សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋជាង៤០គ្រួសារក្នុងសង្កាត់ព្រែកប្រាទ្រាំរស់នៅក្នុងទឹកស្អុយជិត៤ខែ

អ្នកស្រី រិទ្ធ រតនា ឈរនៅក្នុងផ្ទះរបស់ខ្លួនដែលលិចដោយសារទឹកភ្លៀង និងបូមខ្សាច់ ស្ថិតក្នុងភូមិអូរអណ្តូង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន
អ្នកស្រី រិទ្ធ រតនា ឈរនៅក្នុងផ្ទះរបស់ខ្លួនដែលលិចដោយសារទឹកភ្លៀង និងបូមខ្សាច់ ស្ថិតក្នុងភូមិអូរអណ្តូង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

ផ្ទះសម្បែងប្រជាពលរដ្ឋជាង ៤០គ្រួសារនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបាន​លិចលង់ជិត៤ខែមកហើយ ដោយសារជំនន់ទឹកភ្លៀង និងទឹក​ដែល​ហូរចេញពីការ​ដ្ឋា​ន​បូម​ខ្សាច់​ដែលចាក់​បំពេ​ញដី​របស់ឧកញ៉ា ហេង លី ប៉ុន្ដែអាជ្ញាធរ​អះអា​ងថា ខ្លួន​កំពុង​រកវិធីដោះស្រា​យ។

ករណីទឹកលិចផ្ទះពលរដ្ឋរាប់ខែនេះ ត្រូវបានមន្រ្តីសង្គមស៊ីវិលមើលឃើញថា ជាការខ្វះខាត​ការទទួល​ខុសត្រូវរបស់អាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់ចាក់បំពេញដី​របស់ឧកញ៉ា ហេង លី ដោយជំរុញឱ្យមន្រ្តីពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន​ប្រញាប់រកដំណោះស្រាយបញ្ហាទឹកលិច​ផ្ទះ​សម្បែង​ពលរដ្ឋ​ខាងលើនេះ។

អូរអណ្ដូង១ ជាភូមិមួយក្នុងចំណោមភូមិចំនួន ៦នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ បច្ចុប្បន្ននេះ បើ​គេ​ធ្វើដំណើរតាមផ្លូវបេតុងមួយដែលហៅថាផ្លូវបេតុង ៣០ម៉ែត្រ ចូលទៅក្នុងភូមិ​អូរអណ្ដូង១ គឺមិនអាចឆ្លង​កាត់​បានទេ ដោយសារទឹកលិចផ្លូវមួយកំណាត់នោះបាត់ទៅ​ហើយ។ ទឹកដែលកំពុងលិចនោះ មាន​ពណ៌​ខ្មៅ លាយឡំទៅដោយក្លិនស្អុយផងដែរ។ លើសពីនេះគេសង្កេតឃើញមានសម្រាមអណ្ដែតលើ​ផ្ទៃទឹកមួយៗអមដោយកាកសំណល់​ផ្សេងៗ​ទៀត នៅពេលមានម៉ូតូខ្លះឆ្លងកាត់ម្ដងៗធ្វើឱ្យទឹករលកបែកខ្ចាយ​បោកបក់សម្រាម​ដែលកំពុងអណ្ដែតលើទឹកនោះ។

ពលរដ្ឋទាំងជាង ៤០គ្រួសារ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកានេះបាននាំគ្នាសរសេរពាក្យ​បណ្ដឹងមួយ​ដែល​មាន​ផ្ដិតស្នាមមេដាយរបស់ពួកគេ ហើយបានដាក់ទៅចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីស្វែងរក​ដំណោះ​ស្រាយជុំវិញករណីទឹកលិចផ្ទះរបស់ពួកគេជិត ៤ខែមកហើយ។

ពាក្យបណ្ដឹង​បានសរសេរថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ បានរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែងអស់រយៈពេល​ជាច្រើនខែកន្លងមកហើយ ព្រោះមានក្រុមហ៊ុនបូមខ្សាច់មួយដែលបានបូមខ្សាច់ចាក់​បំពេញ​​ដីបឹង​​របស់​លោកឧកញ៉ា ហេង លី ធ្វើឱ្យទឹកបឹងនេះហូរហៀរជន់លិចផ្ទះ​ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរនោះ​ទាំងអស់គ្នា ដោយសារគ្មានកន្លែ​ង​ឱ្យទឹកហូរចេញ»។

ស្រ្តីវ័យជាង ៣០ឆ្នាំម្នាក់ឈ្មោះ រិទ្ធ រតនា ជាពលរដ្ឋ​រស់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដែលកំពុងឈរមើលទឹកជន់លិចនៅខាងមុខផ្ទះរបស់ខ្លួនបាននិយាយថា ផ្ទះអ្នកស្រី និងពលរដ្ឋជាង ៤០គ្រួសារផ្សេងទៀត បានលិចលង់អស់រយៈពេលជិត ៤ខែមក​ហើយ។

អ្នកស្រីបន្តថា ពលរដ្ឋ​ធ្លាប់បានប្តឹងក្រុមហ៊ុនបូមខ្សាច់ចាក់ដីឱ្យឧកញ៉ា ហេង លី ដែលធ្វើឱ្យ​ទឹកហៀរហូរជន់លិចផ្ទះពួកគាត់ ប៉ុន្ដែនៅមិនទាន់មានដំណោះស្រាយនៅឡើយរហូតបានធ្វើ​ឱ្យ​​​ប្រជាពលរដ្ឋមួ​យ​​ចំនួន​នាំគ្នារត់ទៅស្នាក់នៅជាមួយបងប្អូន និងអ្នកខ្លះរត់ទៅជួលផ្ទះគេ​ស្នាក់នៅ​បណ្ដោះអាសន្នដោ​យ​​សា​រទឹ​កលិច​ចូលដ​ល់​ក្នុ​ងផ្ទះ និងមា​នក្លិ​នស្អុយ។

អ្នកស្រី រតនា បញ្ជាក់ថា៖ «អាជ្ញាធរគាត់ដឹងដែរ តែខ្ញុំមិនដឹងថា គាត់គិតយ៉ាងម៉េចទេ គាត់មិនជួយរកដំណោះស្រាយ​អ្វីទេ មកចែកតែមី ចែកអង្ករ ហើយក៏នាំគ្នាទៅវិញអស់ទៅ។ ទឹកលិចរាប់ខែហើយ ជើងគ្រែ ជើងទូ​ផ្សេងៗអី ពុកខូចជើងវាអស់ហើយ ឥវ៉ាន់ណាស្រាលៗ​លើកវាចេញពីផ្ទះ របស់របរណាធ្ងន់ៗគ្រាន់តែយក​អ្វីមកកល់ឱ្យផុតទឹក​បន្ដិច​ប៉ុណ្ណោះ»។

ពលរដ្ឋធ្វើដំណើរនៅលើផ្លូវដែលលិចទឹកក្នុងភូមិអូរអណ្តូង១ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​​ រូបថតកាលពីថ្ងៃទី២៤​ ខែវិច្ឆកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

លោក ភួង ប៊ុន អាយុ ៣៩ឆ្នាំ កំពុងរុះរើអីវ៉ាន់ចេញពីផ្ទះយកទៅផ្ញើនៅផ្ទះអ្នកជិតខាងដែល​មានបែកញើសជោគខ្លួនប្រាណបានរៀបរាប់ថា ទឹកនៅក្នុងផ្ទះរបស់លោកលិចត្រឹម​ជង្គង់​លាយឡំជាមួយក្លិន​ស្អុយយ៉ាងខ្លាំងចេញពីលូ និងហូរចេញពីកន្លែងផ្សេងៗ។

លោកបន្តថា ទឹកនេះមិនត្រឹមតែមានក្លិនស្អុយប៉ុណ្ណោះទេ គឺថែមទាំង​រមាស់ផងដែរ។ ប្រសិនបើ​ប៉ះទឹកនេះត្រង់កន្លែងណា កន្លែងនោះនឹងមានរមាស់កន្ទួលលើស្បែកជាក់​ជាមិនខាន។

លោក ប៊ុន​ ឱ្យដឹងថា៖ ​«ចំណែកកូនៗ​រប​ស់​ខ្ញុំ គឺត្រូវបានជម្លៀសឱ្យទៅរស់នៅជាមួយ​សាច់ញាតិខ្ញុំមួយរយៈហើយ ដោយសារពួកខ្ញុំ​បារម្ភពីសុខ​ភាពពួកគេ»។

លោក ប៊ុន បានបន្ថែមថា៖ «ផ្ទះខ្ញុំនេះ ខ្ញុំមកដេកតែពេលយប់ ទោះបីជាមានក្លិនស្អុយយ៉ាងណា​ក៏ដោយ ព្រោះខ្លាចចោរលួចអីវ៉ាន់ក្នុងផ្ទះ។ ចំណែកពេលថ្ងៃ គឺប្រពន្ធខ្ញុំទៅលក់ត្រីនៅផ្សារ ខ្ញុំចេញទៅធ្វើការ ហើយត្រូវជូនកូនទៅសាលារៀន និយាយរួមទៅ គឺយើងរស់នៅបែកគ្នា​តាំងពីទឹកលិចផ្ទះមក​»។

អ្នកស្រី សុខ ឆេងលីម អាយុ ២៧ឆ្នាំ កំពុងបណ្ដើរម៉ូតូចេញពីទឹកស្អុយបម្រុងទៅធ្វើការងារ​ប្រចាំថ្ងៃរបស់​ខ្លួន​បានឱ្យដឹងថា ផ្ទះអ្នកស្រីត្រូវទឹកលិចក្រោមជង្គង់បន្ដិច ប៉ុន្ដែមិនអាចទុកដាក់​ម៉ូតូ ឬរថយន្ត​នៅក្នុងផ្ទះបានទេ ដោយត្រូវយកទៅផ្ញើនៅកន្លែងផ្សេងមួយរយៈសិន ដើម្បីរង់ចាំ​ទឹកស្រកទៅវិញ។

អ្នកស្រីថា៖ «យើងមិនទៅហាមឃាត់អីការបូមខ្សាច់ហ្នឹងទេ ​ប៉ុន្តែត្រូវរកកន្លែងបង្ហូរទឹកចេញ​ពីក្នុងភូមិដែ​ល​​ពលរដ្ឋរស់នៅ។ ពួកគាត់គិតតែបូមចូល តែអត់រកកន្លែងបង្ហូរចេញ ហើយពី​មួយ​ថ្ងៃទៅមួយថ្ងៃទឹកឡើ​ង​ស្រ៊ឺតៗ​អត់មានស្រកទេ»។

អ្នកស្រីបានជំរុញឱ្យអាជ្ញាធរប្រញាប់ដោះស្រាយទឹកជន់លិចផ្ទះពួកគាត់ឱ្យមានឆាប់ ព្រោះរស់នៅបែប​នេះរយៈពេលជិត ៤ខែមកហើយ ដោយបានខាតបង់ពេលវេលា ទ្រព្យសម្បត្តិក្នុងផ្ទះ សម្ភារប្រើប្រាស់​នានាខូចខាតស្ទើតែទាំងស្រុងហើយ។

លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានថ្លែងថា លោកបានទទួលពាក្យបណ្ដឹងពីពលរដ្ឋហើយ គឺពិតជាមានទឹកជន់លិចផ្ទះពលរដ្ឋរស់នៅតំបន់ហ្នឹងមែន ប៉ុន្ដែអាជ្ញាធរបានកំពុងដោះស្រាយ​ហើយ ដោយការស្ដាយប្រឡាយបង្ហូរទឹកទាំងនោះចូលទៅក្នុងព្រែកប្រា បន្ទាប់មកក៏បង្ហូរបន្ត​ចូល​ទៅទន្លេបាសាក់។ គ្រឿងចក្រ​ទើបតែចូលកាយប្រឡាយ​បានប៉ុន្មាន​ថ្ងៃ​នេះ គឺនៅមិនទាន់​រួច​រាល់​នៅឡើយ។

លោកបន្តថា លោកមិនទាន់ដឹងពីការប្រើប្រាស់ពេលវេលាប៉ុន្មានថ្ងៃទើបអាចស្ដា​ប្រឡាយនេះ​រួចរាល់ជា​ស្ថាពរ។ ដូច្នេះលោកប្រាប់ឱ្យពលរដ្ឋយោគយល់ និងអត់ធ្មត់បន្ដិចទៀត ព្រោះ​អាជ្ញាធរ​កំពុងតែខំប្រឹង​ដោះស្រាយបញ្ហានេះ។

លោកបញ្ជាក់ថា៖ «យើងមិនមែនថា មិនដឹងអារឿងទឹកលិចហ្នឹងទេ តែយើងកំពុងតែ​រកវិធីដោះស្រាយហើយ ភ្លាមៗនេះវាមិនទាន់រួចទេ។ អ៊ីចឹងសូមបងប្អូនមេត្តា​អត់ធ្មត់តិច​ទៀតទៅ សូមយោគយល់ព្រោះ​យើង​កំពុង​ធ្វើ តែវាមិនទាន់រួច។ កន្លងមកយើងធ្លាប់បាន​ចែកស្បៀងអាហារខ្លះជូនពួកគាត់ខ្លះហើយ»។

ទិដ្ឋភាពទឹកលិចនៅភូមិអូរអណ្តូង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​ រូបថតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងថា លោកបាន​ចុះទៅពិនិត្យមើលករណី​ក្រុម​ហ៊ុនបូម​ខ្សាច់​បូមចាក់លើដីរបស់ឧកញ៉ា ហេង លី ដែលបានធ្វើឱ្យទឹកជន់លិចផ្ទះសម្បែង​ប្រជាពលរដ្ឋទាំងជាង ៤០គ្រួសារនោះរួចហើយ។ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញបានរក​កន្លែង​បង្ហូរទឹកចេញពីតំបន់នោះ។

លោកបញ្ជាក់ថា៖ «យើងបាននិងកំពុងដោះស្រាយហើយ គឺយើងបានរកកន្លែងកាយធ្វើ​ជាប្រឡាយ​បង្ហូរទឹកនោះចេញហើយ ហើយមានត្រាក់ទ័រកំពុង​ធ្វើការកាយធ្វើប្រឡាយ ប៉ុន្ដែមិនទាន់រួចរាល់ទេ។ ទឹកដែល​កំពុង​ជន់លិចហ្នឹង គឺយើងធ្វើប្រឡាយ​ ហើយបង្ហូរវាឱ្យ​ទៅប្រឡាយព្រែកប្រាដែលជិត​ទីនោះ​ស្រាប់​»។

លោកឧកញ៉ា ហេង លី ត្រូវបានពលរដ្ឋស្គាល់ថា​ ជាអ្នកជួលក្រុមហ៊ុនបូមខ្សាច់​(មិនស្គាល់​ឈ្មោះ)​មួយ​មកចាក់​បំពេញនៅលើដីរបស់ខ្លួន ដែលធ្វើឱ្យទឹកហូរហៀរចេញពីការដ្ឋាន​នោះ​មក​លិចលង់ផ្ទះពលរដ្ឋ​ដែលរស់នៅក្បែរនោះ។ ទោះបីជាយ៉ាងណា លោកឧកញ៉ា ហេង លី នៅមិនទាន់ស្វែងរក​ប្រភព​ទាក់​ទង​​សុំ​ការបញ្ជាក់ជុំវិញករណីនេះបានទេ។

ចំណែកតំណាងក្រុមហ៊ុនបូមខ្សាច់(មិនស្គាល់ឈ្មោះ)ដែលទទួលម៉ៅការបូមខ្សាច់ចាក់ដីឱ្យលោកឧ​កញ៉ា ហេ​ង លី ក៏មិនទាន់អាចស្វែងរក​ប្រភពទាក់ទងបានដែរ ដើម្បីសុំបញ្ជាក់ជុំវិញ​ការចោទប្រកាន់របស់ពល​រដ្ឋ​ខាងលើនេះ។​

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)​ បាន​ឱ្យ​ដឹងថា ពលរដ្ឋក្នុងសហគមន៍ត្រូវតែយកចិត្តទុកដាក់តាមដាន​ទៅលើ​ការអភិវឌ្ឍនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ដឹងថា តើគម្រោងណាមួយដែលធ្វើឱ្យ​ប៉ះពាល់ដល់ពួកគាត់ ហើយ​គម្រោង​ណាខ្លះដែល​ធ្វើ​ឱ្យ​ពួកគាត់ទទួលផល​ប្រយោជន៍។

លោកបន្តថា គម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងទីក្រុងភ្នំពេញបានគិតពីផលប៉ះពាល់​ពល​រដ្ឋ រីឯគម្រោ​ងខ្លះទៀត​មិនបានគិតគូរពីសុខមាភាពសាធារណៈទេ ដោយគិតតែពីចំណេញ​ផល​ប្រយោជន៍​នៅ​ក្នុងក្រុមហ៊ុន​របស់​ខ្លួន។

លោកបញ្ជាក់ថា៖ «អ្នកដែលទទួលខុសត្រូវរាល់បញ្ហាទាំងអស់ គឺ​អ្នកប្រព្រឹត្តជា​អ្នកទទួល​ខុសត្រូវ បន្ទាប់មក​អាជ្ញាធរជាអ្នកតាមដាន ត្រួតពិនិត្យ។ ចំណែកករណីនេះ អាជ្ញាធរនិង​ក្រុមហ៊ុនខ្វះការទទួល​ខុសត្រូវរៀងៗខ្លួន ដែលបណ្ដែតបណ្ដោយឱ្យមានទឹកលិចផ្ទះពលរដ្ឋ​រហូតដល់ទៅរាប់ខែបែបបនេះ»។

លោកជំរុញឱ្យអាជ្ញាធរ និងក្រុមហ៊ុមដែលពាក់ព័ន្ធ ប្រញាប់ចាត់វិធានការដោះស្រាយឱ្យបាន​លឿន​បំផុត ព្រោះពួកគាត់ទ្រាំរស់នៅក្នុងទឹកស្អុយ​ជាច្រើនខែមកហើយ។ ម្យ៉ាងទៀតបើសិន​បណ្ដោយ​បែបនេះទៀត អាចនឹងបង្កឱ្យមានជំងឺផ្សេងៗកើតឡើងចំពោះ​ពួកគាត់​ទៀតផង។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី ១៨ ខែវិច្ឆិកានេះបានឱ្យដឹងថា រដ្ឋបាលខណ្ឌ ​បានជូនដំណឹង​ពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរអណ្តូង១ ស​ង្កា​ត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរំដោះទឹកភ្លៀងដែល​ជន់លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដំណាំផ្សេងៗរបស់ពលរដ្ឋ ដោយរដ្ឋបាលខណ្ឌ នឹងធ្វើការកា​យ​ប្រ​ឡាយតាមបណ្ដោយផ្លូវទទឹងប្រវែង ៣០ម៉ែត្រ ចាប់ពី​ចុង​ផ្លូវបេតុងដែលមាន​ស្រាប់ក្នុង​ភូមិអូរអណ្តូង១ រហូតដល់ព្រែកប្រាក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ដើម្បីទាញទឹកភ្លៀងដែលជន់​លិច​ផ្នែកខ្លះក្នុងភូមិអូរអណ្ដូង១ និងភូមិ​អូរអណ្ដូង ទម្លាក់ចូលទៅទន្លេបាសាក់។

រដ្ឋបាលខណ្ឌច្បារអំពៅបន្តថា ការកាយប្រឡាយក្នុងភូមិសាស្រ្តខាងលើនេះនឹង​ចាប់ផ្ដើម​អនុវត្តចាប់ពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ការងារ​ត្រូវបានបញ្ចប់ស្ថាពរ។ ដូចនេះ ប្រជាពលរដ្ឋដែលមាន​លំនៅដ្ឋាន និងរស់នៅតំបន់នោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបង្កលក្ខណៈងាយស្រួល​ក្នុង​ការ​កាយ​ប្រឡាយ។ លើសពីនេះ ដើម្បីបញ្ចៀស​ការលិច​លង់​លំនៅដ្ឋាន និងផលដំណាំផ្សេងៗរបស់​ពលរដ្ឋ​ ព្រមទាំងបញ្ចៀសការខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធនានាផងដែរ៕

717 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម