វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង បានឆ្លងរាលដាលចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក្រោយរកឃើញជាលើកដំបូងក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ការកើនឡើងនេះត្រូវបានសង្កេតឃើញថាចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ អត្រានៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្ថិតក្នុងតួលេខចំនួន៣ខ្ទង់ជារៀងរាល់ថ្ងៃ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែកុម្ភៈនេះ វីរុសអូមីក្រុងដែលឆ្លងរាលដាលក្នុងសហគមន៍ត្រូវបានរកឃើញមានចំនួន ៣ ២៤៦ករណី បន្ទាប់ពីរកឃើញអូមីក្រុងដំបូងក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុបចំនួន ១២៤ ៣៤៣ករណី និងស្លាប់សរុបចំនួន៣០១៥ករណី ខណៈការជាសះស្បើយចំនួន ១១៩ ៣៥៣ករណី។
ក្រោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសបើកប្រទេសឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ អត្រានៃការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាបានធ្លាក់ចុះទាបបំផុតត្រឹមខ្ទង់រាយ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ ខណៈអូមីក្រុងបានរកឃើញលើកដំបូងលើស្រ្តីខ្មែរម្នាក់អាយុ២៣ឆ្នាំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានធ្វើដំណើរចេញពីតំបន់អាហ្រ្វិកខាងលិច។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា អាជ្ញាធរបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រឺមេរោគអូមីក្រុងនេះ ដូច្នេះសូមឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា។
អ្នកស្រីមានប្រសាសន៍ថា «អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ»។
លោកស្រី វណ្ណឌីន បានបន្តថា ករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង រឺចាក់មិនគ្រប់ដូស។ លោកស្រីថ្លែងថា៖ «ដូច្នេះមិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ»។
លោកស្រីបន្ថែមថា បើមានការសង្ស័យសុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ ឱ្យបានត្រឹមត្រូវ។ ហើយសូមចូលរួមផ្សព្វផ្សាយនូវវិធានការការពារដល់ក្រុមគ្រួសារ និងក្នុងសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា កាលពីម្សិលមិញ គណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំមួយដោយដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
លោក គឹមចេង ឱ្យដឹងទៀតថា ករណីអូមីក្រុងឆ្លងចូលក្នុងសហគមន៍នេះ គឺកើតមានក្នុងរាជធានីភ្នំពេញច្រើនជាងតាមបណ្ដាខេត្តនានា ប៉ុន្តែលោកបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតទាក់ទិននឹងខណ្ឌ សង្កាត់ ដែលមានករណីនេះច្រើនជាងគេ។
លោកមានប្រសាសន៍ថា៖ «ប្រជុំស្នើអនុវត្តវិធានការផ្សេងៗដើម្បីការពារប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ខ្ញុំមិនទាន់ហ៊ានថាម៉េចដែរ ដោយត្រូវមានការឆ្លង[កាត់ថ្នាក់លើ]និងសម្រេច[របស់ថ្នាក់លើ]។
លោក គឹមចេង លើកឡើងថា ទោះបីជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនេះមានលក្ខណៈស្រាលក៏ដោយ ប៉ុន្តែហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយនៅតែកើតមាន។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅកន្លែងយកសំណាកស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ នៅខាងមុខវិហាសាសនាគ្រិស្ទ ប្រជាពលរដ្ឋបាននាំគ្នាទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ទាំងកណ្ដាលថ្ងៃត្រង់ មានទាំងអង្គុយចាំក្នុងរោង ខ្លះឈរតម្រង់ជួរគ្នាទាំងក្ដៅហួតហែងនៅខាងមុខ និងខាងក្រោយច្រកចូលតង់ដែលជាកន្លែងយកសំណាក ហើយភាគច្រើនពួកគេជាមនុស្សស្ថិតក្នុងវ័យកណ្ដាល។
កំពុងអង្គុយរងចាំធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅកន្លែងធ្វើតេស្តមួយតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ លោកម៉ឺន ស៊ាងម៉េង និសិ្សតរៀនឆ្នាំទី១ ផ្នែកច្បាប់នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ថ្លែងថា លោកសម្រេចចិត្តធ្វើតេស្ដនេះ ដើម្បីការពារសុវត្ថិភាពរបស់លោក និងមនុស្សរស់នៅជុំវិញខ្លួន។ លោក ស៊ាងម៉េង បន្តថា ប្អូនប្រុសពីរនាក់បានចេញនូវអាការស្រដៀងនឹងជំងឺកូវីដ-១៩ ទើបលោកសម្រេចនាំគ្នាមកធ្វើតេស្ដរកជំងឺនេះ។
លោក ស៊ាងម៉េង និយាយថា៖ «ដោយសារតែមានប្អូនពីរនាក់ មានអាការសង្ស័យដូចអូមីក្រុង ដូចជាក្អក វិលមុខ ក្ដៅខ្លួនខ្លាំងចឹង ណាមួយនៅជាមួយគ្នាក៏សម្រេចមក។ គាត់ចូលចិត្តដើរលេងច្រើនហើយគាត់មានក្មេងដើរលេងជាមួយគ្នាច្រើន»។
អ្នកស្រី ឆែន ស្រីនាង ម្ចាស់ឪសថស្ថានមួយកន្លែង នៅតាមបណ្ដោយផ្លូវលូប្រាំ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ការលក់ឧបករណ៍ធ្វើតេស្ដរហ័ស មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអ្នកស្រីសង្កេតឃើញថា អតិថិជនម្នាក់បានទិញឧបករណ៍តេស្ដរហ័សនេះ ចំនួន៤ទៅ៥ ខណៈពីមុនមកជាទូទៅត្រឹមតែ១ប៉ុណ្ណោះ។ អ្នកស្រីឱ្យដឹងទៀតថា ចំណែកម៉ាសនិងអាកុលគឺតែងលក់ដាច់ជាប្រចាំ ហើយតម្លៃម៉ាសចំនួន៥០ ត្រឹម៧ពាន់រៀល ខណៈឧបករណ៍តេស្ដរហ័សមួយតម្លៃ៣ដុល្លារ។
អ្នកស្រី និយាយថា៖ «ពីមុនទាល់គាត់(អតិថិជន)មានបញ្ហាបានគាត់តេស្ដមើល ប៉ុន្តែឥលូវនេះអត់ទេ ក្នុងកន្លែងការងារគាត់មានកូវីដ បើទោះបីគាត់អត់មានរោគសញ្ញា តែគាត់ចង់ប្រាកដចិត្ត។ ពីមុនទិញម្ដងមួយតែគាត់ទេ ប៉ុន្តែឥលូវនេះទិញម្ដង៤ទៅ៥តេស្ដសម្រាប់គ្រួសារគាត់ហ្មង»។
អ្នកស្រីបន្តថា៖ «សម្រាប់ខ្ញុំ ហូបវីតាមីនស៊ី(C)ការពារ ពាក់ម៉ាស់ មានកញ្ចក់ត្រឹមត្រូវអត់មានខ្លាចឆ្លងទេ។ គាត់(អតិថិជន) យកលុយមកយើងត្រូវបាញ់អាកុលសម្អាតដៃយើងមួយតង់ទៀត។ ជាទូទៅអ្នកទិញពាក់ម៉ាស ភាគតិចទោះបីគាត់អត់ពាក់ម៉ាស ក៏គាត់នៅគម្លាតឆ្ងាយពីយើងដែរ»។
អ្នកស្រី ឱង សុធី អាយុ៤៣ឆ្នាំ ជាអាជីវករលក់ឥវ៉ានចាប់ហួយទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញពីការព្រួយបារម្ភទាក់ទិននឹងជំងឺកូវីដ-១៩ប្រភេទអូមីក្រុងកំពុងឆ្លងចូលសហគមន៍នេះ ប៉ុន្តែអ្នកស្រីពុំមានជម្រើសអ្វី ក្រៅពីការបន្តលក់ដូរជាធម្មតាឡើយ។
អ្នកស្រី និយាយថា៖ «យើងចេះតែប្រយ័ត្នទៅតែធ្វើម៉េច មានតែការពារ។ មានតែ[មុខរបរ]មួយបានយើងអត់បិទ»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកសម្រេចលុបចោលនូវជំនួបចំនួនពីរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
លោកមានប្រសាសន៍ថា៖ «អ្នកនៅតាមបណ្ដាខេត្ត ត្រលប់មកវិញនាំអូមីក្រុងពីភ្នំពេញមកខេត្តវិញ»។
លោកនាយករដ្ឋមន្រ្តីបានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នា ព្រមទាំងអនុវត្តនូវវិធានការបីកុំនិងបីការពារផងដែរ។ លោកថ្លែងថា៖ «ឆ្លងច្រើនតែវាមិនស្លាប់ ក៏ប៉ុន្តែវាក៏មិនល្អដែរ»។
បើតាមប្រមុខរាជរដ្ឋាភិបាលដដែលឱ្យដឹងថា អ្នកបានចាក់វ៉ាក់សាំងចំនួន១៤លាននាក់ ក្នុងនោះមានត្រឹមតែ៦លាននាក់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសជម្រុញទី៤ ចំនួន៦០ម៉ឺននាក់។
លោក លឹម ហេង ប្រធានក្រុមហ៊ុន លឹម ហេងគ្រុប និងជាអ្នកជំនួញម្នាក់ មានប្រសាសន៍ថា ការកើនឡើងនៃជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនេះ អាចនឹងរងផលប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយលោកក៏បានសង្កេតឃើញដែរថា កន្លែងកំសាន្ត និងអាហារដ្ឋាន ចាប់ផ្ដើមស្ងប់ស្ងាត់វិញ ក្រោយការប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នពីរដ្ឋាភិបាល។
លោកថ្លែងថា៖ «បើការឆ្លងពុំមានអ្នកស្លាប់នេះយើងត្រូវតែរស់ដោយប្រក្រតីភាពតាមគន្លងថ្មី។ អ្វីដែលអាចដោះស្រាយគ្មានអ្វីក្រៅពីវ៉ាក់សាំងទេ»។ លោកបន្ថែមថា៖ «ការបិទខ្ទប់ទាំងក្រុងទាំងខេត្តពុំមែនជាដំណោះស្រាយល្អទេ ដែលប្រទេសយើងចាក់វ៉ាក់សាំងហើយ កាលដំបូងយើងអត់មានវ៉ាក់សាំងមែនអាណុងចាំបាច់ណាស់ ព្រោះមនុស្សស្លាប់ច្រើន»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បង្ហាញជំហមិនគាំទ្រឡើយ ប្រសិនបើអាជ្ញាធរដាក់វិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ប៉ុន្តែលោកផ្ដល់យោបល់ឱ្យរឹតបន្តឹងកន្លែងហាងផឹកស៊ីវិញ។
លោកថ្លែងថា៖ «ការទទួលទានគ្រឿងស្រវឹងគឺជាហានិភ័យខ្ពស់ ក្នុងចំណោមអ្វីផ្សេងទៀត។ ជួបជុំផ្សេងៗគេអាចប្រយ័ត្នបាន កិច្ចប្រជុំអីហ្នឹង»។
កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងមួយដោយព្រមានថាជំងឺកូវីដ-១៩ប្រភេទអូមីក្រុងអាចឆ្លងរាលដាលពេញផ្ទៃប្រទេស បើប្រជាពលរដ្ឋខ្មែរ ពុំអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល។ លោកនាយករដ្ឋមន្ត្រី ក៍បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ ដោយកាត់បន្ថយនូវការជួបជុំគ្នា ដើម្បីកំសាន្តការរៀបអាពាហ៍ពិពាហ៍ ព្រមទាំងពិធីបុណ្យសាសនា ដើម្បីធានាដល់ការរក្សាគម្លាតសុវត្ថិភាព៕