សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទាសភាពបំណុលនិងពលកម្មកុមារនៅតែកើតមានជាទូទៅដដែលនៅតាមសិប្បកម្មឡឥដ្ឋ

ក្មេងៗលេងនៅឡឥដ្ឋមួយកន្លែងក្នុងខេត្តកណ្តាល ខណៈឪពុកម្តាយរបស់ពួកគេធ្វើឥដ្ឋកាលពីថ្ងៃទី២០ ខែកក្កដា។ ខេមបូចា/ ឃួន ណារីម
ក្មេងៗលេងនៅឡឥដ្ឋមួយកន្លែងក្នុងខេត្តកណ្តាល ខណៈឪពុកម្តាយរបស់ពួកគេធ្វើឥដ្ឋកាលពីថ្ងៃទី២០ ខែកក្កដា។ ខេមបូចា/ ឃួន ណារីម

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ សុភាព អាយុ៣៨ឆ្នាំបានធ្វើការនៅឡឥដ្ឋដោយសារប្រឈមនឹងបំណុលដូចជាមិនចេះចប់មិនចេះហើយ។

អ្នកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា៖ «ដំបូង ខ្ញុំជំពាក់តែ៥ម៉ឺនរៀល (ប្រហែល១២.៥០ដុល្លារ) ប៉ុន្តែឥឡូវនេះ វាបានកើនឡើងដល់២៧០០ដុល្លារ។ យើងជំពាក់បន្តិចម្តងៗ ដូច្នេះនៅពេលយើងមិនអាចរកប្រាក់ចំណូលគ្រប់គ្រាន់ យើងត្រូវតែខ្ចីប្រាក់គេបន្ថែម»។

អស់រយៈពេល៥ឆ្នាំមកហើយដែលអ្នកស្រីបានជំពាក់ប្រាក់ថៅកែថ្មីរបស់អ្នកស្រីគឺនៅឡឥដ្ឋមួយកន្លែងក្នុងសង្កាត់ព្រែកអញ្ចាញ រាជធានីភ្នំពេញ។

អ្នកស្រីបាននិយាយថា៖ «ឥឡូវ ខ្ញុំអាចរកប្រាក់បានប្រហែលពី៥០ម៉ឺនទៅ៦០ម៉ឺនរៀល (១៥០ដុល្លារ ជារៀងរាល់ខែ អ្នកស្រីព្យាយាមចំណាយប្រហែល៣៥ដុល្លារ ដើម្បីសងប្រាក់កម្ចី២៧០០ដុល្លារ។ រហូតមកដល់ពេលនេះ អ្នកស្រីសងបាន៥០០ដុល្លារហើយ ប៉ុន្តែថ្លៃថ្នាំពេទ្យ ថ្លៃព្យាបាលកូន ថ្លៃអាហារនិងការរស់នៅជារឿយៗធ្វើឲ្យអ្នកស្រីពិបាកក្នុងការសន្សំប្រាក់ខែទាំងនេះណាស់។ តាមកម្រិតប្រាក់ឈ្នួលបច្ចុប្បន្ន អ្នកស្រីនឹងត្រូវការពេលជាង៥ឆ្នាំ ដើម្បីសងប្រាក់បំណុល។ ប៉ុន្តែអ្នកស្រី សុភាព ត្រូវចងជាប់ នឹងបំណុលរបស់គាត់រួចទៅហើយ។ ប្រសិនបើអ្នកស្រីព្យាយាមផ្លាស់ប្តូរទៅឡឥដ្ឋថ្មីអ្នកស្រីនឹងត្រូវបង្ខំចិត្តយកប្រាក់កម្ចីថ្មីពីថៅកែថ្មី ដើម្បីសងថៅកែចាស់។

ខណៈដែលរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានអះអាងថា ខ្លួនប្តេជ្ញាចិត្តបង្ក្រាបទាសភាពបំណុលនៅតាមរោងសិប្បកម្មឡឥដ្ឋដែលមានឈ្មោះ មិនល្អរបស់ប្រទេសនេះ ស្ថានភាពនេះនៅតែកើតមានជាទូទៅដដែល។ ទន្ទឹមគ្នានោះដែរ ការឆ្លងរីករាលដាលជំងឺនិងវិបត្តិសេដ្ឋកិច្ចមកលើប្រជាពលរដ្ឋក្រីក្របំផុតរបស់ប្រ ទេសកម្ពុជាបានធ្វើឱ្យមានលក្ខខណ្ឌងាយស្រួលសម្រាប់ការពង្រីកនូវអ្វីដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សហៅថា ទាសភាពសម័យទំនើប។

