រមណីយដ្ឋានផ្ដល់នូវការកម្សាន្តបែបចម្រុះមួយឈ្មោះថា «បឹងអង្គរដ៏អច្ឆរិយ» (Angkor Lake of Wonder) ដែលវិនិយោគដោយក្រុមហ៊ុន NagaCorp ក្នុងទឹកប្រាក់៣៥០លានដុល្លារ នៅជិតតំបន់ឧទ្យានអង្គរ ត្រូវបានភ្នាក់ងារអង្គការសហប្រជាជាតិថា «អាចធ្វើឲ្យប៉ះពាល់ដល់តម្លៃជាសកល» នៃទីក្រុងបុរាណ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមួយនេះ ។
ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅទីក្រុងហុងកុង និងបានធ្វើប្រតិបត្តិការ NagaWorld ក្នុងទីក្រុងភ្នំពេញមួយនេះ បានទទួលសិទ្ធិជួលដីរយៈពេល៥០ឆ្នាំ នៅចម្ងាយប្រហែល៥០០ម៉ែត្រពីតំបន់ឧទ្យានអង្គរ ក្នុងទំហំដី៤០០គីឡូម៉ែត្រការ៉េ។ តំបន់ឧទ្យានអង្គរត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២។
អង្គការយូណេស្កូ( Unesco) បានបង្ហាញក្ដីបារម្ភលើគម្រោងអភិវឌ្ឍន៍ ដែលរួមបញ្ចូលសួនទឹកខ្នាតធំ សួនកម្សាន្ត ឆាយណាថោន (Chinatown) និងសណ្ឋាគារចំនួនពីរ។ សេចក្ដីថ្លែងការនេះបានចេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានកិច្ចប្រជុំជាមួយគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ កាលពីចុង ខែមករា កន្លងទៅ។
ក្នុងសេចក្ដីថ្លែងការសរសេរថា៖ «ភាពនៅក្បែរគ្នានៃគម្រោង ទៅនឹងតំបន់ទ្រនាប់ការពារនៃឧទ្យានអង្គរ ក៏ដូចជាវិសាលភាព និងគំនិតនៃផែនការសកម្មភាពផ្សេងៗ អាចនឹងមានផលប៉ះពាល់ដល់តម្លៃសកលរបស់ឧទ្យានអង្គរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមទាំងការបង្កើត បរិស្ថាន ទេសភាពជុំវិញ បុរាណវត្ថុវិទ្យា ដែលអ្វីទាំងអស់នេះ ជាផ្នែកដ៏មានតម្លៃរបស់សម្បត្តិបេតិកភណ្ឌពិភពលោក»។
អង្គការយូណេស្កូ លើកឡើងដែរថាខ្លួនបានទទួលបណ្ដឹងជាច្រើនពីភាគីទីបី បង្ហាញពីកង្វល់របស់ពួកគេ និងថាមិនមានឱកាសបានជជែកជាមួយរដ្ឋាភិបាលនោះទេ។
សេចក្ដីថ្លែងការសរសេរបន្តថា៖ «រាល់គម្រោងណាមួយទាក់ទងនឹងតំបន់អង្គរនឹងត្រូវពិនិត្យដោយគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៤នៅខែមិថុនា និងខែកក្កដា ឆ្នាំ២០២១»។
របងបានហ៊ុំព័ទ្ធដីគម្រោងរបស់ NagaCorp ប៉ុន្តែវាស្ថិតនៅក្នុង «ការពិភាក្សា» នៅឡើយនោះទេ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល។ លោកថា គម្រោងនេះ ជាគម្រោងមួយនឹងជួយលើកកម្ពស់ NagaWorld នៅភ្នំពេញ និងរមណីយដ្ឋានអង្គរ ឲ្យក្លាយជា«តំបន់ទេសចរណ៍ភ្លោះ»។
លោក ឡុង កុសល មានប្រសាសន៍ថា៖ «អាជ្ញាធរជាតិអប្សរា បានបង្ហាញជំហរក្នុងការថែរក្សា ធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់លើតម្លៃជាសកលរបស់រមណីយដ្ឋានអង្គរ»។ ហើយលោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍របស់ NagaCorp គឺនៅក្រៅតំបន់បេតិកភណ្ឌ។
លោកបន្ថែមថាអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារតំបន់បេតិកភណ្ឌ។
លោក រស់ ភារុន អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការអភិវឌ្ឍតែងមានរងនូវការរិះគន់ និងសង្ស័យបែបនេះ តែថានេះទំនងមកពីមានការយល់ច្រឡំថាមានការបង្កើតកាស៊ីណូក្នុងគម្រោងអភិវឌ្ឍន៍នោះដែរ។
លោក បន្ថែមថា៖ «វាមិនជាប់ពាក់ព័ន្ធនឹងល្បែងទេ។ គ្មានច្បាប់អនុញ្ញាតឲ្យបើកកាស៊ីណូនៅតំបន់អង្គរទេ»។
លោកថា លោកគ្មានជំនាញ ដើម្បីធ្វើអត្ថាធិប្បាយលើការសាងសងគម្រោងនេះ ថាវាអាចបង្កជាបញ្ហា ដូចអ្វីដែលខាងអង្គការយូណេស្កូលើកនោះទេ។
NagaCorp មានសិទ្ធិផ្ដាច់មុខក្នុងការបើកកាស៊ីណូក្នុងទីក្រុងភ្នំពេញ និងបានបន្តបើកឲ្យដំណើរការអាជីវកម្មជាប្រក្រតីផងដែរ ខណៈពេលដែលអាជីវកម្មជាច្រើនផ្សេងទៀតបានតម្រូវឲ្យបិទ ក្នុងវិបត្តកូវីដ១៩ កន្លងមក។
លោក ភារុន បានបន្ថែមថា ប្រាក់ពន្ធបានពីកាស៊ីណូបានធ្លាក់ចុះ២៥ភាគរយក្នុងឆ្នាំ២០២០ ដោយប្រមូលបានប្រាក់៣៨លានដុល្លារ នៅឆមាសទី១។
អង្គការយូណេស្កូ បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គរជាតំបន់បុរាណស្ថានសំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ អង្គរជាតំបន់ប្រជុំដោយទីក្រុងជាច្រើនរបស់អាណាចក្រខ្មែរ ចន្លោះពីសតវត្សរ៍ទី៩ ដល់ទៅ១៥។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃយ៉ាងណានោះទេ ដរាបណាលោកបានឃើញថាតើការសាងសង់មានរចនាប័ទ្មទំនើប ឬបុរាណជាមុនសិន។
លោកបន្ថែមថា៖ «ខ្ញុំមិនទាន់អាចនិយាយថាម៉េចបាននៅឡើយ ការបារម្ភរបស់យូណេស្កូ ត្រឹមត្រូវ តែអ្វីដែលសំខាន់គឺរចនាប័ទ្មសាងសង់…ដូចនេះយើងត្រូវចាំមើលកាពិតសិន ពេលយើងបានឃើញប្លង់មេ»។
សម្រាប់លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើឡើងថា វាដូចជាមិនសូវសមហេតុផល ដែលប្រជាពលរដ្ឋរស់នៅឆ្ងាយពីតំបន់អង្គរមិនត្រូវបានអនុញ្ញាតឲ្យពង្រីកផ្ទះ ឬជួសជុលផ្ទះ តែបែរជាឲ្យមានគម្រោងធំបែបនេះមាននៅក្រៅតំបន់អង្គរ។
លោកបន្ថែមថា៖ «អាជ្ញាធរអប្បរាតែងតែហាមឃាត់ពលរដ្ឋក្នុងតំបន់ដែលចង់សង់ផ្ទះ ឬទ្រុងមាន់ ទ្រង់ទា ឬទ្រុងជ្រូក ដោយហេតុផលថាជាតំបន់បេតិកភណ្ឌពិភពលោក។ គម្រោងក្រុមហ៊ុន NagaCorp គឺជាគម្រោងសំណង់រឹង។ វានឹងប៉ះពាល់លក្ខខណ្ឌរបស់ទីតាំងបេតិកភ័ណ្ឌពិភពលោក»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaCorp resort development could degrade Angkor, Unesco warns