UPDATES:
ម៉ោង ៥:៥៥ ល្ងាច៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែធ្នូនេះថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមថ្កោលទោសកងកម្លាំងថៃ ចំពោះការបាញ់រ៉ុកកែត ដែលបានបំផ្លាញអគារការិយាល័យបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
ម៉ោង ៥:៤៥ ល្ងាច៖ នៅវេលាម៉ោង ៣:៥៤ រសៀល ថ្ងៃទី១១ ខែធ្នូ យោធាថៃបានបង្កើនការដាក់ពង្រាយយន្តហោះចម្បាំង F-16 ដែលបានទម្លាក់គ្រាប់បែកចំនួនបីគ្រាប់នៅក្នុងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់។
ម៉ោង ៥:១៥ ល្ងាច៖ ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹម១២:០០ថ្ងៃត្រង់ ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៥នេះ ជនភៀសសឹកបានកើនដល់ជាង ៦៥ ០០០គ្រួសារ ស្មើនឹងមនុស្សជាង២២ម៉ឺននាក់។ប្រជាពលរដ្ឋភៀសសឹកទាំងនោះមកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង បានទៅស្នាក់ក្នុងទីកន្លែងសុវត្ថិភាពក្នុងខេត្តចំនួនប្រាំពីរ។
ម៉ោង ៤:៥៥ រសៀល៖ កងកម្លាំងថៃបានបាញ់ប្រហារយ៉ាងខ្លាំងទៅលើតំបន់អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ និងបណ្តាលឱ្យស្ថានីយប្រេងឥន្ធនៈ PTT មួយកន្លែងឆេះ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីព្រំដែន នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ម៉ោង ៤:២០ រសៀល៖ ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២:០០នាទី ថ្ងៃទី១១ ខែធ្នូ នេះ មានពលរដ្ឋខ្មែរស្លាប់សរុបចំនួន១១នាក់ និងរងរបួសចំនួន៧៤នាក់។ខេត្តបន្ទាយមានជ័យ មានពលរដ្ឋស្លាប់ចំនួន១នាក់ និងរងរបួសស្រាលចំនួន១៤នាក់។
ម៉ោង ៣:៥០ រសៀល៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា យោធាថៃមិនត្រឹមតែបានបាញ់កាំភ្លើងធុនធ្ងន់ចូលភូមិអ្នកស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបាញ់ផ្លោងចូលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះផងដែរ។
លោកបានបន្ថែមថា យោធាថៃបានយកទីតាំងជនស៊ីវិលជាមុខសញ្ញានៃការវាយប្រហាររបស់ខ្លួន ហើយការបាញ់ប្រហារនេះបានបង្កការស្លាប់ជនស៊ីវិលចំនួន ១០នាក់ និងរបួស៦០នាក់។
ម៉ោង ១១:០០ ព្រឹក៖ ក្រសួងការពារជាតិបានឱ្យដឹងថាភាពតានតឹងនៅតែបន្តកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥។
- ម៉ោង ៤:៤០ ព្រឹក៖ យោធាថៃបានបាញ់កាំភ្លើងធំចូលតំបន់ប្រាសាទខ្នារ។
- ម៉ោង ០៤:៥០ ព្រឹក៖ យោធាថៃបានបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូន។
- ម៉ោង ៥:០០ព្រឹក៖ យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារដោយប្រើរថក្រោះនិងកាំភ្លើងធំ យ៉ាងច្រើន ចូលទីតាំងថ្មដូន។
- ម៉ោង ៥:២០ ព្រឹក៖ យោធាថៃបានចាប់ផ្តើមបាញ់ប្រហារមកលើកម្ពុជានៅតំបន់តាស៊ឹម។
- ម៉ោង ៦:១៦ ព្រឹក៖ យោធាថៃបានបាញ់កាំភ្លើងធំមកលើកម្ពុជាចូលតំបន់អូរស្មាច់។
- ម៉ោង ៦:៣៥ ព្រឹក៖ យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជាចូលប្រាសាទតាក្របី។
- ម៉ោង ៧:៥២ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលទៅក្នុងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ជាកន្លែងដែលជនស៊ីវិលរស់នៅ។
- ម៉ោង ១០:០៦ ព្រឹក ៖ យោធាថៃបានបើកការវាយប្រហារមុនលើទីតាំងមួយកន្លែងរបស់កម្ពុជា ក្នុងតំបន់អូរភ្លុកដំរី នាខេត្តពោធិ៍សាត់។
ម៉ោង ៩:១០ ព្រឹក៖ កងកម្លាំងយោធាថៃបានបាញ់ប្រហារមកលើទឹកដីកម្ពុជានៅក្នុងតំបន់យោធភូមិភាគទី៥ រួមទាំងតំបន់ស៊ីវិលផងដែរ ដូចជាភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥។
ក្រសួងការពារជាតិ បានឱ្យដឹងថា យោធាថៃបានបន្តបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជាក្នុងខេត្តឧត្តរមានជ័យ ដោយបានបាញ់ផ្លោងចូលក្នុងតំបន់ប្រាសាទខ្នារចាប់ពីម៉ោងប្រហែល ៤:៤០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ។
បើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១០ ខែធ្នូ ចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិតបានកើនដល់ ១០នាក់ ហើយពលរដ្ឋផ្សេងទៀតប្រហែល ៦០នាក់បានរងរបួសដែលភាគច្រើនស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ក្រសួងបានបន្ថែមថា ការប៉ះទង្គិចគ្នាឡើងវិញរវាងកម្ពុជានិងថៃ បានធ្វើឱ្យចំនួនសរុបនៃប្រជាជនដែលភៀសសឹកបានកើនឡើងដល់ជាង ៥៧ ០០០គ្រួសារ ឬប្រហែល ១៩០ ០០០នាក់។
ប្រជាជនភៀសសឹកមកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង បានទៅស្នាក់ក្នុងទីកន្លែងសុវត្ថិភាពនៅខេត្តចំនួនប្រាំពីរ។
មកទល់ពេលនេះចំនួនយោធាកម្ពុជាដែលបានពលី និងរបួសនៅមិនទាន់ត្រូវបានបង្ហាញដោយក្រសួងការពារជាតិនៅឡើយទេ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនចំនួន៨៨៣នៅក្នុងខេត្តចំនួន ៦ត្រូវបានបិទកាលពីម្សិលមិញ ដែលប៉ះពាល់ដល់គ្រូបង្រៀនចំនួន ៧ ២៧៨នាក់ និងសិស្សានុសិស្សចំនួន ២០៨ ៩៥៩នាក់។ សាលារៀនមួយចំនួននៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ត្រូវបានបិទទ្វារផងដែរ។
អង្គការយូណេស្កូបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារ ជាពិសេសនៅជុំវិញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបានជំរុញឱ្យមានវិធានការជាបន្ទាន់ដើម្បីការពារបេតិកភណ្ឌវប្បធម៌តំបន់មួយនេះគ្រប់រូបភាពទាំងអស់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១០ ខែធ្នូ ក៏បានថ្កោលទោសការបាញ់ប្រហារលើប្រាសាទក្នុងទឹកដីកម្ពុជាដែលប្រាសាទទាំងនោះត្រូវបានវាយប្រហារដោយកាំភ្លើងធំរបស់ថៃ។ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារដោយយោធាថៃបានធ្វើឱ្យខូចខាតផ្នែកខ្លះនៃប្រាសាទ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្ស និងជួសជុលរបស់កម្ពុជា និងឥណ្ឌា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផង៕
កត់ចំណាំ៖ ខេមបូចានឹងបន្តធ្វើបច្ចុប្បន្នភាពសម្រាប់ព័ត៌មានបន្ថែម។