នៅតាមសិប្បកម្មឡឥដ្ឋក្នុងប្រទេសកម្ពុជា ទាសភាពបំណុលជាញឹកញាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងពលកម្មកុមារ ដោយសារតែក្រុមគ្រួសារទីទាល់ក្របញ្ចូលកូនៗរបស់ខ្លួនឲ្យជួយលីសែង ធ្វើឥដ្ឋឬការងារណាមួយដែលឪពុកម្តាយអាចរកប្រាក់បាន។

ការងាររបស់អ្នកស្រី សុភាព គឺពិបាកណាស់ ទោះបីជាមិនស្ថិតនៅក្នុងទម្រង់នៃការងារប្រកបដោយគ្រោះថ្នាក់បំផុតនៅសិប្បកម្មឡឥដ្ឋនេះក៏ដោយ។ រាល់ព្រឹក អ្នកស្រីភ្ញាក់ពីម៉ោង៣ព្រឹក ដើម្បីជញ្ជូនឥដ្ឋពីឡឥដ្ឋដាក់លើរថយន្ត។ អ្នកស្រីរកបាន៥ដុល្លារក្នុងមួយរថយន្តដែលមានឥដ្ឋពេញ។ រថយន្តមួយផ្ទុកបានឥដ្ឋប្រហែល១០,០០០ដុំ ភាគច្រើនគាត់អាចបំពេញបានមួយរថយន្តប៉ុណ្ណោះ។

អ្នកស្រី សុភាព និងកម្មករផ្សេងទៀតដែលបានផ្តល់បទសម្ភាសបាននិយាយថា ខណៈម្ចាស់ឡឥដ្ឋមិនអនុញ្ញាតឱ្យកុមារធ្វើការនៅទីនោះ កុមារជាច្រើនជួយធ្វើការងារឪពុកម្តាយរបស់ពួកគេក្រៅផ្លូវការ។ ក្នុងឆ្នាំ២០១២ កូនចុងរបស់អ្នកស្រីដែលកាល នោះមានអាយុ១០ឆ្នាំបានឈប់រៀន ដើម្បីជួយការងារក្រុមគ្រួសារ។ ប៉ុន្មានឆ្នាំក្រោយមក កូនស្រីច្បងរបស់អ្នកស្រី ដែលឥឡូវមានអាយុ១៨ឆ្នាំបានជួយការងារផងដែរ។

អ្នកស្រី សុភាព បាននិយាយថា៖ «គាត់គ្រាន់តែជួយជញ្ជូនឥដ្ឋតិចតួច ពីព្រោះយើងរកប្រាក់មិនបានច្រើនទេ»។

អ្នកស្រីបានបន្ថែមថា៖ «យើងមានជីវភាពក្រីក្រ ដូច្នេះយើងមិនដឹងថា ធ្វើអ្វីទៀតទេ។ កូនប្រុសរបស់ខ្ញុំបានប្រាប់ខ្ញុំថា វាជួយការងាររបស់ខ្ញុំ ដើម្បីរកលុយឲ្យបានច្រើន សម្រាប់សងបំណុលម្ចាស់ឡឥដ្ឋ»។

កាលពីដើមខែនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្ស (TIP)។ របាយការណ៍នេះបានកត់សម្គាល់ថា ប្រជា ពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់រួមទាំងកុមារជិត៤.០០០នាក់ធ្វើការនៅសិប្បកម្មឡឥដ្ឋទីដែលថៅកែឡឥដ្ឋបានអនុវត្ត «ការបង្ខិតបង្ខំតាមរយៈបំណុលច្រើនជំនាន់ ដោយការ ចេញប្រាក់សងបំណុលចាស់របស់ពួកគេឬដោយតម្រូវឱ្យពួកគេទទួលយកប្រាក់កម្ចីថ្មីជាលក្ខខណ្ឌការងារឬដើម្បីចំណាយលើថ្លៃព្យាបាលរបួសដែលបានកើតឡើងនៅ ពេលកំពុងធ្វើការ»។

របាយការណ៍ដដែលនេះបានបន្ថែមថា៖ «មន្ត្រីក្រសួងការងារបានបន្តបដិសេធថាគ្មាននៃពលកម្មកុមាររួមទាំងពលកម្មកុមារដោយបង្ខំនិងការបង្ខិតបង្ខំដោយផ្អែកលើបំណុលនៅក្នុងឧស្សាហកម្មឥដ្ឋ។ ក្រសួងការងារបានចុះពិនិត្យនៅឡឥដ្ឋចំនួន៦២កន្លែងក្នុងចំណោមឡឥដ្ឋ៤៨៦កន្លែងនៅក្នុងឆ្នាំ២០២០ ប៉ុន្តែគោលបំណងនៃការចុះទៅទាំងនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកុមារនិងពលកម្មកុមារដោយបង្ខំ។ គ្មានការចុះទៅពិនិត្យណាមួយឈានដល់ការចេញការពិន័យឬការដាក់ ទណ្ឌកម្មផ្សេងទៀតចំពោះការរំលោភលើច្បាប់ការងារឬច្បាប់ប្រឆាំងការជួញដូរទេ»។

កម្មករនៅឡឥដ្ឋក្នុងខេត្តកណ្តាល រូបថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម
កម្មករនៅឡឥដ្ឋក្នុងខេត្តកណ្តាល រូបថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៅអង្គការសិទ្ធិការងារសង់ត្រាល់បាននិយាយថា ប្រាកដណាស់ដែលថា ពលកម្មកុមារនៅតែបន្តកើតមាននៅតាមសិប្បកម្មឡឥដ្ឋ ទោះបីមានការចុះត្រួតពិនិត្យពីក្រសួងការងារក៏ដោយ។

លោកបានមានប្រសាសន៍ថា៖ «ការកេងប្រវ័ញ្ចពលកម្មកុមារនៅតែបន្តកើតមាននៅតាមឡឥដ្ឋ ក៏ដូចជាទាសភាពបំណុល»។

លោកបានកត់សម្គាល់ថា មិនមានករណីណាមួយដែលនិយោជករំលោភបំពាននោះ ត្រូវបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរនោះទេ ដែលមានន័យថា ស្ថានភាពនេះទំនងជាមិនផ្លាស់ប្តូរទេ។

លោកបានបន្ថែមថា៖ «មិនមានឧបករណ៍ច្បាប់ជាក់លាក់ដើម្បីជំរុញនិយោជកឲ្យអនុវត្តលក្ខខណ្ឌការងារល្អនោះទេ។ វាសំខាន់ដែលត្រូវមានឧបករណ៍ច្បាប់»។

លោកបានបន្តថា និយោជកបន្តប្រើប្រាក់កម្ចីជាមធ្យោបាយមួយ ដើម្បីរក្សាកម្មករឱ្យ ធ្វើការជាមួយពួកគេ ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ប្រាក់ឈ្នួលទាបនិងកន្លែងធ្វើការដែលរំលោភច្បាប់ការងារញឹកញាប់ក៏ដោយ។

លោក អំ សំអាត នាយករងនៃអង្គការលីកាដូបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានធ្វើឲ្យកម្មករ ដែលជំពាក់បំណុលគេច្រើនហើយភាគច្រើនបានខ្ចីប្រាក់បន្ថែមពីស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន។

លោកបានពន្យល់ថា៖ «ពលកម្មកុមារនៅតែបន្តកើតមាន ទោះបីជាមានការហាមឃាត់ពីម្ចាស់ឡឥដ្ឋក៏ដោយ ព្រោះនៅពេលដែលកុមាររស់នៅជាមួយឪពុកម្តាយ ពួកគេនឹងជួយធ្វើការ»។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណារៀបចំក្របខ័ណ្ឌច្បាប់សម្រាប់កម្មករឡ ឥដ្ឋ ដើម្បីទាញពួកគេចេញពីបំណុលនិងបញ្ឈប់ម្ចាស់ឡឥដ្ឋកុំឱ្យផ្តល់ប្រាក់កម្ចី។

នៅពេលសាកសួរអំពីការចោទប្រកាន់ដែលធ្វើឡើងដោយក្រុមអ្នកឃ្លាំមើលសិទ្ធិនិងការលើកឡើងនៅក្នុងរបាយការណ៍ជួញដូរមនុស្ស (TIP) លោក ហេង សួរ អ្នកនាំ ពាក្យក្រសួងការងារបានមានប្រសាសន៍ថា៖ «យើងមិនមានយោបល់អ្វីទាំងអស់លើសេចក្តីថ្លែងការជាលេសនេះ។ យើងកំពុងធ្វើអ្វីដែលយើងអាចធ្វើបានដោយផ្អែកលើការពិតនិងវប្បធម៌ខ្មែរ។ កម្រិតជីវភាពនិងវប្បធម៌នៅបស្ចិមប្រទេសខ្លះខុសពីយើងទាំងស្រុងហើយពួកគេចង់ឲ្យយើងធ្វើតាមវប្បធម៌ឬរបៀបរស់នៅរបស់ពួកគេ»។

លោក ថុល នាង ប្រធានមន្ទីរការងារខេត្តកណ្ដាលបានបដិសេធថា ពុំមានពលកម្មកុ  មារនៅតាមសិប្បកម្មឡឥដ្ឋទាំង៦០កន្លែងក្នុងខេត្តរបស់លោកទេ។

លោកបានមានប្រសាសន៍ថា៖ «មិនមានកុមារធ្វើការនៅឡឥដ្ឋទេ។ យើងមិនអនុញ្ញាត ឲ្យកុមារចូលទៅក្នុងបរិវេណឡឥដ្ឋឡើយ។  លោកបានបន្ថែមថា ខណៈពេលដែលកុមារត្រូវបានអនុញ្ញាតឱ្យរស់នៅជាមួយឪពុកម្តាយនៅក្បែរនោះ ប៉ុន្តែពួកគេមិនអាចទៅកន្លែងការងារបានទេ។

ការធ្លាក់ចុះនៃការសាងសង់ អំឡុងពេលមានការឆ្លងរាលដាលជំងឺបានធ្វើឱ្យតម្លៃឥដ្ឋធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ម្ចាស់ឡឥដ្ឋនិងកម្មករ នេះបើយោងតាមលោក ណា វណ្ណី ជាមេការឡឥដ្ឋនៅស្រុកមុខកំពូល ខេត្តកណ្តាល។

លោកបាននិយាយថា នៅឡឥដ្ឋរបស់លោកដែលផលិតបានប្រហែល១លានឥដ្ឋក្នុងមួយខែនោះ ឥដ្ឋមួយដុំពីមុនលក់ក្នុងតម្លៃ២៥០ទៅ៣០០រៀល ប៉ុន្តែឥឡូវលក់បានតែ ២០០រៀលប៉ុណ្ណោះ។

លោកបាននិយាយថា៖ «ឥឡូវ មិនមានប្រាក់កម្ចីច្រើនសម្រាប់កម្មករទេ ទោះបីពួកគេចង់បានប្រាក់ច្រើនក៏ដោយ។ ម្ចាស់ឡឥដ្ឋនឹងមិនឲ្យទេ ពីព្រោះគាត់ខ្លាចពួកគេរត់ បាត់»។ លោកបានបន្ថែមថា កម្មករភាគច្រើនជំពាក់ម្ចាស់ឡឥដ្ឋប្រហែល១០០ដុល្លារទៅ២០០ដុល្លារ។

កម្មករបាននិយាយថា ស្ថានភាពដែលមានបញ្ហារួចទៅហើយនេះត្រូវបានគេធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលជំងឺ ជាពេលដែលការថយចុះនៃសកម្មភាពសាងសង់បានធ្វើឲ្យតម្រូវការឥដ្ឋថយចុះដែរ។

អ្នកស្រី អាន អាយុ៣១ឆ្នាំរកកម្រៃដោយការជញ្ជូនអុសសម្រាប់ឡឥដ្ឋមួយនៅរាជធានីភ្នំពេញ ដែលអ្នកស្រីរកបាន២៥ដុល្លារទៅ៥០ដុល្លារក្នុងមួយសប្ដាហ៍។

អ្នកស្រី អាន បាននិយាយថា៖ «យើងមិនអាចសន្សំប្រាក់បានទេ ពីព្រោះខ្ញុំត្រូវចំណាយរាល់ថ្ងៃ»។ អ្នកស្រីបន្ថែមថា ចំនួនអ្នកទិញឥដ្ឋបានថយចុះ។

អ្នកស្រីលើកឡើងថា៖ «ឥឡូវនេះ យើងមិនមានការងារច្រើនធ្វើទេ»។  បច្ចុប្បន្ន អ្នកស្រី អាន ជំពាក់ម្ចាស់ឡឥដ្ឋប្រហែលជា៣០០ដុល្លារ បន្ទាប់ពីខ្ចីប្រាក់បន្ថែមក្នុងពេលមាន ការឆ្លងរាលដាលជំងឺ។

អ្នកស្រីបាននិយាយថា៖ «បំណុលរបស់យើងបានកើនឡើង ពីព្រោះយើងបន្តខ្ចីប្រាក់ដោយសារយើងគ្មានការងារច្រើនទេ»។ ដោយបន្ថែមថា៖ «យើងបារម្ភថា យើងគ្មានលុយសងបំណុលរបស់យើងហើយយើងមានជីវភាពលំបាក»។

ខណៈអ្នកស្រី អាន ដែលធ្វើការនៅឡឥដ្ឋប្រហែលមួយទសវត្សរ៍នោះ បានជៀសវាងមិនឲ្យកូនអាយុ៥ឆ្នាំនិង៩ឆ្នាំរបស់អ្នកស្រីមកជួយការងារ អ្នកស្រីបាននិយាយថា អ្នកស្រីបានឃើញក្មេងដទៃទៀតនៅកន្លែងធ្វើការ។

អ្នកស្រី អាន បាននិយាយថា៖ «កូនខ្ញុំនៅតូចហើយទោះបីពួកវាចង់ជួយក៏ដោយ ក៏ពួក វាមិនអាចលើកអុសធ្ងន់បានដែរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Debt bondage and child labor remains stubbornly prevalent at brick kilns

567 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម