ទីលានចាក់សំរាមចំនួនពីរទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង បានក្លាយជាក្ដីកង្វល់ទៅដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរទីតាំងនោះ ដោយសារតែជានិច្ចកាល មានក្លិនស្អុយ និងផ្សែងខ្មួរខ្មាញ់ចេញពីទីលានចាក់សំរាម ជះមកភូមិឋានប្រជាពលរដ្ឋ។
បើតាមការលើកឡើងរបស់អ្នកស្រី ជុំ ហាន អាយុ៧២ ឆ្នាំ រស់នៅក្នុងភូមិឯកភ្នំ ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា ផ្សែង និងក្លិនស្អុយចេញពីគំនរសំរាមដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្ទះអ្នកស្រី បានក្លាយជាក្ដីកង្វល់ដល់សុខភាព និងអនាម័យដល់ក្រុមគ្រួសារអ្នកស្រី ពិសេសចៅតូចៗរបស់អ្នកស្រី។
អ្នកស្រី ជុំ ហាន ប្រាប់ថា៖ «យប់ឡើងនៅតែដុត ធុំក្លិន បារម្ភថានឹងប៉ះពាល់[សុខភាព]ហ្នឹងដែរ តែមិនដឹងធ្វើម៉េច ធុំឈួលជួនណាទៅឈ្ងៀម ជួនណាទៅស្អុយ ពិសេសខែភ្លៀង»។
អ្នកស្រី ហាន បន្តទៀតថា គំនរសំរាមក្បែរផ្ទះអ្នកស្រីមិនមែនទើបតែចាក់មួយឆ្នាំ ឬពីរឆ្នាំទេ គឺដប់ឆ្នាំជាងមកហើយ។ ចំពោះអ្នកស្រី បញ្ហាក្លិន និងផ្សេងបានក្លាយទៅជាទម្លាប់ ប៉ុន្តែអ្នកស្រីនៅតែខ្វាយខ្វល់ទៅដល់សុខភាព ដែលអាចនឹងប៉ះពាល់ដោយសារតែការស្រូបផ្សែង និងដកដង្ហើមជាមួយក្លិនមិនល្អពីគំនរសំរាម។
អ្នកស្រី ហាន បញ្ជាក់ថា៖ «ធ្លាក់ខ្យល់ខ្លាំងមក វា[ក្លិនស្អុយពីគំនរសំរាម]ចូលមកហើយ ធុំក្លិនវាវេទនា តែវាមិនដឹងធ្វើម៉េច ទោះវាមិនសុំាក៏ត្រូវតែសុំា»។
ក្ដីរំពឹងរបស់អ្នកស្រី ហាន ដែលជាពលរដ្ឋមានលំនៅឋានមិនឆ្ងាយប៉ុន្មានពីគំនរសំរាម គឺចង់ឃើញមានការយកចិត្តទុកដាក់ និងរៀបចំទីតាំងនោះឱ្យបានល្អ ដើម្បីបញ្ចៀសនូវការដុតសំរាម ដែលបង្កឱ្យមានផ្សែងពុលប៉ះពាល់សុខុមាលភាព និងជះក្លិនស្អុយមកលើផ្ទះអ្នកភូមិ។
អ្នកស្រី ហាន បន្ថែមថា៖ «បានគេកែហ្នឹងអរហើយ បើមានខ្យល់បក់មកមិនបាច់នៅទេ បក់មកយូរនៅយូរ[ក្លិនស្អុយយូរ] បើប៉ះពាល់[សុខភាព]ក៏យើងមិនដឹងធ្វើម៉េច អ្នកភូមិចម្ការសំរោង តាព្រួចអីគេប្ដឹង គេធុំក្លិនដែរ គេរករឿងដែរ តែវាមិនឈ្នះ»។
នៅក្បែរទីលានចាក់សំរាមឯកភ្នំ គឺមានផ្ទះប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារ មានទាំងផ្ទះអ្នកភូមិចាស់ និងប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងបុរីទំនើបផងដែរ។
ចំណែកពលរដ្ឋរស់នៅក្នុងបុរីមួយកន្លែងក្នុងភូមិឯកភ្នំ អ្នកស្រី ស្រី ណា ប្រាប់ឱ្យដឹងថា ទីលានចាក់សំរាមដែលមើលនឹងភ្នែកទទេឃើញច្បាស់ ហើយបើដើរទៅមិនដល់៥នាទីនោះ គឺតែងតែដុតក្នុងមួយសប្ដាហ៍៤ដង ដែលភាគច្រើនដុតនៅពេលល្ងាចម៉ោង៧ ខណៈអ្នកស្រីកំពុងបារម្ភអំពីបញ្ហាសុខភាពដោយសារតែស្រូបដង្ហើមជាមួយក្លិនស្អុយ និងផ្សែងចេញពីគំនរសំរាម។
អាជីវករលក់ដូរ រូបនេះនិយាយថា៖ «[បារម្ភខ្លាច]ប៉ះពាល់ហ្នឹងហើយ សំណូមពរកុំឱ្យគេចាក់សំរាមនៅហ្នឹង វាស្អុយ វាប៉ះពាល់សុខភាពអ្នករស់នៅហ្នឹងទាំងអស់ តែមិនដឹងអង្កាល់គេឈប់[ដុត]»។
មិនខុសគ្នាពីអ្នកស្រី ណា លោក ម៉ៅ ឈឿម អាយុ៦៥ឆ្នាំ ជាប្រជាជនចំណូលថ្មី ដែលទើបតែទិញផ្ទះក្នុងបុរីមួយកន្លែងក្បែរទីលានចាក់សំរាម បានត្អូញត្អែរអំពីភាពមិនអំណោយផលនៃការរស់នៅ ដោយសារតែលោករំពឹងថា រស់នៅក្នុងបុរីនឹងមានផាសុខភាព មានបរិយាកាសល្អបរិសុទ្ធ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក ឈឿម ខកចិត្តនោះ គឺក្លិនស្អុយចេញពីទីលានចាក់សំរាម និងសត្វរុយទៅវិញ។
លោក ឈឿម និយាយថា៖ «ឥឡូវនេះ មិនដឹងទៅគេចនៅឯណា? បើកុំតែទិញជ្រុល កុំអីអត់នៅនេះទេ បើខ្យល់មកអ៊ីចេះអី គ្រប់[ទឹក] រត់ចូលក្នុងផ្ទះ ជាពិសេសរុយច្រើនណាស់ ថ្នាំមូសបាញ់មិនទាន់ទេ បិទទ្វារជិតៗមិនដែលបើកទេ»។
សម្រាប់លោក ឈឿម សង្ឃឹមថា ទីលានចាក់សំរាមនេះនឹងត្រូវបានផ្លាស់ប្ដូរទៅទីតាំងផ្សេងដែលឆ្ងាញពីផ្ទះប្រជាពលរដ្ឋ ឬបញ្ឈប់ការចាក់សំរាមនៅទីតាំងនេះតែម្ដង។ លោក ឈឿម បន្តថា៖ «បរិយាកាសវិញគឺអាប់អួរណាស់ ដោយសារតែស្អុយសំរាមហ្នឹង អានេះគឹប៉ះពាល់សុខភាពខ្លាំងណាស់»។
រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
បញ្ហាស្រដៀងគ្នានេះ មិនមែនកើតមានឡើងចំពោះពលរដ្ឋនៅតំបន់ឯកភ្នំនោះទេ តួយ៉ាងប្រជាពលរដ្ឋនៅភូមិអូរមុនី ដែលមិនឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបង ក៏បានលើកឡើងពីក្ដីបារម្ភទាក់ទងនឹងបញ្ហាសុខភាពរបស់ពួកគេ ដោយសារតែក្បែរភូមិដែលពួកគេរស់នៅ គឺមានគំនរសំរាមរបស់ក្រុមហ៊ុនឯកជនមួយ ដែលជានិច្ចកាលមានផ្សែងហុយជះមកលើផ្ទះសម្បែងអ្នកភូមិ។
លោក កិល គឿត អាយុ៣៤ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរ រស់នៅភូមិអូរមុនីមួយ ឃុំអន្លង់វិល ស្រុកសង្កែ ប្រាប់ឱ្យដឹងថា ផ្សែងហុយចេញពីទីលានចាក់សំរាមក្រោយភូមិរបស់លោក ហើយជារឿយៗ តែងតែជះក្លិនស្អុយ ឈ្ងៀមមកលើផ្ទះប្រជាពលរដ្ឋ ខណៈមិនមានភូមិឃុំដោះស្រាយបញ្ហានេះជូនពលរដ្ឋឡើយ។
លោក គឿត លើកឡើងថា៖ «ចាប់ពីខែហ្នឹងទៅខ្យល់វាបក់ពីខាងកើតមកចូលមកក្នុងភូមិងងឹតស្លុបក៏មាន ពេលខ្លះទៅវាធុំក្លិនស្អុយហើយឈ្ងៀម កាលពីសំរាមស្ទះនៅឯកភ្នំគេមកចាក់នៅហ្នឹង ឆេះនិងធុំក្លិនជាងហ្នឹងទៀតណ៎ អត់ឃើញភូមិឃុំអី គេនិយាយផង»។
ដោយសារតែក្លិនស្អុយសាយភាយពីគំនរសំរាមផង គួបផ្សំនឹងផ្សែងដែលដុតចេញពីសំរាមច្រើនប្រភេទផងនោះ លោកគឿត ប្រាប់ថាបារម្ភបញ្ហាសុខភាព ព្រោះរូបលោកតែងក្អកជាញឹកញាប់ដែរ ដោយសារតែទ្រាំមិនបាននឹងក្លិនមិនល្អចេញពីគំនរសំរាម បើទោះបីជាឆ្ងាយពីភូមិក្ដី តែនៅតែមានផ្សែងហុយជះមកដដែល។ យ៉ាងណាមិញ ពលរដ្ឋរូបនេះ រំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហាចំពោះមុខនេះជូនពលរដ្ឋ ដែលរងផលជះពីគំនរសំរាមនេះត្បិតវាមិនត្រឹមតែប្រឈមនឹងសុខុមាលភាពប្រជាពលរដ្ឋនោះទេ តែវាប៉ះពាល់មុខរបររកស៊ីរបស់ប្រជាពលរដ្ឋផងដែរ។
លោក គឿត និយាយថា៖ «ក្អកចេះតែក្អកហ្នឹងឯង ពេលខ្លះវាស្អុយៗចេះតែធុំក្លិនទៅក្អកដែរ សំរាមដឹកមកពីផ្សារផង តាមផ្ទះផង ស្អុយនោះស្អុយ។ បញ្ហាច្រើនផ្ដាសាយយូរៗទៅវាអាចធ្វើឱ្យមានបញ្ហាសួត បញ្ហាប្រឈមច្រើនដែរ។ ចំណែកមុខរបរវិញ អ្នកហូបក៏គេមើលមកចំណីអាហារយើងមិនគួរឱ្យចង់ហូប គិតមើលផ្សែងផង ស្អុយផង»។
កំពុងអង្គុយយោលអង្រឹងកូនតូចអាយុទើបបានជិត៤ខែ នៅក្នុងតូបលក់ចាប់ហួយប្រក់ស័ង្កសី អ្នកស្រី កូ សុខលី អាយុ៣៦ឆ្នាំ ជាស្រ្តីទើបឆ្លងទន្លេរួច ប្រាប់ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋរស់នៅក្នុងភូមិ ដែលរងផលប៉ះពាល់ផ្សែងហុយ និងក្លិនពីគំនរសំរាម សង្ឃឹមថានឹងមានការកែសម្រួលបញ្ហានេះជូនពលរដ្ឋ ត្បិតអ្នកស្រីខ្លាចប៉ះពាល់សុខភាព។
អ្នកស្រី សុខលី រៀបរាប់ថា៖ «វាធុំក្លិន វាប៉ះពាល់ដល់សុខភាពយើងហ្នឹងហើយ ចង់ឱ្យគេលុប មានតែមតិម្នាក់បន្តិចដើម្បីឱ្យគេលុប ធ្លាប់ដាក់ពាក្យបណ្ដឹង៣ដងដែរ តែវាស្ងាត់ទៅ។ ទាំងអស់គ្នាបារម្ភតែទាំងអស់គ្នាហ្នឹងឯង ព្រោះអីវាមិនមែនឈ្ងុញស្អី ធុំស្អុយចង់ងាប់ ឈ្ងៀម»។
អ្នកស្រី សុខលី បន្តថា ផ្សែងហុយចេញពីសំរាមច្រើនតែពេលយប់ ត្បិតមិនមានអ្នកប្រចាំការនៅទីនោះ ខណៈពេលថ្ងៃមានមេការចាំមើលទីតាំងសំរាម តែយ៉ាងណានៅតែមានការដុតសំរាមនៅពេលថ្ងៃ។ ដូច្នេះ ជាជម្រើសដែលល្អ អាជ្ញាធរគប្បីបញ្ឈប់ការចាក់សំរាមនៅតំបន់ដែលមានពលរដ្ឋរស់នៅ។
អ្នកស្រី សុខលី បន្ថែមថា៖ «សូមតែឱ្យគេលុបទៅ ទៅឱ្យឆ្ងាញពីអ្នកស្រុកអ្នកភូមិ ទៅនេះក៏ភូមិ មកនេះក៏ភូមិ»។
នៅពេលដែលអ្នកយកព័ត៌មានចុះទៅទីតាំងនោះផ្ទាល់ ឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីគំនរសំរាមនៅកណ្ដាលថ្ងៃត្រង់ មានក្លិនស្អុយ និងឈួលខ្លាំងដោយសារតែមានសំរាមចម្រុះមុខ។ ប៉ុន្តែតាមការសាកសួរពលរដ្ឋដែលមករើសសំរាមនៅទីនោះ ពួកគេនិយាយថា សំរាមឆេះដោយខ្លួនឯងមិនមានអ្នកដុតទេ ហើយក៏មិនអាចពន្លត់បានដែរ ដោយសារតែវាឆេះខ្លាំងពេក។
អភិបាលស្រុកសង្កែលោក នាង ច័ន្ទថារ៉ា ថ្លែងថា បញ្ហាសំរាមដែលពលរដ្ឋបានលើកឡើងពិតជាដូចការលើកឡើងមែន ប៉ុន្តែខាងស្រុកធ្លាប់បានចុះអប់រំ និងណែនាំទៅដល់ក្រុមហ៊ុនប្រមូលសំរាម លាប លឹម ដែលជាក្រុមហ៊ុនឯកជន ដើម្បីយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហាផ្សែងហុយ និងក្លិនស្អុយចេញពីទីលានចាក់សំរាមនេះ។
លោក ចាន់ថារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់បានចុះទៅណែនាំដល់ក្រុមហ៊ុនគ្រប់គ្រងសំរាម កុំឱ្យដុតសំរាម ព្រោះជាគោលការណ៍បរិស្ថានអត់ឱ្យដុតសំរាមទេ តាមពិតគេឱ្យគាត់ហ្នឹង ញែកសំរាម ហើយគាត់ក៏បានចូលរួមក្នុងការពន្លត់ភ្លើងដែលឆេះដែរ»។
ទីលានចាក់សំរាមនៅភូមិអូរមុនីមួយ មិនមែនមានតែក្រុមហ៊ុន លាប លឹម មួយទេ ដែលយកសំរាមមកចាក់នៅទៅលាននេះ សូម្បីតែក្រុមហ៊ុនប្រមូលសំរាម ស៊ិន ទ្រី ក៏យកសំរាមពីក្រុងបាត់ដំបង មកចាក់នៅទីលាននេះដែរ នេះបើតាមការបញ្ជាក់ពីពលរដ្ឋ និងអភិបាលស្រុកសង្កែ។
យ៉ាងណាមិញ លោកអភិបាលស្រុកសង្កែវិញ បញ្ជាក់ថា នៅពេលខាងមុខ ខាងស្រុកនឹងបិទមិនឱ្យមានការចាក់សំរាមនៅទីលានចាស់ក្នុងភូមិអូរមុនីទៀតទេ ដោយបង្វែរទៅចាក់នៅទីលានចាក់សំរាមថ្មីនៅភូមិតាគ្រាមជំនួសវិញ។
ជុំវិញបញ្ហាសំរាម ដែលជះក្លិន និងផ្សែងទៅលើប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្លាកែត លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បកស្រាយថា ខាងក្រុងតែងតែចុះទៅអន្តរាគមន៍ និងអប់រំមិនឱ្យដុតសំរាម ហើយបញ្ហាឆេះនោះវាបណ្ដាលមកពីឧស្ម័នមេតាន នៅពេលដែលសំរាមក្ដៅយូរទៅ ក៏ឆាបឆេះដោយឯកឯង។
លោកវាសនាពន្យល់ថា៖ «មែនទែនទៅវាជាជាតិមេតាន ពេលខែក្ដៅសំរាមទុកចោលវាអាចប្រតិកម្មឆេះ ជានិច្ចជាកាលយើងតែងតែពន្លត់។ ខាងក្រុងកំពុងតែរៀបចំការគាំទ្រពីក្រសួងបរិស្ថានយើងបានរៀបចំទីលានចាស់ទៅជាកន្លែងញែកសំរាមវិញដូច្នេះសំរាមនឹងមិនច្រើនដូចកាលពីមុនទេ ចឹងខ្ញុំសង្ឃឹមថាឆ្នាំក្រោយៗទៅវានឹងប្រសើរជាងមុនឆ្ងាយ»។
លោក វាសនា បញ្ជាក់ទៀតថា បើទោះបីជាមានទីលានចាក់សំរាមថ្មីក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី តែសាលាក្រុងនៅតែរក្សាទីលានចាក់សំរាមចាស់ដដែល ដើម្បីធ្វើការញែកសំរាមចន្លោះពី២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដែលអាចកែច្នៃបាន និងសំរាមដែលមិនអាចកែច្នៃបាន នឹងយកទៅចាក់នៅទីលានថ្មី។
លោក វាសនា បន្ថែមថា៖ «ទីលានចាស់ទុកសម្រាប់ញែកសំរាម យើងត្រូវរក្សាទុកទីលានចាស់សម្រាប់ញែកយកទៅកែច្នៃទៅជាជីកំប៉ុស្ត និងកាត់បន្ថយសំរាមដែលត្រូវយកទៅទីលានថ្មី»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា ទីលានសំរាមគឺជាប្រភពនៃមេរោគ និងជាតិឧស្ម័នផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ផ្លូវដង្ហើម ដល់មនុស្សដែលរស់នៅក្បែរទីលានចាក់សំរាម។
លោក វុទ្ធី និយាយថា៖ «វាមានហានិភ័យខ្លាំងចំពោះប្រជាពលរដ្ឋយើងដែលរស់នៅក្បែរគំនរសំរាម កុំថាឡើយកុមារ តែប្រជាពលរដ្ឋចាស់ៗក៏គាត់ប្រឈមដែរ ហើយសុខភាពគាត់ស្គមស្លេកស្លាំងរីងរៃ ពិសេសគាត់មានជំងឺផ្លូវដង្ហើមជាប្រចាំ»។
តាមរយៈក្រសួងសាធារណការ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៣កន្លងទៅ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវទីលានទុកដាក់សំរាមទំហំ ២០,៨០ហិកតា ដែលគម្រោងនេះក្រោមកម្ចីឥណទានធនគារអភិវឌ្ឍន៍អាស៊ី( ADB ) អស់ទឹកប្រាក់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក។
បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន គម្រោងនេះនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ។ តាមការរំពឹងទុក ប្រជាជនប្រមាណ៦០% នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថានពីទីលានចាក់សំរាមមួយនេះ៕