សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋស្នើសុំឱ្យតុលាការខេត្តកោះកុងជួយផ្តល់យុត្តិធម៌ជូនពួកគាត់

ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំនៅក្រៅបរិវេណតុលាការឈររង់ចាំតំណាងពួកគាត់ ដែលចូលរួមសវនការនៅសាលាដំបូងខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំនៅក្រៅបរិវេណតុលាការឈររង់ចាំតំណាងពួកគាត់ ដែលចូលរួមសវនការនៅសាលាដំបូងខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​ចំនួន ១៩៧គ្រួសារ រស់នៅឃុំជីខលើ ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រីខ័លឈ័រគ្រុប បានស្នើសុំ​សាលា​ដំបូង​ខេត្តកោះកុងទម្លាក់បទចោទនិងជួយរកយុត្តិធម៌សម្រាប់ពួកគាត់។

តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងលោក វ៉ៃ ភីរម្យ បានកោះហៅ​តំណាងពលរដ្ឋ ១០នាក់ និង​សាក្សី ៥នាក់ ឱ្យចូលសវនាការលើកទី២ នៅទីថ្ងៃទី២០ ខែមេសានេះ ពាក់ព័ន្ធ​បទចោទ «បរិហារ​បង្កាច់កេរិ៍្ត និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាម​បណ្ដឹងរបស់លោកឧកញ៉ា ហេង ហ៊ុយ។

លោកឧកញ៉ា ហេង ហ៊ុយ បានដាក់ពាក្យប្ដឹងតំណាងពួកគាត់ទៅសាលាដំបូងខេត្តកោះកុង កាលពីឆ្នាំ២០១៩ បន្ទាប់ពីតំណាងពលរដ្ឋចំនួន ១០នាក់ដឹកនាំពលរដ្ឋដើរតវ៉ា និងដាក់ញត្តិ នៅតាមអង្គភាព ស្ថាប័នជំនាញមួយចំនួននៅទីក្រុងភ្នំពេញ។

សវនាការនោះ ក៏មានពលរដ្ឋ ៤៦០នាក់ មកពីសហគមន៍​ចំនួន៦ រួម​មាន​ សហគមន៍ព្រលាន សហគមន៍៨៤៣ សហគមន៍១៧៥ សហគមន៍១២៩ សហគមន៍៧៦៦ និងសហគមន៍១៩៧ នៃស្រុកបទុមសាគរ និងស្រុកស្រែអំបិល បាននាំគ្នាឡើងទៅ​ប្រមូលផ្ដុំគ្នានៅ​មុខសាលាដំបូង​ខេត្តកោះកុង ដើម្បីគាំទ្រដល់តំណាងរបស់ពួកគេដែលចូលសវនាការ​នោះដែរ។

តំ​ណាងពលរដ្ឋទាំង ១០នាក់ដែលត្រូវ​ចូលសវនាការនោះរួមមាន​ អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, អ្នកស្រី ដេត ហួរ, អ្នកស្រី អើ វី, អ្នកស្រី អ៊ីប តឹង, លោក ពូ ហ៊ួន, លោក គង់ មែន, លោក សុខ ជៃ, លោក ហេង ជៃ និងលោក ឆាន់ ឈឿន។ នេះ​បើតាមដីកាកោះហៅ​របស់​តុលាការចុះ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ក្រុមអង្គការសង្គមស៊ីវិល បានជំរុញឱ្យតុលាការបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់​ដែលមានយុត្តិធម៌ និងតម្លាភាព មុនពេលសម្រេចប្រកាសសាលក្រម។​

អ្នកស្រី ដេត ហួរ ​ដែលអះអាងជាតំណាងពលរដ្ឋសហគមន៍ចំនួន ១៩៧គ្រួសារបាននិយាយ​ថា ចៅ​ក្រម​នៃសាលាដំបូងខេត្តកោះកុងបានបញ្ចប់ការសាកសួរក្រុមអ្នកស្រីទាំង ៩នាក់រួច​រាល់​ហើយ ប៉ុន្ដែតុលាការមិនទាន់បានបង្ហាញពីពេលវេលាប្រកាស​សាលក្រម​នៅឡើយ ដោយ​អះអាងថា សំណុំរឿងនេះមាននីតិវិធីស្មុគស្មាញច្រើន។

អ្នកស្រីបន្តថា តុលាការបានសួរដេញដោលពួកអ្នកស្រីរយៈពេលជិត ១០ម៉ោងកាលពីថ្ងៃទី ២០ ខែមេសានេះ ដោយបានចោទប្រកាន់មកលើក្រុមអ្នកស្រីពាក់ព័ន្ធអំពើ​ដើរញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អ្នកស្រីពិតជាខកចិត្ត និងអស់សង្ឃឹមខ្លាំងចំពោះតុលាការដែលបាននិយាយបែប​នេះមកលើពលរដ្ឋដែលកំពុងគ្មានដីធ្លីសម្រាប់រស់នៅ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំផ្ទាល់មានទាំងតំណាង ៩នាក់ទៀត ជាប់បណ្ដឹងនៅតុលាការ ខ្ញុំសូមឱ្យ​លោក​ប្រធានតុលាការខេត្តកោះកុងចុះមក​មើលផ្ទាល់ផង។ ប្រជាពលរដ្ឋ​បាត់បង់ដីនេះ ពួកខ្ញុំឈឺចាប់ខ្លាំង​ណាស់ ដីខ្លួនឯងបាត់​បង់ហើយ នៅជាប់បណ្ដឹងនៅតុលាការទៀត ខ្ញុំខកចិត្ត ខ្ញុំអស់សង្ឃឹមណាស់ សូមសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយកូនចៅផង»

អ្នកស្រី​បន្ថែមថា ដំណោះស្រាយ​ដែលពលរដ្ឋចង់បាន គឺស្នើសុំ​អាជ្ញាធរកាត់ឆ្វៀល​ដីកំពុង​មានទំនាស់ចំនួន ៤២១ហិកតាជូនពលរដ្ឋ ១៩៧គ្រួសារវិញ ដោយ​ធ្វើប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ត្រឹម​ត្រូវតាមច្បាប់ ឬតម្រូវ​ឱ្យក្រុមហ៊ុន​ផ្ដល់សំណងជាទឹកប្រាក់ ៧ពាន់ដុល្លារក្នុងមួយគ្រួសារ។

ក្រោយពីហត់នឿយក្នុងការតវ៉ានៅខាងក្រៅតុលាការ ពលរដ្ឋអង្គុយជ្រកម្លប់ ដើមឈើក្បែរ​របងតុលាការដែលមានលើកបដាចំអកឱ្យលោក ហេង ហ៊ុយ ដែលពួកគាត់​ចោទថា បាន​រំលោភ​យកដីពួកគាត់។ រូបថតកាលពីថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

អ្នកស្រី ដេត ហួរ ​ឲ្យ​ដឹងថា គិតមកពេលនេះ មាន​តំណាងពលរដ្ឋ ១០នាក់ ក្នុងនោះស្ត្រី ៦​នាក់ ត្រូវ​បាន​ក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ ប្ដឹងទៅតុលាការខេត្តកោះកុង ដោយចោទ​ពីបទ​បរិហារកេរ្តិ៍ ប៉ុន្ដែចំពោះអ្នកស្រីម្នាក់ បានរងពីរបទចោទ គឺបរិហារបង្កាច់កេរិ៍្ត និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

លោក ឆាន់ ឈឿន តំណាងពលរដ្ឋភូមិតានីម្នាក់ទៀតបាននិយាយថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោ​ភ​យកដីពួកគាត់​តាំងពីឆ្នាំ២០០៧។ ​ក្រុមពលរដ្ឋ​ ១៩៧គ្រួសារ បានឡើងមកតវ៉ា​នៅរាជធានីភ្នំពេញតា​ម​រយៈដាក់ញាត្តិនៅ​ក្រសួងដែនដី ក្រសួង​មហាផ្ទៃ ខុទ្ទកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សាលាខេត្តកោះកុងជាច្រើនលើកមកហើយ ប៉ុន្តែមក​ដល់ពេលនេះនៅមិន​ទាន់ទទួលបាន​ដំណោះស្រាយទេ ក្នុងវិវាទ​ដីធ្លីជាមួយឧកញ្ញ៉ា ហេង ហ៊ុយ​មានរយៈពេល ១៤ឆ្នាំមក​នេះ។

លោកបញ្ជាក់ថា៖«បើគ្មាន​ដំណោះស្រាយបែបនេះ ​បានធ្វើឱ្យ​ពួកខ្ញុំរស់នៅលំបាកវេទនា​ទាំងផ្លូវកាយ ​និងផ្លូវចិត្ត។ គ្រួសារខ្ញុំមានដី ៣ហិកតាកាន់កាប់ជាង ៣០ឆ្នាំ​មកហើយ តែ​ត្រូវ​គេរំលោភយកទាំងស្រុង​ធ្វើឱ្យគ្រួសារ​ខ្ញុំលំបាកវេទនា ​ដោយគ្មានដីបង្កបង្កើនផលចិញ្ចឹម​ជីវិត»

លោកបន្ថែមថា៖«ពាក្យបណ្តឹងនេះជាការដាក់សម្ពាធមិន​ឱ្យពួកខ្ញុំក្រោកឈរតវ៉ា​ធ្វើឱ្យ​ពលរដ្ឋ​រស់​នៅ​ភូមិតានី ១៩៧គ្រួសារ​ ធ្លាក់ខ្លួនក្រអត់​ដីអាស្រ័យផល ​ខ្លះទៀតចំណាកស្រុកទៅធ្វើ​កម្មករ​គេ»

លោក វ៉ៃ ភីរម្យ អ្នកនាំពាក្យ និងជាតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងបានថ្លែងថា តុលា​ការ​ខេត្តកោះកុង នៅមិនទាន់បង្ហាញពីកាលបរិច្ឆេតច្បាស់លាស់ក្នុងការ​ប្រកាស​សាល​ក្រមនៅឡើយ ប៉ុន្ដែ​តុលាការបានបញ្ជប់ការសាកពួកគាត់រួចរាល់ហើយ។

លោកបន្តថា ជុំវិញករណីនេះមានលក្ខណៈស្មុគស្មាញដែលមានជនជាប់ចោទរហូតដល់ទៅ ១០នាក់។ ដូច្នេះតុលាការនៅត្រូវការពេលវេលាប្រមូលឯកសារបន្ថែម និងត្រូវការស៊ើបអង្កេត​ឱ្យបានច្បាស់​លា​ស់​ថែមទៀត។

លោកថា ជនជាប់ចោទមានចំនួន ១០នាក់ ប៉ុន្ដែពួកគាត់ចូលខ្លួនបំភ្លឺមានចំនួន ៩នាក់ ខណៈ​ម្នាក់ទៀតអវត្តមានដោយសារបញ្ហាសុខភាព។ សំណុំរឿងនេះបានដំណើរការសាកសួរ​ចំនួន​សរុបពីរលើក ខណៈលើកទីមួយអវត្តមានជនជាប់ចោទចំនួន ៣នាក់។

លោក ភីរម្យ បញ្ជាក់ថា៖«ចំពោះការចោទប្រកាន់តុលាការថា គ្មានយុត្តិធម៌ គឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ តុលាការបានអនុវត្តទៅតាមច្បាប់ជាធរមាន។ ពួកគាត់មាន​មេធាវីចំនួនពីរនាក់សម្រាប់តតាំងក្ដី និងការពារខ្លួនពួកគាត់ ហើយពួកគាត់ក៏នាំគ្នាមកតវ៉ា​នៅខាងមុខតុលាការឱ្យទម្លាក់បទចោទទៀត ប៉ុន្ដែពួកគាត់បែរជាមកចោទប្រកាន់តុលាការ​គ្មានយុត្តិធម៌ទៅវិញ»។

លោក ស៊ុន ឃៀម មេឃុំជីខលើ នៅថ្ងៃទី ២២ ខែមេសានេះ មិនទាន់អាចទាក់ទង​សុំការ​បញ្ជាក់​ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។

លោក ង៉ែត ទី មេភូមិតានី ឃុំជីខលើ បាននិយាយថា ពលរដ្ឋនៅភូមិតានីនេះ តែងតែនាំគ្នាតវ៉ា​ជាច្រើនឆ្នាំមកហើយ ដោយ​បានអះអាងថា ពួកគាត់មានទំនាស់ធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ​។ ជាក់ស្ដែងពួកគាត់មិនមានការបាត់បង់ដីទេ គឺពួកគាត់ដើរញុះញង់ និងបង្កបញ្ហាដើរ​ទាមទារ​ដី​ដោយខុសច្បាប់។

លោកបន្តថា នៅភូមិតានីនេះ មិនមានពលរដ្ឋបាត់បង់ដីធ្លីទេ គឺមានតែពួកគាត់ចំនួន ១៩៧ គ្រួសារដែល​ដើរទាមទារដីខុសច្បាប់ ហើយពួកគាត់ក៏មិនមែនជាអ្នករងគ្រោះ​ដោយការ​បាត់​បង់ដីធ្លីដែរ។ អាជ្ញាធរធ្លាប់បានណែនាំពួកគាត់ជាច្រើនលើករួចហើយ ប៉ុន្ដែពួកគាត់មិនបាន​ស្ដាប់​អាជ្ញាធរទេ។

លោកបញ្ជាក់ថា៖«ដីនៅឃុំជីខលើនេះ ភាគច្រើនមិនទាន់មានប័ណ្ណកម្មសិទ្ធិ​(ប្លង់រឹង)​ត្រឹម​ត្រូវ​ទេ។ ដីពលរដ្ឋភាគច្រើន គឺជាកេរពីដូនតារបស់ពួកគាត់ ប៉ុន្ដែក៏មាន​ពលរដ្ឋ​មួយចំនួនទៅកាប់​ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងតំបន់នោះដែរ»

ពលរដ្ឋអង្គុយរង់ចាំតំណាងពួកគាត់នៅខាងក្រៅសាលាដំបូងខេត្តកោះកុងដែល មានកាន់បដា និងមានសរសេរពាក្យពេចន៍មួយចំនួនពាក់ព័ន្ធការស្នើឱ្យតុលាការលើកលែង ការចោទប្រកាន់មកលើតំណាង​ពួកគាត់។ រូបថតកាលពីថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

លោកឧកញ្ញ៉ា ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និង​ជាមន្ត្រី​នគរបាល​ដែល​ឋានន្តរសក្ដិថ្នាក់ឧត្តមសេនីយ៍ទោរ(ផ្កាយ២) នៅថ្ងៃទី២២ ខែមេសា មិនទាន់អាចស្វែង​រក​ប្រភព​ទាក់ទងសុំការបំភ្លឺជុំវិញករណីនេះបាន​ទេ។

លោក ហោ អ៊ិន មន្រ្តីសម្របសម្រួលអង្គការលីកាដូ LICADHO ខេត្តកោះកុងបានថ្លែងថា វិវាទ​ដីធ្លីដែល​អូសបន្លាយច្រើន​ឆ្នាំមកនេះ ​ដោយមិនទាន់មានដំណោះស្រាយសមរម្យទេ។ លោក​ជំរុញឱ្យតុលាការត្រូវបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព មុនពេលសម្រេចប្រកាសសាលក្រម។

លោកបន្តថា ពលរដ្ឋបានឆ្លើយប្រាប់ទៅតុលាការច្បាស់លាស់អំពីប្រវត្តិកាន់កាប់ដី ហើយ​ពួក​គាត់ក៏មានមេធាវី និងសាក្សីចំនួន ៥នាក់ផងដែរ។ ដូច្នេះដីដែលកំពុង​មាន​ទំនាស់នេះ ត្រូវតែ​មានការស៊ើបអង្កេត​ឱ្យបានជាក់លាក់។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថា អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញខាងដីធ្លី និងមន្រ្តីជំនាញតុលាការ គួរតែចុះស៊ើបអង្កេតផ្ទាល់នៅលើទីតាំងដីទំនាស់ហ្នឹង ព្រោះភាគីម្ខាងៗ​សុទ្ធតែសំអាងលើ​ហេតុផល និងឯកសារបញ្ជាក់រៀងៗខ្លួន បើមិនអ៊ីចឹងទេ គឺដោះស្រាយមិនចប់ទេ»

លោក ថោង ចាន់តារា មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគន៍អាដហុក ADHOC ប្រចាំខេត្តកោះកុងបានឱ្យដឹងថា លោកបានតាមដានសវនាការនេះដែរ ដោយតុលាការ​បាន​សាកសួរដេញដោល​ពេញមួយថ្ងៃ ប៉ុន្ដែតុលាការមិនអនុញ្ញាតឱ្យលោកចូលស្ដាប់នៅក្នុង​សវនាការទេ។

លោកបន្តថា ពួកគាត់នាំគ្នាតវ៉ាទាមទារឱ្យតុលាការកាត់ឆ្វៀលដីជូនពួកគាត់វិញ ជាពិសេស​ស្នើឱ្យតុ​លាការ​​ទម្លាក់បទចោទទាំងអស់ពីប្រជាពលរដ្ឋ ព្រោះពួកគាត់មានការព្រួយបារម្ភ​ទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកបញ្ជាក់ថា៖«ពលរដ្ឋក្រីក្រដែលមានទំនាស់ដីធ្លីតែងតែទទួលរងសម្ពាធពីផ្លូវតុលាការ។ ខ្ញុំសូមអំពាវនាវឱ្យតុលាការទម្លាក់បទចោទពីប្រជាពលរដ្ឋ ហើយងាកមក​រកដំណោះស្រាយ​ឱ្យបានសមរម្យជូនពួកគាត់ ព្រោះវិវាទដីធ្លីនេះបានអូសបន្លាយពេលវេលាជាច្រើនឆ្នាំហើយ ដែលធ្វើឱ្យពួកគាត់​មានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ»

រដ្ឋាភិបាលបានផ្ដល់​ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង៤​ពាន់​ហិកតា ដើម្បីវិនិយោគ​ដំណាំស្ករអំពៅ កាលពីឆ្នាំ​២០០៧។ នៅ​ឆ្នាំ២០១០ ពលរដ្ឋចោទ​ក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅ​ប្រជាពលរដ្ឋ និងគំរាម​ចាប់ខ្លួនប្រជាពលរដ្ឋណាដែល​ហ៊ានតវ៉ាចំពោះការឈូសឆាយវាទយក​ដីរបស់ក្រុមហ៊ុន។

ពួកគាត់អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយ​មានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ កាលពី​ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមការពិនិត្យឯកសារពាក់ព័ន្ធនឹងការដោះស្រាយ​កន្លង​មក​ឃើញថា នៅលើ​ទីតាំង​ដីដែលប្រជាពលរដ្ឋ ១៩៧គ្រួសារ កំពុង​ទាមទារនោះ គឺជាទី​តាំង​ដីដែលធ្លាប់មានវិវាទរវាងក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រីខ័លឈ័រគ្រុប។

ក្រសួងបន្តថា ក្នុងនោះមានក្រុមប្រជាពលរដ្ឋខ្មែរឥស្លាម​ចំនួន ៦៩គ្រួសារ ត្រូវបានដោះស្រាយ​រួចរាល់​ទាំងស្រុងហើយតាមរយៈអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងតុលាការគ្រប់​ថ្នាក់។ ផ្អែកលើ​ការដោះស្រាយនេះនៅឆ្នាំ២០១១ ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប បានទទួល​គ្រប់គ្រងដី​នេះ​ជាកម្មសិទ្ធិស្របច្បាប់រហូតមក។ ដូច្នេះក្រសួងរៀបចំដែនដី បានសម្រេចមិនដោះស្រាយបញ្ហាដីធ្លីតាមការទាមទាររបស់ប្រជាពលរដ្ឋទាំង ១៩៧គ្រួសារនោះទេ៕

286 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម