ឋចំនួន ៣នាក់រងរបួសធ្ងន់ ខណៈនោះមានស្រ្តីម្នាក់រត់ឡើងលើដៃត្រាក់ទ័រដែលកំពុងកាយដី។
អ្នកស្រី ង៉ែត យឿន អាយុជាង ៥០ឆ្នាំដែលជាអ្នករត់ឡើងលើដៃត្រាក់ទ័រ និងត្រូវជាភរិយាលោក លឹម រុំ ដែលជាអ្នករងរបួសធ្ងន់ម្នាក់ក្នុងចំណោម ៣នាក់ផ្សេងទៀតក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ។
អ្នកស្រីបាននិយាយទាំងអួលដើមកថា ប្ដីអ្នកស្រីរងរបួសជើងខាងឆ្វេង និងដើមទ្រូងធ្ងន់ធ្ងរ ដោយសារការរុញច្រានគ្នាជាមួយក្រុមឈ្មួញទិញដីជិត ១០នាក់។ បន្ទាប់មកប្ដីអ្នកស្រីបានដួលនៅលើដី ហើយពួកគេបាននាំគ្នាជាន់ជើង និងជាន់ដើមទ្រូងប្ដីអ្នកស្រីរហូតដល់សន្លប់។
អ្នកស្រីបន្តថា ភ្លាមៗនោះអ្នកស្រីរត់ទៅជួយលើកប្ដីអ្នកស្រី ប៉ុន្ដែពួកគេបានមកចាប់ ហើយអ្នកស្រីបានប្រឹងស្រវ៉ារត់ឡើងលើដៃត្រាក់ទ័រ ដើម្បីគេចចេញពីក្រុមឈ្មួញទាំងអស់នោះ។
អ្នកស្រី យឿន និយាយថា៖ «ពេលហ្នឹង ខ្ញុំមិនដឹងត្រូវរត់ទៅណាទេ គឺមានតែស្រវ៉ារត់ឡើងលើដៃត្រាក់ទ័រ ដើម្បីគេចខ្លួនពីពួកគេ ប៉ុន្ដែមានក្រុមឈ្មួញម្នាក់ស្រែកឱ្យគ្នាគេហ្នឹង ចាប់ខ្លួនខ្ញុំបោកឱ្យស្លាប់នៅនឹងត្រាក់ទ័រ តែខ្ញុំរត់ឡើងត្រាក់ទ័រទាន់ពេល»។
ស្រ្តីវ័យជាង ៥០ឆ្នាំរូបនេះបន្តថា ប្ដីអ្នកស្រីបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២១ខែកញ្ញានេះ ដោយទៅសម្រាកព្យាបាលនៅផ្ទះវិញ ព្រោះគ្មានលុយសម្រាប់បង់ថ្លៃដេកនៅមន្ទីរពេទ្យទេ។
អ្នកស្រីបានបន្តថា៖ «សុខភាពគាត់(ប្ដី)មិនទាន់បានធូរស្រាលទេ គឺជើងនៅឈឺដើរមិនរួច តែដើមទ្រូងលែងសូវឈឺខ្លាំងដូចមុនហើយ ឥឡូវមានតែយកគាត់ទៅលេបថ្នាំនៅផ្ទះវិញ ព្រោះគ្មានលុយដេកនៅពេទ្យទេ»។
បើតាមអ្នកស្រី ង៉ែត យឿន បញ្ជាក់ថា មុនពេលមានហេតុការណ៍នេះ មានបុរសពីរ ទៅបីនាក់(មិនស្គាល់ឈ្មោះ)ដែលអះអាងថា ខ្លួនជាតំណាងលោកឧកញ៉ា ប៉ែន នួន មកចរចាសុំទិញដីពលរដ្ឋជាច្រើនលើក ប៉ុន្ដែពលរដ្ឋមិនព្រមលក់។ ស្រាប់តែនៅថ្ងៃទី១៣ ខែកញ្ញា ពួកគេបានយកគ្រឿងចក្រមកឈូសឆាយដីពួកគាត់ ទើបឈានដល់ប្រើអំពើហិង្សាបែបនេះ។
ចំណែកលោក អឿន សុខនៅ ដែលជាអ្នករងរបួសធ្ងន់ត្រង់ដៃ និងលើដងខ្លួនជាច្រើនកន្លែងនៅក្នុងហេតុការណ៍នោះ ក៏ត្រូវបានក្រុមគ្រួសារយកទៅសម្រាកនៅផ្ទះវិញដែរ ព្រោះគ្មានលទ្ធភាពបង់ថ្លៃសេវាព្យាបាលនៅមន្ទីរពេទ្យបន្តទៀត។ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ រ៉ា ក៏ត្រូវបានសាច់ញាតិយកមកព្យាបាលនៅផ្ទះវិញដូចគ្នា ព្រោះគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ហើយងាកទៅរកថ្នាំបុរាណខ្មែរសម្រាប់ព្យាបាលវិញ។
លោក សុង ថន តំណាងពលរដ្ឋទំនាស់ដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកបាននិយាយនៅថ្ងៃទី ២១ខែកញ្ញាថា ប្រជាពលរដ្ឋចំនួន ៣៧នាក់ បានប្រឆាំងក្រុមឈ្មួញមួយក្រុមដែលយកត្រាក់ទ័រឈួសឆាយដីធ្លីរបស់អ្នកភូមិនៅតំបន់នោះ ដោយបានប៉ះទង្គិចគ្នាបង្កឱ្យមានរបួសធ្ងន់បីនាក់ ហើយត្រូវអ្នកភូមិដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពតព្យាបាលបន្ទាន់។
លោកបន្តថា ក្រុមឈ្មួញបានយកត្រាក់ទ័រចំនួន ២គ្រឿងមកកាយដីស្រែចម្ការពួកគាត់ ហើយមួយគ្រឿងកំពុងកាយដីធ្វើផ្លូវ។ ដោយអ្នកភូមិបាននាំគ្នាចេញមកតវ៉ា ហាមឃាត់ឱ្យបញ្ឈប់សកម្មភាពឈូសឆាយ ព្រមទាំងស្នើសុំឱ្យយកគ្រឿងចក្រចេញពីដីតំបន់មានជម្លោះនោះ។
លោក សុង ថន និយាយថា៖ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ។ ពួកខ្ញុំមួយថ្ងៃៗ នៅរង់ចាំតែការពារដីរបស់ខ្លួនមិនបានចេញទៅប្រកបមុខរបរអ្វីសម្រាប់ចិញ្ចឹមគ្រួសារទេ។ ដូច្នេះសូមមេត្តាជួយដោះស្រាយឱ្យពួកខ្ញុំបានចប់សព្វគ្រប់ផង ពួកខ្ញុំជាជនក្រីក្រទេ»។
លោកឧកញ៉ា ប៉ែន នួន ដែលអ្នកភូមិអះអាងថា ជាអ្នកនៅពីក្រោយខ្នងក្នុងករណីជម្លោះដីធ្លីនេះមិនទាន់អាចទាក់ទងសុំការឆ្លើយតបជុំវិញការចោទប្រកាន់នៅឡើយ។
ចំណែកលោក ថាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង នៅថ្ងៃទី២១ ខែកញ្ញានេះក៏មិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ពីបញ្ហានេះបានដែរ។
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានថ្លែងថា ពិតជាមានករណីវិវាទដីធ្លីនៅក្នុងតំបន់នោះពិតមែន ប៉ុន្ដែក្រោយពីទទួលព័ត៌មាននេះលោកបានចាត់ក្រុមមន្រ្តីជំនាញចុះទៅសម្របសម្រួលឱ្យផ្អាកសកម្មភាពឈូសឆាសដីធ្លី និងបញ្ឈប់សកម្មភាពតវ៉ារបស់ពលរដ្ឋ ដើម្បីទុកពេលវេលាឱ្យអាជ្ញាធរជំនាញចុះដោះស្រាយ។
លោកបញ្ជាក់ថា៖«ពួកគាត់មានការប៉ះទង្គិចគ្នាមួយសន្ទុះដែរ ហើយក៏មានអ្នករងរបួសខ្លះ ប៉ុន្ដែខ្ញុំមិនបានចាំចំនួនប៉ុន្មាននាក់ទេ។ ក្រោយមក ខ្ញុំក៏បានចាត់មន្រ្តីជំនាញចុះទៅសម្របសម្រួល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់»។
លោកបន្ថែមថា ចំពោះជនបង្កឱ្យមានរបួសស្នាមទៅលើប្រជាពលរដ្ឋនោះ លោកបានចាត់ឱ្យមន្រ្តីជំនាញស្រាវជ្រាវតាមឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់ ប៉ុន្ដែរហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលដំណឹងពីសមត្ថកិច្ចជំនាញនៅឡើយ។
លោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក មិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។
ចំណែក លោក ជាវ តាយ អភិបាលខេត្តកំពត មិនបានការធ្វើអត្ថាធិប្បាយនោះទេ ដោយលោកបានអះអាងថា កំពុងជាប់រវល់ប្រជុំ ហើយមិនអាចនិយាយទូរសព្ទបានទេ។
លោក ប៉ែន វុទ្ធា មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពតបានថ្លែងថា លោកបានទទួលដំណឹងនេះ ប៉ុន្ដែមិនទាន់បានសិក្សាស៊ីជម្រៅនៅឡើយ។ លោកថា ដីនៅតំបន់នោះមានទំនាស់យូរឆ្នាំហើយ ដោះស្រាយមិនចេញ ដោយក្រុមខ្លះត្រូវបានពលរដ្ឋមកពីតំបន់ផ្សេងរំលោភបំពានយកដី ក្រុមខ្លះត្រូវបានក្រុមហ៊ុនឯកជនរំលោភយក រីឯក្រុមខ្លះទៀត ត្រូវបានអ្នកមានអំណាច និងងារជាឧកញ៉ា រំលោភបំពានយកដែរ។ ដូច្នេះធ្វើឱ្យពិបាកដោះស្រាយ និងមានភាពស្មុគស្មាញ។
លោក វុទ្ធា មានប្រសាសន៍ថា៖ «ករណីនេះ ខ្ញុំក៏កំពុងតាមដានដែរ ហើយតាមរយៈសម្ភាសន៍ជាមួយពលរដ្ឋ គឺពិតជាមានបុរសពីរ ឬបីនាក់ មកអះអាងថា គាត់ជាតំណាងឧកញ៉ា ប៉ែន នួន ពិតមែន ប៉ុន្ដែខ្ញុំនឹងនៅបន្តស្រាយជ្រាវបន្ថែមទៀតជុំវិញករណីនេះ»។
ចំណែកលោក យន់ ផល្លី មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពតបានថ្លែងថា លោកព្រួយបារម្ភថាករណីហិង្សានេះ នឹងបន្តកើតឡើងទៀត ប្រសិនបើអាជ្ញាធរមិនប្រញាប់ដោះស្រាយឱ្យបានទាន់ពេលវេលាទេ។ ពលរដ្ឋបានចូលទៅកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋ ដើម្បីបង្កបង្កើនផលនៅភូមិព្រៃពាយច្រើនឆ្នាំហើយ ប៉ុន្តែក្រោយមកមានក្រុមឈ្មួញជាច្រើនសុទ្ធសឹងតែជាអ្នកមានលុយ និងមានអំណាចបានចូលទៅដណ្ដើមដីនោះបន្តពីអ្នកភូមិ ទើបបណ្ដាលឱ្យកើតមានជម្លោះហិង្សាដល់សព្វថ្ងៃ។
លោក ផល្លី មានប្រសាសន៍ថា៖ «ករណីនេះ ខ្ញុំគិតថាអាជ្ញាធរដើរនាទីយ៉ាងសំខាន់ គឺត្រូវបញ្ឈប់សកម្មភាពរាល់ភាគីទាំងអស់បណ្ដោះអាសន្នសិន បន្ទាប់មក គឺចាត់មន្រ្តីជំនាញចុះវ៉ាស់វែង ស្រាវជ្រាវ ពិនិត្យតាមស្ថានភាពជាក់ស្ដែង ហើយត្រូវកាត់ក្ដីផ្អែកលើភស្ដុតាងច្បាស់លាស់ និងយុត្តិធម៌ឱ្យអ្នករងគ្រោះពិតប្រាកដ»។
លោកជំរុញឱ្យមន្រ្តីជំនាញដោះស្រាយវិវាទដីធ្លីនេះឱ្យបានឆាប់ចប់ ហើយប្រញាប់ចេញបណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់ ដើម្បីពួកគាត់មានពេលវេលាដាំដំណាំផ្សេងៗ និងមានឱកាសចេញទៅធ្វើការងារក្រៅផ្ទះដោយមិនព្រួយបារម្ភខ្លាចបាត់ដីរបស់ខ្លួន។
គួររំឭកថា សាលាដំបូងខេត្តកំពត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ឹង លី ដែលជាមេខ្លោងប្រឌិតរឿងក្នុងការញុះញង់ និងកេណ្ឌប្រជាពលរដ្ឋ នៅទីជិតឆ្ងាយរាប់សិបនាក់ឱ្យទៅចាប់រំលោភយកដីប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក នាពេលកន្លងមកនេះ។
សកម្មភាពរបស់គាត់ បានធ្វើឱ្យមានការអូសបន្លាយចេញបណ្ណកម្មសិទ្ធដីធ្លីរហូតមកដល់សព្វថ្ងៃ។ បើទោះបីជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការគណ:រដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង (សជណ) ដែលមានចំណារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យកាត់ឈ្វៀលដីចំនួន ៥២៣,១៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ផ្តល់ជាកម្មសិទ្ធ ជូនប្រជាពលរដ្ឋ ១០៣គ្រួសារ នៅក្នុងមូលដ្ឋាននេះក៏ដោយ។
ក្នុងនោះរដ្ឋាភិបាលបានសម្រេចយល់ព្រមតាមសំណើររបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរខេត្តកំពត ធ្វើការចុះបញ្ជី ដោយត្រូវអនុវត្តនីតិវិធីនៃការចុះបញ្ជីដីស្របតាមសេចក្តីណែនាំចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ របស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លី ដូចដែលបានអនុវត្តន៍ក្នុងយុទ្ធនាការកន្លងមកផងដែរ៕