ចុះពីស្ពានអាកាសក្បាលថ្នល់ប្រមាណ១គីឡូម៉ែត្រ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ លើកឡើងថាពួកគេរស់នៅជាមួយទឹកស្អុយជន់លិចផ្លូវ និងផ្ទះអស់ជាច្រើនខែមកហើយ ពួកគេស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយប្រព័ន្ធលូឱ្យបានឆាប់។
កំពុងអង្គុយលក់ចាប់ហួយនៅខាងមុខផ្ទះដែលផ្លូវលិចទឹក អ្នកស្រី ឆើម សុគន្ធ អាយុ៤១ឆ្នាំ ថ្លែងប្រាប់ថា ពីមុនផ្លូវនៅមុខផ្ទះអ្នកស្រីមិនដែលមានទឹកលិចយូរខែដូច្នេះឡើយ ប៉ុន្តែក្រោយចូលឆ្នាំខ្មែរហើយ មានភ្លៀងធ្លាក់បណ្ដាលឱ្យផ្លូវបេតុងនៅខាងមុខផ្ទះអ្នកស្រីក្លាយទៅជាកូនប្រឡាយទឹកស្អុយរហូតមកទល់សព្វថ្ងៃនេះ។
អ្នកស្រីរៀបរាប់ថា៖ «និយាយរួមទឹកលិចហ្នឹងតាំងពីចូលឆ្នាំ ទឹកវាជាប់នៅហ្នឹងរហូត វាគោកមួយសារមុនបោះឆ្នោត តែឥឡូវវាលិចជាប់រហូតចឹងទៅ។ នេះនៅមុខផ្ទះបងក៏មានលូដែរ តែវាហូរតិចៗ ពីដំបូងគេថាលូស្ទះ តែមិនដឹងថាយ៉ាងម៉េចវាមិនហូរ[ទឹកស្អុយ]»។
អ្នកស្រីបន្តថា បើទោះជាមានលូនៅមុខផ្ទះក៏ដោយ ក៏ទឹកដែលដក់នោះមិនព្រមហូរចូលលូ ហើយបង្កការលំបាកដល់ការរស់នៅ និងប្រកបរបររកស៊ីរបស់អ្នកស្រី។ អ្នកស្រីប្រាប់ទៀតថា តាំងពីមានទឹកលិចផ្លូវដូច្នេះមក មិនសូវមានភ្ញៀវមកទិញអីវ៉ាន់ចំណែកអ្នកជួលផ្ទះក៏រើចេញ ដោយសារតែផ្លូវលិចទឹកត្រាំយូខែទៅជាស្អុយ ពិបាកដល់ការរស់នៅ និងធ្វើដំណើរ។
អ្នកស្រី សុគន្ធ បញ្ជាក់ថា៖ «គេឃើញទឹកលិចគេអត់ចង់នៅ ទោះផ្ទះយើងអត់លិច តែលិចផ្លូវ អាណាគេជួលផ្ទះយើង ហើយម៉ូតូគេល្អៗគេចេញអស់ហើយ»។
ដោយសារតែទឹកនោះស្អុយមានក្លិនមិនល្អ និងមានស្លែក្រាស់ឃ្មឹក អ្នកស្រីសម្ដែងការបារម្ភអំពីបញ្ហាសុខភាព និងសុវត្ថិភាពកូនៗនៅពេលពួកគេដើរទៅរៀន ត្បិតថានៅពេលដើរកាត់ទឹកនោះ ធ្វើឱ្យរមាស់ដៃជើង និងមានបញ្ហាទឹកស៊ីជើង ឬរអិលដួលជាដើម។
ក្រៅតែពីមានក្លិនមិនល្អ ទឹកស្អុយដែលដក់ត្រាំរាប់ខែនោះ ធ្វើឱ្យអ្នករស់នៅភូមិព្រែកតាគង់ បង្ហាញអារម្មណ៍តានតឹងចិត្ត ធុញថប់និងបរិយាកាសដ៏អាប់អួរនេះផងដែរ ត្បិតថាការរស់នៅមិនមានផាសុខភាព ផ្លូវធ្វើដំណើរ ដែលក្មេងៗអាចរត់លេងបានប្រែទៅជាមានទឹកលិចមានក្លិនស្អុយ ក្មេងខ្លះសំងំនៅតែក្នុងផ្ទះព្រោះមិនហ៊ានចេញមកលេងនៅខាងក្រៅ ខ្លាចរមាស់ដៃជើង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ខេមបូចា អ្នកស្រីថ្លែងថា៖ «ពីមុនមកវាលិចដែរ តែទៅមកៗ វាអត់លិចរ៉ាំរ៉ៃដូចឥឡូវ ឥឡូវវាលិចជាប់ហ្មង៎ ស្អុយវាស្អុយហើយ ហិតឡើងទៅជាទម្លាប់ទៅហើយ។ វាពិបាកណាស់អូន កូនទៅរៀនខ្ញុំអៀវកូនទៅរៀនព្រោះសាលានៅជិតនេះដែរ ហើយយើងទៅផ្សារត្រូវលុយទឹកលុយអី ទឹកស៊ីជើង ឯចាស់ៗគាត់ដើររអិលដួល»។
អ្នកស្រីឱ្យដឹងថា ឃើញអាជ្ញាធរភូមិឃុំចុះមកមើលដែរ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការណា ដែលដោះស្រាយបញ្ហាទឹកស្អុយនេះចេញឡើយ។ ស្រ្តីវ័យ៤១ឆ្នាំនេះ រំពឹងថា ថ្នាក់ដឹកនាំឃុំសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធនឹងពន្លឿនការដោះស្រាយបញ្ហាទឹកស្អុយនេះ ជូនពលរដ្ឋឱ្យបានឆាប់ៗ ត្បិតថាពួកគេរស់នៅត្រាំត្រែងជាមួយទឹកស្អុយរាប់សិបខែមកហើយ។
អង្គុយនៅខាងមុខតូបលក់អីវ៉ាន់ អ្នកស្រី ព្រឿង សុផាត វ័យ៧៥ឆ្នាំ បានលើកឡើងថា អ្នកស្រីរស់នៅតំបន់នេះតំាងតែពីឆ្នំា១៩៧៩ មិនដែលប្រទះនឹងបញ្ហាទឹកលិចផ្លូវស្អុយដូច្នេះឡើយ។
អ្នកស្រីថ្លែងថា៖ «យើងបានប្រាប់គេ[អាជ្ញាធរ]ដែរ តែគេថាថ្ងៃនេះថ្ងៃនោះ ចឹងចេះតែចាំមើលទៅ។ ខ្ញុំគ្មានទៅចង់បានស្អី ឱ្យតែផ្លូវហ្នឹងគោកទៅ ក្មេងៗបានទៅរៀនស្រួល ក្មេងៗរស់នៅក៏មិនឈឺស្កាត់មូសខ្លាអីមិនខាំ ចាស់ៗក្នុងភូមិក៏បានដើរទៅវត្តដោយមិនភ័យខ្លាចរអិលដួល ព្រោះមុនៗចាស់ៗម្ដុំនោះដើរដួលអុកគូទ»។
អ្នកស្រីបន្តថា៖ «ផ្លូវលិចទឹកអ៊ីចឹងវាពិបាកហ្នឹងហើយកូន យើងត្រូវចេញចូលប្រកបរបរទទួលទានប្រចាំថ្ងៃ ចង់លក់ដូរអីក៏អត់ដាច់សឹងរកលុយមិនបានទៅវត្តផង។ ទឹកនេះលិចតាំងពីចូលឆ្នាំខ្មែរទល់ឥឡូវ ទឹកស៊ីជើង លេបថ្នាំអស់បីដប ប្រេងកូឡាមួយខ្លងហើយ លាបរាល់យប់»។
អង្គុយលើកៅអីជ័រពណ៌ឈាមជ្រូក ស្រដីមួយៗ ស្រ្តីរូបនេះ លើកឡើងថា មូលហេតុដែលទឹកលិចយូរខែដូច្នេះ ទំនងអាចមកពីមានវត្តមានបុរី សំណង់អគារជុំជិត គួបផ្សំនិងការលុបបឹងទំពុន និងដីកកស្ទះក្នុងលូផងនោះ ទើបធ្វើឱ្យមិនមានផ្លូវទឹកហូរត្រឹមត្រូវ។
អ្នកស្រី សុផាត បញ្ជាក់ថា៖ «លូវាតូចពេកម៉្លោះហើយវាស្ទះសុទ្ធតែដីតែម្ដង ពីដើមឱ្យតែមានទឹក វាស្រកទៅវិញអស់ហើយ តែចាប់តាំងពីចាក់ដីធ្វើបុរី ហើយគេលុប[លុបបឹងទំពុន]ទៀតទៅយើងមិនចប់ ពីមុនមកអស់នេះ[តំបន់នេះ]មានលិចឯណា»។
មិនខុសពីអ្នកស្រី សុផាត ស្រ្តីចំណាស់មួយរូបទៀត កំពុងបោសសំអាតផ្ទះ គឺអ្នកស្រី ម៉ៅ ស្រី អាយុ៥៩ឆ្នាំ អះអាងថាពីដើមឡើយផ្ទះអ្នកស្រីមិនដែលភ្លៀងមកលិចផ្លូវរាប់ខែដូច្នេះឡើយ ហើយទំនងមកពីគ្មានប្រព័ន្ធរំដោះទឹកត្រឹមត្រូវ គួបផ្សំនិងការលុបបឹង ដើម្បីធ្វើសំណង់អគារធំៗទើបបិទផ្លូវទឹកហូរ។
អ្នកស្រីថ្លែងថា៖ «គាត់[ចៅសង្កាត់]កាយលូ គាត់ធ្វើឱ្យរហូតដែរ តែដោះស្រាយមិនចេញ ទឹកហូរទៅមិនរួច តាំងពីគេបុកធ្វើអគារច្រើនជាន់មក វាស្ទះគេគ្រប់គ្នា បញ្ហាគេលុបបឹងអស់ទៅវាអត់ផ្លូវទឹកហូរ»។
ជុំវិញបញ្ហានេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ មានប្រសាសន៍ថា បញ្ហាទឹកលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋនេះ លោកបានចុះដោះស្រាយជាច្រើនលើកច្រើនសារហើយ ហើយឥឡូវនេះមិនមានភូមិណាក្នុងសង្កាត់ចាក់អង្រែលើលិចទឹកទៀតទេ ព្រោះសង្កាត់បានរៀបចំប្រព័ន្ធលូថ្មីហើយ។ លោកថា ពីមុនដោយសារតែអាជ្ញាធរមិនទាន់រកកន្លែងរំដោះទឹកលូចេញ ហើយថ្ងៃស្អែកនេះ ខាងសង្កាត់នឹងដាក់ដេញថ្លែគម្រោងស្ដារប្រព័ន្ធលូថ្មី ដើម្បីបញ្ចៀសការលិចទឹក ហើយទឹកទាំងនោះនឹងបង្ហូរទៅស្ថានីយ៍ទឹកបឹងត្របែក។
លោក សាវឿន ថ្លែងថា៖ «កន្លែងដែលក្មួយសួរហ្នឹងណា៎ ពូនឹងដាក់ដេញថ្លៃថ្ងៃស្អែក ធ្វើទាំងអស់ផ្លូវហ្នឹង រៀបប្រព័ន្ធលូឡើងវិញ ថ្មីទាំងអស់ ចាក់បេតុងផ្លូវអត់ឱ្យមានរលាក់ទៀតទេ»។
លោកបន្តថា៖ «ឥឡូវគ្មានកន្លែងណាលិចទេ ព្រោះយើងធ្វើលូអស់ហើយ គ្រាន់តែវាហូរយឺតបន្តិចយើងរកប្រព័ន្ធឃើញអស់ហើយ និយាយឱ្យចំអភិវឌ្ឍគ្រប់កន្លែងអត់មានឱ្យទឹកលិចទៀតទេ»។
យ៉ាងណាមិញ ចៅសង្កាត់រូបនេះបដិសេធថា មិនមានទឹកស្អុយលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋរាប់ខែ ដូចប្រជាពលរដ្ឋបានលើកឡើងទេ។ ប៉ុន្តែតាមរយៈកិច្ចសម្ភាសន៍ជាមួយ ខេមបូចា ពលរដ្ឋជាច្រើននាក់បានអះអាងថា ពិតជាមានទឹកស្អុយលិចផ្លូវ និងផ្ទះពួកគេរាប់ខែតាំងពីខែមេសា កំឡុងចូលឆ្នាំមកម្ល៉េះ។
លោកចៅសង្កាត់ថា៖ «ហ្អេ៎!មានរាប់ខែឯណា អ្នកណាអ្នកនិយាយ? និយាយរាប់ខែអ៊ីចឹងពូមិនអាចនិយាយបានទេ ក្មួយឯងចុះមកមើលវិញ មកជិតពូតែម្ដងមក ពូដឹកដៃមកមើលជាមួយគ្នាក្មួយ ពូទើបតែស្តារហើយទេ នៅហ្នឹងស្ដារហូត»។
សម្រាប់គម្រោងកែប្រព័ន្ធលូថ្មីឡើងវិញ លោកចៅសង្កាត់បញ្ជាក់ថា មានប្រវែង៣៣១ម៉ែត្រ និងចាក់បេតុងប្រវែង៣៣១ម៉ែត្រ ដោយខ្ទង់ចំណាយអស់ជិត៣ម៉ឺន៤ពាន់ដុល្លារ។
ជុំវិញបញ្ហានេះ លោកម៉េត មាសភក្ដី មិនអាចសុំការបកស្រាយបានឡើយ ដោយទូរសព្ទចូលហើយ ប៉ុន្តែចុចបិទ។
យោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការសង្គមស៊ីវិលចំនួន៤ កាលពីខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាពលរដ្ឋជាងមួយលាននាក់នៅទូទាំងរាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងហានិភ័យនៃទឹកជំនន់កើនឡើង ហើយជាងមួយពាន់គ្រួសារទៀតប្រឈមមុខនឹងការបណ្តេញចេញ បាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង។
លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត បានឱ្យដឹងថា ការលុបបឹងធម្មជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយមិនបានថ្លែងថ្លែងពីផលប៉ះពាល់ ជាចំណែកមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ រងការជន់លិចផ្ទះសម្បែង និងប៉ះពាល់ដល់ជីវភាពរស់នៅ។
លោក សារ៉ន ថ្លែងថា៖ «កត្តាទីមួយហ្នឹងគឺប្រព័ន្ធបង្ហូរទឹកហ្នឹងវាអត់ល្អ ហើយទីពីរ អាងស្តុកទឹកសំខាន់ៗត្រូវបានលុប ដូចជាបឹងទំពុន និងជើងឯក។ មួយទៀតហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍក្នុងទីក្រុង ការស្ដាធ្វើផ្លូវឡើងវិញវាប៉ះពាល់ទៅដល់លំហូរនៃទឹកផងដែរ»។
លោកបន្ថែមថា ដើមចមនៃបញ្ហានេះ ក៏ដោយសារតែការគ្រប់គ្រងផ្នែកនគររូបនីយកម្មនៅទៅក្រុងមិនទាន់បានល្អ ខណៈកំណើននៃប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ ដូច្នេះ ផែនការមេដែលសាលារាជធានីភ្នំពេញរៀបចំ គួរធានាឱ្យបាននូវសុខមាលភាពដល់ប្រជាពលរដ្ឋ និងគូរបើកឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដើម្បីដាក់ធាតុចូលអំពីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ។
លោក សារ៉ន បន្ថែមថា៖ «សូម្បីតែអង្គការធាងត្នោតយើង យើងអត់អាចទទួលបានការចូលរួមផងហ្នឹង អ៊ីចឹង ប្រជាសហគមន៍ទូទៅក៏មិនបានចូលរួម និងដឹងពីចំណុចហ្នឹងដែរ ចឹងជារួមផែនការនៃការអភិវឌ្ឍនានា គួរតែត្រូវបានលើកកម្ពស់ឱ្យបានទូលំទូលាយ»។
តាមរបាយការណ៍ដដែល បានបង្ហាញថា បឹងទំពុននិងបឹងជើងឯក មានផ្ទៃសរុបចំនួន១៥០០ហិកតា ក៏ប៉ុន្តែបឹងនេះត្រូវបានផ្ដល់សិទ្ធិទៅឱ្យក្រុមហ៊ុន ING Holdings (ក្រុមហ៊ុន អាយ អិន ជី) ដែលមានទំនាក់ទំនងនឹងឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដើម្បីធ្វើការអភិវឌ្ឍ ក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៣ កំពុងលេចចេញជារូបរាងនៅក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុននេះដែរ គឺផ្សារ AEON Mall គម្រោង Chip Mong Land ខុនដូរ Urban Village គម្រោងបុរី ប៉េង ហូត និងអ័រគីដេ វីឡាជាដើម។
យ៉ាងណាមិញ ប្រភពដដែល បង្ហាញថា បឹងទាំងនេះមានសមត្ថភាពបម្រើសេវាសាធារណៈសំខាន់ៗចំនួនពីរទីមួយ កាត់បន្ថយទឹកជំនន់ពីរាជធានីភ្នំពេញដោយការស្តុកទុកទឹកភ្លៀងទាំងអស់នៅក្នុងទីក្រុង និងមួយផ្នែកទៀត ចម្រុះទឹកស្អុយពីទីក្រុង មុនពេលវាហូរទៅទន្លេបាសាក់៕