សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»

លោក អ៊ុត ជឿន (ស្ដាំ) សមាជិកគណបក្សឆន្ទៈខ្មែរ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាស្រុកមោងប្ញស្សី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មុនពេលលោកត្រូវបានតុលាការខេត្តបាត់ដំបងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពីបទរួមគំនិតក្បត់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
លោក អ៊ុត ជឿន (ស្ដាំ) សមាជិកគណបក្សឆន្ទៈខ្មែរ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាស្រុកមោងប្ញស្សី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មុនពេលលោកត្រូវបានតុលាការខេត្តបាត់ដំបងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពីបទរួមគំនិតក្បត់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកមោង​ប្ញស្សីដែលទើបជាប់ឆ្នោតថ្មីមកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ​ប្រាំពីរឆ្នាំពីបទ«រួមគំនិតក្បត់» ដែលជាប់​ពាក់ព័ន្ធនឹងដំណើរ​វិលត្រឡប់មិន​បាន​សម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំ​គណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រៅ​​ពី​ការ​ផ្តន្ទា​​ទោស​លោក អ៊ុត ជឿន ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​៧​ឆ្នាំ​ សាលាដំ​​បូង​​ខេត្ត​បាត់ដំបង ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ផង​ដែរ នេះ​បើ​តាម​ការ​អះអាង​របស់​​​អ្នកស្រី សេង រ័ត្នមុនី ភរិយា​របស់​​លោក អ៊ុត ជឿន ដែលអ្នក​ស្រី​​បាន​ចូលរួម​​ស្តាប់​ការ​ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នកស្រី រ័ត្នមុនី បាន​និយាយ​ថា៖​ «នេះ​គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្ដីរបស់​​ខ្ញុំ ​ព្រោះ​គាត់​​មិន​ដែល​មាន​ចេតនា​ទុច្ចរិត​ចំពោះ​រដ្ឋាភិបាល​ទេ»។ អ្នកស្រី​បាន​បន្ត​​ថា៖​ «ក្រោយ​​​ការ​រំលាយ​ [​គណបក្ស​សង្គ្រោះ​ជាតិ​] គាត់​បាន​ក្លាយ​ជា​អ្នក​រត់​តាក់ស៊ី ប៉ុន្តែ​គេ​ [​តុលាការ​] ចោទប្រកាន់​គាត់​ថា បាន​ប្រព្រឹត្ត​​បទ​ល្មើស​​»

អ្នកស្រីបាននិយាយ​ថា ប្តី​របស់​អ្នកស្រី​ទើប​តែ​ត្រូវ​បាន​ប្រកាស​ចូលកាន់​​តំណែង​ជា​​​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ ​ក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មោងឫស្សី ទី​ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​អាសនៈ​ច្រើន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹ​ក្សា​ខេត្ត ក្រុង ​ស្រុក ខណ្ឌ​ ​នាពេល​ថ្មីៗ​នេះ។

ថ្លែងប្រាប់ ខេមបូចា តាមទូរស័ព្ទ លោក អ៊ុត ជឿន បានឱ្យដឹងថា លោកបានទទួ​ល​​ព័ត៌មានអំពីសាលក្រមនេះ ហើយនឹងស្នើឲ្យមេធាវីរបស់លោកប្តឹងឧទ្ធរណ៍ប្រ​ឆាំងនឹងសេចក្តី​សម្រេចនេះ ដោយលោកអះអាងថា លោក«មិនដែលកៀរគរ​សមាជិកទេ»

លោក អ៊ុត ជឿន បន្ថែមថា៖ «ខ្ញុំ​គិត​ថា ​វា​អយុត្តិធម៌ ​ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុសទេ​។ ខ្ញុំ​នៅ​តែ​ផ្ទះ ហើយ​រកស៊ី​​ដូច​ធម្មតា។ បាទ! គេ​បាន​ប្រកាស​ខ្ញុំ​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ជា​ផ្លូវ​ការ ហើយ​ថ្ងៃ​នេះ [ថ្ងៃ​ព្រហស្បតិ៍] គេ​បាន​ផ្តន្ទា​ទោស​ខ្ញុំ»

លោក សំ វង្សតារា ប្រធានគណបក្សភ្លើងទៀន ខេត្តបាត់ដំបង ដែលបានចូលរួមស​វ​នា​ការកាលពីខែឧសភាឆ្នាំនេះ បានមាន​ប្រសាសន៍​ថា តុលាការបានចោទប្រ​កាន់​​​លោក អ៊ុត ជឿន ពីបទរួមគំនិតក្បត់​ ដែល​តាម​ចោទ​ថា បាន​កៀរគរ​អ្នកគាំទ្រ​​គណបក្ស ដើម្បីទៅ​ទទួល​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ​ទោះបីជា​យ៉ាង​​ណា​ លោក សម រង្ស៊ី មិនបានវិល​ត្រឡប់ដូចការគ្រោងទុកនោះទេ។

លោក​បានថ្លែង​​ថា៖​ «វា​ជា​សេចក្តី​​សម្រេច​របស់​តុលាការ ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អត្ថាធិ​ប្បាយ​ទេ​»។  ដោយលោក​បន្ថែម​ថា ​ពួកគាត់​ដឹង​ច្បាស់​ថា ​​គេអាច​កាត់​ទោសពួកគាត់​តាម​​របៀបណា​។ «យើង​​សោកស្ដាយ​ដែល​យើង​នឹង​បាត់បង់​តំណាងម្នាក់​របស់​​អ្នក​ភូមិ»

លោក អ៊ិន គង់ជិត​ អ្នកគ្រប់គ្រងប្រចាំតំបន់​នៃ​អង្គការ​​លីកាដូ ​ដែលមានការិយាល័យនៅខេត្តបន្ទាយមានជ័យ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​សមាជិក​គណបក្ស​ប្រឆាំង​នៅ​តែ​រង​បណ្តឹង​និង​ការ​កាត់​ទោស ​ខណៈ​​ព្យាយាម​ធ្វើ​សកម្មភាព​របស់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​គឺ​ជា​ការ​កាត់​ទោស [សមាជិក​គណបក្ស​ប្រឆាំង] ដែល​ជា​ការ​គំរាម​បំបាក់​ស្មារតី​របស់​គាត់»

លោក គង់ជិត​ ដែលបានចូលរួមសវនាការលើ​សំណុំរឿង​របស់​លោក អ៊ុត ជឿន កាល​​​ពី​ខែ​ឧ​ស​ភា បានរំលឹកថា លោក ជឿន បានប្រាប់តុលាការថាលោកបានផ្តល់​បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដោយនិយាយថា លោកគ្រោងនឹងស្វាគមន៍លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែថា លោកត្រូវ​បានគេ​​ឃុំ​ខ្លួន​ក្នុងពន្ធនា​គារ​រួច​ទៅហើយ​នៅពេលនោះ។

លោក គង់ជិត មាន​ប្រសាសន៍​ថា លោក ជឿន ត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ ២០​១៩ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅថ្ងៃទី១៤ ខែវិច្ឆិកា នៅ​​ឆ្នាំដដែល​នោះ បន្ទាប់ពីមាន​ការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមន្ត្រីតុលាការដោះ​លែង​​មេដឹកនាំគណបក្សប្រឆាំង ​ដែលត្រូវបានចោទប្រកាន់ពាក់​ព័ន្ធនឹងលោក សម រង្ស៊ី នៅ​ក្រៅឃុំបណ្តោះ​អាសន្ន​។

កាល​ពី​ខែ​មុន សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរប្រចាំ​​ខេត្ត​បាត់ដំបង លោក ភូ សុវណ្ណថា ដែល​ត្រូវ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់។

លោក ឌួង សារ៉ន​ ព្រះរាជអាជ្ញារងអយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់​ដំបង​ បានបដិ​​សេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរ​ទៅលោកស្រី​ ជា ច័ន្ទរស្មី អ្នក​នាំពាក្យសាលាដំបូង​ខេត្ត​បាត់​ដំបង​ ប៉ុន្តែលោក​ស្រី​មិនអាចឆ្លើយ​សំណួរ​បានទេ ដោយសារលោក​ស្រី​ជាប់រវល់ប្រជុំ។

លោក គីមសួរ ភី​រិទ្ធ អ្នក​នាំពាក្យ​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បង្វែរ​សំណួរ​ទៅ​លោក គង់ ម៉ូនីកា អគ្គលេខាធិការ​គណបក្ស​​។ លោក​ គង់ ម៉ូនីកា មិន​អាច​ទាក់​ទង​សុំ​ការ​​អត្ថាធិប្បាយ​បាន​ទេ។ ចំណែកលោក អ៊ឹម ផាន់ណា ​ជា​មេធាវី​ការពារ​ក៏​មិន​អាច​​សុំ​ការ​អធិប្បាយ​បាន​ដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Newly-Elected Mong Russei District Councilor To Serve Seven Years In Prison On “Plotting” Charges

811 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម