ប្រជាពលរដ្ឋជាង៥០០គ្រួរសារដែលកំពុងប្រឈមខ្លាំងនឹងជំនន់ទឹកភ្លៀងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព នៅក្នុងខេត្តពោធិ៍សាត់ ហើយប៉ះពាលដីស្រែចម្ការរាប់ពាន់ហិកតាផងដែរ ខណៈជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់បានស្រកចុះបណ្តើរៗ ប៉ុន្តែទឹកកំពុងបែកវាល។ យោងតាមមន្ត្រីមូលដ្ឋាន និងក្រសួងព័ត៌មាន។
តាមតុល្យការថ្មីត្រឹមព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ក្រុងស្រុកចំនួនប្រាំបានរងផលប៉ះពាល់ពោលគឺបានកើនមួយស្រុកថែមទៀតបើធៀបនឹងម្សិលមិញ ខណៈប្រជាជនជាង៥៤០គ្រួសារត្រូវបានជម្លៀសទៅទីសុវត្ថិភាព។ តាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ខេត្តពោធិ៍សាត់ត្រូវបានវាយលុកដោយជំនន់ទឹកភ្លៀងចាប់តាំងពីដើមសប្ដាហ៍នេះ។ គិតចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ (គិតត្រឹមម៉ោង៥៖៥០នាទីល្ងាច)ខេត្តពោធិ៍សាត់មានធ្លាក់ភ្លៀងខ្លាំងបង្កជាជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ ដូចជា ប្រាំក្រុង/ស្រុក ស្មើនឹង២១ ឃុំ (កើនមួយស្រុក)ក្នុងនេះមាន ៖ក្រុងពោធិសាត់ ស្រុកកណ្ដៀង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងស្រុកតាលោកសែនជ័យ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៣ ៦០៨គ្រួសារ ផ្ទះប៉ះពាល់ចំនួន៤ ២០០ ខ្នង (កើន ៣ ៥១៣ខ្នងផ្ទះ)។ ប្រជាជនចំនួន៥៤៥គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។លើសពីនេះបានប៉ះពាល់ស្រូវចំនួន ៣៣៣ ៨៨៥ហិកតា (កើន ៣៣១៥៧៤ហិកតា)។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងលើហ្វេសប៊ុកផេករបស់លោកនៅយប់ថ្ងៃទី២២ ខែវិច្ឆិកាថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ បានស្រកចុះច្រើនបន្តិចតិចហើយ ពោលគឺទឹកកំពុងតែបែកវាល។ អាជ្ញាធរខេត្តបាននិងកំពុងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ព្រមទាំងកំណត់គោលដៅផលប៉ះពាល់នៃជំនន់ទឹកភ្លៀងផងដែរ។
លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់មានប្រសាស៍នៅថ្ងៃទី២១ ខែវិចិ្ឆកាថា ខេត្តពោធិ៍សាត់បានទទួលរងនូវគ្រោះទឹកជំនន់ទឹកភ្លៀងដែលបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងនិងស្រុកចំនួន៥ ក្នុងនោះមាន ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកតាលោសែនជ័យ និងស្រុកកណ្ដៀង ដែលក្នុងនោះស្មើនឹង២១ឃុំ/សង្កាត់ និងស្មើរ១១៩ភូមិ។

លោក លឹម សុខតូ មានប្រសាស៍ថា៖ «យោងទោតាមតួលេខគិតត្រឹមថ្ងៃតី២១នេះក្នុងនោះបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦៣០៨ និងបានជម្លៀសបាន៥៤៥នាក់ ដែលស្មើនឹង៤៣២គ្រួសារហើយការជម្លៀសនេះ គឺទាក់ទង់តែប្រជាជននៅស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ប៉ុណ្ណោះ»។
លោកបានបន្តថា ទឹកមានការស្រកជាបណ្តើរៗហើយ ប៉ុន្តែក៏នៅតែមានការរាយប៉ាយទៅក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងហើយគាត់នឹងពិនិត្យទៅលើរឿងនេះបន្ថែមទៀត។
លោកបានបញ្ជាក់ថា តួលេខបឋមចំនួនដីស្រែចម្ការដែលបានខូចខាតមាន ភ្នំក្រវាញប៉ះពាល់ស្រូវចំនួន៥៥ហិកតា និង៥ហិកតាទៀតខូចខាត់ទាំងស្រុង រួមទាំងដំណាំ១៧៥ហិកតា ចំពោះក្រុងពោធិ៍សាត់ប៉ះពាល់ស្រូវ២៧២ហិកតា ចំណែកស្រុកកណ្ដៀងប៉ះពាល់ស្រូវ៨២៥ហិកតាហើយចំពោះតួលេខនេះនៅតែមានបន្តទៀតដោយសារតែទឹកនៅតែរាយប៉ាយ។
លោកបានបន្ថែមថា អភិបាលខេត្តរួមទាំងកងកម្លាំងក៏បានខិតខំចុះទៅទប់ទឹក ចុះដល់ផ្ទះប្រជាពលរដ្ឋ និងបានផ្ដល់ជាស្បៀងដូចជា :អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ។ ហើយអភិបាលក៏បានធ្វើ លិខិតឡើងទៅលើ ដើម្បីស្នើទៅកាន់ថ្នាក់ជាតិ ដើម្បីរៀបផែនការស្ដារឡើងវិញ។
បើយោងទៅតាម លោក អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា៖ «អាជ្ញាធរបានធ្វើការអន្តរាគមន៍ និងធ្វើបាវខ្សាច់ ដើម្បីទប់ទឹករួមទាំងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីសុវត្ថភាព និងធ្វើការអន្តរាគមន៍លើរឿងនេះបន្ថែមទៀត»។
បើតាមរបាយការណ៍ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា គិតត្រឹមនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុងស្រុក ចំនួន០៥ (ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ), ឃុំសង្កាត់ ចំនួន២១ ស្មើនឹង១១៩ភូមិ, ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ, ជម្លៀសប្រជាពលរដ្ឋបាន ចំនួន៥៤៥នាក់ ស្មើនឹង៤៣២គ្រួសារ ក្នុងនោះយើងបានត្រៀមទីទួលសុវត្ថិភាព ចំនួន១៦កន្លែង។
សម្រាប់ប៉ះពាល់ដល់ដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា (ការខូចខាតមិនទាន់កំណត់បាន), ប៉ះពាល់ដល់ផ្ទះ ចំនួន៤២០០ ខ្នង, ប៉ះពាល់ដល់សត្វពាហនៈ ចំនួន៣៦២ក្បាល, ប៉ះពាល់ផ្លូវប្រវែង៨៤,៩៦៦ម៉ែត្រ, ខូចខាតស្ពានឈើ និងបានជួសជុលចំនួន៣កន្លែង។
អ្នកស្រី ហ៊ុល សាវដា ដែលជាប្រជាពលរដ្ឋនៅភូមិមាន់ចែ សង្កាត់ព្រៃញី បានប្រាប់ សារព័ត៌មានខេមបូចា ថា ទឹកបានលិចក្នុងផ្ទះត្រឹមកន្លះម៉ែត្រ ហើយក៏ស្រកវិញអស់ហើយមកដល់ពេលនេះ។
អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនមានការខូចខាតអ្វីធំដុំដែរ ប៉ុន្តែអ្នកស្រីគ្រាន់តែមានការព្រួយបារម្ភចំពោះរឿងនេះទៅថ្ងៃមុខដោយសារតែមកដល់ខែ១១ហើយនៅតែមានការបន្តភ្លៀងធ្លាក់ទៀត៕










