សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អ្នកបាញ់សម្លាប់លោក លិម គិមយ៉ា សារភាព តែមិនប្រាប់ពីមេ​ខ្លោង​​នៅពីក្រោយ ខណៈគ្មាន​សំណើ​ពី​ប្រទេស​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ទី​២

ជនជាតិថៃឈ្មោះ Ekalak Paenoi (C) ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ (CNRP) លិម គិមយ៉ា ត្រូវបានអមដំណើរតាមឡានប៉ូលិស ដើម្បីដឹកគាត់ទៅកាន់តុលាការព្រហ្មទណ្ឌពីស្ថានីយ៍ប៉ូលិស Chana Songkram ក្នុងទីក្រុងបាងកក។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)
ជនជាតិថៃឈ្មោះ Ekalak Paenoi (C) ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ (CNRP) លិម គិមយ៉ា ត្រូវបានអមដំណើរតាមឡានប៉ូលិស ដើម្បីដឹកគាត់ទៅកាន់តុលាការព្រហ្មទណ្ឌពីស្ថានីយ៍ប៉ូលិស Chana Songkram ក្នុងទីក្រុងបាងកក។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)

កម្ពុជាមិនទាន់ទទួលបានសំណើសុំកិច្ចសហការពីប្រទេសថៃ ដើម្បីស៊ើបអង្កេតជនសង្ស័យទី២ ជាជនជាតិខ្មែរនៅឡើយទេ បន្ទាប់ពីការធ្វើឃាតអតីតសមាជិកសភាកម្ពុជា លោក លិម គិមយ៉ា ដែលជនសង្ស័យជនជាតិថៃ ឈ្មោះ Ekkalak Pheanoim បានសារភាពហើយ។

ទោះ​យ៉ាង​ណា លោក Pheanoim ដែលជាអតីត​ទាហាន​ជើងទឹក​ថៃបាន​បដិសេធ​មិន​បង្ហាញ​ពី «មេខ្លោង» ដែល​បញ្ជា​ឲ្យ​មាន​ការ​បាញ់សម្លាប់លោក គិមយ៉ា ​នោះ​ទេ ដោយលោក​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​បន្ទាប់​ពី​ត្រូវ​បាន​​បញ្ជូន​ពី​ប្រទេស​កម្ពុជាវិញ។

លោក Pheanoim ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា បន្ទាប់​ពី​បាន​គេច​ខ្លួន​ពី​ប្រទេស​ថៃ ក្រោយ​​បាញ់​សម្លាប់​លោក គិមយ៉ា នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា។

អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ទី​២ ដែល​គេ​ជឿ​ថា​បាន​ធ្វើ​ជា​អ្នកប្រាប់តម្រុយក្នុង​អំពើ​ឃាតកម្មនេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​កិច្ច​សហការ​ទាក់​ទង​នឹង​ជន​សង្ស័យ​កម្ពុជា​នោះ​ទេ។

បាងកកប៉ុស្តិ៍បានរាយការណ៍ថាបន្ទាប់ពីការចាប់ខ្លួនលោក Pheanoim ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃវិញនៅថ្ងៃទី១១ ខែមករា ដើម្បីសាកសួរ។

គាត់បានសារភាពថានឹងទទួលយកប្រាក់ចំនួន ៦០,០០០ បាត (ប្រហែល ១,៧០០ ដុល្លារ) សម្រាប់«ការបាញ់សម្លាប់»នេះ ដែលប្រាក់ពាក់កណ្តាលបានបញ្ជូលឱ្យលោក Pheanoim ជាមុន ហើយជនដៃដល់បានប្រើលុយនេះដើម្បីយកកាំភ្លើងដែលបញ្ចាំ។ លោកបានបង្ហើបថាដំបូងឡើយលោកបានបដិសេធការផ្តល់ជូននេះ ប៉ុន្តែក្រោយមកបានយល់ព្រមបន្ទាប់ពីទំនាក់ទំនងម្តងហើយម្តងទៀតតាមរយៈកម្មវិធីផ្ញើសារដោយបុគ្គលម្នាក់ដែលមិនបញ្ចេញឈ្មោះដែលបានផ្តល់ព័ត៌មានលម្អិតអំពីការធ្វើដំណើររបស់គិមយ៉ា និងផែនការរត់គេចខ្លួន។

ក្រោយ​ការ​ធ្វើ​ឃាត សារ​តាម​ដាន​បាន​នាំ​គាត់​ទៅ​កន្លែង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់ សារព័ត៌មានខេមបូចា ថា ពួកគេមិនទាន់បានទទួលសំណើណាមួយពីអាជ្ញាធរថៃ ទាក់ទងនឹងជនសង្ស័យទី២ ក្នុងសំណុំរឿងរបស់លោក គិមយ៉ា នោះទេ។

លោក​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​នឹង​មិន​ត្រូវ​បាន​ចាប់​ផ្តើម​ក្នុង​ពេល​ដែល​គ្មាន​ភស្តុតាង​ជាក់​លាក់​នោះ​ទេ។

លោក គឹមខឿន បាន​មាន​ប្រសាសន៍​ថា៖ «គ្មាន​អ្នក​ណា​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​គ្មាន​ភស្តុតាង​នោះ​ទេ លុះ​ត្រា​តែ​មាន​ព័ត៌មាន​ច្បាស់​លាស់»។ លោកបានបន្តថា៖ «យើង​មិន​បាន​ទទួល​សំណើ​ណា​មួយ​ពី​ពួក​គេ [អាជ្ញាធរ​ថៃ]។ អាជ្ញាធរ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​បើ​មាន​ការ​ស្នើ​សុំ ហើយ​បើ​រឿង​ហ្នឹង​ប៉ះពាល់​ដល់​សង្គម»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ  បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ ដោយ​បញ្ជាក់​ថា៖ «សម្រាប់​ការ​ស៊ើប​អង្កេត​ផ្សេង​ទៀត វា​អាស្រ័យ​លើ​អាជ្ញាធរ​ថៃ»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការ លីកាដូ បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​តម្លាភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ថៃ និង​កម្ពុជា។

លោក​បានថ្លែង​ថា​៖ «​ដើម្បី​លុប​បំបាត់​ការ​រិះគន់ ភាគី​ថៃ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ដើម្បី​ធានា​នូវ​យុត្តិធម៌។ ប្រសិន​បើ​មាន​ការ​ទាក់​ទង​នឹង​បុគ្គល​ដែល​ភៀស​ខ្លួន​មក​កម្ពុជា កម្ពុជា​ត្រូវ​សហការ​ដោយ​ការ​ស៊ើប​អង្កេត​ករណី​ទាំង​អស់​នេះ»

ប្រទេសបារាំង រួមជាមួយនឹងអង្គការអន្តរជាតិដូចជា Human Rights Watch, ASEAN Parliamentarians for Human Rights និង Amnesty International បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតលោក គិមយ៉ា។ ពួកគេ​បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ភ្លាមៗ មិន​លម្អៀង និង​តម្លាភាព ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ទទួលខុសត្រូវ​។

បច្ចុប្បន្នសពរបស់លោក គិមយ៉ា កំពុងស្ថិតនៅក្នុងទីក្រុងបាងកក ដោយមានគម្រោងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសបារាំង ដោយភរិយារបស់គាត់ជាជនជាតិបារាំងសម្រាប់ពិធីបុណ្យសព។ ទន្ទឹមនឹងនោះ គណបក្សប្រឆាំង គណបក្សកម្លាំងជាតិ សហគមន៍ខ្មែរ និងអតីតសមាជិកបក្សប្រឆាំងនៃគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក បានប្រារព្ធពិធីបុណ្យសព «ប្រាំពីរថ្ងៃ» ជូនលោក គិមយ៉ា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Lim Kimya’s Shooter Confesses but Shields Mastermind; No Request from Thailand to Investigate Second Suspect

966 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម